ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/09 12h00 GMT
មជ្ឈិមបូព៌ា

អារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ ចោទ​គ្នា​ទៅវិញ​ទៅមក​រឿង​យេម៉ែន

media រូបភាព​បង្ហាញ​ក្នុង​ទូរទស្សន៍​ពួកហ៊ូទី​យេម៉ែន​បាញ់​មីស៊ីល​សំដៅ​ក្រុង​រីយ៉ាត Houthi Military Media Unit via REUTERS TV

ភាព​តាន​តឹង​មាន​កាន់​តែ​ខ្លាំង​មួយ​កំរិត​ទៀត រវាង​អារ៉ាប៊ីសាអូឌីត និង​អ៊ីរ៉ង់ ដោយ​សារ​ទង្វើ​បាញ់​មីស៊ីល​បាលីស្ទិក​របស់​ពួក​ឧទ្ទាម​យេម៉ែន។ អារ៉ាប៊ីសាអូឌីត បាន​ចោទ​អ៊ីរ៉ង់​ថា​បាន​ផ្តល់ការ​គាំទ្រ​​យោធា​​ដល់​យេម៉ែន តែ​អ៊ីរ៉ង់​បដិសេធ​ហើយ​ចោទ​ក្រុង​រីយ៉ាត​វិញ​ថា ជា​អ្នក​​ប្រព្រឹត្ត​ឧក្រិដ្ឋ​សង្គ្រាម​នៅ​យេម៉ែន។

សម្រាប់​អាជ្ញាធរ​អារ៉ាប៊ីសាអូឌីត មីស៊ីល​របស់​យេម៉ែន​ដែល​រីយ៉ាត​កម្ទេច​បាន​ទាន់​ពេលវេលា និង​ធ្លាក់​កំទេច​បំណែក​ក្នុង​រង្វង់​អាកាសយានដ្ឋាន គឺ​ដោយ​សារ​មាន​អ៊ីរ៉ង់​គាំទ្រ​ ! ទង្វើ​បែប​នេះ ជា​រំលោភ​បំពាន​ និង​ជា​ការ​ប្រកាស​សង្គ្រាម។ នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថ្ងៃ​ចន្ទ​​ អារ៉ាប៊ីសាអូឌីត បាន​ធ្វើ​ការ​ចោទ​ប្រកាន់​ដោយ​ត្រង់ៗ​ថា​អ៊ីរ៉ង់​​ បាន​ផ្តល់​ជំនួយ​យោធា ជា​សម្ភារៈ និង​ជំនួយ​ការ​បច្ចេកទេស​មីស៊ីល​​ដល់​ពួក​ឧទ្ទាម​ហ៊ូទី​ យេម៉ែន ដែល​កំពុង​កាន់​កាប់​រដ្ឋធានី​សាណា និង​តំបន់​ប៉ែក​ខាង​ជើង​និ​ងខាង​លិច​ប្រទេស​។ ជាមួយ​នឹង​ពាក្យ​ចោទ​ប្រកាន់​ ក្រុងរីយ៉ាត ក៏​បាន​ព្រមាន​​បិទ​ខ្ទប់​ច្រក​ព្រំដែន​គោក ព្រំដែន​ទឹក​ និង​ជើង​អាកាសទៀត​ មួយ​រយៈ​ លើក​លែង​តែ​ក្បួន​ជំនួយ​មនុស្សធម៌។

ប៉ុន្តែ​អ៊ីរ៉ង់​បដិសេធ​ និង​យល់​ថា​ជា​ការ​ចោទ​ប្រកាន់​ដែល​គ្មានទំនួល​ខុស​ត្រូវ និង​បែប​បង្ក​រឿង។ ​ចំពោះ​តេអេរ៉ង់ ដែល​អះអាង​ថា​គ្មាន​ពាក់ព័ន្ធ​អ្វី​ទាំង​អស់ នឹង​ការ​បាញ់​មីស៊ីល​យេម៉ែន កាលពី​ថ្ងៃ​សៅរ៍ គឺ​អារ៉ាប៊ីសាអូឌីត​នេះ​ឯងទេ ជា​អ្នក​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​ក្នុង​ប្រទេស​យេម៉ែន​ដែល​លង់​ក្នុង​ជម្លោះ។

ដើម្បី​​បិទ​ខ្ទប់​ឥទ្ធិពល​របស់​អ៊ីរ៉ង់ ដែល​មាន​និកាយ​ឈីអ៊ីត អារ៉ាប៊ីសាអូឌីត​ប្រទេស​​អ៊ីស្លាម​និកាយ​ស៊ុននីត បាន​ដឹកនាំ​​ក្រុម​ប្រទេស​ជា​សម្ព័ន្ធ​អារ៉ាប ចូល​ធ្វើ​អន្តរាគមន៍​នៅ​ប្រទេស​យេម៉ែន តាំង​ពី​ឆ្នាំ​២០១៥​ ដើម្បី​ជួយ​រដ្ឋាភិបាលកាន់​អំណាច​នៅ​​យេម៉ែន ​​ប្រឈម​នឹង​ពួក​ឧទ្ទាម​ហ៊ូទី។ តែ​អ្នក​វិភាគ​ខ្លះ​យល់​ថា ​ ​អារ៉ាប៊ីសាអូឌីតរៀប​ចំប្រតិបត្តិការ​សម្ព័ន្ធ​អារ៉ាបឡើង​ ដោយ​​ មិនចង់​​ឃើញ​មាន​ពួក​ឧទ្ទាមហ៊ូទី​ក្លាយ​​ជា​សត្រូវ​មួយ​ទៀតនៅ​ជាប់​ព្រំដែន​របស់​ខ្លួន​ ដូច​ពួក​ហេស្បូឡា​នៅ​លីបង់។ ម្សិលមិញ អារ៉ាប៊ីសាអូឌីត បាន​ប្រកាស​ផ្តល់​រង្វាន់​៤៤០​លាន​ដុល្លារ​ ដល់​ការ​ចាប់​ខ្លួន​មេដឹកនាំ​ឧទ្ទាម​ហ៊ូទី ៤០​នាក់​បាន។

ភាព​ប្រឈម​រវាង​​អារ៉ាប៊ីសាអូឌីត​និង​អ៊ីរ៉ង់​​ជុំ​វិញ​បញ្ហា​យេម៉ែន​​ ដែល​ហាក់​បាន​ស្ងប់​ស្ងាត់​បន្តិច ដោយ​រីយ៉ាតរវល់​ជាប់​ឈ្លោះ​ជាមួយ​កាតា បាន​ផ្ទុះ​ឡើង​​ក្នុង​ខណៈ​ដែល​អ៊ីរ៉ង់​កំពុង​​ឈ្នះ​ក្នុង​សង្គ្រាម​នៅ​អ៊ីរ៉ាក់​និង​ស៊ីរី​។ សង្គ្រាម​ដើម​បូព៌ា​​ដែលជើង​ខ្លាំងប្រចាំ​តំបន់​ទាំង​ពីរ​ ដំឡើង​ធ្មុង​ដាក់​គ្នា​តាំង​ពី​ជា​ច្រើន​ឆ្នាំ​មក​ហើយ៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ