អានតួអត្ថបទ
អ៊ីរ៉ង់

តើអ៊ីរ៉ង់អាច​ដើរ​តាមគន្លង​គំរាមកំហែង​​របស់​​កូរ៉េខាងជើងដែរឬទេ?

ប្រធានាធិបតី​អ៊ីរ៉ង់ នៅថ្ងៃសុក្រនេះ បានប្រកាស​សន្យា​ពង្រឹង​កម្មវិធី​មីស៊ីល​បាលីស្ទីក របស់​អ៊ីរ៉ង់​ដោយ​មិនខ្វល់ ត្រូវ​សុំ​ការអនុញ្ញាត​ពី​ភាគី​បរទេស​ណាមួយ​ឡើយ។ នៅ​ក្នុង​ពិធី​ព្យុហយាត្រា​យោធា អ៊ីរ៉ង់ នៅ​ទីក្រុង​តេហេរ៉ង់ លោក​ប្រធានាធិបតីហាសាន់ រ៉ូហានី​បាន​និយាយ​ពី​ការអភិវឌ្ឍ​មីស៊ីល បន្ទាប់​ពី​លោកប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ បាន​យក​វេទិកា របស់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ ដើម្បី​ថ្លែង​ចោទប្រកាន់​អ៊ីរ៉ង់ ថា ជារដ្ឋ​យូកូង សាបព្រួស​អស្ថិរភាព​នៅ​ដើមបូព៌ា ហើយនិង​កំពុង​ចង់​មាន​មីស៊ីល​ដ៏​គ្រោះថ្នាក់។

ប្រធានាធិបតី​អ៊ីរ៉ង់ លោក​ហាសាន់ រ៉ូហានី នៅថ្ងៃទី ២០កញ្ញា ២០១៧ នៅ​ទីក្រុង​ញូវយ៉ក
ប្រធានាធិបតី​អ៊ីរ៉ង់ លោក​ហាសាន់ រ៉ូហានី នៅថ្ងៃទី ២០កញ្ញា ២០១៧ នៅ​ទីក្រុង​ញូវយ៉ក ©REUTERS/Stephanie Keith
ផ្សាយពាណិជ្ជកម្ម

ប្រធានាធិបតី​អ៊ីរ៉ង់ បាន​សន្យា​ថា អ៊ីរ៉ង់​នឹង​ពង្រឹង​សមត្ថភាព​មីស៊ីល​បាលីស្ទីក ដោយ​មិន​ខ្វល់​ពី​ការរិះគន់​របស់​អាមេរិក និង​បារាំង ដែល​ជាប្រទេស​ហត្ថលេខី នៃកិច្ចព្រមព្រៀង​ស្តីពី​នុយក្លេអ៊ែរ​អ៊ីរ៉ង់។ “ទោះអ្នកឯង ចូលចិត្ត ឬ​មិនចូលចិត្ត យើង​នឹង​នៅតែ​ជំរុញ​សមត្ថភាព​យោធា​របស់​យើង ដើម្បី ទប់ស្កាត់​ការវាយប្រហារ​ណាមួយ”។ ប្រធានាធិបតី អ៊ីរ៉ង់ ហាសាន់ រ៉ូហានី បាន​និយាយ​យ៉ាង​ដូច្នេះ នៅ​ក្នុង​ពិធី​ព្យុហយាត្រា យោធា នៅ​ថ្ងៃ​សុក្រ នេះ នៅ​រដ្ឋធានី តេហរ៉ង់។ តាម លោក​ហាសាន់ រ៉ូហានី អ៊ីរ៉ង់​មិន​ត្រឹម​ពង្រឹង​សមត្ថភាព​មីស៊ីល តែប៉ុណ្ណោះទេ អ៊ីរ៉ង់​នឹង​ពង្រឹងផងដែរ សមត្ថភាព​យោធា​នៅ​ដែនអាកាស គោក និង​ជើងទឹក ដោយ​មិនចាំ​ត្រូវ​សុំ​ការអនុញ្ញាត​ពីអ្នកណា​ម្នាក់។

អ្នកណា​ម្នាក់ នោះ គឺ​មេដឹកនាំ​អ៊ីរ៉ង់​ទំនង​ចង់​សំដៅ​ដល់​លោកដូណាល់ ត្រាំ ដែល​កាលពី​ថ្ងៃ​អង្គារ បាន​រិះគន់​ធ្ងន់ៗ ទៅលើ​កម្មវិធី​មីស៊ីល​របស់​អ៊ីរ៉ង់។ អ៊ីរ៉ង់​ធ្លាប់​បាន​បញ្ជាក់ថា កម្មវិធី​មីស៊ីល​របស់ខ្លួន​ស្របច្បាប់ និង​មិន​បាន​រំលោភ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ចុះ​ជាមួយ​ប្រទេស​មហាអំណាច ព្រោះ​ថា មីស៊ីល​របស់​អ៊ីរ៉ង់​មាន​សមត្ថភាព​ត្រឹម​បំពាក់​ក្បាល​គ្រាប់បែក​ធម្មតា ដែល​គេ​ប្រើ​សម្រាប់​ការពារ​ខ្លួន​តែប៉ុណ្ណោះ។ វ៉ាស៊ីនតោន​វិញ មិន​ជឿ​តាម​ការអះអាង​របស់​អ៊ីរ៉ង់ និង​ថា អ៊ីរ៉ង់​បាន​រំលោភ​កិច្ចព្រមព្រៀង ដោយសារ​អ៊ីរ៉ង់​មាន​សក្តានុពល​ផលិត​គ្រាប់បែក​នុយក្លេអ៊ែរ សម្រាប់​បំពាក់​លើ​មីស៊ីល។

នៅក្នុង​ក្បួន​ដង្ហែរ​យោធា នៅ​ថ្ងៃ​នេះ អ៊ីរ៉ង់​បាន​បង្ហាញ​ឲ្យ​ឃើញ​ផង​ដែរ ពី​មីស៊ីល​ថ្មី​ស្រឡាង ដែល​អ៊ីរ៉ង់​ទើប​សម្រេច​ផលិត​បាន។ តាម​មេបញ្ជាការទ័ព​នៃ​ឆ្មាំបដិវត្តន៍​អ៊ីរ៉ង់ មីស៊ីល​ថ្មី​ស្រឡាង​របស់​អ៊ីរ៉ង់​អាច​ពាំនាំ​គ្រាប់បែក ច្រើនគ្រាប់ និង​អាច​ហោះ រត់​បាន​ចម្ងាយ ២ពាន់​គីឡូម៉ែត្រ។ ក្នុង​ចម្ងាយនេះ មីស៊ីល​របស់​អ៊ីរ៉ង់ ជា​ប្រភេទ​មីស៊ីល​ចម្ងាយ​មធ្យម មិនអាច​រត់​ទៅដល់​ប្រទេស​អាមេរិក ប៉ុន្តែ អាច​គំរាមកំហែង​ដល់​មូលដ្ឋានទ័ព​របស់​អាមេរិក នៅ​តំបន់​ដើមបូព៌ា។

នៅលើ​វេទិការ ក្នុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ ក្រៅតែ​ពី​ចោទប្រកាន់​មេដឹកនាំ​អ៊ីរ៉ង់​ថា ជាក្រុមយូកូង នៅ​ដើមបូព៌ា លោកដូណាល់ ត្រាំ នៅ​រិះគន់ កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ថា​ជា​កិច្ចព្រមព្រៀង ដែល​អាក្រក់​បំផុត។ នៅ​ថ្ងៃទី ១៥​តុលា​ខាងមុខ លោកដូណាល់​ត្រាំ ត្រូវ​បញ្ជាក់​ទៅ​សភា​អាមេរិក​ថា តើ​អ៊ីរ៉ង់​អនុវត្ត​យ៉ាងខ្ជាប់ខ្ជួន​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរដែរទេ។ បើសិន​បាន​ទទួល​ចម្លើយ​ទេ ពីលោកដូណាល់ ត្រាំ នោះ​សភា​អាមេរិក​នឹង​អាច​សម្រេច​ឲ្យ​មាន​ការដាក់​ឡើងវិញ ទណ្ឌកម្ម​សេដ្ឋកិច្ច ដែល​អាមេរិក​បាន​ផ្អាក​ដោយសារ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ឆ្នាំ ២០១៥។ ការនេះ​នឹងធ្វើ​ឲ្យ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ត្រូវ​រលាយ​សូន្យសុង។ បើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ អ៊ីរ៉ង់​ត្រូវ​រលាយ​អសាបង់ នោះ​ពិភពលោក​អាច​ធ្លាក់​ខ្លួន ត្រូវ​ប្រឈម​នឹង​វិបត្តិ​នុយក្លេអ៊ែរ មួយទៀត បន្ទាប់​ពី​គ្រាប់បែក​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ