អានតួអត្ថបទ

ក្តី​សង្ឃឹម​ឃើញ​​អារ៉ាប៊ីសាអូឌីតនិង​កាតា​ចូល​តុ​ចរចា​សាប​រលាប​មុន​អំណរ

ជាង​បី​ខែ​ក្រោយ​វិបត្តិ​ដ៏ធ្ងន់ធ្ងរ​រវាង​កាតា​ជាមួយ​បណ្តា​ប្រទេស​អារ៉ាប​ក្នុង​តំបន់​ចំនួន​បួននាំ​មុខ​ដោយ​​​អារ៉ាប៊ីសាអូឌីត ម្សិលមិញ​ប្រមុខ​ដឹកនាំ​ក្រុង​ដូហា និង​រីយ៉ាដ បាន​ជួប​ជជែក​គ្នា​តាម​ទូរទស្សន៍​ជា​លើក​ដំបូង ប៉ុន្តែ​អារ៉ាប៊ីសាអូឌីត​មិន​ជឿ​ថា​កាតា​មាន​ចេតនា​ចង់​ចរចាដោយ​ពិតៗ​ទេ។​ អារ៉ាប៊ីសាអូឌីត​បាន​គូស​បញ្ជាក់​ ​នៅថ្ងៃ​សៅរ៍​នេះ ថា​ផ្អាក​រាល់​ជំនួប​គ្រប់​ជាន់​ថ្នាក់​សិន ក្នុង​ពេល​រង់​ចាំ​ការ​បំភ្លឺ​ជំហរ​ជាក់លាក់​ពី​កាតា។

ស្តេច​អារ៉ាប៊ីសាអូឌីត Salman និង​អេមៀ​កាតា Tamim ben Hamad al-Thani កាលពី​ខែ​ធ្នូ២០១៦ នៅ​ដូហា
ស្តេច​អារ៉ាប៊ីសាអូឌីត Salman និង​អេមៀ​កាតា Tamim ben Hamad al-Thani កាលពី​ខែ​ធ្នូ២០១៦ នៅ​ដូហា BANDAR AL-JALOUD / Saudi Royal Palace / AFP
ផ្សាយពាណិជ្ជកម្ម

វិបត្តិ​រវាង​កាតា​និង​ប្រទេស​ជិត​ខាង​ក្នុង​តំបន់​ ទំនង​ជា​អូស​បន្លាយ​ពេល​យូរ​ទៀត។ នៅ​ថ្ងៃសៅរ៍​នេះ អារ៉ាប៊ីសាអូឌីត បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ប្រកាស​ថា កាតា​ បាន​ត្រៀម​ចូល​ចរចា​ដោះស្រាយ​ជម្លោះ​ដែល​ផ្ទុះ​ឡើង​តាំង​ពី​ថ្ងៃ​ទី ៥​មិថុនា​ជាមួយ​ក្រុមប្រទេស​អារ៉ាប​៤ (អារ៉ាប៊ីសាអូឌីត អេម៊ីរ៉ាអារ៉ាបរួម បារ៉ែន និង​អេហ្ស៊ីប)។ ប៉ុន្តែ​ក្តី​សង្ឃឹម​ ត្រូវ​បាន​សាប​រលាប​ទៅ​វិញ​ភ្លាម​យ៉ាង​ទាន់​ហន់ ព្រោះ​តែ​អារ៉ាប៊ីសាអូឌីត​បាន​ដាក់​លក្ខខណ្ឌ​ទាមទារ​ឱ្យ​កាតា​បង្ហាញ​ឆន្ទៈ​ចង់​ចរចា​ឱ្យ​ច្បាស់​លាស់។

ជា​លើក​ទីមួយ​និង​ជា​ផ្លូវការ អេមៀ​របស់​កាតា Cheikh Tamim Ben Hamad Al-Thani បាន​ទូរស័ព្ទ​ជជែក​ជាមួយ​នឹង​ក្សត្រ​ស្នង​រាជ​អារ៉ាប៊ីសាអូឌីត Mohamed ben Salmaneដើម្បី​សម្តែង​ចេតនា​ ចង់បើក​កិច្ចចរចា និង​ដោះស្រាយ​វិបត្តិ​។ ស្តេច​​អារ៉ាប៊ីសាអូឌីត ក៏​ទទួល​ស្វាគមន៍​សំណើ​របស់​កាតា ដោយ​បាន​អះអាង​ថា​នឹង​ប្រកាស​វិធីការ​​​ចរចា នៅ​ពេល​មាន​ការព្រមព្រៀង​រវាង​អារ៉ាប៊ីសាអូឌីត​ អេម៊ីរ៉ាតអារ៉ាប់រួម បារ៉ែន​និង​អេហ្ស៊ីប។ នេះ​បើតាមភ្នាក់ងារ​សារព័ត៌មាន​អារ៉ាប៊ីសាអូឌីត។

ចំពោះ​អារ៉ាប៊ីសាអូឌីត គឺ​មេដឹកនាំ​កាតា​ជា​អ្នក​ផ្តួច​ផ្តើម​គំនិត​ចង់​ចរចា ប៉ុន្តែ​ នៅក្នុង​របាយការណ៍​​របស់​កាតា​ និង​បើ​តាម​​​ភ្នាក់ងារ​សារព័ត៌មានកាតា អេមៀ​កាតា​ហៅ​ទូរស័ព្ទ​ទៅក្រុង​រីយ៉ាត​តាម​ពាក្យ​​របស់​លោក​ដូណាល់ត្រាំ ដែល​សុំ​ធ្វើ​ជា​អន្តរការី។

ហេតុដូច្នេះ​ហើយ​បាន​ជា​អារ៉ាប៊ីសាអូឌីត យល់​ថា​កាតា​ គ្មាន​ចេតនា​ពិត​​ក្នុង​ការ​ចរចា និង​បាន​ប្រកាស​ផ្អាក​រាល់​គ្រប់​ជំនួប​ជា​មួយ​កាតា​សិន រហូត​ទាល់​តែ​មាន​បំភ្លឺ​ជំហរ​ច្បាស់លាស់​ថ្មី​។

អារ៉ាប៊ីសាអូឌីត និង​ប្រទេស​ជិត​ខាង​បី​ទៀត បាន​ផ្តាច់​ការ​ទូត​ជា​មួយ​កាតា និង​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​យ៉ាង​ធ្ងន់ធ្ងរ ​តាំង​ពី​ថ្ងៃ​ទី​៥​មិថុនាមក ដោយ​ចោទ​កូន​ប្រទេស​ដ៏​មាន​ឥទ្ធិពល​មួយ​នេះ​​ថា​គាំទ្រ​ភេរវជន​ និង​ស្និទ្ធ​ជ្រុល​នឹង​អ៊ីរ៉ង់។ ប៉ុន្តែ​កាតា​បដិសេធ​ និង​​​ចោទ​ប្រកាន់​ប្រទេស​ទាំង​បួន​នោះ​វិញ​ថា​ចង់​ជ្រៀត​ជ្រែក​បូរណភាពជាតិ​កាតា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ