អានតួអត្ថបទ
លីបង់-អារ៉ាប៊ីសាអូឌីត

លោក​ប្រធានាធិបតី​លីបង់​មីសែល អាអ៊ូន​បាន​អំពាវនាវ​ឲ្យ​លោក​សាដ ហារីរី​ត្រឡប់​ចូល​ស្រុក​វិញ

នៅ​ថ្ងៃ​សុក្រ ទី១០ វិច្ឆិកា លោក​ប្រធានាធិបតី​លីបង់​មីសែល អាអ៊ូន​បាន​អំពាវនាវ​នាយករដ្ឋមន្រ្តី​របស់​លោក គឺ​លោក​សាដ ហារីរី​ដែល​កំពុង​ស្ថិត​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត​ឲ្យ​វិល​ចូល​ស្រុក​វិញ។ ការ​ប្រកាស​របស់​លោក​អាអ៊ូន​យ៉ាង​ដូច​នេះ​បាន​ធ្វើ​ឡើង នៅ​ក្រោយ​ជំនួប​ជាមួយ​បេសកជន​អារ៉ាប៊ីសាអូឌីត​ប្រចាំ​ទីក្រុង​បេរូត​លោក​វ៉ាលីដ ប៊ូខារី។ សូម​រម្លឹក​ជូន​ថា លោក​សាដ ហារីរី​បាន​ប្រកាស​លា​ចុះ​ពី​មុខ​តំណែង​ពី​ទីក្រុង​រីយ៉ាដ ប្រទេស​អារ៉ាប៊ីសាអូឌីត​កាល​ពី​ថ្ងៃ​សៅរ៍ ទី៤ វិច្ឆិកា និង​បាន​បន្ត​ស្ថិត​នៅ​ទីនោះ​រហូត​មក​ដល់​សព្វថ្ងៃ។

លោក​ប្រធានាធិបតី​លីបង់ Michel Aoun (រូបឆ្វេង) និងលោក Walid al-Bukhari បេសកជន​អារ៉ាប៊ីសាអូឌីត​ប្រចាំ​លីបង់ ថ្ងៃទី១០ វិច្ឆិកា ២០១៧
លោក​ប្រធានាធិបតី​លីបង់ Michel Aoun (រូបឆ្វេង) និងលោក Walid al-Bukhari បេសកជន​អារ៉ាប៊ីសាអូឌីត​ប្រចាំ​លីបង់ ថ្ងៃទី១០ វិច្ឆិកា ២០១៧ Reuters
ផ្សាយពាណិជ្ជកម្ម

ព្រឹត្តិការណ៍​នៃ​ការ​ប្រកាស​លា​ចុះ​ពី​តំណែង​នាយករដ្ឋមន្រ្តី​លីបង់​របស់​លោក​សាដ ហារីរី​ពី​ប្រទេស​អារ៉ាប៊ីសាអូឌីត​បាន និង​កំពុង​បន្ត​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ទូទៅ​នៅ​លីបង់​ភ្ញាក់ផ្អើល​ផង និង​ព្រួយបារម្ភ​ផង ពិសេស​គណបក្ស និង​មនុស្ស​ជំនិត​របស់​លោក​ហារីរី។ អ្វី​ដែល​ពួក​គេ​ព្រួយបារម្ភ​ខ្លាំង គឺ​បរិបទ និង​កាលៈទេសៈ​នៃ​ការ​ប្រកាស​លាលែង​របស់​លោក​ហារីរី​ពី​ទឹកដី​អារ៉ាប៊ីសាអូឌីត។ នៅ​ក្នុង​ន័យ​នេះ លោក​ប្រធានាធិបតី​លីបង់​អាអ៊ូន​បាន​និយាយ​ប្រាប់​បេសកជន​អារ៉ាប៊ីសាអូឌីត​ប្រចាំ​ទីក្រុង​បេរូត​លោក​វ៉ាលីដ ប៊ូខារី​ត្រង់ៗ​ថា លោក​មិន​អាច​ទទួល​យក​បាន​ទេ​នូវ​របៀប​នៃ​ការ​លាលែង​របស់​លោក​ហារីរី និង​បាន​អំពាវនាវ​ឲ្យ​លោក​ហារីរី​វិល​ត្រឡប់​ចូល​ស្រុក​វិញ។

លោក​អាអ៊ូន​បាន​បន្ថែម​ថា លោក​មិន​អាច​ទទួល​យក​ការ​លា​ចុះ​ពី​តំណែង​របស់​លោក​ហារីរី​បាន​ទេ ល្គឹក​ណា​លោក​ហារីរី​មិន​ត្រឡប់​ចូល​លីបង់​វិញ​ដើម្បី​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ពី​មូលហេតុ​នៃ​ការ​លាលែង​នោះ។ ការ​អំពាវនាវ​ដូច​គ្នា​នេះ​ក៏​មាន​ពី​សហគមន៍​សាសនា​ស៊ុយនីត​នៅ​លីបង់ និង​សហគមន៍​ពលរដ្ឋ​លីបង់​ដែរ។ លោក​វ៉ាលីដ យុមប្លាត ប្រធាន​សហគមន៍​លីបង់​បាន​បញ្ជាក់​ថា វា​ល្មម​ដល់​ពេល​ដែល​លោក​ហារីរី​ត្រឡប់​ចូល​លីបង់​វិញ​ដោយ​ស្ម័គ្រចិត្ត ឬ​ដោយ​ប្រើ​កម្លាំង និង​ថា លោក​ហារីរី​គ្មាន​ជម្រើស​អ្វី​ផ្សេង​ទេ។ ក្រៅ​ពី​ការ​អំពាវនាវ​ឲ្យ​លោក​ហារីរី​វិល​ត្រឡប់​ចូល​ស្រុក​វិញ លោក​មីសែល អាអ៊ូន​ក៏​បាន​ស្នើ​ទីក្រុង​រីយ៉ាដ​ឲ្យ​ពន្យល់​បំភ្លឺ​លើ​ពាក្យ​ចចាមអារ៉ាម​ដែល​ថា រដ្ឋអំណាច​អារ៉ាប៊ីសាអូឌីត​បាន​ឃុំ​លោក​ហារីរី និង​បាន​បង្ខំ​លោក​ហារីរី​ឲ្យ​លា​ចុះ​ពី​តំណែង។

ចំណែក​ប្រមុខ​ចលនា​ហេស្បូឡាលីបង់​លោក​ហាសាន ណាស្រាឡា​បាន​ថ្លែង​តាម​កញ្ចក់​ទូរទស្សន៍​នា​ថ្ងៃ​សុក្រ ទី១០ វិច្ឆិកា​ដោយ​ចោទ​អារ៉ាប៊ីសាអូឌីត​ត្រង់ៗ​ថា ជា​អ្នក​ដែល​បាន​ឃុំ​ខ្លួន​លោក​ហារីរី រារាំង​លោក​ហារីរី​មិន​ឲ្យ​ត្រឡប់​ចូល​លីបង់​វិញ និង​ថែម​ទាំង​បាន​ញុះញង់​អ៊ីស្រាអែល​ឲ្យ​វាយប្រហារ​លីបង់​ទៀត​ផង។ យ៉ាង​ណា​ក៏​ដោយ អារ៉ាប៊ីសាអូឌីត​នៅ​មិន​ទាន់​បញ្ចេញ​ប្រតិកម្ម​យ៉ាង​ណា​ទេ តែ​លោក​ប្រមុខ​ការទូត​បារាំង Jean-Yves Le Drian បាន​ប្រាប់​ឲ្យ​ដឹង​នា​ថ្ងៃ​សុក្រ ទី១០ វិច្ឆិកា​ថា លោក​ហារីរី​មាន​សិទ្ធិ​ដើរហើរ​ដោយ​សេរី​នៅ​ក្នុង​ទឹកដី​អារ៉ាប៊ីសាអូឌីត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ