អានតួអត្ថបទ
កាតា-អារ៉ាប៊ី​សាអូឌីត

ប្រទេសអារ៉ាប់​​ទាំង​៤ ទាមទារ​ឲ្យកាតា​បិទ​មូលដ្ឋាន​ទ័ព​តួកគី និង​បណ្តេញ​ឆ្មាំ​បដិវត្ត​អ៊ីរ៉ង់

ប្រទេស​អារ៉ាប់​ចំនួន ៤ អេហ្ស៊ីប អារ៉ាប៊ី សាអូឌីត អេមីរ៉ា អារ៉ាប់រួម និង​បារ៉ែន នៅថ្ងៃ​សុក្រទី ២៣​មិថុនា បាន​ធ្វើ​បញ្ជី​រាយ​ឈ្មោះ​លក្ខខណ្ឌ ដែល​ប្រទេស​កាតា ត្រូវ​គោរព​អនុវត្ត​តាម បើសិនជា​កាតា លែង​ចង់​ឲ្យ​គេ​ដាក់​នៅ​ឯកោ​តទៅទៀត។ នៅ​ថ្ងៃទី ៥​មិថុនា អារ៉ាប៊ី​សាអូឌីត អេមីរ៉ា អារ៉ាប់​រួម អេហ្ស៊ីប និង​បារ៉ែន​ជាដើម​បាន​កាត់ផ្តាច់​ទំនាក់ទំនង​ការទូត បិទ​ផ្លូវអាកាស ទឹក​និង​ដីគោក​ជាមួយ​កាតា ដែល​គេ​ចោទថា បាន​គាំទ្រ​ក្រុមភេរវនិយម។

ប្រធានាធិបតី​អេហ្ស៊ីប​ទទួល​រាជបុត្រ​ស្នងរាជ្យ​របស់​អេមីរ៉ា អារ៉ាប់រួម នៅថ្ងៃទី​១៩​មិថុនា ២០១៧
ប្រធានាធិបតី​អេហ្ស៊ីប​ទទួល​រាជបុត្រ​ស្នងរាជ្យ​របស់​អេមីរ៉ា អារ៉ាប់រួម នៅថ្ងៃទី​១៩​មិថុនា ២០១៧ ©The Egyptian Presidency/Handout via REUTERS
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​បញ្ជី​ដែល​ក្រុមប្រទេស​អារ៉ាប់​ទាំង​៤ បាន​ផ្ញើ​ នៅ​ថ្ងៃ​សុក្រ ទៅ​កាន់​ទីក្រុង​ដូហា និង​ដែល​ទីភ្នាក់ងារ​ព័ត៌មាន​អាមេរិក AP បាន​ទទួលមួយច្បាប់​ដែរ ក្រុមប្រទេស​អារ៉ាប់ នាំមុខ​ដោយ​អារ៉ាប៊ី សាអូឌីត ដែល​បាន​ចេញមុខ​ឈ្លោះ​ជាមួយ​កាតា បាន​ទាមទារ​ឲ្យ​កាតា​គោរព​ធ្វើ​តាម​១៣​ចំណុច បើសិន​ជា​កាតា​ចង់​រួចផុត​ពី​ការដាក់​ទណ្ឌកម្ម​របស់​ក្រុមប្រទេស​អារ៉ាប់។

 

ទី១ កាតា​ត្រូវ​បិទចោល​ទូរទស្សន៍​អាល់ ហ្សារីរ៉ា ដែលឧបត្ថម្ភ​ដោយ​កាតា។ បុស្ត​អាល់ហ្សារីរ៉ា ដែល​ផ្សាយ​ជា​ភាសា​អង់គ្លេស និង​អារ៉ាប់ ជាបុស្តិ៍​ដែល​ពេញនិយម និង​គេ​មើលច្រើន​នៅ​តំបន់​អារ៉ាប់ ប៉ុន្តែ អារ៉ាប៊ី សាអូឌីត និង​សម្ព័ន្ធមិត្ត​ទាំង៣ ចោទថា បាន ផ្សព្វផ្សាយ​ព័ត៌មាន​ឃោសនា​លើក​ទឹកចិត្ត​ឲ្យ​មាន​ចលនា​ប្រឆាំង​នៅអារ៉ាប៊ី សាអូឌីត អេហ្ស៊ីប ឬ​បារ៉ែន​ជាដើម។

 

ទី២ ទៀត កាតា​ត្រូវ​កាត់បន្ថយ​ទំនាក់ទំនង​ជាមួយ​ប្រទេស​អ៊ីរ៉ង់ ហើយ​និង​បិទ​មូលដ្ឋាន​ទ័ព​របស់​តួកគី នៅដូហា ឲ្យ​បាន​ក្នុង​រយៈពេល ១០​ថ្ងៃ។ នៅ​ក្នុង​ឯកសារ​ដែល​ទីភ្នាក់ងារ​ព័ត៌មាន​AP បាន​ទទួល គេឃើញថា ក្រុមប្រទេស​អារ៉ាប់ នៅ​បាន​ទាមទារ​ឲ្យ​កាតា​បិទ​ស្ថានទូត​របស់​អ៊ីរ៉ង់ នៅ​ទីក្រុង​ដូហា និងត្រូវ​បណ្តេញ​ឆ្មាំបដិវត្ត​អ៊ីរ៉ង់ ចេញ​ពី​ទឹកដី​កាតា។

 

នៅក្នុង​ចំណុច​ទាមទារ​ផ្សេងទៀត គឺ គេ​បានកំណត់ ​ឲ្យ​កាតា​ត្រូវ​តែ​ឈប់​ទាក់ទង ជាមួយ​ក្រុមភារតអ៊ីស្លាម ដែល​ជា​ក្រុមប្រឆាំង​នឹងរដ្ឋាភិបាល​អេហ្ស៊ីប។ កាតា​ត្រូវ​ឈប់​លូកដៃ​ក្នុង​កិច្ចការផ្ទៃក្នុង​របស់​ប្រទេស​អារ៉ាប់​ដទៃទៀត។ មានន័យថា កាតា​ត្រូវឈប់ ផ្តល់​សញ្ជាតិ ឈប់​ផ្តល់​កន្លែង​ជ្រកកោន និង​ធ្វើបត្យាប័ន​រាល់ជនជាតិ អេហ្ស៊ីប អារ៉ាប៊ី សាអូឌីត ឬ​បារ៉ែន ដែល​រស់នៅ​ក្នុង​ទឹកដី​កាតា ប៉ុន្តែ ដែល​ត្រូវ​រដ្ឋាភិបាល​របស់​ក្រុមប្រទេស​អារ៉ាប់ ចាត់ទុក​ជា​ឧក្រិដ្ឋជន ឬ​ភេរវជន។

 

អារ៉ាប៊ី សាអូឌីត និង​សម្ព័ន្ធមិត្ត​បាន​ទាមទារ​ឲ្យ​ទីក្រុង​ដូហា​បង្ហាញផងដែរ ឈ្មោះ​ក្រុមអ្នកប្រឆាំង នៅ​អារ៉ាប៊ី សាអូឌីត នៅ​អេហ្ស៊ីប ឬ​នៅ​បារ៉ែន ដែល​ប្រទេស​កាតា​កំពុង​ផ្តល់​ជំនួយ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ។ ក្រុមប្រទេស​អារ៉ាប់ បាន​កម្រិត​ទាមទារ​ផងដែរ ឲ្យ​កាតា​ឈប់​ផ្តល់​ជំនួយ គាំទ្រ​ដល់​ក្រុមអ៊ីស្លាម​ជ្រុលនិយម ដែលអាមេរិក​បាន​ចាត់ទុក​ជា​ក្រុមភេរវនិយម ដែលនៅក្នុង​នោះ មាន​តាំង​ពី​ក្រុមហាម៉ាស ប៉ាឡេស្ទីន ក្រុមអេស្បូឡា នៅលីបង់ ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម និង​ក្រុមអាល់កៃដាជាដើម។

 

លក្ខខណ្ឌដែលកាតាមិនអាចគោរពធ្វើទៅបាន

លក្ខខណ្ឌ​ដែល​អារ៉ាប៊ី សាអូឌីត និង​ប្រទេស​អារ៉ាប់ បីផ្សេងទៀត ដាក់ទៅលើ​កាតា មិនមែន​ធ្វើឡើង​ដើម្បី​ទៅ​បន្ធូរបន្ថយ​ភាពតានតឹង និង​ដោះស្រាយ​បញ្ហា ដូចដែល​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​សង្ឃឹម​ចង់​បាននោះទេ។ ត្រូវដឹងថា ដោយ​បញ្ជូន​បញ្ជី លក្ខខណ្ឌទៅ​ឲ្យ​​កាតា​នៅថ្ងៃនេះ ក្រុមប្រទេស​អារ៉ាប់ ទាំង​៤ ចង់​ឆ្លើយតប​នឹង​ការទាមទារ​របស់​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក លោក​រេច ធីល័រសុន ដែល​នៅ​ដើម​សប្តាហ៍នេះ មិន​បាន​លាក់​ទេ ពី​មន្ទិល​សង្ស័យ​របស់​លោក ទៅលើ​ដើមហេតុ ដែល​ធ្វើ​ឲ្យ​អារ៉ាប៊ី សាអូឌីត និង​សម្ព័ន្ធមិត្ត សម្រេច​កាត់ផ្តាច់​ការទូត​យ៉ាងទាន់ហន់​ជាមួយ​កាតា​នោះ។

 

រថពាសដែក​របស់​តួកគី​ដែល​សំដៅ​ទៅ​មូលដ្ឋានទ័ព​របស់តួកគី​នៅ​ដូហា នៅថ្ងៃទី ១៨​មិថុនា ២០១៧
រថពាសដែក​របស់​តួកគី​ដែល​សំដៅ​ទៅ​មូលដ្ឋានទ័ព​របស់តួកគី​នៅ​ដូហា នៅថ្ងៃទី ១៨​មិថុនា ២០១៧ ©Qatar News Agency/Handout via REUTERS

បើមើល​ទៅលើ​ខ្លឹមសារ​នៃលក្ខខណ្ឌ​ដែល​ដាក់​កម្រិត​ដោយ​អារ៉ាប៊ី សាអូឌីត គេ​ឃើញថា កាតា​ច្បាស់​ជា​មិនអាច​ធ្វើបានទៅតាមការទាមទារ​របស់​ក្រុមប្រទេស​អារ៉ាប់។ ឧទាហរណ៍ ទាមទារ​ឲ្យ​កាតា​បិទ​មូលដ្ឋាន​ទ័ព​របស់​តួកគី​នៅ​ដូហា ឬ​ក៏​ត្រូវ​បិទ​ស្ថានទូត​អ៊ីរ៉ង់​នៅ​ដូហា គឺ​គឺ​ជា​ការទាមទារ​ដែល​កាតា​មិនអាច​ធ្វើ​ទៅបាន​ទាល់តែសោះ។ អ៊ីរ៉ង់​ជា​ប្រទេស​ដៃគូ​សេដ្ឋកិច្ច ដែល​កំពុង​សហការ​ធ្វើ​ជំនួញ​អាជីវកម្ម​ឧស្ម័ន​ដ៏​សំខាន់​របស់​កាតា។ តួកគី​វិញដូចអ៊ីរ៉ង់ដែរ គឺ កំពុង​ដឹកជញ្ជូន​ អាហារ​រាប់ពាន់​តោន ទៅ​ផ្គត់ផ្គង់​ដល់​ប្រជាជន​កាតា ដែល​ខ្វះខាត ដោយសារ​តែ​អារ៉ាប៊ី សាអូឌីត​បិទ​ព្រំដែន និង​ឈប់​នាំចូល​ទំនិញ​ទៅ​កាតា តាំង​ពី​កើតមាន​ជម្លោះ​នៅ​ដើម​ខែនេះ។ ម្យ៉ាងទៀត តួកគី​ក៏​ទើបតែ​បញ្ជូន​រថពាសដែក និង​កងទ័ព​របស់ខ្លួន នៅ​ថ្ងៃ​ម្សិលមិញ ទៅ​កាន់​មូលដ្ឋាន​ទ័ព​របស់​ខ្លួន​នៅក្នុង​ទឹកដី​កាតា។

 

មួយវិញទៀត ទាមទារ​ឲ្យ​កាតា​បិទចោល​ប៉ុស្ត​ទូរទស្សន៍​អាល់ហ្សារីរ៉ា និង​ឈប់​ផ្តល់​ជំរក​ដល់​ក្រុមហាម៉ាស ឬ​ក្រុមភាតរអ៊ីស្លាម​នៅ​អេហ្ស៊ីប ដែល​កាតា​ចាត់ទុក​ជា​ភាគី​ជួយ​ដោះស្រាយ​ជម្លោះ ប៉ុន្តែ មិនមែនជា​ក្រុមសត្រូវ ភេរវជន​នោះ គឺថា កាតា​ទំនង​ជា​មិនអាច​ធ្វើ​បាន​ទៅ​ការទាមទារ​របស់​អារ៉ាប៊ី សាអូឌីត​ឡើយ។ កាតា​យល់ថា បើ​ធ្វើដូច្នេះ គឺ​មិន​ខុសអី​នឹង​ការដែល​ថា កាតា​បណ្តោយ​ខ្លួន​ឲ្យ​អារ៉ាប៊ី សាអូឌីត ពង្រីកដែន ឥទ្ធិពល​របស់ខ្លួន ដើម្បី​ក្តោបក្រសោប គ្រប់គ្រង​នយោបាយ​ យុទ្ធសាស្រ្ត​ការបរទេស​របស់​ប្រទេស​កាតា​នោះទេ។ កាតា​ជា​ប្រទេស​មហាសេដ្ឋី​ឧស្ម័ន​សំខាន់​មួយដែរ​នៅក្នុង​តំបន់។ ជាមួយ​នឹង​ទឹកប្រាក់​មហាសាល​បានមកពី​ការលក់​នាំចេញ​ឧស្ម័ន កាតា​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ បាន​ចាយលុយ រាប់ពាន់​លាន​ដុល្លារ ដើម្បី​បញ្ជាក់ សក្តានុពល អំណាច​មុខមាត់​របស់ខ្លួន នៅ​ក្នុង​ឆាក​អន្តរជាតិ មិន​ឲ្យ​ចាញ់​អារ៉ាប៊ី សាអូឌីត​នោះទេ។

 

កាតា និង​ក្រុមប្រទេស​អារ៉ាប់ ជា​ភាគី​ជម្លោះ​គ្មាន​ចេតនា​ចង់​ត្រលប់​មក​ជានា​ជាមួយ​គ្នាវិញ

កាតា​នៅ​មិនទាន់​បាន​ប្រតិកម្ម ឆ្លើយតប​យ៉ាងណា​ទៅនឹង​ការដាក់​លក្ខខណ្ឌ​របស់​ក្រុមប្រទេស​អារ៉ាប់។ ប៉ុន្តែ រដ្ឋមន្រ្តីការបរទេស​កាតា ដែល​បាន​ធ្វើ​នយោបាយ​ការបរទេស បញ្ចុះបញ្ចូល​ប្រទេស​លោកខាងលិច ដែល​ជា​ដៃគូ​សេដ្ឋកិច្ច​របស់​កាតា នៅ​ដើម​សប្តាហ៍នេះ ធ្លាប់​បាន​បញ្ជាក់ ហើយថា កាតា​នឹង​មិន​ចរចា​អ្វី​ទាំង​អស់ បើសិន ក្រុមប្រទេស​អារ៉ាប់ មិន​ព្រម​ដកទណ្ឌកម្ម ជាមុន​ពី​កាតា​នោះទេ។ បើមើល​ទៅលើ​ជំហរ​របស់​កាតា ហើយ​និង​ខ្លឹមសារ​នៃ​បញ្ជី​ដាក់​លក្ខខណ្ឌ​របស់​ក្រុមប្រទេស​អារ៉ាប់ គេ​ឃើញថា ភាគី​ជម្លោះទាំងពីរ​កំពុង​បែរខ្នងដាក់គ្នា និង​គ្មាន​ចេតនា​ចង់​បញ្ចប់​ជម្លោះ ក្នុង​ពេល​ឆាប់ៗ​នេះ​ទេ។ ចង់ ឬ​មិនចង់ ជម្លោះ វិបត្តិ​រវាង​ក្រុមប្រទេស​មហាសេដ្ឋីប្រេង និង​ឧស្ម័ន​នៅពេលនេះ អាច​នឹង​នាំ​ឲ្យ​តំបន់​ដើមបូព៌ា និង​ពិភពលោក​ទាំង​មូល​ធ្លាក់​ចូលទៅក្នុង​ពិភព​មួយ ដែល​គ្រោះថ្នាក់ ដែលគេ​មិនទាន់​ដឹង រក​ច្រកចេញ​រួច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ