អានតួអត្ថបទ
ស៊ីរី

ទីក្រុងរ៉ាកា​នៅ​ស៊ីរី​ត្រូវ​បាន​រំដោះ​ទាំង​ស្រុង​ពី​កណ្តាប់ដៃ​អង្គការ​រដ្ឋអ៊ីស្លាម

នៅ​ក្នុង​ប្រទេស​ស៊ីរី បន្ទាប់​ពី​បាន​បើក​យុទ្ធនាការ​វាយប្រហារ​អស់​ជា​ច្រើន​ខែ​មក កម្លាំង​សម្ព័ន្ធមិត្ត​អន្តរជាតិ និង​អង្គការ​សង្កេតការណ៍​សិទ្ធិមនុស្ស​ស៊ីរី​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​ដណ្តើម​បាន​ទាំង​ស្រុង​នូវ​ទីក្រុង​រ៉ាកា​ពី​កណ្តាប់ដៃ​អង្គការ​រដ្ឋអ៊ីស្លាម។ ចំណែក​កម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី​បាន​ប្រកាស​ពី​ការ​កំចាត់​ពួក​ជីហាត​សេសសល់​ចុង​ក្រោយ និង​ថា ប្រតិបត្តិសឹក​នៅ​ក្នុង​ទីក្រុង​រ៉ាកា​បាន​បិទបញ្ចប់​ជា​ផ្លូវការ។

កម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី​​ក្នុង​ទីក្រុង​រ៉ាកា ថ្ងៃទី១៧ តុលា ២០១៧
កម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី​​ក្នុង​ទីក្រុង​រ៉ាកា ថ្ងៃទី១៧ តុលា ២០១៧ REUTERS/Rodi Said
ផ្សាយពាណិជ្ជកម្ម

« ប្រតិបត្តិការ​យោធា​នៅ​រ៉ាកា​បាន​បិទបញ្ចប់ ហើយ​ទីក្រុង​រ៉ាកា​ទាំងមូល​បាន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​កម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី » នេះ​ជា​ការ​ប្រកាស​របស់​អ្នកនំាពាក្យ​កម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី​លោក តាតាល់ សេឡូ។ លោក​តាតាល់​បាន​បន្ថែម​ថា ទីក្រុង​រ៉ាកា​បាន​រំដោះ​មែន តែ​កម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី​ដែល​រួម​គ្នា​ដោយ​កម្លាំង​គួដ និង​អារ៉ាប់​បាន​បន្ត​ប្រតិបត្តិការ​ចូល​ឆែកឆេរ​នៅ​តាម​អាគារ និង​ទីតាំង​សំខាន់ៗ​មួយ​ចំនួន ពិសេស​ពហុកីឡាដ្ឋាន និង​មន្ទីរពេទ្យ​ដែល​ជា​កន្លែង​លាក់ខ្លួន​ចុង​ក្រោយ​របស់​ពួក​ជីហាត។ ទន្ទឹម​គ្នា​នេះ ក៏​នៅ​មាន​ប្រតិបត្តិការ​បោសសំអាត​គ្រាប់មីន និង​គ្រាប់បង្កៃ​ផ្សេង​ទៀត​ដែល​បង្កប់​ដោយ​ពួក​ជីហាត​មុន​នឹង​ពួក​វា​ដក​ថយ។

ព័ត៌មាន​ផ្តល់​ដោយ​កម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី​ឲ្យ​ដឹង​ថា មាន​វត្តមាន​ពួកជីហាត​បរទេស និង​ក្រុម​គ្រួសារ​របស់​ជា​ច្រើន​នាក់​បាន​លាក់​ខ្លួន​នៅ​ពហុកីឡាដ្ឋាន និង​ក្នុង​មន្ទីរពេទ្យ។ តែ​នៅ​មិន​ទាន់​ព័ត៌មាន​ណា​មួយ​ដែល​បញ្ជាក់​ពី​ជោគវាសនា​របស់​ពួក​គេ​នៅ​ឡើយ​ទេ។ គួរ​រម្លឹក​ជូន​ថា តាំង​ពី​មាន​បដិវត្ត​ពណ៌​ផ្ទុះ​នៅ​ស៊ីរី​ក្នុង​ឆ្នាំ ២០១១ មក ទីក្រុង​រ៉ាកា​បាន​ធ្លាក់​ក្រោម​ការ​កាន់កាប់​របស់​ក្រុមប្រឆាំង​រដ្ឋាភិបាល​ស៊ីរី​របស់​លោក​ប្រធានាធិបតី​អាសាដ​ក្នុង​ឆ្នាំ ២០១៣។ ក្រោយ​មក ទីក្រុង​ស៊ីរី​មួយ​នេះ​ក៏​ត្រូវ​បាន​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​វាយ​ដណ្តើម​យក​ធ្វើ​ជា​ទីក្រុង​របស់​ខ្លួន​ក្នុង​ឆ្នាំ ២០១៤។

ទីក្រុង​រ៉ាកា​បាន​ក្លាយ​ជា​និមិត្តរូប​នៃ​អំពើ​ឃោរឃៅ​ព្រៃផ្សែ​ប្រព្រឹត្ត​ដោយ​អង្គការ​រដ្ឋអ៊ីស្លាម ព្រោះ​នៅ​ទីនោះ​ហើយ​ដែល​ពួក​ជីហាត​បាន​រៀបចំ​ផែនការ​វាយប្រហារ​ភេរវកម្ម​យ៉ាង​បង្ហូរ​ឈាម​នៅ​ក្នុង​ប្រទេស​ជា​ច្រើន ពិសេស​ប្រទេស​នៅ​អឺរ៉ុប។ តួលេខ​ផ្តល់​ដោយ​កម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី​ឲ្យ​ដឹង​ថា ប្រតិបត្តិសឹក​របស់​កម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី​ដោយ​មាន​ជំនួយ​ពី​កម្លាំង​សម្ព័ន្ធមិត្ត​អន្តរជាតិ​ដើម្បី​រំដោះ​ទីក្រុង​រ៉ាកា​នា​រយៈពេល​ប៉ុន្មាន​ខែ​នេះ​អាច​នឹង​មាន​មនុស្ស​ស្លាប់ ៣ ២៥០នាក់​ក្នុង​នោះ​មាន​ជនស៊ីវិល​ចំនួន ១ ១៣០នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ