អានតួអត្ថបទ
អ៊ីស្រាអែល

ប៉ូលិសអ៊ីស្រាអែល​​២នាក់​​ ស្លាប់​ក្នុង​ការ​វាយប្រហារ​​​​​នៅ​​Jerusalem អ៊ីស្រាអែល​លុបចោល​ពិធី​សូត្រធម៌អ៊ីស្លាម​​​​

ថ្ងៃសុក្រ​១៤កក្កដា​នេះ នៅ​អ៊ីស្រាអែល​ជនជាតិ​​អារ៉ាប់​​​៣នាក់​ បាន​នាំគ្នា​បើ​ក​ការ​វាយប្រហារ​​បាញ់​សម្លាប់​ប៉ូលិសអ៊ីស្រាអែល​២រូប​​​ ​មុន​នឹងត្រូវ​​ប៉ូលិស​បាញ់​សម្លាប់​វិញ នៅ​​​ទីលាន​​វិហារ​សូត្រធម៌ នៅ​ក្រុង​ហ្សេរុយហ្សាឡិម​។ ​អាជ្ញាធរ​អ៊ីស្រាអែល​បានសម្រេច​បិទច្រកចូល ទៅកាន់​វិហារ​សូត្រធម៌ និង​លុបចោល​ពិធី​សូត្រធម៌​អ៊ីស្លាម​ថ្ងៃសុក្រ​នេះ។ ​​មុហ្វទី​ហ្សេរុយហ្សាឡិម​​​មួយរូបដែល​បរិហារ​ការលុបចោល​ការ​សូត្រធម៌​នេះ ត្រូវបានអ៊ីស្រាអែល​​ចាប់ខ្លួន។

ប៉ូលិស​អ៊ីស្រាអែល​ពង្រឹង​សន្តិសុខ នៅ​ទីលាន​សូត្រធម៌ ហ្សេរុយហ្សាឡិម ក្រោយ​មាន​ហេតុការណ៍​បាញ់​សម្លាប់​ប៉ូលិស​ថ្ងៃសុក្រ​១៤កក្កដា​នេះ​
ប៉ូលិស​អ៊ីស្រាអែល​ពង្រឹង​សន្តិសុខ នៅ​ទីលាន​សូត្រធម៌ ហ្សេរុយហ្សាឡិម ក្រោយ​មាន​ហេតុការណ៍​បាញ់​សម្លាប់​ប៉ូលិស​ថ្ងៃសុក្រ​១៤កក្កដា​នេះ​ Reuters
ផ្សាយពាណិជ្ជកម្ម

ប៉ូលិស​​​អ៊ីស្រាអែល​២នាក់ បានរបួសធ្ងន់​រហូត​​​ស្លាប់ និង​ម្នាក់ទៀត​​របួសស្រាល​ ដោយសារ​ការ​វាយប្រហារ​ពី​សំណាក់​​ជនជាតិ​ប៉ាឡេស្ទីន​៣នាក់ នៅ​ក្រុង​ហ្សេរុយហ្សាឡិម​ ថ្ងៃសុក្រ​នេះ។ ប៉ូលិស​ដែល​ស្លាប់​ទាំង២​រូប​នោះ ជា​ជនជាតិ​ភាគតិច​អារ៉ាប់ នៅ​អ៊ីស្រាអែល។ ចំណែក​បុរស​ប៉ាឡេស្ទីន​៣នាក់​ដែល​​បាន​​​បង្ក​ហិង្សា​នេះ​ ក្រោយ​បាញ់​ប៉ូលិស​រួចមក បាន​នាំគ្នារត់គេច​ខ្លួន ទៅ​កាន់​តំបន់​​វិហារ​សូត្រធម៌។ កងកម្លាំង​អ៊ីស្រាអែល​បាន​ដេញតាម​ពួកគេ រួច​សម្លាប់​ពួកគេ​នៅ​ទីនោះ។

អ៊ីស្រាអែល​បាន​សម្រេច​លុបចោល​ការសូត្រធម៌​ថ្ងៃ​សុក្រ​នេះ នៅ​កន្លែង​សូត្រធម៌ ដែល​កើតហេតុ។ ​ទីលាន​សូត្រធម៌​នេះ ស្ថិត​នៅ​​ហ្សេរុយហ្សាឡិម​ភាគខាងកើត​ ដែល​អ៊ីស្រាអែល​កាន់កាប់។​ នៅ​ទីនោះ​​ មា​នវិហារសូត្រធម៌​មួយកន្លែង ឈ្មោះ​​អាល់ ឡាក់សា Al-Aqsa។ អាជ្ញាធរ​ប៉ាឡេស្ទីន​នៅ​រ៉ាម៉ាឡា បាន​ថ្កោលទោស​អ៊ីស្រាអែល​ដែល​បាន​សម្រេច​​លុបចោល​ពិធី​សូត្រធម៌។ ​ក្រុម​ហាម៉ាស​វិញ បាន​លើកឡើង​ថា ការ​វាយប្រហារ​ថ្ងៃសុក្រ​នេះ ជា​ចម្លើយ​តប​តទៅ​នឹង​ភេរវកម្ម​របស់​ជនជាតិជ្វីហ្វ ​​តប​ទៅនឹង​ការមើលងាយ​វិហារ​អាល់ ឡាក់សា។

​ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន​ លោក​ម៉ាមូត អាបាស បាន​ថ្កោលទោស​ហិង្សា​នេះ។ លោក​បាន​ពិភាក្សាតាម​ទូរសព្ទ​​ជាមួយ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល នេតាន់យ៉ាហ៊ូ ​បារម្ភ​ពី​ភាពតានតឹង​​​​​រវាង​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន។ ​លោក​នេតាន់យ៉ាហ៊ូ​បាន​អំពាវនាវ​អោយ​មាន​ភាព​ស្ងប់ស្ងាត់។ រដ្ឋមន្ត្រី​សន្តិសុខ​សាធារណៈ​អ៊ីស្រាអែល​វិញ បាន​ប្រកាស​ធ្វើការវិភាគ​ឡើងវិញ ពីផ្នែក​សន្តិសុខ នៅ​តំបន់​វិហារ​សូត្រធម៌ ក្រុង​ហ្សេរុយហ្សាឡិម។ ​

ការបាញ់​សម្លាប់​ប៉ូលិស​អ៊ីស្រាអែល​ ​ថ្ងៃសុក្រ​នេះ ជា​ការវាយប្រហារដោយ​កាំភ្លើង​ ​គួរកត់សម្គាល់​​​ នៅ​ហ្សេរុយហ្សាឡិម ​បើ​គិត​ច្រើន​ឆ្នាំ​មកនេះ។ បើ​គិតតាំងពី​​​ខែ​តុលា​ឆ្នាំ​២០១៥មកវិញ​ ​ហិង្សា​នៅ​អ៊ីស្រាអែល​និង​​ដែនដី​​ប៉ាឡេស្ទីន ច្រើន​បង្កឡើង​ដោយ​​​កាំបិត ​ហើយ​ភាគច្រើន​គឺជា​ស្នាដៃ​របស់​​ជនជាតិ​ប៉ាឡស្ទីន។ ជនជាតិ​ប៉ាឡេស្ទីន​ទាំងនោះ​ ច្រើន​សម្រេចធ្វើការ​​វាយប្រហារ​ដោយ​ខ្លួនឯង​ផ្ទាល់៕ ​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ