អានតួអត្ថបទ
អ៊ីរ៉ាក់

អ៊ីរ៉ាក់៖កងទ័ព​​​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ដណ្តើម​ទីក្រុង​មូស៊ូល​​ពី​អង្គការ​រដ្ឋអ៊ីស្លាម

នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ កងទ័ព​កំពុង​បង្កើន​ការ​វាយសម្រុក​ដណ្តើម​ទីក្រុង​មូស៊ូល​ពី​កណ្តាប់ដៃ​ពួក​ជីហាតអង្គការ​រដ្ឋអ៊ីស្លាម។ លោក​ឧត្តមសេនីយ​អាមេរិកាំង​ម្នាក់​ឈ្មោះ Robert Sofge បាន​អះអាង​ថា ពេល​វេលា​នៃ​ការ​ដណ្តើម​ទីក្រុង​មូស៊ូល​ពី​អង្គការ​រដ្ឋអ៊ីស្លាម​បាន​ឈាន​មក​ដល់​ហើយ។ សូម​ជម្រាប​ជូន​ថា តាំង​ពី​ថ្ងៃទី១៧ តុលា ឆ្នាំ ២០១៦ មក​ម្ល៉េះ​ដែល​កម្លាំងទ័ព​អ៊ីរ៉ាក់​ដោយ​មាន​ជំនួយ​ពី​ទ័ពអាមេរិកាំង​បាន​បើក​យុទ្ធនាការ​វាយប្រហារ​ទ្រង់ទ្រាយ​ដណ្តើម​យក​ទីក្រុង​មូស៊ូល​ពី​អង្គការ​រដ្ឋអ៊ីស្លាម។

កងទ័ព​អ៊ីរ៉ាក់​​​ជិត​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ដណ្តើម​ទីក្រុង​មូស៊ូល​​ពី​អង្គការ​រដ្ឋអ៊ីស្លាម
កងទ័ព​អ៊ីរ៉ាក់​​​ជិត​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ដណ្តើម​ទីក្រុង​មូស៊ូល​​ពី​អង្គការ​រដ្ឋអ៊ីស្លាម Reuters
ផ្សាយពាណិជ្ជកម្ម

ពី​ទីក្រុង​បាកដាដ រូប​ឧត្តមសេនីយ​អាមេរិកាំង​លោក Robert បាន​បញ្ជាក់​ដោយ​សុទិដ្ឋិនិយម​ថា អវសាន​របស់​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​ក្នុង​ទីក្រុង​មូស៊ូល​ដែល​ជា​ទីក្រុង​ធំ​ទី២ របស់​អ៊ីរ៉ាក់​បាន​ខិត​ចូល​កាន់​តែ​ជិត​ហើយ។ លោក Robert គឺ​ជា​ប្រធាន​មជ្ឈមណ្ឌល​នៃ​កិច្ចសហប្រតិបត្តិការ​រួម​នៃ​កម្លាំងសម្ព័ន្ធមិត្ត​ប្រឆាំង​ពួក​ជីហាត។ ព័ត៌មាន​របស់​រូប​ឧត្តមសេនីយ​អាមេរិកាំង​ក៏​ត្រូវ​បាន​បញ្ជាក់​ដោយ​ឧត្តមសេនីយឯក​អ៊ីរ៉ាក់​លោក Abdel Ghani al-Assadi ដែល​ថា ការ​ប្រយុទ្ធ​ដណ្តើម​ទីក្រុង​មូស៊ូល​នឹង​ចូល​ទីបញ្ចប់​ក្នុង​ពេល​ឆាប់ៗ។ ខណៈ​នេះ ទ័ពពិសេស​អ៊ីរ៉ាក់​បាន​ផ្តើម​ចូល​ដល់​ទន្លេខ្លា និង​កំពុង​ធ្វើ​ការ​ឡោមព័ទ្ធ​លើ​ទីតាំង​ចុង​ក្រោយ​របស់​ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម។

តាម​លោក​ឧត្តមសេនីយ​អាមេរិកាំង Robert គ្រោះថ្នាក់​មាន​កាន់​តែ​ខ្លាំង​នៅ​ពេល​ដែល​ទ័ព​អ៊ីរ៉ាក់​រំកិល​ចូល​កាន់​តែ​ជិត​ទីក្រុង​មូស៊ូល ព្រោះ​ពួកជីហាត​បាន​ដាក់​បង្កៃគ្រាប់បែក និង​បង្កប់​គ្រាប់មីន​នៅ​គ្រប់​ទីកន្លែង និង​មាន​ជីហាត​ខ្លះ​ទៀត​ធ្វើ​ជា​ដេកស្លាប់​ដោយ​មាន​ពាក់អាវ​បង្កប់​ដោយ​ជាតិ​ផ្ទុះ។ ទន្ទឹម​គ្នា​នេះ ពួកជីហាត​ក៏​បាន​ធ្វើ​ការ​ដុតបំផ្លាញ​ផ្ទះសម្បែង និង​ទីកន្លែង មុន​នឹង​ពួក​វា​បាន​ដក​ថយ។ លោក​ឧត្តមសេនីយឯក​អ៊ីរ៉ាក់ Abdel Ghani al-Assadi បាន​ទទួល​ស្គាល់​ថា ដំណើរ​ចូល​ក្នុង​ទីក្រុង​មូស៊ូល​អាច​នឹង​ធ្វើ​ឡើង​យឺតៗ និង​លំបាក​ដោយសារ​តែ​នៅ​មាន​វត្តមាន​ពួក​ជីហាត​អត្តឃាត និង​វត្តមាន​គ្រាប់បែក​នៅ​តាម​ផ្ទះប្រជាជន។ ទន្ទឹម​គ្នា​នេះ កងទ័ព​ក៏​មិន​អាច​វាយប្រហារ​ខ្លាំងក្លា និង​ប្រើ​អាវុធ​ធុនធ្ងន់​បាន ដោយ​ខ្លាច​ប៉ះពាល់​ដល់​ជីវិត​ប្រជាជន​ដែល​ពួក​ជីហាត​យក​ធ្វើ​ជា​របាំង។

សូម​ជម្រាប​ជូន​ថា ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​បាន​ដណ្តើម​កាន់កាប់​ទីក្រុង​មូស៊ូល​ក្នុង​ឆ្នាំ ២០១៤ តែ​គឺ​ទើប​នៅ​ថ្ងៃទី១៧ តុលា ឆ្នាំ ២០១៦ ដែល​កងទ័ព​អ៊ីរ៉ាក់​ដោយ​មាន​ជំនួយ​ពី​កម្លាំងសម្ព័ន្ធមិត្ត​ដឹកនាំ​ដោយ​អាមេរិក​បាន​បើក​ការ​វាយប្រហារ​ទ្រង់ទ្រាយ​ដើម្បី​ដណ្តើម​យក​វិញ។ មូស៊ូល​ដែល​ជា​ទីក្រុង​ធំ​ទី២ របស់​អ៊ីរ៉ាក់ ជា​និមិត្តរូប​សំខាន់​របស់​អង្គការ​រដ្ឋអ៊ីស្លាម​ព្រោះ​គឺ​នៅ​ទីនោះ​ហើយ​ដែល​មេកើយ​របស់​វា​ឈ្មោះ​អាប៊ូបាកា បាដាឌី​បាន​លេច​មុខ​ជា​សាធារណៈ ក្រោយ​ពី​ប្រកាស​កាន់កាប់​ទឹកដីមួយ​ផ្នែក​របស់​ប្រទេស​ស៊ីរី និង​អ៊ីរ៉ាក់។ តែ​យ៉ាង​ណា​ក៏​ដោយ ការ​វាយដណ្តើម​យក​បាន​ទីក្រុង​មូស៊ូល​ពី​អង្គការ​រដ្ឋអ៊ីស្លាម​មិនមែន​ជា​ការ​បញ្ចប់​វត្តមាន​អង្គការ​ភេរវនិយម​មួយ​នេះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ