ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/11 12h00 GMT

អស់ពីរួមគ្នា​កម្ចាត់​សត្រូវ​រដ្ឋអ៊ីស្លាម អ៊ីរ៉ាក់​និង​គួដឌីស្ថាន​វាយប្រយុទ្ធ​គ្នា​ឯង​ម្តង

អស់ពីរួមគ្នា​កម្ចាត់​សត្រូវ​រដ្ឋអ៊ីស្លាម អ៊ីរ៉ាក់​និង​គួដឌីស្ថាន​វាយប្រយុទ្ធ​គ្នា​ឯង​ម្តង
 
កងទ័ព​រថពាសដែក​អ៊ីរ៉ាក់ នៅ​ Kirkouk ថ្ងៃទី ១៥ តុលា ២០១៧ AHMAD AL-RUBAYE / AFP

បី​ថ្ងៃ​ហើយ ដែល​រដ្ឋាភិបាល​អ៊ីរ៉ាក់ បាន​ស្នើ​សុំ​​ឱ្យ​ក្រុម​គួដឌីស្ថាន​ដក​ខ្លួន​ចេញ​ពី​ខេត្ត​គៀគូក និង​ឱ្យ​គួដឌីស្ថាន​លុប​ចោល​លទ្ធផល​ប្រជាមតិទាមទារ​ឯករាជ្យ​​កាលពី​ថ្ងៃទី​២៥​កញ្ញា​។ ភាគី​ទាំង​ពីរ​បាន​ប្រឈម​ដាក់​មុខ​គ្នា កាន់​តែ​ខ្លាំង​ឡើងៗ រហូត​ដល់​ប្រើ​កម្លាំង។ ​ការ​ប្រយុទ្ធ​គ្នា​រវាង​កង​ទ័ព​រដ្ឋាភិបាល​អ៊ីរ៉ាក់ និង​កងទ័ព​គួដឌីស្ថាន បាន​ផ្ទុះ​ឡើង នៅ​យប់​មិញ។ នៅ​ព្រឹក​ថ្ងៃ​​ចន្ទ​នេះ កងទ័ព​រដ្ឋាភិបាល​អ៊ីរ៉ាក់​បាន​ប្រកាស​ដណ្តើម​បាន​មូលដ្ឋានទ័ព​ដ៏​ធំ​ជាង​ប្រចាំ​តំបន់​។

ហេតុ​អ្វី​បាន​ជា​កងទ័ព​ទាំ​ងពីរ​ ដែល​ធ្លាប់​តែ​កាន់​ដៃ​គ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​អង្គការ​រដ្ឋអ៊ីស្លាម​ បែរ​មក​ប្រយុទ្ធ​គ្នា​ទៅ​វិញ ?

ភាព​តាន​តឹង​នៅ​អ៊ីរ៉ាក់ រវាង​រដ្ឋាភិបាល​និង​គួដឌីស្ថាន បាន​ឈាន​ដល់​ដំណាក់​កាល​ប្រយុទ្ធ​គ្នា ដោយ​អាវុធ។ ​នៅ​យប់​មិញ កង​ទ័ព​រដ្ឋាភិបាល​អ៊ីរ៉ាក់ បាន​បើក​ប្រតិបត្តិការ​វាយ​ប្រហារ​ លើ​កង​ទ័ព​គួដឌីស្ថាន នៅ​ខេត្ត​គៀរគួក។

កាលពី​ប៉ុន្មានសប្តាហ៍​​មុន​នេះ​សោះ កងទ័ព​រដ្ឋាភិបាល​អ៊ីរ៉ាក់ និង​កងទ័ព​គួឌីស្ថាន ឬ​កង Pesmergas​ កាន់​ដៃ​គ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​អង្គការ​រដ្ឋ​អ៊ីស្លាម ដែល​ជា​សត្រូវ​រួម។ ពេល​នេះ​ពួក​ជីហាត បរាជ័យ​ រលំរលាយ​ ​ និង​ត្រូវ​បណ្តេញ​ចេញ​ស្ទើរ​អស់​ពី​ទឹក​ដី ​អ៊ីរ៉ាក់​បែរ​​ត្រូវ​ប្រឈម​ នឹង​ជម្លោះ​ផ្ទៃ​ក្នុង​ ដល់​ថ្នាក់​ប្រើ​កម្លាំង​អាវុធ​ប្រយុទ្ធ​គ្នា​ទៅ​វិញ​។ វា​ពិត​ជា​គួរ​សោក​ស្តាយ​មែន។

ប៉ុន្តែ​ភាព​ប្រឈមរវាង​រដ្ឋាភិបាល​​ជាមួយ​នឹង​ពួក​គួឌីស្ថាន​នេះ ​មិន​មែន​ជា​រឿង​ថ្មី​ថ្មោង​របស់​អ៊ីរ៉ាក់​ទេ ! ​

អ៊ីរ៉ាក់ និ​ងគួឌីស្ថាន ស្រលាញ់​គ្នា​ក្នុង​គ្រាអាសន្ន

គួឌីស្ថាន ជា​អត្តសញ្ញាណ​នយោបាយ​​មួយរបស់​អ៊ីរ៉ាក់​ ដែល​ទទួល​ស្គាល់​ដោយ​រដ្ឋធម្មនុញ្ញ​ប្រទេស កាលពី​ឆ្នាំ​២០០៥។ គួឌីស្ថាន ជា​តំបន់​ស្វយ័ត មាន​រដ្ឋាភិបាល​ មាន​សភា​ មាន​រចនា​សម្ព័ន្ធ​ដឹកនាំ​តំបន់ ដូច​ជា​ប្រទេស​មួយ មាន​ទង់ជាតិ មាន​កងកម្លាំង​ប្រដាប់​អាវុធ​ ដែល​​ល្បី​​ខ្លាំងផ្នែក​ប្រយុទ្ធ។ ​​គួឌីស្ថាន​មាន​ប្រជាពលរដ្ឋ ជាជនជាតិដើម​ប្រចាំ​តំបន់ និង​មិន​សូវ​ចេះ​គោរព​ខ្លាច​អំណាច​កណ្តាល​ប៉ុន្មាន​ទេ។ គួឌីស្ថាន​ ​ធ្លាប់​ធ្វើងើប​បះបោរ​ធ្វើ​សង្គ្រាម​ជា​ច្រើន​លើក​ច្រើន​សារ​ជាមួយ​រដ្ឋ​អ៊ីរ៉ាក់ នៅ​ក្នុង​សតវត្សរ៍​ទី​២០ ទម្រាំ​ទាមទារ​បាន​ស្វយ័តពេល​លេញ​នៅ​ដើម​សតវត្សរ៍​ទី​២១ (២០០៥)ពោល​គឺ​ក្រោយ​ពី​មានការ​ឈ្លានពាន​របស់​អាមេរិក។

ហើយ​គ្រាន់​តែ​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​ចាប់​បរាជ័យ​ភ្លាម គួឌីស្ថាន​ចាប់​ផ្តើម​មាន​គំនិត​ចង់​ទាមទារ​ឯករាជ្យ​ទៀត ដោយ​បាន​រៀប​ចំ​ប្រជាមតិ​កាលពី​ថ្ងៃ​ទី ២៥​កញ្ញា ដែល​អ៊ីរ៉ាក់​ក៏ដូច​ជា​បណ្តា​ប្រទេស​ជិត​ខាង ព្រម​ទាំង​សហគមន៍​អន្តរជាតិ​​មិន​ប្រឆាំង​ដាច់​ខាត។ អ៊ីរ៉ាក់​គ្មាន​ថ្ងៃ​បណ្តោយ​ឱ្យ​ដី​មួយ​ចម្រៀក​នេះ​ផ្តាច់​ខ្លួន​ជា​រដ្ឋ​ឯករាជ្យ​ទេ។

រដ្ឋាភិបាល​អ៊ីរ៉ាក់​បាន​ដាក់​ឱសានវាទ​ ឱ្យ​គួឌីស្ថាន​ប្រកាស​លុប​ចោល​លទ្ធផល​ប្រជាមតិ​នោះ និង​ដក​កងទ័ព​ចេញ​ពី​តំបន់​​ដែល​មិន​ស្ថិត​នៅក្រោម​តំបន់​គ្រប់គ្រង​ស្វយ័ត​របស់​គេ ពោល​គឺ​តំបន់​ដែល​គួឌីស្ថាន​ដណ្តើម​បាន​ពី​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម។

​ម្យ៉ាង​វិញ​ទៀត រដ្ឋាភិបាល​អ៊ីរ៉ាក់​សង្កេត​ឃើញ​វត្តមាន​កងកម្លាំង​គួឌីស្ថាន​មក​ពី​តួកគី នៅ​គៀរគួក​ទៀត។ ទង្វើ​បែប​នេះ គឺ​ជា​ការ​​ប្រកាស​សង្គ្រាម ​

បាញ់​រ៉ុកកែត​ឆ្លង​ឆ្លើយគ្នា

បើ​តាម​ទូរទស្សន៍​ជាតិ​អ៊ីរ៉ាក់ គឺកង​កម្លាំង​ប្រឆាំង​ភេរវកម្ម​ នៃ​កងពលរថពាសដែក​​លេខ​៩ និង​ប៉ូលិស​សហព័ន្ធ​ជា​អ្នក​ដឹកនាំ​ធ្វើ​ប្រតិបត្តិការ តាំង​ពី​កណ្តាល​អាធ្រាត្រ​មក។ ​​ប្រភព​យោធា​ទាំង​សង​ខាង បាន​លើក​ឡើង​អំពី​ការ​ប្រយុទ្ធ​គ្នា​ដ៏​សន្ធោសន្ធៅ ដោយ​មាន​ការ​បាញ់​រ៉ុកកែត​ឆ្លង​ឆ្លើយ​គ្នា​ និង​ធ្វើ​ឱ្យ​កងទ័ព​គួឌីស្ថាន​ជា​ច្រើន​នាក់​រង​របួស។

រោងចក្រ​ចម្រាញ់​​ប្រេង​នៅ​គៀរគូក Photo by Staton R Winter/Bloomberg via Getty Images

នៅ​ពេលនេះ​ ​តំបន់​ឧស្សាហកម្ម​ ​មូលដ្ឋាន​តាម​បណ្តោយ​ផ្លូវ​​ឆ្ពោះ​ទៅ​ភាគ​ខាង​ជើង ដែលកងទ័ព​គួឌីស្ថាន​កាន់កាប់​តាំង​ពី​បី​ឆ្នាំ​មុន ក្រោយ​ពី​កម្ចាត់​ពួក​រដ្ឋ​អ៊ីស្លាម​បាន ត្រូវ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​ទាំ​ងអស់។​ ​សម្រាប់​រដ្ឋាភិបាល​អ៊ីរ៉ាក់​​កម្មវត្ថុ​នៃ​ប្រតិបត្តិការ​​នេះ គឺ​រក្សាស​ន្តិសុខ​មូលដ្ឋាន និង​ទីតាំង​សហព័ន្ធ​នៅ​ខេត្ត​គៀរគូក។ នាយក​រដ្ឋមន្ត្រី​អ៊ីរ៉ាក់​បាន​ទន្ទេញ​ពាក្យ​ដដែលៗ​ តាំ​ងពី​ជា​ច្រើន​ថ្ងៃ​មក​ហើយ​ថា​គ្មាន​ចេតនា​ចង់​ធ្វើ​សង្គ្រាម​ជាមួយ​គូឌីស្ថាន​ទេ។ កងកម្លាំង​យោធា​បាន​ទទួល​បញ្ជា​ឱ្យធ្វើ​យ៉ាងណា​រក្សា​សន្តិសុខ​ ឱ្យ​ខេត្ត​គៀរគួក និង​ការពារ​ពលរដ្ឋ​ពលរដ្ឋ​ទាំង​គ្រប់​សហគមន៍។

​គៀរគូក ខេត្ត​ជម្រុក​ប្រេង

ខេត្ត​គៀរគួក​នេះ មិន​មែន​ស្ថិត​នៅ​ក្នុងដែន​អំណាច​នៃ​​តំបន់​ស្វយ័ត​គួឌីស្ថាន​ទេ។ ប៉ុន្តែ​គេ​អាច​ចាត់ទុក​ថា​​​ជា​តំបន់​ជាប់​ជម្លោះ ដែល​ភាគី​ទាំង​ពីរ​កំពុង​ដណ្តើមគ្នា​គ្រប់គ្រង​។ ព្រោះ​តាំ​ងពី​ឆ្នាំ​២០១៤​មក គៀរគួក ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​គួឌីស្ថាន ដែល​បាន​ប្រយុទ្ធ​យ៉ាង​ប្តូរផ្តាច់​ខ្លាំង ទម្រាំ​កម្ចាត់​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​ឱ្យ​អន្តរាយ​ពី​ខេត្ត​នេះ​បាន។ គៀរគួក ជា​តំណាង​ជោគជ័យ​ដំបូង នៃ​សង្គ្រាម​អ៊ីរ៉ាក់​-គួឌីស្ថានប្រឆាំងនឹង​​ពួក​​​ជីហាត​។ អញ្ចឹង​ហើយ​បាន​ជា​រដ្ឋាភិបាលអ៊ីរ៉ាក់ តម្រូវ​ឱ្យ​គួឌីស្ថាន​ដក​ទ័ព​ចេញពី​តំបន់​នេះ។

គៀរគួក ច្រក​យុទ្ធសាស្ត្រ​ ! ដែល​រដ្ឋាភិបាល​អ៊ីរ៉ាក់​មិន​អាច​បណ្តោយ​ឱ្យ​គួឌីស្ថានជា​អ្នក​ធានារ៉ាបរង​សុវត្ថិភាព​និង​សន្តិសុខ​ទៀត​ទេ។ គៀរគួក ជា​ច្រក​ផ្លូវ​នាំ​ទៅ កាន់​មូលដ្ឋាន​យោធា​ដ៏​ធំ​របស់​រដ្ឋាភិបាល​នៅ​ភាគ​ខាង​ជើ​ង​ប្រទេស មូលដ្ឋាន​ K១ និង​នៅក្បែ​រ​នោះ គឺ​ជា​តំបន់​ឧស្សាហកម្ម​បូម​ប្រេង​ ដែល​មាន​អណ្តូង​ធំៗ​បី។

​អណ្តូង​ប្រេង​នៅ​គៀរគូក​នេះមាន​សមត្ថភាព​ផ្តល់​ប្រេង​បាន​ ៦០​ម៉ឺន​ធុង​ក្នុងមួយ​ថ្ងៃ តែ​រដ្ឋាភិបាល​អ៊ីរ៉ាក់​​ បូម​ប្រើ​តែ​២៥០ ០០០​ធុង​ក្នុង​មួយ​ថ្ងៃប៉ុណ្ណោះ។ ប៉ុន្តែ​នៅ​ពេល​គួឌីស្ថាន​ជា​អ្នក​គ្រប់គ្រង គួឌីស្ថាន​ទាញ​យក​ដល់​ទៅ​៥៥០០០០ធុង​ក្នុង​មួយ​ថ្ងៃ​ ដោយ​គ្មាន​សុំ​យោបល់​ពី​រដ្ឋាភិបាល​អ៊ីរ៉ាក់​ទេ។ គួឌីស្ថាន កំពុង​មាន​វិបត្តិ​សេដ្ឋកិច្ច​ខ្លាំង​ មិនធ្លាប់​ប្រទះ​ ពិត​ជា​មិន​ចង់​បាត់​បង់​អណ្តូង​ប្រេង​នេះ​ទេ៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • អ៊ីរ៉ាក់

    តុលាការ​អ៊ីរ៉ាក់​ចេញ​ដីកា​ចាប់ខ្លួន អ្នករៀបចំ​បោះឆ្នោត​ទាមទារ​ឯករាជ្យ​ឲ្យ គួឌីស្ថាន

    ស្វែងយល់បន្ថែម

  • អ៊ីរ៉ាក់-បារាំង

    បញ្ហា​តំបន់​កួកឌីស្ថាន ​ជា​ស្នូល​នៃ​ជំនួប​ រវាង​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់ ​និង​ប្រធានាធិបតី​បារាំង

    ស្វែងយល់បន្ថែម

  • អ៊ីរ៉ាក់​ផ្តាច់​ចរាចរណ៍​ផ្លូវអាកាស​រវាងបរទេសនិងតំបន់​​គួដឌីស្ថាន​

    ស្វែងយល់បន្ថែម

  • គួឌីស្ថានអ៊ីរ៉ាក់

    ស្ថានការណ៍​​តានតឹង​​នៅ​​គួឌីស្ថាន​​អ៊ីរ៉ាក់​​​​​​​ ក្រោយ​​បោះឆ្នោត​​ប្រជាមតិ​​​ទាមទារ​​ឯករាជ្យ​

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ