អានតួអត្ថបទ

៣០០០​នាក់​ស្លាប់ កញ្ញា ខែ​មរណៈ​បំផុត​ នៅ​ស៊ីរី

មានមនុស្ស​​យ៉ាង​ហោចណាស់ ៣ពាន់​នាក់ ក្នុង​៩៩៥​នាក់​ជា​ជនស៊ីវិល ត្រូវ​បាន​ស្លាប់ នៅ​ក្នុង​ខែ​កញ្ញា ២០១៧​នេះ នៅស៊ីរី ! ពោល​គឺ​ជា​ខែ​ដែល​មាន​ចំនួន​មនុស្ស​ស្លាប់​ច្រើន​ជាងគេប​បំផុត​ គិត​ចាប់​ពី​ដើម​ឆ្នាំ​មក។ នេះ​បើ​តាមសេចក្តី​​ប្រកាស​​របស់​​​​អង្គការ​សង្កេតការណ៍​សិទ្ធិមនុស្ស​ស៊ីរី (OSDH) ចេញ​ផ្សាយ​នៅ​ថ្ងៃអាទិត្យ​ទី ១​តុលា។

ទាហាន​រដ្ឋាភិបាល​ស៊ីរី​នៅ​ Deir Ezzor ថ្ងៃទី ៦​កញា ២០១៧
ទាហាន​រដ្ឋាភិបាល​ស៊ីរី​នៅ​ Deir Ezzor ថ្ងៃទី ៦​កញា ២០១៧ George OURFALIAN / AFP
ផ្សាយពាណិជ្ជកម្ម

ជាង​៧០%​នៃ​ជនរងគ្រោះ​ស៊ីវិល​ ត្រូវ​បាន​ស្លាប់​ដោយ​សារ​ការ​វាយប្រហារ​ផ្លូវអាកាស​របស់​រដ្ឋាភិបាល​ស៊ីរី ឬទ័ព​​រុស្ស៊ី ឬ​​​របស់​សម្ព័ន្ធ​អន្តរជាតិ​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក ដែលប្រតិបត្តិការ​របស់​គេ​ធ្វើ​ឡើង​ក្នុង​ក្របខ័ណ្ឌជួយ​បើក​ផ្លូវ​ឱ្យ​​កង​កម្លាំង​ថ្មើរ​ជើងវាយ​សម្រុក​លើក​ចូល​សមរភូមិ​បណ្តេញ​ពួក​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម​នៅ​ខេត្តDeir Ezzor។ ​​​កងទ័ព​អាកាស​រុស្ស៊ីជា​សម្ព័ន្ធមិត្ត ជួយ​កងទ័​ព​ស៊ីរី​នៅ​ភាគ​ខាង​កើត​ស៊ីរី ឯយន្តហោះ​សម្ព័ន្ធអន្តរជាតិ​ ​ផ្តល់​ជំនួយ​ដល់​កងយុទ្ធជន​គួដឌីស្ថាននិ​ងអារ៉ាប នៅភាគ​ខាង​ជើង​ប្រទេស​ស៊ីរី​ផង និង​នៅ​ខាង​ខេត្ត​Deir Ezzor​ដែរ។

តុល្យការ​មរណៈ​ឡើង​ខ្ពស់​កាន់​តែ​ខ្លាំង​នេះ ក៏​បណ្តាល​មក​ពីកងទ័ព​អាកាស​រុស្ស៊ី​និង​សម្ព័ន្ធ​អន្តរជាតិ​ បាន​​បង្កើន​ប្រតិបត្តិការ​ និង​បរិមាណ​នៃ​ការ​វាយប្រហារ​​លើ​បន្ទាយ​របស់​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម នៅ​ភាគ​ខាង​ជើង​និង​កើត​ផង និង​ការ​សម្រុក​វាយប្រហារ​កាន់​តែ​ខ្លាំង​លើ​តំបន់​កាន់កាប់​ដោយ​ពួក​ឧទ្ទាម​ស៊ីរី ពី​សំណាក់​កងទ័ព​អាកាស​រុស្ស៊ី​និង​កងទ័ព​អាកាស​របស់​រដ្ឋាភិបាល​ក្រុង​ដាម៉ាស។

ទាក់​ទង​នឹងចំនួន​មនុស្ស​ស្លាប់​វិញ ក្នុង​​ជនរងគ្រោះ​ស៊ីវិល​ទាំង​៩៩៥​ដែល​បាន​បាត់​បង់​ជីវិត​នៅ​ក្នុង​ខែ​កញ្ញា​កន្លង​ទៅ​នេះ មាន​២០៧​នាក់​ជា​កុមារ។ នេះ​បើ​តាម​របាយការណ៍​អង្គការ​សង្កេតការណ៍​សិទ្ធិមនុស្ស​ស៊ីរី​ដដែល​ដែល​មាន​បណ្តាញ​ផ្តល់​ព័ត៌មាន​នៅ​ពេញ​ផ្ទៃ​ប្រទេស។ ដោយ​ឡែក​បើ​តាម​អង្គការ​ក្រៅ​រដ្ឋាភិបាល​មាន​មូលដ្ឋាន​នៅ​អង់គ្លេស មាន​ពួក​ទាហាន​ជីហាត​នៃ​អង្គការ​រដ្ឋ​អ៊ីស្លាម និង​​អង្គការ​ភេរវនិយម​ស្និទ្ធ​នឹង​អាល់កៃដា ចំនួន​៧៣៨​នាក់ ត្រូវ​បាន​កម្ចាត់។

ផ្ទុះ​ឡើង​នៅ​ឆ្នាំ​២០១១ ដោយ​ចលនា​បាតុកម្ម​សន្តិនិយម​​ប្រឆាំងនឹង​របប​លោក​បាស្ហារ អាល់អាសាដ វិបត្តិ​ស៊ីរី​បាន​ប្រែក្លាយ​ទៅ​ជា​សង្គ្រាម​ដ៏​រ៉ាំរ៉ៃ​ ដោយ​មាន​បរទេសជា​ច្រើន​ចូល​​លូក​ដៃ​ ទឹក​ដី​ពុះ​ជ្រៀក​ជា​បំណែក​តូចៗ​គ្រប់គ្រង​ដោយ​ក្រុម​ភេរវនិយម​ផង ពួក​ជីហាត​ផង​។ សង្គ្រាម​អូស​បន្លាយ​គ្មាន​ច្រក​ចេញ​បាន​ផ្តាច់​ជីវិត​សរុប​អស់​ជាង​៣៣០០០០​នាក់ និង​ពលរដ្ឋ​រាប់​លាន​នាក់​បង្ខំ​ចិត្ត​ធ្វើ​បំលាស់​ទី និង​ក្លាយ​ជា​ជនភៀស​ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ