អានតួអត្ថបទ
អ៊ីរ៉ង់

សភា​អ៊ីរ៉ង់​អនុម័ត​ច្បាប់​ផ្តល់​​​ថវិកាដល់​​កម្មវិធី​អភិវឌ្ឍ​មីស៊ីល​បាលីស្ទីក

សភា​អ៊ីរ៉ង់ នៅ​ថ្ងៃ​អាទិត្យ​ទី ១៣​សីហា ​បាន​បោះឆ្នោត​អនុម័ត លើ​ច្បាប់​បង្កើន​ថវិកា ប្រមាណ ៥២០​លាន​ដុល្លារ ដើម្បី​ឲ្យ​រដ្ឋាភិបាល​យក​ទៅ​អភិវឌ្ឍ កម្មវិធី​មីស៊ីល បាលីស្ទីក និង​ពង្រឹង​សកម្មភាព​របស់​កងទ័ព​ឆ្មាំ​បដិវត្ត​អ៊ីរ៉ង់ នៅក្នុង​តំបន់។ អ៊ីរ៉ង់​សម្រេច​បន្ថែម​ថវិកា ដើម្បី​អភិវឌ្ឍ​មីស៊ីល​បាលីស្ទីក ដើម្បី​ឆ្លើយតប​ទៅ​នឹង​ចំណាត់ការ​របស់​សភា​អាមេរិក ដែល​បាន​បោះឆ្នោត ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច លើ​អ៊ីរ៉ង់ កាលពី​ខែ​កក្កដា កន្លងទៅ។

ប្រធានាធិបតី​អ៊ីរ៉ង់ លោក​ហាសាន់ រូហានីចាប់​ដៃ​ជាមួយ​ប្រធាន​តុលាការ​អ៊ីរ៉ង់លោក Sadegh Larijani នៅ​ពេលក្នុង​ពិធី​ស្បថ​ចូល​កាន់តំណែង​ប្រធានាធិបតី នៅ​ថ្ងៃទី ៥​សីហា ២០១៧
ប្រធានាធិបតី​អ៊ីរ៉ង់ លោក​ហាសាន់ រូហានីចាប់​ដៃ​ជាមួយ​ប្រធាន​តុលាការ​អ៊ីរ៉ង់លោក Sadegh Larijani នៅ​ពេលក្នុង​ពិធី​ស្បថ​ចូល​កាន់តំណែង​ប្រធានាធិបតី នៅ​ថ្ងៃទី ៥​សីហា ២០១៧ ©Nazanin Tabatabaee Yazdi/TIMA via REUTERS
ផ្សាយពាណិជ្ជកម្ម

ជាមួយ​នឹង​សំឡេង​ច្រើនលើសលុប (២៤០ សំឡេង​ក្នុង​ចំណោម​ ២៤៤) សភា​អ៊ីរ៉ង់​បាន​បោះឆ្នោត បើកផ្លូវ​ឲ្យ​រដ្ឋាភិបាល​បន្ថែម​ថវិកា​ចំនួន ២៦០​លាន​ដុល្លារ សម្រាប់​អភិវឌ្ឍ​កម្មវិធី​មីស៊ីល​បាលីស្ទីក។ ចំណែក​២៦០​លាន​ដុល្លារ ផ្សេងទៀត នឹង​ត្រូវ​ប្រើ​ដើម្បី ពង្រឹង កម្លាំង ទ័ព Qods ផ្នែក​មួយ នៃ​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ ដែល​មាន​នាទី​ធ្វើ​ប្រតិបត្តិការ​ទ័ព នៅ​ក្រៅ​ប្រទេស។

សភា​អ៊ីរ៉ង់ បោះឆ្នោត​គាំទ្រ​ទាំងស្រុង រាល់​វិធានការ ដែល​ធ្វើឡើង ដើម្បី ប្រឆាំង​ទប់ទល់​នឹង​សកម្មភាព ភេរវនិយម ហើយនិង​ការលូកដៃ កកូរកកាយ​របស់​អាមេរិក នៅក្នុង​តំបន់។ “អាមេរិក​ត្រូវដឹងថា វិធានការ​របស់​យើង​នៅ​ថ្ងៃនេះ គ្រាន់តែ​ជា​ការចាប់ផ្តើម​ដំបូង​តែ​ប៉ុណ្ណោះ” នេះ​ជា​ការនិយាយ​ព្រមាន​របស់​ប្រធាន​សភា​អ៊ីរ៉ង់ លោក​Ali Larijani។

ច្បាប់​បន្ថែម​ថវិកា សម្រាប់​អភិវឌ្ឍ ផលិត​មីស៊ីល​បាលីស្ទីក ត្រូវ​បាន​ស្នើ​ឡើង ដោយ​គណៈកម្មាធិការ​អ៊ីរ៉ង់ នៅ បន្ទាប់​ពី​សភា​អាមេរិក​បាន​បោះឆ្នោត ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ថ្មី ទៅលើ​អ៊ីរ៉ង់ នៅក្នុង​សំណុំរឿង​មីស៊ីល។ តាមអ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​អាមេរិក លោកស្រី Heather Nauet អាមេរិក​នៅ​បារម្ភ​ជាប់ជានិច្ច ពី​សកម្មភាព​បំពុល​របស់​អ៊ីរ៉ង់ នៅ​ក្នុង​តំបន់។

 

អាមេរិក​បរិហារ ចោទប្រកាន់​រដ្ឋាភិបាល អ៊ីរ៉ង់ ថា បាន​ជួយ​គាំទ្រ ក្រុម​អេស្បូឡា ហាម៉ាស និង​ជីហាត​អ៊ីស្លាម​ប៉ាឡេស្ទីន ដែល​អាមេរិក​ចាត់ទុក​ជា​ក្រុមភេរវនិយម គំរាមកំហែង​ដល់​សន្តិសុខ និង​ស្ថិរភាព​របស់​អ៊ីស្រាអែល និង​នៅក្នុង​តំបន់​ដើមបូព៌ា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ