ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/08 12h00 GMT
មជ្ឈិមបូព៌ា

ទស្សនកិច្ច​ដ៏កម្រ​របស់​ស្តេច​ហ្សកដានី​នៅដែនដី​ប៉ាឡេស្ទីន

media  
ព្រះ​ចៅ​ហ្សកដានី Abdallah II (ឆ្វេង) និង​ប្រធាន​អាជ្ញាធរ​ប៉ាឡេស្ទីន Mahmoud Abbas នៅ Ramallahថ្ងៃទី ៧ សីហា ២០១៧ REUTERS/Mohamad Torokman

ព្រះចៅ អាដាឡា Abdallah II ស្តេច​ហ្សកដានី​ បាន​អញ្ជើញ​ទៅ​ដល់តំបន់​​​​ស៊ីហ្សកដានី ហើយ​នៅ​ថ្ងៃ​ចន្ទ​នេះ ដើម្បី​បំពេញ​ទស្សនកិច្ច​និង​ជួប​ពិភាក្សា​ជាមួយ​ប្រធាន​អាជ្ញាធរ​ដែនដី​ប៉ាឡេស្ទីន លោក មះម៉ូដ អាបាស Mahmoud Abbas។ ជា​ដំណើរ​ទស្សនកិច្ច​ដ៏​កម្រ​ ដែល​ប្រព្រឹត្ត​ទៅ​តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ហេតុការណ៍​ហិង្សា​នៅ​ក្រុង​ហ្ស៊េរុយសាឡិម​។

ប្រមុខ​ដឹកនាំ​ទាំង​ពីរ​ធ្លាប់​ជួប​ពិភាក្សា​គ្នា​ជា​ញឹកញយ​ណាស់ នៅ​ក្រុង​អាម៉ង់ ប្រទេស​ហ្សកដានី ឬ​ក្រុង​ផ្សេង​ទៀត​​នៅ​ក្នុង​តំបន់ ប៉ុន្តែ​ព្រះ​ចៅ​ អាប់ដាឡា មិន​ដែល​យាង​ទៅ​ក្រុង​រ៉ាម៉ាឡា ក្រុង​រដ្ឋបាល​របស់​អាជ្ញាធរ​ប៉ាឡេស្ទីនទេ​ តាំង​ពី​ខែ​ធ្នូ ឆ្នាំ​២០១២​មក។

ដំណើរ​ទស្សនកិច្ច​របស់​ព្រះ​អាដាឡា ថ្ងៃ​នេះ អាច​សម្រេច​ទៅ​បាន​ដោយ​មាន​កិច្ចសហប្រតិបត្តិការ​​ជាមួយ​អ៊ីស្រាអែល ដែល​ចាំ​យាម​នៅ​តាម​គ្រប់​ច្រក​ចេញ​ចូល​ទៅ​កាន់​តំបន់​ស៊ីហ្សកដានី និង​តាម​បណ្តោយ​​ព្រំដែន ​ខណ្ឌចែក​ប៉ាឡេស្ទីន-ហ្សកដានី ប្រវែង ​​១៥០គីឡូម៉ែត្រផង ព្រម​ទាំង​ការ​ត្រួត​ពិនិត្យ​សន្តិសុខ​ផ្លូវ​អាកាស​ផង។ ឧទ្ធម្ភាគចក្រ​ព្រះ​ចៅ​អាដាឡា បាន​ចុះ​ចត​ក្នុង​ទីធ្លា​ វិមាន​រដ្ឋ​ នៃ​ក្រុង​រ៉ាម៉ាឡា តែ​ម្តង។

ឥស្សរជន​ទាំង​ពីរ​ត្រូវពិភាក្សា​គ្នាក្នុង​ក្របខណ្ឌ​នៃ​ការ​ពិគ្រោះ​យោបល់​គ្នា​តាម​ទម្លាប់ ស្តី​​អំពី​ស្ថានភាព​ទូទៅ​នៅ​ក្នុង​តំបន់​ ​ ពិសេស​អំពី​ស្ថានភាព​​នៅ​ក្រុងហ្ស៊េរុយសាឡិម និង​អំពី​កិច្ច​ខិត​ខំប្រឹង​ប្រែង​ដោះស្រាយ​វិបត្ត​នោះ។ ជោគវាសនា​នៃ​កិច្ចចរចា​សន្តិភាព​​អ៊ីស្រាអែល ប៉ាឡេស្ទីន ដែល​គាំង​ស្តូកស្តឹង​តាំង​ជាង​បី​ឆ្នាំ​មក ក៏​ទំនង​ជា​នឹង​ត្រូវ​​បាន​លើក​មក​ជជែក​គ្នា​​ក្នុង​ជំនួប​នេះ​ដែរ ប៉ុន្តែ​​អ្នក​ទទួល​ខុស​ត្រូវ​ប៉ាឡេស្ទីនបដិសេធ​មិន​​ផ្តល់​ព័ត៌មាន​លម្អិត​​ទេ។

ទស្សនកិច្ចរបស់​ព្រះ​ចៅ​ អាដាឡា ​នេះ​ប្រព្រឹត្ត​ទៅ​តែ​ពីរ​សប្តាហ៍​ ក្រោយ​ហេតុការណ៍​ហិង្សា​ ​នៅ​ក្រុង​ហ្ស៊េរុយសាឡិម និង​​តំបន់​អាណានិគមកិច្ច​ ប្រឆាំង​នឹង​ការ​ដាក់ទ្វារ​ចាប់​ជាតិ​ផ្ទុះ និង​ម៉ាស៊ីនថត​ចាប់​អាវុធ​ នៅ​ច្រក​ទ្វារ​ចូល​ទៅ​កាន់​ទីលាន​សក្តិសិទ្ធិ សម្រេច​ដោយ​អាជ្ញាធរ​អ៊ីស្រាអែល។

ហ្សកដានី​ គាំទ្រ​ប៉ាឡេស្ទីន និង​ជា​ប្រទេស​ដែល​ដើរ​តួនាទី​មិន​អាច​ខ្វះ​បាន​ក្នុង​ជម្លោះ​អ៊ីស្រាអែល​-ប៉ាឡេស្ទីន។ ជាមួយ​អេហ្ស៊ីប ហ្ស័កដានី​ជា​ប្រទេស​អារ៉ាបតែ​មួយ​គត់​ដែល​មាន​សន្តិភាព​ជាមួយ​អ៊ីស្រាអែល។ ហ្សកដានី​ក៏​ជា​ឆ្មាំ​គ្រប់គ្រង​រដ្ឋបាលក្រុង​ហ្ស៊េរុយសាឡិម ដែល​ជា​ទីលាន​សក្តិសិទ្ធិ​របស់​អ៊ីស្លាមផង និង​របស់​ជនជាតិ​ជ្វីហ្វផង​ ​​ តាំង​ពី​ឆ្នាំ​១៩២០​មក ព្រម​ទាំង​តំណាង​ដៃគូ​សន្ទនា​គួរ​ឱ្យ​ទុក​ចិត្ត​របស់​អាមេរិក​ទៀត៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ