អានតួអត្ថបទ
លីបង់

នាយក​រដ្ឋមន្រ្តី​លីបង់ ប្រកាស​លាលែង​ពីតំណែង ដោយសារ​ខ្លាច​គេ​ធ្វើ​ឃាត

នាយក​រដ្ឋមន្រ្តី​លីបង់ នៅថ្ងៃ​សៅរ៍​ទី ៤​វិច្ឆិកា​បាន​ប្រកាស​លាលែង​ពី​មុខ​តំណែង។ នៅក្នុង​ការប្រកាស​តាម​ទូរទស្សន៍ តាំង​ពី​ប្រទេស​អារ៉ាប៊ី សាអូឌីត លោក​សាអាដ ហារីរី ( Saad Hariri) បាន​និយាយ​ចោទប្រកាន់​ក្រុមទាហាន​អេស្បូឡា នៅ​លីបង់ និង ប្រទេស​អ៊ីរ៉ង់​ថា បាន​ចូល​ក្តោបក្តាប់​ជីវិត​នយោបាយ​លីបង់ និង​គំរាមកំហែង​អាយុជីវិត​ផ្ទាល់ខ្លួន​របស់លោក។

នាយករដ្ឋមន្រ្តី​លីបង់ លោក​សាអាដ​ ហារីរី នៅ​សភា នៅថ្ងៃទី ៧​តុលា ២០១៧
នាយករដ្ឋមន្រ្តី​លីបង់ លោក​សាអាដ​ ហារីរី នៅ​សភា នៅថ្ងៃទី ៧​តុលា ២០១៧ ©REUTERS/Mohamed Azakir
ផ្សាយពាណិជ្ជកម្ម

តាម​កញ្ចក់​ទូរទស្សន៍​អារ៉ាប៊ី សាអូឌីត លោក​សាអាដ ហារីរី ដែល​អាន​លិខិត​សុំលាលែង​ពី​មុខ​តំណែង​នាយករដ្ឋមន្រ្តី​លីបង់ បាន​លើកឡើង​ថា លោក​មាន​អារម្មណ៍ថា កំពុង​មាន​ការប៉ុនប៉ង​ដោយ​សម្ងាត់​ណាមួយ សំដៅ​ធ្វើ​ឃាត​រូបលោក។ លោកសាអាដ ហារីរី បាន​ប្រៀបធៀប​បរិយាកាស​នយោបាយ​នៅ​លីបង់ ​សព្វថ្ងៃ ទៅ​នឹង​លីបង់ កាលពី​១២​ឆ្នាំ គឺ​ឆ្នាំ ២០០៥ នៅពេល​លោក​នាយករដ្ឋមន្រ្តី រ៉ាហ្វីក ហារីរី ជាឪពុក​របស់​លោក ត្រូវ​គេ​លួច​ធ្វើ​ឃាត ដោយ​ការបំផ្ទុះ​រថយន្ត។ សមាជិក​របស់​ក្រុមហេស្បូឡា​៥​នាក់​ត្រូវ​បាន​ចោទប្រកាន់​ថា ជាអ្នកនៅពីក្រោយ​ឃាតកម្ម​ទៅលើលោក​រ៉ាហ្វីក ហារីរី។

ការប្រកាស​លាលែង​ពីតំណែង របស់​លោក​ហារីរី បាន​ធ្វើ​ឲ្យ​មាន​ការភ្ញាក់ផ្អើល​ជាទូទៅ នៅ​លីបង់ ព្រោះថា លោក​សាអាដ ហារីរី (អាយុ ៤៧ឆ្នាំ) ទើប​តែ​ចូល​កាន់តំណែង​នេះ​ នៅ​ឆ្នាំ ២០១៦​តែប៉ុណ្ណោះ។ ការិយាល័យ​ប្រធានាធិបតី​លីបង់ នៅថ្ងៃ​សៅរ៍​បាន​ប្រកាស​ថា លោក​ប្រធានាធិបតី Michel Aoun បាន​ទទួល​រួចហើយ លិខិត​សុំ​លាលែង​របស់​លោក​នាយករដ្ឋមន្រ្តី ហារីរី ប៉ុន្តែ លោកនៅ​រង់ចាំ​ការបកស្រាយ នៅពេល​លោក​ហារីរី​ត្រឡប់​មក​ពី​ប្រទេស​អារ៉ាប៊ី សាអូឌីត មុន​នឹង​សម្រេច​ចាត់វិធានការ​បន្ទាប់ពីនេះ។

លីបង់ ប្រទេស​ដ៏តូច​មួយ ចន្លោះ អ៊ីស្រាអែល និង​ស៊ីរី ត្រូវ​ហែកហួរ បំផ្លាញ ដោយសារ​សង្រ្គាម​ស៊ីវិល និង​ការវាយប្រហារ​របស់​អ៊ីស្រាអែល នៅ​ឆ្នាំ ២០០៦។ ស្ថិរភាព​នយោបាយ​សឹង​តែ​គ្មាន នៅ​ប្រទេស​លីបង់ ជាទី ដែលមាន​ការប្រជែង​ដណ្តើម​ឥទ្ធិពល គ្នា​រវាង​ថ្នាក់ដឹកនាំ នយោបាយ ដែល​មាន​និន្នាការ​នយោបាយ និង​សាសនា​ប្រឆាំង​គ្នា។ លោក​នាយករដ្ឋមន្រ្តី សាអាដ ហារីរី មក​ពី​និកាយ​ស៊ុននីត និង​គាំទ្រ​អារ៉ាប៊ី សាអូឌីត។ នៅ​ឆ្នាំ ២០១៦ ឆ្នាំមុន លោក​ហារីរី​ត្រូវ​បង្ខំចិត្ត ចាប់ដៃ​បង្កើត​រដ្ឋាភិបាល ជាមួយលោក​ប្រធានាធិបតី​លីបង់ Michel Aoun ដែល​ជាសម្ព័ន្ធមិត្ត​របស់​ពួកទាហាន​អេស្បូឡា ដែល​ជាសត្រូវ​របស់​លោកហារីរី។

នៅក្នុង​សារ​លាលែង​ចេញពី​តំណែង​នាយករដ្ឋមន្រ្តី លោក​សាអាដ ហារីរី បាន​ចោទ​ប្រកាន់​ក្រុម​អេស្បូឡា ថា កំពុង​ប្រើ​សព្វាវុធ ដែល​ក្រុមនេះ នៅ​រក្សា​ទុក ក្រោយ​ពី​ចប់​សង្រ្គាម​ស៊ីវិល ឆ្នាំ ១៩៩០ ដើម្បី​ដណ្តើម​អំណាច ចូល​ត្រួតត្រា​ទាំងស្រុង​កងទ័ព​លីបង់។ ក្រុម​អេស្បូឡា ដែល​កំពុង​មាន​មុខ​ប្រយុទ្ធ ក្នុង​សង្រ្គាម​ស៊ីរី និង​យេម៉ែន ជា​ក្រុម​ដែល​គាំទ្រ ហិរញ្ញវត្ថុ និង​យោធា ដោយ​ប្រទេស​អ៊ីរ៉ង់ ដែល​ជា​គូប្រជែង​របស់​អារ៉ាប៊ី សាអូឌីត។

លោក​សាអាដ ហារីរី ដែល​មាននិន្នាការ​ទៅរក​អារ៉ាប៊ី សាអូឌីត (ជាទី​ដែល​លោកកើត​ធំដឹងក្តី) បាន​ចង្អុរ​មុខ​អ៊ីរ៉ង់ ចំៗ​ផងដែរ​ថា កំពុង​លូកដៃ ចូល​ក្តោបក្តាប់​នយោបាយ​លីបង់ តាមរយៈ សាបព្រួស​មនោគមវិជ្ជា ទៅ​ក្នុង​ខួរក្បាល​កុមារ​លីបង់។ សម្រាប់​អ្នកជំនាញ​មួយចំនួន លោក ហារីរី លាលែង​ពីតំណែង​នៅពេលនេះ គឺ​ជា​លទ្ធផល​នៃ​ភាពតានតឹង​ដាក់គ្នា​កាន់តែ​ខ្លាំង​រវាង​អ៊ីរ៉ង់ និង​អារ៉ាប៊ី សាអូឌីត នៅក្នុង​តំបន់។ លីបង់ ដែល​កំពុង​មាន​នយោបាយ និង​សេដ្ឋកិច្ច​ដើរអូសជើង​ហើយនោះ រឹតតែ​ធ្លាក់​ទៅ​ក្នុង​អស្ថិរភាព​មួយ​កម្រិតទៀត នៅក្រោយ ការប្រកាស​លាលែង​ពីតំណែង​របស់ នាយករដ្ឋមន្រ្តី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ