អានតួអត្ថបទ

អង្គការសហប្រជាជាតិ ៖ កងទ័ព​រដ្ឋាភិបាល​ស៊ីរីប្រើ​អាវុធគីមី ២៧ដង

អង្គការ​សហប្រជាជាតិ​បាន​ចេញ​ផ្សាយ​របាយការណ៍​អង្កេត​របស់​ខ្លួន​ នៅ​ថ្ងៃពុធ​នេះ បញ្ជាក់​យ៉ាង​ច្បាស់ៗ​ ជា​លើក​ទី​មួយ ថា​រដ្ឋាភិបាល​ស៊ីរី ជា​អ្នក​ប្រើ​អាវុធ​គីមី ឧស្ម័ន​សារាំង វាយប្រហារ​លើ​តំបន់​កាន់​កាប់​ដោយ​ពួក​ឧទ្ទាម​បះបោរ កាលពី​ថ្ងៃទី ៤​មេសា និង​ចំនួន​២៧​ដង​គិត​ចាប់​ពី​ឆ្នាំ​២០១១។ ​គណៈកម្មការអង្កេត​អង្គការ​សហប្រជាជាតិ​ បាន​ធ្វើការ​ចោទ​ប្រកាន់​ក្រុង​ដាម៉ាស ថា​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្ម​សង្គ្រាម។

ក្រុម​ជំនាញ​អង្គការ​សហប្រជាជាតិ​​ ចុះ​ទៅ​ប្រមូល​ភស្តុតាង​នៃ​ការ​វាយប្រហារ​ដោយ​អាវុធ​គីំមី នៅ​ស៊ីរី
ក្រុម​ជំនាញ​អង្គការ​សហប្រជាជាតិ​​ ចុះ​ទៅ​ប្រមូល​ភស្តុតាង​នៃ​ការ​វាយប្រហារ​ដោយ​អាវុធ​គីំមី នៅ​ស៊ីរី REUTERS/Mohamed Abdullah/Files
ផ្សាយពាណិជ្ជកម្ម

នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​​អង្គការសហប្រជាជាតិបាន​ចង្អុល​មុខ​ជន​ប្រើ​អាវុធ​គីមី​ដោយ​ចំៗ​យ៉ាង​ដូច្នេះ។ នៅ​ក្នុង​របាយការណ៍​ ក្រុម​អ្នកអង្កេត​បាន​ផ្តល់​សេចក្តី​សន្និដ្ឋាន​យ៉ាង​ច្បាស់​លាស់​ ថា​នៅ​ថ្ងៃទី ៤ មេសា កងទ័ព​អាកាស​ស៊ីរី បានបើក​ការ​វាយប្រហារ​ដោយ​​ប្រើ​​​អាវុធ​គីមី សារាំង សម្លាប់​មនុស្ស​អស់​៨០​នាក់ នៅ​តំបន់​Khan Cheikhoun នៃ​ខេត្តអ៊ីលីប Idlib។ មិន​មែន​ជា​ការ​​ទម្លាក់​គ្រាប់​បែក​​ប៉ះចំ​ឃ្លាំង​ស្តុក​​អាវុធ​គីមី​របស់​ពួក​ឧទ្ទាម ដូច​អ្វី​ដែល​រដ្ឋាភិបាល​ក្រុង​ដាម៉ាស​ឆ្លើយ​ការពារ​ខ្លួន​ឡើយ។

ជាមួយ​នឹង​ការ​ចោទ​ប្រកាន់​រដ្ឋាភិបាលស៊ីរី ពី​បទ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម ព្រោះ​បាន​​ប្រើ​អាវុធ​គីមី​រំលោភ​ច្បាប់​មនុស្សធម៌​អន្តរជាតិ​ គណៈកម្មការ​អង្កេត​អង្គការ​សហប្រជាជាតិ​ក៏បាន​ចោទ​ប្រកាន់​កងទ័ព​អាមេរិក​ដែល​មិន​បាន​ចាត់​វិធានការ​គ្រប់គ្រាន់​ក្នុង​ការ​ពារ​ជីវិត​ជន​ស៊ីវិល នៅ​ពេល​ទម្លាក់​គ្រាប់​បែក​​លើ​វិហារ​អ៊ីស្លាម​នៅ​ខេត្ត​អាឡិប កាលពី​ខែ​មីនា។

សូម​បញ្ជាក់​ថា នេះ​ជា​របាយការណ៍​លើកទី​១៤ហើយ​ គិត​ចាប់​តាំង​ពី​​គណៈកម្មការ​អង្កេត​ ​ត្រូវ​បាន​បង្កើត​ឡើង​ ដោយក្រុមប្រឹក្សាសិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ កាលពី​ឆ្នាំ​២០១១។ នៅ​ក្នុង​របាយការណ៍​ចុងក្រោយ​នេះ គណៈកម្មការកត់​ត្រា​ឃើញ​មាន​ការ​ប្រើប្រាស់​អាវុធ​គីមី​​ចំនួន​៣៣​ដង ក្នុង​២៧​ដង​ជា​ស្នាដៃ​របស់​ទាហាន​រដ្ឋាភិបាល​ស៊ីរី និង​ ៧​ដង​នៅ​រវាង​ពី​ថ្ងៃទី ១ មីនា​ដល់​ថ្ងៃទី ៧កក្កដា ២០១៧។

ក្រៅ​អំពី​លទ្ធផល​អង្កេត​របស់​គណៈកម្មការ​នេះ កាលពី​ចុង​ខែ​មិថុនា អង្គការ​ហាមឃាត់​អាវុធ​គីមី​អន្តរជាតិ​ក៏​បាន​បញ្ជាក់​រួច​ជា​ស្រេចថាពិត​ជា​មាន​ករណី​ប្រើ​អាវុធ​គីមីសារាំងមែន គ្រាន់​តែ​មិន​ប្រាប់មុខ​អ្នក​ធ្វើ។ ​គណៈកម្មការ​អង្កេត​របស់​​អង្គការ​សហប្រជាជាតិ​មួយទៀត​ សហការ​ជាមួយ​អង្គការ​ហាមឃាត់​អាវុធ​គីមី​ ​​នឹង​ផ្តល់​លទ្ធផល​អង្កេត​របស់​ខ្លួនដែរ​​នៅ​ចុង​ខែ​តុលា​ខាង​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ