អានតួអត្ថបទ

ចលនាហាម៉ាស​នៅ​ហ្កាហ្សា​សុំ​ខ្លួន​ចូលផ្សះផ្សាគ្នា​ដើម្បី​ប៉ាឡេស្ទីន​

ក្រោម​សន្ទុះ​គាំទ្រ​របស់​អេហ្ស៊ីប ចលនា​អ៊ីស្លាមជ្រុលនិយម​ប៉ាឡេស្ទីន​នៅ​តំបន់​ហ្កាហ្សា ឬ​ហៅកាត់​ថា​ចលនា​ហាម៉ាស បាន​ប្រកាស​នៅ​ថ្ងៃអាទិត្យ​ទី ១៧ កញ្ញានេះ រំលាយ​ក្រុមប្រឹក្សា​រដ្ឋាបាលនៅ​​តំបន់​ហ្កាហ្សា និង​អំពាវនាវ​សុំ​គូប្រជែង​ហ្វាតាស​​របស់​​លោក ម៉ាមូដ អាប៉ាស ចូល​តុចរចា​ផ្សះផ្សា​គ្នា​ ឈាន​ទៅ​ដល់​ការ​រៀប​ចំ​បោះឆ្នោត​ទូទៅ​ ដើម្បីប៉ាឡេស្ទីន។

Ismaël Haniyeh (ឆ្វេង) ប្រធានចលនាហាម៉ាស នៅ​ហ្កាហ្សា
Ismaël Haniyeh (ឆ្វេង) ប្រធានចលនាហាម៉ាស នៅ​ហ្កាហ្សា REUTERS/Mohammed Salem/File Photo
ផ្សាយពាណិជ្ជកម្ម

គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​លាស់​នៅ​ឡើយ​ទេ ថា​តើ​អតីត​បង​ប្អូន​បង្កើតប៉ាឡេស្ទីន​ជា​​គូ​សត្រូវ​នឹង​គ្នា​ ត្រូវ​ចាត់​វិធានការ​និង​បើក​ការ​ចរចា​ដោយ​វិធី​ណា​នោះ។ ប៉ុន្តែ​សង្ឃឹម​ថ្មីបាន​ចាប់​ពន្លក​ហើយ ! សេចក្តី​ប្រកាស​របស់​ចលនា​ហាម៉ាស បាន​ទទួល​ការ​ស្វាគមន៍​ យ៉ាង​កក់​ក្តៅ​​ពី​អង្គការ​សហប្រជាជាតិ និង​ ​ចលនា​ហ្វាតាស របស់​ប្រធាន​អាជ្ញាធរ​ប៉ាឡេស្ទីន លោក ម៉ាមូដ អាប៉ាស។

នៅ​ក្នុង​សំណើ​សុំ​ផ្សះផ្សា ក្រុមហាម៉ាស បានសរសេរ​បញ្ជាក់​យ៉ាង​ច្បាស់ ​ ប្រកាស​រំលាយក្រុមប្រឹក្សា​រដ្ឋបាល​ ដែលលោក​អាប៉ាសធ្លាប់​សង្ស័យ​ និង​បាន​ប្រកាស​​​ផ្ទេរ​​ទំនួល​ខុស​ត្រូវទាំង​ស្រុង​ លើ​តំបន់​​ហ្កាហ្សា​នេះ ទាំង​​​ចំណាត់ការមនុស្សធម៌និង​សេដ្ឋកិច្ច ទៅ​ឱ្យ​អាជ្ញាធរ​ប៉ាឡេស្ទីនគ្រប់គ្រង។ ​ក្រុមប្រឹក្សា​​រដ្ឋបាល​ដែល​​មាន​សមាជិក​គណៈកម្មការ​ ៧​រូប បង្កើត​ឡើង​កាលពី​ខែ​មីនានេះ ធ្លាប់​ត្រូវ​បាន​​​ប្រធាន​អាជ្ញាធរ​ប៉ាឡេស្ទីន បាន​ចាត់​ទុក​ជារដ្ឋាភិបាល​ខុស​ច្បាប់ និង​ជា​រនាំង​ឧបសគ្គ​​រំខាន​ដល់​ការ​ផ្សះផ្សា​ប៉ាឡេស្ទីន។

សេចក្តី​ប្រកាស​សុំ​ផ្សះផ្សា​នេះ​ជា​លទ្ធផល​នៃកិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​អេហ្ស៊ីប និង​ត្រូវ​បាន​ផ្តួច​ផ្តើម​ឡើង​កាលពី​ជាង​បី​ខែមុន។ ថ្វី​បើ​ថ្ងៃ​នេះ​ ប៉ាឡេស្ទីន​កំពុងបោះជំហាន​ទៅ​មុខ​ខ្លាំង​មែន ប៉ុន្តែ​​​នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ ដែល​គេ​ឮ​ចលនា​ទាំង​ពីរ​ចង់​ផ្សះផ្សា​គ្នា ហើយ​គ្មាន​ម្តង​ណា​បាន​សម្រេច​សោះ។

សូម​បញ្ជាក់​ តំបន់​ហ្កាហ្សា ដែល​មានជនប៉ាឡេស្ទីន​​រស់​នៅ​ជាង​ពីរ​លាន​នាក់ បាន​ស្គាល់​តែ​វិបត្តិ និង​សង្គ្រាមស៊ីវិល​ ស្ទើរ​គ្មាន​ដាច់​ ជា​មួយប៉ាឡេស្ទីន​គ្នាផង ជាមួយ​អ៊ីស្រាអែលផង ក្នុង​រយៈ​ពេល​១០​ឆ្នាំ​ចុងក្រោយ​នេះ។ តាំង​ពី​ឆ្នាំ​២០០៧​ ​ ឆ្នាំ​ដែល​តំបន់​ហ្កាហ្សាត្រូវ​បាន​គ្រប់គ្រង​ដោយ​ចលនា​ប្រដាប់​អាវុធ​​ហាម៉ាសមក ហើយចលនា​ហ្វាតាស (​អាជ្ញាធរ​ប៉ាឡេស្ទីន)​ ទទួល​ស្គាល់​ដោយ​អន្តរជាតិ លែងអាច​ចូល​តំបន់​ហ្កាហ្សា​បាន​មក អ៊ីស្រាអែល​បាន​ដាក់​ទណ្ឌកម្ម​បិទខ្ទប់ដែនដី​ប៉ាឡេស្ទីន​មួយ​ដុំ​នេះ។ ព្រំដែន​ជាមួយ​អេហ្ស៊ីបក៏​​ត្រូវ​បិទ​ជា​ញឹកញាប់ទៀត ចាប់​ពី​ឆ្នាំ​២០១៣​មក ជា​ហេតុ​ធ្វើ​ឱ្យ​តំបន់​ហ្កាហ្សា​ ខ្វះ​សព្វ​ខ្វះ​គ្រប់ គ្មាន​ទឹកស្អាត​និង​អគ្គីសនីប្រើប្រាស់​ទេ។

ពលរដ្ឋ​ប៉ាឡេស្ទីន ខាន​ស្គាល់​ការ​បោះឆ្នោត​សភា ឬ​ប្រធានាធិបតី​ ​ តាំង​ពី​១១ឆ្នាំ​មកហើយ អាណត្តិ​របស់​លោក ម៉ាម៉ូដ អាប៉ាស ត្រូវ​ចប់​តាំង​ពី​ឆ្នាំ​២០០៩​មក​ម្ល៉េះ ... សភាមានអាយុ​ជាង​១០​ឆ្នាំ... ​ស្ថានភាព​នយោបាយប៉ាឡេស្ទីន​​ត្រូវ​ជាប់​គាំង​រហូត​មកនេះ​ក៏​ដោយ​ហេតុ​តែ​ជម្លោះផ្ទៃ​ក្នុង​​ រវាង​ចលនា​ហាម៉ាស និង​ហ្វាតាស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ