អានតួអត្ថបទ

វិបត្តិកាតា ៖ អារ៉ាប៊ីសាអូឌីត និង​សម្ព័ន្ធមិត្តជួបប្រជុំ​នៅ​អេហ្ស៊ីប

អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាបរួម ប៉ារែន និង​អេហ្ស៊ីប ដែល​បាននាំ​គ្នា​​ផ្តាច់​ទូត​ជាមួយ​កាតា តាំ​ងពី​ដើម​ខែ​មិថុនាមក ត្រូវ​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ ពុធ​នេះ នៅ​ក្រុង​គែរ​ ប្រទេស​អេហ្ស៊ីប ដើម្បី​សម្រេចចិត្ត​ថា​តើ​ពួកគេ​ត្រូវ​ធ្វើ​យ៉ាងណា​បន្ត​ទៀត ជាមួយ​កាតា។ កាតា​​​ទំនង​ជា​មិន​ព្រម​បន្ទន់​ឥរិយាបថ​​ ធ្វើ​សំណើ​របស់​ក្រុម​ប្រទេស​ទាំង​បួន​នោះ​ឡើយ។

រដ្ឋមន្ត្រីការបរទេស​កូវ៉េត ជាអន្តរការី​ ទទួល​សមភាគី​កាតា​នៅអាកាសយានដ្ឋាន ថ្ងៃទី ៣ កក្កដា ២០១៧
រដ្ឋមន្ត្រីការបរទេស​កូវ៉េត ជាអន្តរការី​ ទទួល​សមភាគី​កាតា​នៅអាកាសយានដ្ឋាន ថ្ងៃទី ៣ កក្កដា ២០១៧ HO / KUWAIT EMIRI DIWAN / AFP
ផ្សាយពាណិជ្ជកម្ម

ជំនួប​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​ត្រូវ​ចាប់​ផ្តើម​នៅ ម៉ោង ១១​ ម៉ោង​សកល​ និង​ក៏​ត្រូវចំ​​ចប់​ថ្ងៃ​ផុត​​ឱសានវាទ​ដែល​ដាក់​លើ​ប្រទេស​កាតា​ដែរ។ ប៉ុន្តែ​បើតាម​រដ្ឋមន្ត្រី​​​អេមីរ៉ាតអារ៉ាប់​រួម វា​ដូច​ជា​ឆាប់​បន្តិច​ដែល​គេ​ត្រូវ​​​និយាយ​​​អំពី​ការ​ចាត់​វិធានការ​បន្ថែម​​ប្រឆាំង​នឹង​កាតា​នោះ។ លោក​រដ្ឋមន្ត្រី​បាន​ត្រឹម​តែ​ធ្វើ​ការ​ចោទ​ប្រកាន់​ជា​ថ្មី​ថា​កាតា​ បាន​អនុញ្ញាត និង​បាន​ផ្តល់​ជម្រក​ ព្រមទាំង​ញុះញង់​ឱ្យ​មាន​អំពើ​ភេរវនិយម ហើយ​សង្ឃឹម​ថា​កាតា​ងាក​មក​រក​ហេតុផល​ ដោយ​ជ្រើសរើស​រក្សា​ចំណង​មិត្តភាព​ជាមួយ​ប្រទេស​ជិត​ខាង ជា​ជាង​ការកាត់​ផ្តាច់។​

​ជាប់​ចោទ​ជា​ប្រទេស​គាំទ្រ​ភេរវនិយម ជិតស្និទ្ធ​ជ្រុល​នឹង​ប្រទេស​អ៊ីរ៉ង់ជា​សត្រូវ​សួរ​ពូជរបស់​អារ៉ាប៊ីសាអូឌីត កាតា​ត្រូវ​បាន​ក្រុមប្រទេស​អារ៉ាប​បួន គឺ អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាបរួម ប៉ារែន អេហ្ស៊ីប ​បាន​ផ្តាច់​ទូត​ និង​បិទ​ព្រំ​ដែន​តែ​មួយ​គត់​របស់​កាតា តាំង​ពី​ថ្ងៃទី ៥​មិថុនា ២០១៧ មក និង​ថែម​ដាក់​​កំរិតគោរព​តាមសំណើ​១៣​ចំណុច​ទៀត។ មិន​តែ​ប៉ុណ្ណោះ ក្រុម​ប្រទេស​អារ៉ាប​ទាំង​បួន​នេះ បាន​ទាមទារ​ឱ្យកាតា បិទ​​មូលដ្ឋាន​ទ័ព​តួកគី​លើ​ទឹក​ដី​ខ្លួន និង​បិទប៉ុស្តិ៍​​ទូរទស្សន៍​​ Al Jazeera ព្រមទាំង​កាត់​បន្ថយ​ទំនាក់ទំនង​ជាមួយ​អ៊ីរ៉ង់។

កាតា​បាន​ផ្តល់​ចម្លើយ​តប​ជា​ផ្លូវការ​ទៅ​ក្រុម​ប្រទេស​ទាំង​បួន​វិញ​ហើយ តាម​រយៈ​អន្តរការី​កូវ៉ែត។ ថ្វី​បើ​គ្មាន​នរណា​បង្ហើប​អំពី​ខ្លឹម​សារ​លម្អិត​​នៃ​លិខិត​ផ្តល់​ចម្លើយ​នោះ​មែន ប៉ុន្តែគេ​អាច​អស់​សង្ស័យ​នៅ​ពេល​បាន​ឮ​សេចក្តី​ប្រកាស​របស់រដ្ឋមន្ត្រី​ការបរទេស​កាតា​ ​នៅ​ថ្ងៃ​ល្ងាច​ម្សិលមិញ​ថា​ មិន​អាច​ទទួល​យក​បាន​ និង​មិន​អាច​សម្រេច​កើត​ទេ នូវ​សំណើ​របស់​ក្រុម​ប្រទេស​អារ៉ាប !

សម្រាប់​កាតា​ អារ៉ាប៊ីសាអូឌីត និង​សម្ព័ន្ធមិត្ត​ កំពុង​តែ​រំលោភ​បូរណភាព​កាតា​ក្នុង​នយោបាយការបរទេសហើយ។ មិន​តែ​ប៉ុណ្ណោះ កាតា​ដែល​ជា​ប្រទេស​សម្បូរ​ធនធាន​ និង​​នាំ​ចេញ​​​ឧស្ម័នរាវ​​ធម្មជាតិ​ច្រើន​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក បាន​ប្រកាសចង់​​បង្កើនបូម​ឧស្ម័ន​៧៧លាន​តោន​ឱ្យ​ដល់​១០០​លាន​តោន​តែ​ម្តង។​ បើ​ក្រុមប្រទេស​អារ៉ាប​រារាំង​ ក៏កាតា​នឹង​សម្រេច​ធ្វើ​តែ​ម្នាក់ឯង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ