ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 12/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 12/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 12/12 12h00 GMT
មជ្ឈិមបូព៌ា

អង្គការ​IOM៖ ក្រុមឈ្មួញ ជួញដូរ​មនុស្ស​រុញ​ជនអន្តោប្រវេសន៍ ទម្លាក់​ទឹក​សមុទ្រ

media Migrants on a wooden boat are rescued by German NGO Jugend Rettet ship "Juventa" crew in the Mediterranean sea off Libya coast, June 18, 2017. Picture taken on June 18, 2017. ©REUTERS/Stefano Rellandini

ជនជាតិ​អាហ្វ្រិក ប្រមាណ ១៨០​នាក់ ត្រូវ​ឈ្មួញ​ជួញដូរ​មនុស្ស រុញ ទម្លាក់​ទឹក​សមុទ្រ ក្បែរ​ឆ្នេរ យេម៉ែន នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ១០​សីហា។ មនុស្ស​៥​នាក់ បាន​ស្លាប់ និង​៥០​នាក់​បាត់ខ្លួន។ នេះ​បើ​តាម​អង្គការ​អន្តរជាតិ​ទទួល​បន្ទុក​ជនអន្តោប្រវេសន៍ IOM។ នៅ​ថ្ងៃ​ពុធ នៅ​លើ​ផ្លូវទឹក​ដដែល ជនអន្តោប្រវេសន៍​ប្រមាណ ៥០​នាក់ បាន​បាត់បង់​ជីវិត ដោយសារ​តែ ក្រុមឈ្មួញ​ជួញដូរ​មនុស្ស​បាន​ធ្វើ​អំពើ​អមនុស្សធម៌​ដូចគ្នា គឺបាន​ចាប់​បង្ខំ រុញទម្លាក់ ជនអន្តោប្រវេសន៍ ចូល​ទឹកសមុទ្រ។

ក្នុង​រយៈពេល ២៤​ម៉ោង ជនអន្តោប្រវេសន៍ យ៉ាងតិច ៣០០​នាក់ ត្រូវ​ក្រុមជួញដូរ​មនុស្ស​រុញ​ទម្លាក់​ទឹកសមុទ្រ ក្បែរ​ឆ្នេរ​ប្រទេស​យេម៉ែន។ តាម​អង្គការ​អន្តរជាតិ​ទទួល​បន្ទុក​ជនអន្តោប្រវេសន៍ IOM ដែល​បាន​ជួប​សួរ អ្នករួចរស់​ជីវិត​ពីការលង់ទឹក ក្រុមឈ្មួញ ជួញដូរ​មនុស្ស​បាន​រុញ​ជនអន្តោប្រវេសន៍​ទម្លាក់​ទឹក ដោយ​ចេតនា បន្ទាប់​ពី​សង្ស័យ​ថា ​អាជ្ញាធរ មាន​វត្តមាន នៅ​លើ​ឆ្នេរ​យេម៉ែន។

ក្រុមជួញដូរ​មនុស្ស​ចាប់បោះ ជនអន្តោប្រវេសន៍ ទៅក្នុងទឹក ដោយសារ​ពួកគេ​មិន​ចង់​ឲ្យ​ប៉ូលិស​យេម៉ែន ចាប់ខ្លួន នៅពេល ទូក​បើក​ចូល​ដល់​ឆ្នេរ។ តាម​សាក្ខីកម្ម​របស់​ជនរងគ្រោះ បន្ទាប់​ពី​រត់ច្រាន​មនុស្ស​ទម្លាក់​ទឹក​រួចហើយ ក្រុម​រត់ពន្ធ​មនុស្ស​បាន​បត់ក្បាល​ទូក ត្រលប់​ទៅ​យក​ជនអន្តោប្រវេសន៍​ផ្សេងទៀត នៅ​ប្រទេស​សូម៉ាលី និង​បាន​ប្រើ​ផ្លូវ​ទឹក​ដដែល ដើម្បី​លួច​នាំចូល​ដោយ​ខុសច្បាប់ ជនអន្តោប្រវេសន៍​ចូល​ប្រទេស​យេម៉ែន។

ជនរងគ្រោះ​ពី​ប្រទេស​អេត្យូពី និង​សូម៉ាលី បាន​បង់​លុយ ឲ្យ​ក្រុមឈ្មួញ ដែល​បាន​សន្យា​បោកប្រាស់​ពួកគេ​ថា នឹង​អាច​ដឹកជញ្ជូន​ពួកគេ ចូល​ទៅ​ប្រទេស​យេម៉ែន។ យេម៉ែន ដែល​កំពុងធ្លាក់​ក្នុង​សង្រ្គាម​ស៊ីវិល និង​ជួប​វិបត្តិ​មនុស្សធម៌​ដ៏ធ្ងន់ធ្ងរ មិនមែន​ជាទិសដៅ​របស់​ជនអន្តោប្រវេសន៍​អាហ្រ្វិក​ទាំងនោះទេ។ យេម៉ែន គ្រាន់តែ​ជាស្ពាន ដែល​ជនអន្តោប្រវេសន៍ ដើរឆ្លង សំដៅ​ទៅ​ប្រទេស​មហាសេដ្ឋី ប្រេង នៅ​ឈូងសមុទ្រ​ពែក្សរ៍ ដូចជា​អារ៉ាប៊ី សាអូឌីត​ជាដើម។

តាម​អង្គការ​ IOM បន្ទាប់ពី​រងគ្រោះ ដោយសារ​ការរុញ​ទម្លាក់ទឹក​ពីសំណាក់​ក្រុមជួញដូរ​មនុស្ស ជនអន្តោប្រវេសន៍ មក​ពី​តំបន់​អាហ្រ្វិក អាច​រងគ្រោះ​មួយគ្រាទៀត ដោយសារ​ការទម្លាក់​គ្រាប់បែក​របស់​យន្តហោះ របស់​ប្រទេស​អារ៉ាប់ ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​ទ័ព​អាកាស ប្រឆាំង​នឹង​ពួក​ឧទ្ទាម​ហ៊ូទី នៅ​ទឹកដី​យេម៉ែន។ តាម​របាយការណ៍​សម្ងាត់​របស់​អង្គការ​សហប្រជាជាតិ នៅ​ខែ​មីនា​កន្លងទៅ ឧទ្ធម្ភាគចក្រ របស់​អារ៉ាប៊ី សាអូឌីត បាន​បាញ់​សម្សំដៅ ទូក​សូម៉ាលី ដែល​ស្ថិត​នៅ​ក្នុងសមុទ្រ​យេម៉ែន ដោយ​បាន​សម្លាប់​មនុស្ស ៤២​នាក់។

អង្គការ​ IOM វាយតម្លៃថា ចាប់តាំង​ពី​ដើម​ឆ្នាំ ២០១៧ មាន​ជនអន្តោប្រវេសន៍ ជាង​៥ម៉ឺននាក់ ដែល​មួយ​ភាគបី​ជា​ស្រ្តី និង​មាន​អាយុ​ជាមធ្យម ១៦​ឆ្នាំ បាន​លួចឆ្លង​ដែន​ខុសច្បាប់ ចូល​ប្រទេស​យេម៉ែន តាមរយៈ​ទូក​របស់​ក្រុមឈ្មួញ​ជួញដូរ​មនុស្ស​ពីប្រទេស សូម៉ាលី ចូល​យេម៉ែន៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ