អានតួអត្ថបទ
អ៊ីរ៉ាក់

កងទ័ព​​អ៊ីរ៉ាក់​​រំដោះ​​ជនស៊ីវិល​​រាប់រយ​នាក់​​ នៅ​​មូស៊ូល​

នៅ​ក្រុង​មូស៊ូល​ ប្រទេស​អ៊ីរ៉ាក់ ថ្ងៃសៅរ៍​២៤មិថុនា​នេះ ​កងទ័ព​អ៊ីរ៉ាក់​បាន​រំដោះ​ជនស៊ីវិល​រាប់រយនាក់ ដោយ​បាន​​បើកច្រក​របៀង​ អោយពួកគេ​រត់ភៀសខ្លួន។ កងទ័ព​កំពុង​ប្រតិបត្តិការ​​វាយលុក​ទីតាំង​ចុងក្រោយ​​របស់​ក្រុមជីហាត​រដ្ឋអ៊ីស្លាម​ ដោយ​ទទួលបាន​ជំនួយ​ពី​សម្ព័ន្ធ​​​អន្តរជាតិ​ដឺកនាំ​ដោយ​អាមេរិក។ ​

កុមារ​តូចៗ​នៅអ៊ីរ៉ាក់ ដែល​រត់ភៀសខ្លួន​ពី​ការ​ប្រយុទ្ធ​នៅ​មូស៊ូល​ ថ្ងៃសៅរ៍​ ​២៤​មិថុនា​នេះ។
កុមារ​តូចៗ​នៅអ៊ីរ៉ាក់ ដែល​រត់ភៀសខ្លួន​ពី​ការ​ប្រយុទ្ធ​នៅ​មូស៊ូល​ ថ្ងៃសៅរ៍​ ​២៤​មិថុនា​នេះ។ Reuters
ផ្សាយពាណិជ្ជកម្ម

ជនស៊ីវិល​រាប់រយនាក់ នៅ​អ៊ីរ៉ាក់ អាច​រត់​ភៀសខ្លួនបាន​​ ពី​​​ក្រុងចំណាស់​​មូស៊ូល ​ថ្ងៃសៅរ៍​នេះ​ ដោយសារ​តែ​កងទ័ព​​អ៊ីរ៉ាក់ បាន​បើកច្រក​របៀង​អោយពួកគេរត់គេច​។ ​តែ​២០នាទី​ប៉ុណ្ណោះ មនុស្ស​ជាង​១០០នាក់ ​បាន​ធ្វើដំណើរ​មក​ដល់​តំបន់​គ្រប់គ្រង​ដោយ​​​កងកម្លាំង​រដ្ឋាភិបាល​ នៅ​ភាគខាងលិច​មូស៊ូល។

ជនស៊ីវិល​បន្ត​គេចចេញ​ពី​មូស៊ូល​ឥតឈប់ឈរ។ មាន​ទាំង​មនុស្ស​រងរបួស ​និង​កុមារ​តួចៗ​ដែល​កំពុង​ខ្វះ​អាហារូបត្ថម្ភ​។ នៅ​មាន​ជនស៊ីវិល​ជាង​១សែននាក់​ទៀត ក្នុងនោះ​មាន​កុមារ​ច្រើននាក់ ដែល​កំពុង​ស្ថិត​​​ក្នុង​សំណាញ់​ក្រុមជីហាត​រដ្ឋអ៊ីស្លាម នៅ​មូស៊ូល​នៅឡើយ។ ក្រុមជីហាត​ទុកជនស៊ីវិល​ទាំងនេះ ធ្វើ​ជា​ខែលការពារ។ ហើយ​ជនស៊ីវិល​រាប់រយនាក់ ពិសេស​កុមារ​តូចៗ ត្រូវបាន​សម្លាប់។

ទាហាន​អ៊ីរ៉ាក់ ក្រោមជំនួយ​​របស់​​សម្ព័ន្ធអន្តរជាតិ​ដឹកនាំ​ដោយ​អាមេរិក​កំពុង​វាយសម្រុក​ទៅមុខ ដើម្បី​ដណ្តើម​យក​ទីតាំង​ចុងក្រោយ​របស់​ក្រុមជីហាត​នៅ​មូស៊ូល។ រដ្ឋាភិបាល​អ៊ីរ៉ាក់​សង្ឃឹម​ថា អាច​ដណ្តើម​យក​បាន​ក្រុងមូស៊ូល ភាគខាងជើង​នេះ មកវិញ ​ក្នុង​ឱកាស​ថ្ងៃ​បិទបញ្ចប់​បុណ្យសាសនា​អ៊ីស្លាម​រ៉ាម៉ាដង់​ នៅដើម​សប្តាហ៍​ក្រោយ​នេះ។

ពេលនេះ ក្នុង​ដៃ​​ក្រុមជីហាត​រដ្ឋ​អ៊ីស្លាម ​មានតែ​តំបន់​ប្រមាណ​ជា​២គីឡូម៉ែត្រ​ការ៉េ កាន់កាប់​ប៉ុណ្ណោះ។ តំបន់​នេះស្ថិត​នៅច្រាំង​​ឆ្នេរ​ខាងលិច​ទន្លេ​ខ្លា។ ទោះ​យ៉ាងនេះ​ក្តី ក្រុមជីហាត​នៅតែ​មាន​អានុភាព​តាម​ទីតាំង​ផ្សេងៗ​ទៀត នៅ​អ៊ីរ៉ាក់។ ជាក់ស្តែង ​កាលពី​យប់​ថ្ងៃសុក្រ ​ក្រុមភេរវជន​បាន​បង្ក​ភេរវកម្ម​អត្តឃាត​​​ចំនួន​៣ ក្នុង​សង្កាត់​មួយកន្លែង នៅភាគខាងកើត​មូស៊ូល។ ភេរវកម្ម​នេះ​​បាន​​សម្លាប់​​មនុស្ស​​៥នាក់ និង​បង្ក​របួស​១៩នាក់៕ ​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ