ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/11 12h00 GMT
មជ្ឈិមបូព៌ា

ស៊ីរី​ចោទប្រកាន់​អ៊ីស្រាអែល​ថា បាន​ចូល​ឈ្លានពាន​ទៅ​បាញ់​បំផ្លាញ​ទីតាំង​យោធា​របស់​ស៊ីរី

media រូបភាព​ផ្កាយរណប​បង្ហាញ​ថា អ៊ីរ៉ង់​បាន​ប្រើប្រាស់​ទឹកដី​ស៊ីរី នៅ​Baniyas ដើម្បី​ធ្វើ​ជា​ទីតាំង​មីស៊ីល​ចម្ងាយ​ឆ្ងាយ​របស់​អ៊ីរ៉ង់ ©IMAGESAT INTERNATIONAL N.V./Handout via REUTERS

កងទ័ព​ស៊ីរី នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​អ៊ីស្រាអែល ថា បាន​បញ្ជារ​ឲ្យ​យន្តហោះ​ចម្បាំង​ចូល​ទៅ​បាញ់​បំផ្លាញ ទីតាំង​រចនា​សម្ព័ន្ធ​យោធា​របស់​ស៊ីរី។ តាម​កងទ័ព​ស៊ីរី ការវាយប្រហារ​របស់​យន្តហោះ​ចម្បាំង​អ៊ីស្រាអែល​បាន​សម្លាប់​មនុស្ស ២នាក់ និង​បាន​បណ្តាល​ឲ្យ​មាន​ការខូចខាត​សំភារៈ​ដ៏ធ្ងន់ធ្ងរ នៅក្នុង​ទឹកដី​ស៊ីរី។ នៅ​ព្រឹកព្រលឹម​ថ្ងៃ​ព្រហស្បតិ៍ យន្តហោះ​ចម្បាំង​របស់​អ៊ីស្រាអែល បាន​វាយប្រហារ​លើ​ទីតាំង​ដែល​គេ​ជឿថា ជាទីតាំង​ផលិត​អាវុធ​គីមី​របស់​កងទ័ព​ស៊ីរី។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​របស់ខ្លួន នាថ្ងៃ​ព្រហស្បតិ៍ កងទ័ព​ស៊ីរី​បាន​ព្រមាន ចាត់ទុក រាល់​ទង្វើ​របស់​អ៊ីស្រាអែល ថា ជា​សកម្មភាព​រំលោភ​សន្តិសុខ ហើយ​និងស្ថិរភាព​នៅក្នុង​តំបន់។ តាម​កងទ័ព​ស៊ីរី យន្តហោះ​ចម្បាំង​អ៊ីស្រាអែល តាំង​ពី​តំបន់​ដែន​អាកាស​លីបង់ បាន​បាញ់​មីស៊ីល​បំផ្លាញ​ទីតាំង​យោធា​របស់​ស៊ីរី ដែល​ស្ថិតនៅ​ភាគពាយ័ព្យ ប្រទេស​ស៊ីរី។

ភាគី​អ៊ីស្រាអែល​វិញ​មិន​បាន​អត្ថាធិប្បាយ ឬ​ប្រតិកម្ម​អ្វី​ទៅលើ​ការវាយប្រហារ​របស់​យន្តហោះ​អ៊ីស្រាអែល នៅ​ថ្ងៃ​ព្រហស្បតិ៍​នោះទេ។ គេ​ជឿថា ទីតាំង​របស់​កងទ័ព​ស៊ីរី ដែល​យន្តហោះ​ចម្បាំង​អ៊ីស្រាអែល​បាញ់​បំផ្លាញ ជា​កន្លែង​ហ្វឹកហ្វឺន​យោធា ហើយ​និង​មួយផ្នែក​ជាមជ្ឈមណ្ឌល​ស្រាវជ្រាវ និង​សិក្សា វិទ្យាសាស្រ្ត​ស៊ីរី។ អាមេរិក ហើយ​និង​អ្នកទទួល​ខុសត្រូវ​របស់​អ៊ីស្រាអែល កន្លងមក ធ្លាប់បាន​ចាត់ទុក​មជ្ឈមណ្ឌល​ស្រាវជ្រាវ​វិទ្យាសាស្រ្ត ស៊ីរី ថា ជាមន្ទីរពិសោធន៍ ដែល​កងទ័ព​ស៊ីរី​បាន​ប្រើ​សម្រាប់​ផលិត​អាវុធ​គីមី។

អង្គការ​ដើម្បី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ស៊ីរី ដែល​មាន​ទីតាំង​នៅ​ទីក្រុង​ឡុងដ៍​បាន​បញ្ជាក់​ថា ទីតាំង​យោធា​របស់​ស៊ីរី ដែល​រងការវាយប្រហារ​របស់​យន្តហោះ​ចម្បាំង​អ៊ីស្រាអែល ពិតជា​មជ្ឈមណ្ឌល​សិក្សា និង​ស្រាវជ្រាវ​វិទ្យាសាស្រ្ត ប៉ុន្តែ មិន​បាន​បញ្ជាក់ថា ជា​មន្ទីរពិសោធន៍​ដែល​ផលិត​អាវុធ​គីមី​នោះទេ។

នេះ​មិនមែន​ជា​លើកទី១​ទេ ដែល​អ៊ីស្រាអែល បញ្ជូន​យន្តហោះ​ឲ្យ​ទៅ​បាញ់​បំផ្លាញ​ទីតាំង​រចនាសម្ព័ន្ធ​យោធា នៅក្នុង​ទឹកដី​ស៊ីរី។ ចាប់តាំង​ពី​សង្រ្គាម​ស៊ីវិល​ផ្ទុះ​នៅ​ស៊ីរី នៅ​ឆ្នាំ ២០១១ អ៊ីស្រាអែល​ឧស្សាហ៍​វាយប្រហារ​តាម​ផ្លូវ​អាកាស​លើ​ក្រុម​កងទ័ព​ស៊ីរី និង​អេស្បូឡា ដែល​គាំទ្រ ហិរញ្ញវត្ថុ និង​យោធា ដោយ​ប្រទេស​អ៊ីរ៉ង់ (សត្រូវ​ចងពៀរ​របស់​អ៊ីស្រាអែល)។ កន្លងមក អ៊ីស្រាអែល ធ្លាប់​បាន​ចោទប្រកាន់ ទាហាន​អ៊ីរ៉ង់ ហើយ​និង​ក្រុម​អេស្បូឡា លីបង់ ដែល​ជា​សម្ព័ន្ធមិត្ត របស់​រដ្ឋាភិបាល​ស៊ីរី ថា បាន​ប្រើប្រាស់​ទឹកដី​ស៊ីរី សម្រាប់​ធ្វើ​ជា​មន្ទីរពិសោធន៍ និង​ទីតាំង ផលិត​មីស៊ីល ដែល​អ៊ីរ៉ង់ និង​ក្រុមទាហាន​អេស្បូឡា លីបង់​ប្រើ​សម្រាប់​វាយប្រហារ​អ៊ីស្រាអែល។

អ៊ីស្រាអែល ធ្លាប់​បាន​ព្រមាន​មិន​ឲ្យ​មាន​ការផ្ទេរ​សព្វាវុធ​ទំនើប​ទៅ​ឲ្យ​ក្រុម​អេស្បូឡា លីបង់​នោះទេ។ នៅ​ចុងខែ​មិថុនា នាយករដ្ឋមន្រ្តី​ចោទប្រកាន់​ក្រុមអេស្បូឡា ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់ ថា កំពុង​យក​ទឹកដី​ស៊ីរី និង​លីបង់ ធ្វើ​ជា​ជំរំ​លួចលាក់ ផលិត​មីស៊ីល សម្រាប់​វាយ​កម្ទេច​អ៊ីស្រាអែល ដែល​ជា​គូសត្រូវ​របស់​អ៊ីរ៉ង់។ នៅ​ថ្ងៃ​ព្រហស្បតិ៍ រដ្ឋាភិបាល​ស៊ីរី បាន​លើកឡើង​ពី​ការខូចខាត​ទាំង​សំភារៈ និង​ការបាត់បង់​ជីវិត​មនុស្ស ប៉ុន្តែ មិន​បាន​បញ្ជាក់​ថា វិទ្យាស្ថាន​សម្រាប់​ការស្រាវជ្រាវ​វិទ្យាសាស្រ្ត ដែល​គេ​ជឿថា ជា​កន្លែង​ផលិត​អាវុធ​គីមី ជាកន្លែង​ដែល​រងការបាញ់​បំផ្លាញ​របស់​យន្តហោះ​អ៊ីស្រាអែល​នោះទេ។ នៅ​ថ្ងៃ​ពុធ ម្សិលម្ង៉ៃ អ្នកស៊ើបអង្កេត​របស់​អង្គការ​សហប្រជាជាតិ​ទើប​តែ​បាន​បង្ហាញ​ជា​លើកទី១​ថា កងទ័ព​ស៊ីរី បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្រ្គាម ដោយ​បាន​ប្រើ​អាវុធ​គីមី សម្លាប់​មនុស្ស​នៅទីក្រុង ខាន ស្ហេកឃួន កាលពី​ថ្ងៃទី ៤​មេសា​កន្លងទៅ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ