អានតួអត្ថបទ
គួឌីស្ថាន-អ៊ីរ៉ាក់

ប្រជាជន​​គួឌីស្ថាន​​​​​​បោះឆ្នោត​​ប្រជាមតិ​​ឯករាជ្យ​​ពី​​អ៊ីរ៉ាក់​​ អាមេរិក​ទូន្មាន​ពលរដ្ឋ​​ខ្លួន​​អោយ​​ប្រុង​ប្រយ័ត្ន​ ​​

ថ្ងៃចន្ទ​២៥កញ្ញា​នេះ ប្រជាជនតំបន់​ស្វ័យត​​គួឌីស្ថាន​​នៅ​អ៊ីរ៉ាក់ ៥លាន៥សែននាក់ ត្រូវបោះឆ្នោត​សម្រេច​អោយ​គួឌីស្ថាន​ក្លាយជា​រដ្ឋឯករាជ្យ​ពី​អ៊ីរ៉ាក់។ រដ្ឋាភិបាល​អ៊ីរ៉ាក់​មិនទទួលស្គាល់​ប្រជាមតិ​នេះទេ។ ​​ប្រជាជន​គួឌីស្ថាន​បោះឆ្នោត​ទាំង​ព្រួយបារម្ភ​ ខ្លាច​អាជ្ញាធរ​អ៊ីរ៉ាក់ និង​ប្រទេស​ជិតខាង​ដូចជា​អ៊ីរ៉ង់​និង​តួកគី ​សងសឹកពួកគេ​​ដោយ​ប្រការ​ណាមួយ។ អាមេរិក​បាន​ទូន្មាន​ពលរដ្ឋ​ខ្លួន​កុំ​អោយ​ចូល​ទៅ​ដែនដី​​​ជម្លោះ​រវាង​​​គួឌីស្ថាន និង​រដ្ឋអំណាច​ក្រុងបាក់ដាដ ក្នុង​អំឡុង​ប្រជាមតិ​នេះ​។​

ក្មេងប្រុស​ជនជាតិ​គួឌីស្ថានម្នាក់នេះ​​កំពុង​លក់​ទង់ជាតិ​គួឌីស្ថាន​ នៅ​រដ្ឋធានី​អ៊ែរប៊ីល ថ្ងៃ​២១កញ្ញា​២០១៧។
ក្មេងប្រុស​ជនជាតិ​គួឌីស្ថានម្នាក់នេះ​​កំពុង​លក់​ទង់ជាតិ​គួឌីស្ថាន​ នៅ​រដ្ឋធានី​អ៊ែរប៊ីល ថ្ងៃ​២១កញ្ញា​២០១៧។ ©REUTERS/Alaa Al-Marjani
ផ្សាយពាណិជ្ជកម្ម

ថ្ងៃចន្ទ​២៥កញ្ញា​នេះ ​ប្រជាជន​គួឌីស្ថាន​ត្រូវបោះឆ្នោត​ប្រជាមតិ​ គាំទ្រ​អោ​យគួឌីស្ថាន​ឯករាជ្យ​ពី​អ៊ីរ៉ាក់។ នៅ​រដ្ឋធានី​អ៊ែរប៊ីល ក្នុង​ដែនដី​ស្វ័យត​គួឌីស្ថាន គេឃើញមាន​រំលេច​​​​ទង់ជាតិគួឌីស្ថាន ព្រោងព្រាត​តាម​ផ្ទះសម្បែង​និង​រថយន្ត​​ច្រើនគ្រឿង។​ ប៉ុន្តែ ​​ ​ជនជាតិ​គួឌីស្ថាន​​បារម្ភ​ដែរថា​ ​ប្រជាមតិ​ថ្ងៃចន្ទ​នេះ​អាច​បង្ក​ជាជម្លោះ​ប្រដាប់អាវុធ​ជាមួយ​រដ្ឋអំណាច​ក្រុងបាក់ដាដ រឺ​ក៏ថា​​រដ្ឋអំណាច​ក្រុងបាក់ដាដ​​​អាច​ដាក់​ទណ្ឌកម្ម សងសឹក​ពួកគេ។ ពិសេស​ប្រជាជន​គួឌីស្ថាន​នៅ​ខែត្រ​សំបូរប្រេង​គៀកគូកតែម្តង ដែល​កំពុង​បារម្ភ​ខ្លាំង។ រដ្ឋអំណាច​អ៊ីរ៉ាក់ និង​គួឌីស្ថាន​ដណ្តើម​កាន់កាប់​​ខែត្រគៀកគូក​​ ដណ្តើម​កាន់កាប់​ផលិតកម្ម​ប្រេង​ក្នុង​ខែត្រគៀកគូក​​នេះ តែ​ក្នុងខែត្រ​មួយនេះ ​​​ជនជាតិគួឌីស្ថាន​មានប្រៀប​ជាងគេ។ ក្រុមUPK ដែល​ជាក្រុម​ប្រឆាំង​នឹង​អាជ្ញាធរ​គួឌីស្ថាន​ បានស្នើលោក​ម៉ាស៊ូត បាហ្សានី ជា​​ប្រធានរដ្ឋអំណាច​គួឌីស្ថានកុំអោយ​រៀបចំ​ប្រជាមតិ​ក្នុង​ខែត្រគៀកគូក និង​តំបន់​ផ្សេងៗ​ទៀត​ដែលគួឌីស្ថាន​ដណ្តើម​ជាមួយ​អ៊ីរ៉ាក់​​ ដើម្បី​កុំ​អោយ​​កាន់តែ​តានតឹង​ជាមួយ​រដ្ឋាភិបាល​អ៊ីរ៉ាក់។ ​​​

កាលពី​ថ្ងៃព្រហស្បតិ៍ រដ្ឋអំណាច​អ៊ីរ៉ាក់ អ៊ីរ៉ង់ និង​តួកគី ​បាន​អំពាវនាវ​អោយ​អាជ្ញាធរ​គួឌីស្ថាន​លុបចោ​ល​​​ប្រជាមតិ​ទាមទារ​ឯករាជ្យ​នេះ មិនដូច្នោះទេ ពួកគេ​នឹង​ចាត់វិធានការ​តបត​វិញ។ នៅ​​តួកគី និង​អ៊ីរ៉ង់ ក៏មាន​ជនជាតិគួឌីស្ថាន​រស់នៅដែរ។ រដ្ឋអំណាច​ប្រទេស​ទាំង២​នេះ មានទាំង​អាមេរិក​ផងដែរ បារម្ភ​ថា ប្រជាមតិ​ឯករាជ្យ​គួឌីស្ថាន​អ៊ីរ៉ាក់ អាច​នឹង​ជំរុញ​អោយ​ជនជាតិគួឌីស្ថាន​នៅ​តួកគី ​និង​អ៊ីរ៉ង់​កាន់តែ​បះបោរ និង​ចង់ធ្វើប្រជាមតិ​ដូចគ្នា​ដែរ។ ម្យ៉ាងទៀត​ អាមេរិក​យល់ថា ប្រជាមតិ​នេះ​​​​អាច​​ប៉ះពាល់​​ដល់​ការប្រយុទ្ធ​ប្រឆាំង​ក្រុមភេរវជន​រដ្ឋអ៊ីស្លាម​ផងដែរ ដោយសារ​ក្រុមរដ្ឋអ៊ីស្លាម​នៅ​មាន​តំបន់កាន់កាប់​​២កន្លែង​នៅឡើយ​ ​​​ក្នុ​ងដែនដី​អ៊ីរ៉ាក់​។ ​

កងកម្លាំង​យោធា​និកាយ​ស្ហ៊ីអ៊ីត​នៅ​អ៊ីរ៉ាក់​ក៏​បាន​ព្រមាន​តបត​នឹង​ក្រុមដែល​រៀបចំ​ការ បោះឆ្នោត​ប្រជាមតិ​គួឌីស្ថាន​នេះដែរ។ ក្រុមយោធា​ស្ហ៊ីអ៊ីត​យល់ថា ប្រជាមតិ​នេះ​ជាការ​បំផ្លាញ​ទំនាក់ទំនង​រវាង​ជនជាតិ​អារ៉ាប់ និង​ជនជាតិ​គួឌីស្ថាន។ ថ្ងៃអាទិត្យ​នេះ អ៊ីរ៉ង់​បាន​ប្រកាស​ផ្អាក​ជើងហោះហើរ​យន្តហោះ​ជាមួយ​តំបន់គួឌីស្ថាន​អ៊ីរ៉ាក់ តាមសំណូមពរ​របស់​រដ្ឋអំណាច​ក្រុងបាក់ដាដ។ អាមេរិក​វិញ​បានទូន្មាន​ពលរដ្ឋខ្លួន​កុំអោយ​ចូលទៅ​កាន់ដែនដី​ដែលគួឌីស្ថាន​និង​អ៊ីរ៉ាក់​ឈ្លោះដណ្តើម​គ្នា​អោយសោះ ក្នុងពេល​ប្រជាមតិ​នេះ។ ក្រុមជំនាញ​មើលឃើញថា ​ប្រជាមតិ​គួឌីស្ថាន​គ្រាន់តែ​ជាការដាក់​សម្ពាធ​របស់​រដ្ឋអំណាច​​ស្វ័យត​គួឌីស្ថាន​ទៅលើ​ក្រុងបាក់ដាដ​ប៉ុណ្ណោះ ដើម្បី​អាច​អោយ​គួឌីស្ថាន​​ចរចា​ចែក រំលែក​​​អំណាច​នយោបាយ​និង​សេដ្ឋកិច្ច​​​​ជាមួ​យអ៊ីរ៉ាក់​បាន៕ ​ ​​​ ​ ​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ