អានតួអត្ថបទ
គួឌីស្ថានអ៊ីរ៉ាក់

ស្ថានការណ៍​​តានតឹង​​នៅ​​គួឌីស្ថាន​​អ៊ីរ៉ាក់​​​​​​​ ក្រោយ​​បោះឆ្នោត​​ប្រជាមតិ​​​ទាមទារ​​ឯករាជ្យ​

ក្នុង​ពេល​កំពុង​រង់ចាំ​លទ្ធផល​បោះឆ្នោត​ប្រជាមតិ​នៅ​គួឌីស្ថាន​ ​ទាមទារ​​ឯករាជ្យពី​អ៊ីរ៉ាក់ ទំនាក់ទំនង​​រវាង​​​​រដ្ឋអំណាច​តំបន់ស្វ័យត​គួឌីស្ថាន​អ៊ីរ៉ាក់​និងរដ្ឋអំណាច​កណ្តាល​ក្រុង​បាក់ដាដ​​​កាន់តែតានតឹង។ រដ្ឋាភិបាល​ក្រុងបាក់ដាដ​បាន​ចេញបញ្ជាអោយ​​ពង្រាយកងទ័ព​នៅតាម​​តំបន់​​ជម្លោះ​រវាង​អ៊ីរ៉ាក់​និង​គួឌីស្ថាន។​ ​​ម្សិលមិញ​ អាមេរិ​កបាន​សំដែងការខកចិត្ត​ដែលគួឌីស្ថាន​រៀបចំ​ប្រជាមតិ​ទាមទារ​ឯករាជ្យ​នេះ។ ​

កងកម្លាំង​អ៊ីរ៉ាក់ ឈរ​នៅខេត្តសំបូរ​ប្រេង​គៀកគូក ក្នុង​ថ្ងៃ​បោះឆ្នោត​ប្រជាមតិ​គួឌីស្ថាន​ ២៥កញ្ញា២០១៧។
កងកម្លាំង​អ៊ីរ៉ាក់ ឈរ​នៅខេត្តសំបូរ​ប្រេង​គៀកគូក ក្នុង​ថ្ងៃ​បោះឆ្នោត​ប្រជាមតិ​គួឌីស្ថាន​ ២៥កញ្ញា២០១៧។ REUTERS/Thaier Al-Sudani
ផ្សាយពាណិជ្ជកម្ម

ថ្ងៃចន្ទ​ម្សិលមិញ ប្រជាជន​នៅ​តំបន់​ស្វ័យត​គួឌីស្ថាន​អ៊ីរ៉ាក់​បាន​នាំគ្នា​ទៅបោះឆ្នោត​ប្រជាមតិ​ទាមទារ​ឯករាជ្យ​ពី​អ៊ីរ៉ាក់។ អ្នកចូលរួម​មាន​ជាង៣លាន៣សែននាក់ គឺមានជាង​៧២ភាគរយ នៃ​អ្នកដែលត្រូវ​បោះឆ្នោត។ ​ប៉ុន្តែ នៅ​ខែត្រ​ប្រេងគៀកគូក ជាខែត្រ​ដែល​អ៊ីរ៉ាក់​និង​គួឌីស្ថាន​ឈ្លោះ​ដណ្តើម​គ្នា​នោះ ​មាន​ជនជាតិ​តួមេនីស្ថាន និង​ជនជាតិ​អារ៉ាប់រស់នៅ​ដែរ។ ជនជាតិ​ទាំង២​មិនបាន​ទៅ​បោះឆ្នោត​ទេ ព្រោះពួកគេ​មិនចង់​ឃើញ​គួឌីស្ថាន​​កាន់កាប់​ផ្តាច់មុខ​ខែត្រ​មួយនេះទេ។

យប់​មិញ អាជ្ញាធរ​ខែត្រគៀកគូក​បាន​ដាក់​បម្រាមគោចរក្នុង​ខែត្រ​​ ដើម្បី​ចៀសវាង​ការប៉ះអទង្គិចណាមួយ ប៉ុន្តែ ​ព្រឹកថ្ងៃ​អង្គារ​នេះ ​បានលើកចេញ​បម្រាមគោចរ​ទៅវិញ​ហើយ។ ​ក្នុង​ពេល​កំពុង​រង់ចាំ​លទ្ធផល​បោះឆ្នោត គេដឺងថា​ ជនជាតិ​គួឌីស្ថាន​ច្បាស់ជា​បាន​​បោះឆ្នោត​គាំទ្រ​អោយ​គួឌីស្ថាន​ក្លាយជា​រដ្ឋ​ឯករាជ្យ​ពេញលេញ។ តែ​លោក​ម៉ាស៊ូត បាហ្សានី ជា​​​ប្រធាន​រដ្ឋអំណាច​គួឌីស្ថាន​ ​គូសបញ្ជាក់​រួចមកហើយថា “ការបោះឆ្នោត​​​នេះ​មិននាំអោយ​គួឌីស្ថាន​ប្រកាស​ទាមទារ​ឯករាជ្យ​ភ្លាមៗ​ទេ។ ការបោះឆ្នោតនេះ​គឺ​ជា​ចំណុចចាប់ផ្តើម ​ដើម្បី​ចរចាច្បាស់លាស់​​​ជាមួយ​​រដ្ឋអំណាច​កណ្តាល​ក្រុងបាក់ដាដ​ ​ដោះស្រាយ​ជម្លោះ​រវាងភាគីទាង២”។ ក្រុមវិភាគ​ស្ថានការណ៍​ធ្លាប់​លើកឡើង​​​ថា ការបោះឆ្នោត​នេះ​ជាសម្ពាធ ដើម្បី​អោយ​គួឌីស្ថាន​ចែករំលែក​អំណាច​នយោបាយ​និង​សេដ្ឋកិច្ច​ជាមួយ​អ៊ីរ៉ាក់​តែ​ប៉ុណ្ណោះ។

ថ្ងៃចន្ទ​ម្សិលមិញ​ ​រដ្ឋាភិបាល​អ៊ីរ៉ាក់​បានបញ្ជា​អោយ​ពង្រាយ​កងទ័ព​នៅតាម​តំបន់​ដែល​រដ្ឋអំណាច​ក្រុងបាក់ដាដ​និង​គួឌីស្ថាន​ឈ្លោះ​ដណ្តើមគ្នា គឺត្រូវពង្រាយ​នៅតាម​ខែត្រ​ប្រេងសំបូរ​​គៀកគូក ​និង​នៅតាម​ទីតាំង​នៅខែត្រ​នីនីវ ឌីអាឡា និងសាឡាហេបឌីន។ ​ទីតាំង​ភាគច្រើន​នៅតាមខែត្រ​ទាំងនេះ ត្រូវបាន​កងកម្លាំង​គួឌីស្ថាន​ចូលកាន់កាប់​នៅឆ្នាំ២០១៤ គឺឆ្លៀត​យក​មក​គ្រប់គ្រង​ក្នុងពេល​ដែល​អ៊ីរ៉ាក់​កំពុង​ប្រយុទ្ធ​ជាមួយ​ក្រុមភេរវជន​រដ្ឋ​អ៊ីស្លាម។ កន្លង​មក ​គួឌីស្ថាន​នាំប្រេងពី​គៀកគូក​ទៅក្រៅ ​មិនដែល​ឆ្លងកាត់​ការអនុញ្ញាត​ពី​រដ្ឋអំណាច​ក្រុងបាក់ដាដ​ទេ។ ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បារម្ភ​ពីស្ថានការណ៍​មិននឹងនរ​ បាន​អំពាវនាវ​អោយ​គួឌីស្ថាន​និង​អ៊ីរ៉ាក់​​ចរចា​គ្នា។​

តួកគី អ៊ីរ៉ង់ និង​ស៊ីរី មិនទទួលស្គាល់​ប្រជាមតិ​គួឌីស្ថានទេ។ សហគមន៍អន្តរជាតិ អាមេរិក អង្គការ​សហប្រជាជាតិ​​ ​​មិនចង់​​អោយ​មានប្រជាមតិ​នេះដែរ ព្រោះ​វា​អាច​​​រុញច្រាន​អោយ​ជនជាតិគួឌីស្ថាន​រស់នៅតួកគី ស៊ីរី រឺ​ក៏​អ៊ីរ៉ង់​បះបោរ​ទាមទារ​ឯករាជ្យ​ដូចគ្នាដែរ។ អ៊ីរ៉ង់​បាន​បិទ​ការហោះហើរ​ជាមួយ​គួឌីស្ថាន​អ៊ីរ៉ាក់​ ខណៈ​តួកគី​បានគំរាម​បិទព្រំដែន​ដីគោក និង​បិទបំពង់​ប្រេង​​ដែល​ភ្ជាប់​ពី​គួឌីស្ថាន​មក​ទឹកដី​តួកគី ដើម្បី​កុំអោយ​គួឌីស្ថាន​អាច​នាំចេញ​ប្រេង​បានទៀត។ លោកអ៊ែរដូហ្កាន​ព្រមានគួឌីស្ថាន​អោយប្រយ័ត្នពី​សង្គ្រាម​ដែលអាច​កើតឡើង​ជាមួយ​សហគមន៍​ផ្សេងៗ បើ​គួឌីស្ថាន​​បង្កើត​បាន​រដ្ឋ​ឯករាជ្យ​របស់​ខ្លួន នៅ​ទីបំផុត៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ