អានតួអត្ថបទ
កាតា

វិបត្តិ​​តំបន់​ឈូងសមុទ្រ​ពែក្ស​៖​លក្ខខណ្ឌ​​កំណត់​​​​ដោយ​​ក្រុម​​ប្រទេស​​អារ៉ាប់​​ចំពោះ​​កាតា​​ ផុត​​ឱសានវាទ​​​

ឱសានវាទ​ចំពោះ​លក្ខខណ្ឌ១៣ចំណុច​​​ដែល​​​ក្រុម​ប្រទេស​អារ៉ាប់តំរូវ​អោយ​កាតា​គោរព​តាម​ដាច់ខាត​នោះ ត្រូវ​ផុតកំណត់​ ថ្ងៃអាទិត្យ​២កក្កដា​នេះ។ លក្ខខណ្ឌ​តំរូវអោយ​កាតា​បិទ​មូលដ្ឋានទ័ព​តួកគី រឺកាត់បន្ថយ​ទំនាក់ទំនង​ជាមួយ​​អ៊ីរ៉ង់​ជាដើម។ ​កាតា​នៅ​តែ​បង្ហាញ​ជំហរ​​​ទាត់ចោល​​សំណើ​ទាំង​​១៣ចំណុច។ ថ្ងៃសៅរ៍​ម្សិលមិញ ​ប្រមុខការទូត​កាតា​ ​​លើកឡើង​ថា បញ្ជី​សំណើ​ទាំងនេះ​ត្រូវគេ​​ធ្វើឡើង​ដើម្បី​ទាត់ចោល​ទៅវិញ។ រុស្ស៊ី​បាន​ស្នើ​អោយ​​មេដឺកនាំ​កាតា​​និង​ស្តេច​បារ៉ែន ចរចា​គ្នា​រក​ដំណោះស្រាយ។

លោក Mohammed ben Abderrahmane Al-Thani រដ្ឋមន្ត្រី​ការបរទេស​ប្រទេស​កាតា
លោក Mohammed ben Abderrahmane Al-Thani រដ្ឋមន្ត្រី​ការបរទេស​ប្រទេស​កាតា Reuters
ផ្សាយពាណិជ្ជកម្ម

អារ៉ាប៊ី សាអូឌីត អេមីរ៉ាត​អារ៉ាប់រួម អេហ្ស៊ីប និង​បារ៉ែន បាន​​ផ្តាច់ទំនាក់ទំនង​ការទូត​ បិទផ្លូវអាកាស​ដែនទឹក​និង​ដីគោក ជាមួយ​កាតា កាលពីដើមខែ​មិថុនា។ ពួកគេ​ចោទ​ថា កាតា​គាំទ្រ​ក្រុមភេរវ​ជន និង​ជិតដិត​ជាមួយ​អ៊ីរ៉ង់​ដែល​ជា​គូប្រជែង​របស់​អារ៉ាប៊ីសាអូឌីត។ ថ្ងៃ​២៣មិថុនា ប្រទេស​ទាំង៤​បាន​ដាក់​លក្ខខណ្ឌ​១៣ចំណុច អោយ​កាតា​គោរពតាម បើ​កាតា​មិនចង់​នៅ​ឯកោទៀត។

១៣ចំណុច​នោះ​មានដូចជា​ កាតា​ត្រូវបិទ​ទូរទស្សន៍​អាល់ ហ្សាហ្ស៊ីរ៉ា ត្រូវ​កាត់បន្ថយ​ទំនាក់ទំនងជាមួយអ៊ីរ៉ង់ បណ្តេញ​ឆ្មាំ​បដិវត្ត​អ៊ីរ៉ង់​ចេញ​ពី​កាតា ​បិទមូលដ្ឋាន​ទ័ព​តួកគី ​​កាត់​ផ្តាច់ទំនាក់ទំនង​ជាមួយ​ក្រុមភាតរអ៊ីស្លាម​អេហ្ស៊ីប រឺ​ក៏​ឈប់គាំទ្រ​ក្រុម​អ៊ីស្លាម​ជ្រុល​និយម​ដែល​អាមេរិក​ចាត់ទុក​ជា​ក្រុមភេរវជន​ជាដើម។ ឱសានវាទ​១៣ចំណុច​នេះ​ត្រូវផុត​កំណត់​នៅថ្ងៃ​អាទិត្យ​នេះឯង។​

កាតា​មិនអាចអនុវត្តបាន​តាមសំណូមពរ​១៣ចំណុច​នេះ​ទេ។ ​វាជា​គំនាប​ ជា​រឿង​ហួសហេតុ​ដែល​ត្រូវអោយ​កាតា​ផ្តាច់ទំនាក់ទំនង​ជាមួយ​អ៊ីរ៉ង់​និងតួកគី​ ដែល​​សុទ្ធតែ​ជាប្រទេស​ដៃគូកាតា។ ​ម្សិលមិញ រដ្ឋមន្ត្រី​ការបរទេស​កាតា លោក​អាប់ឌែររ៉ាម៉ាន់ អាល់ ថានី​ ដែល​​​​បំពេញ​​ទស្សនកិច្ច​នៅ​ទីក្រុង​រ៉ូម​ ​បាន​លើកឡើងថា ១៣ចំណុច​នេះ​គឺធ្វើឡើង​សម្រាប់​ទាត់ចោល​ទៅវិញ។ ប្រមុខការទូត​កាតា​បន្ថែម​ថា គ្រប់គ្នា​សុទ្ធតែ​ដឹងថា ​១៣ចំណុច​នេះ​ប៉ះពាល់​ដល់​អធិបតេយ្យភាព​របស់​កាតា។

ថ្ងៃសៅរ៍​ម្សិលមិញ​​ ​ប្រធានាធិបតី​រុស្ស៊ី ពូទីន ​​បានជជែក​​ទូរសព្ទ​ជាមួយ​​អេមៀ​ប្រទេស​កាតា និង​ព្រះ​មហាក្សត្រ​ប្រទេស​បារ៉ែន សុំអោយមានការចរចា​​រកដំណោះស្រាយ​រវាង​គ្រប់ភាគី៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ