អានតួអត្ថបទ
លីបង់-ស៊ីរី

លីបង់៖​កងទ័ព​​​លីបង់​​​បើក​ប្រតិបត្តិការគាស់រំលើង​​​​ក្រុម​ជីហាត​​រដ្ឋអ៊ីស្លាម​​ចេញពី​តំបន់​ភ្នំ​ភាគ​ខាងកើត​​​​

កងទ័ព​លីបង់​បាន​ប្រកាស​នៅថ្ងៃសៅរ៍​នេះ បើក​ប្រតិបត្តិការ​វាយលុក​បណ្តេញ​ក្រុមភេរវជន​នៃ​អង្គការ​​រដ្ឋអ៊ីស្លាម​ចេញ​ពី​តំបន់​ភ្នំ​ភាគខាងកើត​ប្រទេស។ ​ខាង​ក្រុមអេស្បូឡា​លីបង់​ក៏ប្រកាស​ដូចគ្នា​ដែរ នូវប្រតិបត្តិការ​កំចាត់​ក្រុមភេរវជន​រដ្ឋអ៊ីស្លាម នៅ​តាមព្រំដែន​ស៊ីរី។

កងទ័ព​លីបង់
កងទ័ព​លីបង់ REUTERS/Hassan Abdallah
ផ្សាយពាណិជ្ជកម្ម

ប្រតិបត្តិការ​របស់​យោធា​លីបង់ បណ្តេញ​ក្រុមភេរវជន​រដ្ឋអ៊ីស្លាម នៅ​តាមតំបន់ភ្នំ ភាគខាងកើត តាម​ព្រំដែន​ជាប់ជាមួយ​​ស៊ីរី កំណត់​ផ្ទាំងស៊ីប​នៅ​តាមតំបន់​ចំនួន២ គឺ​ជូរូត រ៉ាស់ បាអាល់ប៊ែក និង​ជូរូត អាល់ ខាអា ភាគខាងកើត។ ប្រតិបត្តិការ​នេះ មានទិសដៅ​វាយលុក​យកតំបន់​ទាំង២​នេះមកវិញ។ ​កងទ័ព​លីបង់​​ត្រូវប្រើ​ឧទ្ធម្ភាគចក្រ​ផងដែរ ដើម្បី​កំចាត់​ក្រុមភេរវជន​ដែល​លាក់ខ្លួន​នៅតាម​រូងភ្នំ។

សង្គ្រាម​ស៊ីរី ដែល​មាន​លេចមុខ​កងកម្លាំងប្រយុទ្ធ​គ្រប់ទិសទី មានទាំង​អង្គការ​រដ្ឋអ៊ីស្លាម​ផងនោះ បាន​រាលដាល​​​ដល់​លីបង់។ ក្រុមរដ្ឋអ៊ីស្លាម​ធ្វើការ​វាយប្រហារក្នុងទឹកដី​លីបង់ វាយប្រហារ​កងទ័ព​លីបង់ និង​វាយប្រហារ​ទាំងក្រុម​ប្រដាប់អាវុធ​អេស្បូឡា​ផងដែរ។ ឆ្នាំ២០១៤ ក្រុម​រដ្ឋអ៊ីស្លាម និង​ក្រុម​អាល់កៃដា បាន​ចាប់ទាហាន​និង​ប៉ូលិស​នៅភាគខាងកើត​លីបង់​៣០នាក់។ ​ចំណាប់ខ្មាំង​៤នាក់​ត្រូវបាន​សម្លាប់ ហើយ​ម្នាក់​ត្រូវបាន​ស្លាប់​​​ដោយសារ​របួស ១៦នាក់​ទៀត ត្រូវបាន​ដោះលែង កាលពី​ឆ្នាំ២០០៥។ ក្រុម​រដ្ឋអ៊ីស្លាម​នៅ​មានទាហាន​លីបង់​៩នាក់​ក្នុង​ដៃ​នៅឡើយ។

ទន្ទឹម​នឹង​ការបើក​ប្រតិបត្តិការ​របស់​កងទ័ព​លីបង់ ក្រុមអេស្បូឡា​លីបង់​ក៏បាន​ប្រកាស​ដែរថា ​ខ្លួន​បើក​ប្រតិបត្តិការ​គាស់រំលើង​ក្រុមជីហាត​រដ្ឋអ៊ីស្លាម​ នៅ​ខាង​ព្រំដែន​ស៊ីរី ​​ជាមួយ​កងទ័ព​ស៊ីរី ដើម្បី​គោរព​ពាក្យ​សន្យា​​កំចាត់​ភេរវកម្ម នៅ​តាមព្រំដែន​លីបង់។ ​កងទ័ព​លីបង់វិញ ​​​គូសបញ្ជាក់ថា ប្រតិបត្តិការ​កងទ័ព​ពេលនេះ មិន​សហការ​ជាមួយ​ក្រុម​អេស្បូឡា រឺ​ក៏​កងទ័ពស៊ីរី​ទេ។ គួរបញ្ជាក់ថា ក្រុមអេស្បូឡា​​គាំទ្រ​របប​ដឹកនាំ​ស៊ីរី​របស់​លោក​អាសាដ។ ក្រុមអេស្បូឡា​​​ជាភាគី​លីបង់តែមួយគត់​ដែល​មិនបាន​ទំលាក់​អាវុធ​ចុះ ក្រោយ​សង្គ្រាម​លីបង់​បិទបញ្ចប់ នៅឆ្នាំ​១៩៩០។

កងកម្លាំង​​ក្រុមឧទ្ទាម​ស៊ីរីចុងក្រោយ ដែល​មានវត្តមាន​ក្នុង​ទីតាំង​វាយលុក​របស់​កងទ័ព​លីបង់​ពេលនេះ​ ត្រូវបាន​ជម្លៀស​ចេញ​ទៅខាងប៉ែក​ស៊ីរី កាលពី​ថ្ងៃចន្ទ ក្រោយ​មាន​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមអេស្បូឡា។ ពេលនេះ​ នៅសល់​​តែ​ក្រុមជីហាត​រដ្ឋអ៊ីស្លា​ម​ទេ ដែល​ស្ថិត​ក្នុង​តំបន់ខាងទឹកដី​លីបង់​ ហើយ​ដែលត្រូវ​តតាំង​ជាមួយ​កងទ័ព​លីបង់។ សកម្មជន​ជីហាត​អាច​មានគ្នា​ប្រហែល​៦០០នាក់ ក្នុង​តំបន់​នេះ៕ ​ ​​​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ