អានតួអត្ថបទ

ក្រុម​​​ជីហាត​​​​​បង្កើន​​​​ភេរវកម្ម​​​អត្តឃាត​​​​​​ដើម្បី​​​ទប់ស្កាត់​​​ប្រតិបត្តិការ​​​របស់​​​កងទ័ព​​​អ៊ីរ៉ាក់​​

កង​​ទ័ព​​អ៊ីរ៉ាក់​​កំពុង​​ប្រឈម​​មុខ​​នឹង​​ភាព​​ពិបាក​​​ខ្លាំង​​ឡើងៗ​​នៅ​​ខណៈ​​ដែល​​ពួក​គេ​​កំពុ​ង​​​​បន្ត​​វាយ​រុល​ទៅ​មុខ​​ឆ្ពោះ​​ទៅ​​កាន់​​ទី​ក្រុង​Mossoul ​ដែល​​នៅ​​ទីនោះ ​ពួក​​ជីហាត​​បាន​បង្កើន​​អំពើ​​ភេរវកម្ម​​អត្តឃាត​កាន់តែ​​ច្រើន​​ឡើងៗ​-នេះ​បើ​​យោង​តាម​​ការ​​បញ្ជាក់​អះអាង​​របស់​​មេ​បញ្ជាការ​​កងទ័ព​​អ៊ីរ៉ាក់​​មួយ​រូប​​កាលពី​​ថ្ងៃ​​ចន្ទ​​ម្សិលមិញ។​

កងកម្លាំងពិសេសអ៊ីរ៉ាក់​​កំពុង​ប្រតិបត្តិការ​​នៅ​ពីមុខ​​គំនរបាក់បែក​នៃព្រះវិហារម៉ូស្លីម al-Nouri ក្នុងទីក្រុង​ Mossoul ថ្ងៃ​២៩មិថុន​២០១៧​
កងកម្លាំងពិសេសអ៊ីរ៉ាក់​​កំពុង​ប្រតិបត្តិការ​​នៅ​ពីមុខ​​គំនរបាក់បែក​នៃព្រះវិហារម៉ូស្លីម al-Nouri ក្នុងទីក្រុង​ Mossoul ថ្ងៃ​២៩មិថុន​២០១៧​ REUTERS/Erik De Castro
ផ្សាយពាណិជ្ជកម្ម

អស់​រយៈ​ពេល​​ជាង​​៨​ខែ​ បន្ទាប់ពី​​ផ្តើមការ​​វាយ​លុក​ដើម្បី​ដណ្តើម​​យក​ក្រុង​​ទីពីរ​​របស់​អ៊ីរ៉ាក់​មក​វិញ​​ ក្រុម​អ៊ីស្លាម​ជីហាត​​​របស់​អង្គការ​រដ្ឋអ៊ីស្លាម ​នៅ​ត្រួតត្រា​​​តែដី​មួយ​ភាគ​តូច​ប៉ុណ្ណោះ​នៅក្នុង​​​តំបន់​​ភាគ​ខាង​លិច​ទីក្រុង​ Mossoul។​

នៅ​ក្នុង​សង្កាត់​ខ្លះៗ ​ ចាប់តាំងពី ៣​ថ្ងៃ​កន្លង​មក​ហើយ ពួក​អ៊ីស្លាម​ជីហាត​ បាន​បើក​ការ​វាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក​សម្លាប់​ខ្លួន​ឯង​​ជាអាទិ៍​ អ្នក​បំផ្ទុះ​គ្រាប់បែកសុទ្ធស៊ឹង​​ជា​​ស្រ្តី​ភេទ ដែល​ផ្ទុយ​កាលពី​ពេល​​មុន ពួកអ៊ីស្លាមជីហាត ​បាន​ប្រើ​កលល្បិច​​ដោយ​​ពួន​លប​ស្ទាក់​បាញ់​និងបោក​គ្រាប់បែក-នេះបើយោងតាម​ការ​អះអាង​​របស់​មេ​បញ្ជាការ​ម្នាក់​នៃ​កង​កម្លាំង​​ពិសេស​​អីរ៉ាក់​។ មន្ត្រីយោធា​របស់អ៊ីរ៉ាក់នេះ បាន​បញ្ជាក់​​ឲ្យ​ដឹងទៀតថា សព្វ​ថ្ងៃ​នេះ​ ពួក​ជីហាតនៅ​សល់គ្នា​ ចំនួន​​តិច​ជាង​២០០​នាក់ប៉ុណ្ណោះ​​នៅក្រុង​ Mossoul ហើយ​​ភាគ​ច្រើន​ជា​ជន​បរទេស។

ម្យ៉ាងទៀត ដើម្បី​ប្រឆាំង​ទល់​នឹង​ការ​គំរាម​ពី​ពួក​​ភេរវនារី​អត្តឃាត​ កងទ័ពអ៊ីរ៉ាក់ បាន​បង្គាប់​​​​ឲ្យ​​ប្រជាជន​ស៊ីវីល​​ទាំង​អស់ ដោះ​សំលៀក​បំពាក់​ចេញ​ខ្លះ ​មុន​នឹង​ចូល​ទៅកាន់​​មណ្ឌល​ត្រួតពិនិត្យ​នានា។ ​ពួក​ជីហាត​ឥឡូវនេះ កាន់តែ​​​​បាត់បង់​​ដែន​អំណាច​របស់​ដ៏​ធំ​ធេង​​​របស់​ខ្លួនហើយ​ ​ដោយ​សារតែ​ការឡោមព័ទ្ធ​របស់​កងទ័ព​និង​កង​ប៉ូលីស​អ៊ីរ៉ាក់។

ក៏ប៉ុន្តែ​នៅ​កន្លែង​ច្រក​ផ្លូវ​តូចៗ​​ដែល​មាន​មនុស្សដ៏កុះករ ​នៅ​ក្នុង​ទីក្រុង​ចំណាស់​របស់​អ៊ីរ៉ាក់​​នេះ ជម្រុញ​ឲ្យ​ប្រតិបត្តិការ​រុល​ទៅ​មុខ​របស់​កងទ័ព​អ៊ីរ៉ាក់ ​មាន​ភាពពិបាក​ខ្លាំង។​ក៏ប៉ុន្តែ មេ​បញ្ជាការ​កង​កម្លាំង​ពិសេស​អ៊ីរ៉ាក់ បាន​បញ្ចាក់អះអាងដែរថា ការវាយ​សម្រុក​ចុង​ក្រោយ​​នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ចន្លោះ​​រវាងពី​​៥​ថ្ងៃ​ទៅ​​​មួយ​សប្តាហ៍​ខាងមុខ។​

ទោះបីជា​​ទីក្រុង​ម៉ូស៊ូលនឹង​​ត្រូវ​​វាយ​ដណ្តើម​បានមកវិញ​​​ក៏​ដោយក្តី ក៏​សង្គ្រាម​ទល់​នឹង​អង្គការ​​រដ្ឋអ៊ីស្លាម​ក៏​នៅ​មិន​ទាន់​ចប់​ដែរ​ ដោយសារ​តែ​ពួក​នេះ​នៅ​បន្ត​ការ​កាន់កាប់​ក្នុង​តំបន់​​ជា​ច្រើន​លើ​ទឹក​ដីអ៊ីរ៉ាក់​និង​នៅ​ស៊ីរី។

ពួកអ៊ីស្លាម​ជីហាត ក្នុង​រយៈពេល​៣​ឆ្នាំ ​ទោះបី​​ជា​បាន​បាត់បង់​ទឹកដី​ត្រួតត្រា​ចំនួន​៦០%​និង​​ប្រាក់​ចំណូល​របស់​ខ្លួន​ជាង​៨០% ក៏ដោយក្តី ក៏​​នៅ​តែ​បន្ត​ជានិច្ច​អំពើ​ភេរវកម្ម​កាប់​សម្លាប់​ប្រជាជន​នៅក្នុងប្រទេសស៊ីរីនិង​អ៊ីរ៉ាក់។​ ហើយកាលពីថ្ងៃអាទិត្យ​ម្សិលមិញ ​ភេរវជន​អត្តឃាត​ម្នាក់ ​បានបំផ្ទុះគ្រាប់បែកនៅ​ពីមុខ​ជំរំជនភៀសខ្លួន​មួយ​​នៅ​​ខេត្ត​Al-Anbar ​ភាគខាងលិចប្រទេស​​អ៊ីរ៉ាក់ ​ជាហេតុបណ្តាល​ឲ្យមនុស្ស ស្លាប់​​១៤​នាក់ -នេះ​បើ​យោង​តាម​ប្រភពមន្ទីរពេទ្យអ៊ីរ៉ាក់​៕​​​​​​​​​​​​​​​​​​​​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ