អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

វិធានការ​​សន្តិសុខ​​ដែល​​គ្មាន​​លក្ខណៈ​​មនុស្សធម៌​​របស់​​អ៊ីស្រាអែល​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

វិបត្តិ​ដើមបូព៌ា ​​កើតមាន​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ បង្ក​អោយ​មា​នមនុស្ស​របួសនិង​ស្លាប់ច្រើននាក់ ​វិបត្តិ​នេះ​បានរាលដាល​​​​រហូត​​ជា​វិបត្តិការទូត​​​​​រវាង​​​អ៊ីស្រាអែល ​និង​ហ្ស៊កដានីថែមទៀត។ ​​ប្រភព​ជម្លោះ​​​​​​គឺ​ចេញពី​វិធានការ​សន្តិសុខ​ដ៏តឹងរ៉ឺង​ ដែល​អ៊ីស្រាអែល​ដាក់ចេញនៅច្រក​ទ្វារ​ចូលទៅ​​​ទីលាន​វិហារ​សូត្រធម៌​អ៊ីស្លាម​នៅ​ហ្សេរុយហ្សាឡិម។ តែ​​អ៊ីស្រាអែល​ប្រកាស​​មិនចុះចាញ់ ​មិនព្រម​ដកចោល​​វិធានការ​សន្តិសុខនេះទេ ដរាបណា​គ្មានវិធានការថ្មី​ជំនួសបាន។

ជនជាតិ​ប៉ាឡេស្ទីន​ក្រាបសូត្រធម៌​ នៅ​ក្រៅទីលាន​សាធារណៈ​ ក្រោមការឃ្លាំពិនិត្យ​ពី​ប៉ូលិស​​អ៊ីស្រាអែល
ជនជាតិ​ប៉ាឡេស្ទីន​ក្រាបសូត្រធម៌​ នៅ​ក្រៅទីលាន​សាធារណៈ​ ក្រោមការឃ្លាំពិនិត្យ​ពី​ប៉ូលិស​​អ៊ីស្រាអែល REUTERS/Amir Cohen
ផ្សាយពាណិជ្ជកម្ម

អ៊ីស្រាអែល​ដឹងច្បាស់ណាស់ថា វិធានការ​សន្តិសុខ​​​ដែល​ខ្លួនដាក់ចេញ​នៅច្រកចូល​ទីលាន​សូត្រធម៌ នៅ​ហ្សេរុយហ្សាឡិមនេះហើយ ​ជាប្រភព​នៃ​ការរាលដាល​ហិង្សា​ជាមួយ​ប៉ាឡេស្ទីន ​ធ្វើអោយ​ប៉ាឡេស្ទីន​ផ្តាច់​ទំនាក់ទំនង​ការទូត​ជាមួយ ធ្វើអោយ​ផ្ទុះរហូត​​ទៅ​ជាវិបត្តិ​ជាមួយ​ហ្ស៊កដានី​ថែមទៀតផង។

អ៊ីស្រាអែល​ចេញវិធានការ​សន្តិសុខ​នេះ ​ក្រោយពេល​​​​​​ប៉ូលិស​អ៊ីស្រាអែល២នាក់​ ​​ត្រូវបាន​​ក្រុមយុវជន​ប៉ាឡេស្ទីន៣នាក់ បាញ់សម្លាប់ កាលពីថ្ងៃ​១៤កក្កដា។ កាលនោះ​ កងកម្លាំង​អ៊ីស្រាអែល​បាន​​ដេញតាម​​សម្លាប់​ជនប្រដាប់អាវុធ​ទាំង​៣​នាក់​នេះ។ កាលនោះដែរ អ៊ីស្រាអែល​​បានរហូតដល់​ហាមមិនអោយ​មានពិធី​សូត្រធម៌​នៅវិហារ​អ៊ីស្លាម ដែល​នៅ​ក្បែរ​កន្លែង​កើតហេតុការណ៍ទៀតផង​។ ​​​អ្នក​ទទួលខុសត្រូវ​មួយរូប​នៅ​​វិហារ​អ៊ីស្លាម ដែល​រិះគន់​ការហាម​សូត្រធម៌​នេះ ក៏ត្រូវបាន​អ៊ីស្រាអែល​ចាប់ខ្លួន​ដែរ កាលពី​ថ្ងៃ​១៤កក្កដា។

វិធានការ​សន្តិសុខ​អ៊ីស្រាអែល ​មិនត្រូវបាន​ប៉ាឡេស្ទីន​ និងហ្ស៊កដានី​ស្វាគមន៍​ទេ។ ​វិធានការ​​នេះ​ដាក់ចេញ​ឡើង​​ ​នៅ​ច្រកទៅកាន់​ទីលាន​សូត្រធម៌ គឺអ៊ីស្រាអែល​បាន​​​ដាក់ទ្វារ​សុវត្ថិភាព​ដែល​ចាប់​អត្តសញ្ញាណ​វត្ថុ​ធាតុដែក គ្រឿងផ្ទុះ ធ្វើអោយអ្នក​កាន់​ធ័រអារ អ្នក​ដែល​​​​មកសូត្រធម៌​ ទាំងឡាយ​មានអារម្មណ៍​ថា ពួកគេ​ត្រូវអ៊ីស្រាអែល​ចាត់ទុក​ជាភេរវជន​ដោយ​ប្រយោល​ទៀតផង។ មិនត្រឹមប៉ុណ្ណេះ​ទេ អ៊ីស្រាអែល​ថែមទាំង​ហាមប្រាម​​​​ជនជាតិ​ប៉ាឡេស្ទីនភេទប្រុស​ អាយុ​ក្រោម​៥០ឆ្នាំ មិនអោយ​​​ចូល​វិហារសូត្រធម៌ទេ។ បើពិបាក​ចូលសូត្រធម៌​ម្លឹងៗ តើ​ជនជាតិ​ប៉ាឡេស្ទីន​ដែលកាន់ធ័រអារ អាច​ទ្រាំនឹង​ការ​មាក់ងាយ​ដោយ​ប្រយោល​នេះបានទេ ? ពិតជា​មិនអាច​ទេ ជនជាតិ​ប៉ាឡេស្ទីន​បាន​សម្រេចនាំគ្នា​ក្រាបសូត្រធម៌​នៅ​តាមផ្លូវសាធារណៈ និង​នៅមុខច្រកចូល​វិហារ​ទាំងអស់គ្នា​វិញ។ យ៉ាងនេះទៅហើយ​ក្តី ក៏​អ៊ីស្រាអែល នៅតែ​បង្ហាញ​ការការពារ​សន្តិសុខ​ហួសហេតុ គឺ​កងកម្លាំង​អ៊ីស្រាអែល​បាន​នាំគ្នា​ឡោមព័ទ្ធ​​ការសូត្រធម៌​នៅ​ទីលាន​សាធារណៈ​នេះទៀតផង។ ទង្វើ​បែបផ្គើន​បែបនេះ បាន​ធ្វើអោយ​​​ ក្រុមយុវជន​ឈាមរាវ​ប៉ាឡេស្ទីនគ្រប់ទិសទី ​​ខឹងសម្បារ រហូត​​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​អ៊ីស្រាអែល រហូតធ្វើអោយ​មាន​មនុសុ្សស្លាប់ និង​របួស​សន្ធឹកសន្ធាប់ នៅ​ហ្សេរុយហ្សាឡិម និង​ស៊ីសហ្ស៊កដានី។

វិធានការ​សន្តិសុខ​អ៊ីស្រាអែល​ ត្រូវបាន​តួកគី​ចាត់ទុកថា ជាការមើលងាយ​មើលថោក​អ្នកកាន់​សាសនា​​អ៊ីស្លាម។ ​ហ្ស៊កដានី​ដែល​​ជាអ្នក​គ្រប់គ្រង​​តំបន់​វិហារ​សូត្រធម៌​នៅ​ក្រុងចំណាស់​ហ្សេរុយហ្សាឡិម ស្របច្បាប់ ​​ក៏​មិន​សប្បាយចិត្ត​ដែរ ដែល​ឃើញ​អ៊ីស្រាអែល​ដាក់​ចេញ​វិធានការ​សន្តិសុខ​ ធ្វើអ្វី​ស្រេចតែចិត្តលើតំបន់​ដែលខ្លួន​គ្រប់គ្រង​នោះ។ មិនពិបាក​ឆ្ងល់ទេ ដែល​សូម្បី​តែ​ជនជាតិ​ហ្ស៊កដានី​ក៏ខឹងនឹង​អ៊ីស្រាអែល​ដែរ។ ម្ល៉ោះហើយបានជា​គេឃើញ​ ថា កាលពី​ថ្ងៃអាទិត្យ ​មាន​​ពលរដ្ឋ​ហ្ស៊កដានី​ម្នាក់ បាន​យក​តួនឺវិស ចាក់សម្លាប់​ភ្នាក់ងារ​សន្តិសុខ​អ៊ីស្រាអែល នៅស្ថនទូត​អ៊ីស្រាអែល ប្រចាំ​ក្រុង​អាម៉ាន់ ក្នុង​ប្រទេស​ហ្ស៊កដានី។ ភ្នាក់ងារ​សន្តិសុខ​អ៊ីស្រាអែល​បាន​បាញ់​តបត​វិញ ធ្វើអោយ​ជនជាតិ​ហ្ស៊កដានី​ស្លាប់។ ហិង្សា​នេះ​បានបង្ក​ជា​ជម្លោះ​ការទូត​រវាង​អ៊ីស្រាអែល​និង​ហ្ស៊កដានីថែមទៀត។

អ៊ីស្រាអែល​ដឹងច្បាស់​ថា វិធានការ​សន្តិសុខ​នៅ​តំបន់​សូត្រធម៌​ក្រុងហ្សេរុយហ្សាឡិម ​ជា​​ប្រភព​នៃ​វិបត្តិ​ដែល​កំពុង​តែ​ចាប់ផ្តើម​ចាក់រឹស​នៅ​ដើមបូព៌ា។ តែ​នៅតែ​មិនព្រម​ដកចេញ​វិធានការ​សន្តិសុខ នេះតាមការទាមទារ​របស់​​ប៉ាឡេស្ទីន ​និង​តួកគី​​​ទៅទៀត។ ​ដោយសារ​វិធានការ​សន្តិសុខ​នេះហើយ ទើប​ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន ផ្តាច់ទំនាក់ទំនង​ការទូត​គ្រប់ផ្នែក​ជាមួយ​អ៊ីស្រាអែល ផ្តាច់​ទាំង​កិច្ចសហ​ប្រតិបត្តិការ​សន្តិសុខ​​ទៀតផង។ បើ​ផ្តាច់​កិច្ចសហប្រតិបត្តិការ​សន្តិសុខ​នេះ គឺ​មានន័យថា ​ប៉ាឡេស្ទីន​លែង​​ផ្តល់ព័ត៌មាន​សំងាត់ដល់​អ៊ីស្រាអែល​ទៀតហើយ។ ដូច្នេះ គឺ​អ៊ីស្រាអែល​ខ្លួនឯងដែល​កំពុង​ប្រលែង​លេង​នឹងគ្រោះថ្នាក់​អសន្តិសុខ ដែល​អាច​បង្កឡើង​ដោយ​ក្រុមយុវជន​ឈាមរាវ​ប៉ាឡេស្ទីន រឺ​ក៏​ក្រុម​ហាម៉ាស​ ដែល​គុំកួន​នឹង​អ៊ីស្រាអែល។

ប៉ុន្តែ វិបត្តិ​រាលដាល​ដូច្នេះ​ទៅហើយ​ក្តី អ៊ីស្រាអែល​បានត្រឹម​បន្ទន់ជំហរ​ ចង់​ដាក់ចេញ​កាមេរ៉ា​សុវត្ថិភាព​ជំនួស​វិញប៉ុណ្ណោះ។ តែ​បើ​យោងតាម​ដំណោះស្រាយ​ជាក់ស្តែង​វិញ​​​ ​​អ៊ីស្រាអែល​នៅចចេស​មិនដកចេញ​វិធានការ​សន្តិសុខ​នៅទីលាន​ច្រក​ចូលវិហារ​ទេ ដរាបណា​គ្មាន​វិធានការ​អ្វីអាចជំនួស​បាន។ ​យុវជន​ប៉ាឡេស្ទីន​អាយុ​២០ឆ្នាំ បាន​ធ្វើឃាត​ជនជាតិ​អ៊ីស្រាអែល​៣នាក់ កាលពី​ថ្ងៃសុក្រ ​ដល់​ផ្ទះនៅ​តំបន់​អាណានិគម​ ដោយសារ​តែ​វិធានការ​សន្តិសុខ​មួយនេះ។ មេដឺកនាំ​អ៊ីស្រាអែលស្តាំនិយម​​មួយចំនួន​បាន​បង្ហាញ​គំនុំ​ រហូត​ចង់​ដាក់ទោស​ប្រហារជីវិត​យុវជន​រូបនេះ​ទៀតផង។ បើ​គំនុំ​នៅតែ​មាន​រវាង​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន ហិង្សា​រវាង​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន​មិនងាយ​បញ្ចប់ទេ សន្តិភាព​មិនងាយ​រកបាន​ទេ​ ទោះជា​សហគមន៍អន្តរជាតិ​ចេញ​វិធានការ​អ្វី​ក៏ដោយចុះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ