អានតួអត្ថបទ

លោកដូណាល់ ត្រាំ ៖​ របបអ៊ីរ៉ង់​រំលោភ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ

ដូចការគិតទុក ប្រធានាធិបតី អាមេរិក លោកដូណាល់ ត្រាំ នៅថ្ងៃ​សុក្រ​ម្សិលមិញ បាន​បដិសេធ​មិន​បញ្ជាក់​ថា អ៊ីរ៉ង់​គោរព​តាម​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ។ តាម​ប្រមុខការបរទេស​អាមេរិក រដ្ឋាភិបាល​នឹង​មិនសុំ​ឲ្យ​សភា​ដាក់​ទណ្ឌកម្ម ដែល​នឹង​អាច​ទៅ​បំផ្លាញ​កិច្ចព្រមព្រៀង​នោះទេ។ ប៉ុន្តែ លោកដូណាល់ ត្រាំ​បាន​ព្រមាន​រួចហើយថា នឹង​ដក​អាមេរិក​ដក​ចេញពី​កិច្ចព្រមព្រៀង បើសិន​សភា និង​សម្ព័ន្ធមិត្ត​អាមេរិក​មិនសើរើ កែប្រែ​ខ្លឹមសារ​កិច្ចព្រមព្រៀង​អ៊ីរ៉ង់ ដែល​ចោទប្រកាន់ថា ជា​កិច្ចព្រមព្រៀង​ដ៏​អាក្រក់បំផុត មិន​ផ្តល់​ប្រយោជន៍​ដល់​អាមេរិក។

លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក ថា​អ៊ីរ៉ង់​រំលោភ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ
លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក ថា​អ៊ីរ៉ង់​រំលោភ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ REUTERS/Kevin Lamarque
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​វោហាស័ព្ទ​រិះគន់​ខ្លាំងៗ ទៅលើ​អ៊ីរ៉ង់ ប្រធានាធិបតី​អាមេរិក លោកដូណាល់ ត្រាំ បាន​ចាត់ទុក​របប​អ៊ីរ៉ង់​ថា ផ្តាច់ការ និង​ជាមេកើយ​ផ្គត់ផ្គង់​ក្រុមភេរវនិយម នៅក្នុង​ពិភពលោក។ សម្រាប់​ប្រធានាធិបតី​អាមេរិក អ៊ីរ៉ង់​បាន​រំលោភ​កិច្ចព្រមព្រៀង​ជាច្រើនលើក។ កិច្ចព្រមព្រៀង​បាន​អនុញ្ញាត​ឲ្យ​អ៊ីរ៉ង់ បន្ត​អភិវឌ្ឍ​ផ្នែកខ្លះៗ នៃ​កម្មវិធី​នុយក្លេអ៊ែរ​យោធា។ “តើ​កិច្ចព្រមព្រៀង​នឹង​មានន័យ ប្រយោជន៍​អ្វី បើវា​គ្រាន់​តែ​ពន្យឺត​សកម្មភាព​ផលិត​អាវុធ​នុយក្លេអ៊ែរ​ក្នុង​រយៈពេល​ដ៏ខ្លីនោះ។ ប្រធានាធិបតី​អាមេរិក​មិនអាច​ទទួល​យក​បានទេ រឿងនេះ” លោកដូណាល់ ត្រាំ​បាន​ថ្លែង​យ៉ាងដូច្នេះ មុន​នឹង​បញ្ជាក់​ថា អាមេរិក​មាន​សិទ្ធិ​ដើរ​ចេញ​ពី​កិច្ចព្រមព្រៀង ហើយ​គឺ​លោក​ដែល​ជា​អ្នកសម្រេច​ចិត្ត។

លោកដូណាល់ ត្រាំ​បាន​បដិសេធ​មិនបញ្ជាក់​ថា អ៊ីរ៉ង់​គោរព​តាមកិច្ចព្រមព្រៀង។ បន្ទាប់ពីនេះ សភា​អាមេរិក​នឹង​ពេល​២ខែ ដើម្បី​សម្រេចចិត្ត​ត្រូវ​ត្រលប់​ទៅ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​សាជាថ្មី​លើ​អ៊ីរ៉ង់​ដែរឬទេ។ នៅក្នុង​ការប្រកាស​នៅថ្ងៃ​សុក្រ ​លោកដូណាល់ ត្រាំ​មិន​បាន​ប្រកាស​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង ហើយ​ក៏​មិន​បាន​ទាមទារ​ឲ្យ​សភា​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ជាថ្មី​ទៅលើ​អ៊ីរ៉ង់​ដែរ។ លោកដូណាល់ ត្រាំ​អះអាង​ថា លោក​បានបញ្ជា​រួចហើយ ឲ្យមន្រ្តី​រដ្ឋាភិបាល​របស់លោក​ធ្វើការ​ជាប់ជានិច្ច​ជាមួយ​សភា និង​ប្រទេស​សម្ព័ន្ធមិត្ត ដើម្បី​ពិនិត្យ កែប្រែ​ឡើងវិញ ចំណុច​មួយ​ចំនួន នៅក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ។ ក្នុងករណី​សភា និង​ប្រទេស​សម្ព័ន្ធមិត្ត​មិនអាច​ចុះសម្រុង បំពេញ​ចំណុច​ខ្វះខាត​នៅក្នុង​កិច្ចព្រមព្រៀង តាម​ការចង់​បាន​របស់​អាមេរិក​ទេ នោះ​លោក​នឹង​ជាមនុស្ស​ម្នាក់គត់ ដែល​នឹង​ដកអាមេរិក​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់។

នៅក្រោយ​ការប្រកាស​របស់លោកដូណាល់ ត្រាំ តែបន្តិច ប្រធានាធិបតី​អ៊ីរ៉ង់ លោក​ហាសាន់ រ៉ូហានី នៅក្នុង​ការផ្សាយផ្ទាល់​របស់​ទូរទស្សន៍​ជាតិ បាន​ចាត់ទុក​សំដី​ចោទប្រកាន់​អ៊ីរ៉ង់ របស់​លោកដូណាល់ ត្រាំ​ថា ជា​ការជេរប្រមាថ និង​ចោទប្រកាន់​អ៊ីរ៉ង់​តែ​ផ្តេសផ្តាស។ តាម​ប្រធានាធិបតី​អ៊ីរ៉ង់ អ៊ីរ៉ង់​នឹង​នៅ​តែ​គោរព​តាម​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ឆ្នាំ ២០១៥ ដើម្បី​ផលប្រយោជន៍​អ៊ីរ៉ង់។ ឆ្លើយតប​នឹង​ការទាមទារ​ឲ្យ​មាន​ការសើរើ ចំណុច​នៅក្នុង​កិច្ចព្រមព្រៀង លោករ៉ូហានី បាន​បញ្ជាក់ថា គ្មាន​ប្រធានាធិបតី​ណា​ដែល​អាច​សើរើ​កិច្ចព្រមព្រៀង​អន្តរជាតិ។ តាម​ប្រធានាធិបតី​អ៊ីរ៉ង់ អ៊ីរ៉ង់​នឹង​មិន​ឱនក្បាល នៅ​ចំពោះ​មុខ​ការដាក់សម្ពាធ​ពី​បរទេស ជាដាច់ខាត។ សម្រាប់​ប្រមុខដឹកនាំ​អ៊ីរ៉ង់ ការប្រឹងប្រែង​របស់លោកដូណាល់ ត្រាំ ដើម្បី​បំផ្លាញ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នឹង​ធ្វើ​អាមេរិក​នៅ​ឯកោ។

រដ្ឋបាល​លោកដូណាល់ ត្រាំ​បែរខ្នងដាក់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​បាន​បណ្តាល​ឲ្យ​មាន​ប្រតិកម្ម​ព្រួយបារម្ភ​ជា​បន្តបន្ទាប់​ពី​ថ្នាក់ដឹកនាំ​អឺរ៉ុប រុស្ស៊ី ចិន ដែល​បាន​ចូលរួម ចរចា រហូត​បង្កើតឲ្យ​មាន​កិច្ចព្រមព្រៀង​ដែល​នៅក្នុង​នោះ អ៊ីរ៉ង់​យល់ព្រម​ផ្អាកកម្មវិធី​នុយក្លេអ៊ែរ​យោធា។ នៅក្រោយ​ការសម្រេច​របស់​លោកដូណាល់ ត្រាំ បារាំង​អាល្លឺម៉ង់ និង​អង់គ្លេស​បាន​បញ្ជាក់ថា គេ​នឹង​នៅ​តែ​គាំទ្រ គោរព​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ទោះជា​អាមេរិក​ចង់​ក្រឡាស់​ដោះដៃ។ យ៉ាងណា​ក៏ដោយ​ក្រៅតែពី ទាមទារ​ឲ្យ​អ៊ីរ៉ង់ គោរព​ឲ្យ​ខ្ជាប់ខ្ជួន​កិច្ចព្រមព្រៀង មហាអំណាច​នៅ​អឺរ៉ុប​បាន​ប្រាប់អ៊ីរ៉ង់​ពីក្តីបារម្ភ​របស់គេ​ពី​កម្មវិធី​ផលិត​មីស៊ីល​របស់​អ៊ីរ៉ង់ ហើយ​និង​ការលូកដៃ​របស់​យោធា​អ៊ីរ៉ង់ នៅ​ក្នុង​សង្រ្គាម​ស៊ីរី និង​យេម៉ែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ