ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/10 12h00 GMT
មជ្ឈិមបូព៌ា

ស៊ីរី៖ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម​ដកថយ​ទាំងស្រុង​ពី​អាឡិប

media  
ក្រុមឧទ្ទាម​ ដែល​ប្រយុទ្ធ​​នៅ​អាឡិប ឆ្នាំ២០១៦​ REUTERS/Abdalrhman Ismail

ក្រុម​ភេរវជន​ជីហាត​រដ្ឋ​អ៊ីស្លា​មបានដកថយ​ទាំងស្រុង​​ ពី​ខែត្រ​អាឡិប​ភាគ​​ខាងជើង​ស៊ីរី​តាំងពីថ្ងៃសុក្រ។​ ប៉ុន្តែ​​ ​សង្កាត់​មួយ​នៅ​ក្រុង​រ៉ាក់កា ឆ្ពោះ​ទៅ​ប៉ែក​ខាងកើត​ ​ដែល​ក្រុមភេរវជន​បាត់បង់​៣សប្តាហ៍​មុននេះ ត្រូវបាន​ក្រុមភេរវជន​វាយយក​បាន​វិញ។ កងកម្លាំង​​ប្រជាធិបតេយ្យ​​​ស៊ីរី​កំពុង​​ប្រឹង​ដណ្តើម យកសង្កាត់​​នេះ​មកវិញ។ ​

ប្រឈម​នឹង​ការសម្រុក​ទៅមុខ​របស់កងទ័ព​ស៊ីរី ​ក្រុមជីហាត​រដ្ឋ​អ៊ីស្លាម​បាន​ដកថយ​ទាំងស្រុង​ពី​ខែត្រ​អាឡិប ភាគខាងជើង​ស៊ីរី ​តាំងពី​ថ្ងៃសុក្រ​ ដើម្បី​កុំអោយ​ធ្លាក់​ក្នុង​ការ​ឡោមព័ទ្ធ​របស់​កងទ័ព​ស៊ីរី។ គួររំលឹក​ថា ​ក្រុម​ជីហាត​កាន់កាប់​ខែត្រ​អាឡិប ដល់ទៅ​ពាក់កណ្តាល​ កាលពីចុងឆ្នាំ​២០១៤។ ​

កាលពី​ថ្ងៃ​ព្រហស្បតិ៍ កងទ័ព​ស៊ីរី បាន​វាយយកបាន​ផ្លូវមួយ នៅ​ភាគអាគ្នេយ៍​ខែត្រ​អាឡិប រុញច្រាន​ក្រុម​​ជីហាត​រដ្ឋ​អ៊ីស្លាម ដែល​កំពុង​កាន់កាប់​ភូមិ​ចំនួន​១៧ អោយ​ដកថយ​ចេញ​ពី​ទីនោះ។ កងទ័ព​ស៊ីរី​ប្រាប់ដែរ​ថា បាន​យកបាន​តំបន់​លាតសន្ធឹងពី​រ៉ាសាហ្វហ្វា ភាគខាងត្បូង​ខែត្រ​រ៉ាក់កា ទៅដល់​ទ៊ីត្រាយ៉ា ភាគខាងកើត​ខែត្រ​ហាម៉ា។ ​

អាឡិប​លែង​មាន​ដែនដី​របស់​ក្រុមជីហាត​រដ្ឋ​អ៊ីស្លាម​ សបង្ហាញ​ថា ​ក្រុមភេរវជន​រដ្ឋអ៊ីស្លាម​កំពុង​ថមថយ​កម្លាំង​នៅ​ស៊ីរី ហើយ​នៅ​អ៊ីរ៉ាក់​វិញ ក្រុម​ភេរវជន​ក៏ចុះខ្សោយ​ដូចគ្នា​ដែរ។ ក្រុម​ជីហាត​យក​ដែនដី​អាឡិប ភាគខាងជើង​ស៊ីរី ​​បាន​ដល់ទៅ​ពាក់កណ្តាល​នៅចុងឆ្នាំ​២០១៤ តែ​ចាប់ផ្តើមបរាជ័យ​បន្តិចម្តងៗ នៅ​ខែត្រ​អាឡិប តាំង​ពី​ដើមឆ្នាំ​២០១៥ ដោ​យបាន​ប្រយុទ្ធ​ចាញ់​កងកម្លាំង​គួឌីស្ថាន ​នៅ​តំបន់​កូបាណេ ជាប់ព្រំដែន​តួកគី។

ខែសីហា ឆ្នាំ២០១៦ កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី គាំទ្រ​ដោយ​អាមេរិក បាន​វាយយក​បាន​តំបន់​មីនបិច។ ក្រោយ​មកទៀត​ ក្រុមឧទ្ទាម​ដែលទទួល​ជំនួយ​ពី​​តួកគី បាន​វាយយក​ចារ៉ាប្លុស និង​អាល់-បាប់ ពី​ក្រុមជីហាត។ កងទ័ព​ស៊ីរី វិញ ​ទទួលបាន​ជំនួយ​ពី​រុស្ស៊ី បាន​វាយ​បណ្តេញ​ក្រុមជីហាត​រដ្ឋ​អ៊ីស្លាម ពី​តំបន់​ម៉ាស្កាណា នៅភាគខាងកើត​អាឡិប ​នៅ​ដើមខែ​មិថុនា​មុននេះ។ ​

​​ស្ថាប័ន​ស្រាវជ្រាវ​អាមេរិក​មួយ ប្រាប់ថា ៣ឆ្នាំ​មកនេះ ក្រុមជីហាតរដ្ឋអ៊ីស្លាម បាន​បាត់បង់​ដែនដី​​​ខ្លួន​ ​ប្រហែល​៦០ភាគរយ និង​បាត់​ចំណូល​៨០ភាគរយ​ដែរ៕ ​

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ