អានតួអត្ថបទ
អ៊ីរ៉ាក់

កងទ័ព​​អ៊ីរ៉ាក់​​ដណ្តើម​បាន​​ទីតាំង​ចុងក្រោយ​​របស់​​ក្រុម​ជីហាត​​​រដ្ឋ​អ៊ីស្លាម​​

នៅ​អ៊ីរ៉ាក់​ ថ្ងៃសុក្រ​នេះ កងទ័ព​បាន​វាយយកបានទីក្រុង​រ៉ាវ៉ា Rawa ជា​ទីតាំង​ចុងក្រោយ​របស់​ក្រុមភេរវជន​រដ្ឋអ៊ីស្លាម។ Rawa ស្ថិត​នៅ​តាម​ដងស្ទឹង​អឺហ្វ្រាត។ ​ការវាយ​​យកទីតាំង​រ៉ាវ៉ា​នេះ គឺ​មិនដល់​៣ម៉ោងទេ ជា​ពេលវេលារហ័ស​បំផុតសម្រាប់​កងទ័ព​អ៊ីរ៉ាក់ ​​ក្នុងការ​វាយ​ដណ្តើម​ដែនដី​ពី​​ក្រុមជីហាត។​​​

ទាហាន​អ៊ីរ៉ាក់
ទាហាន​អ៊ីរ៉ាក់ REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

ថ្ងៃសុក្រ​នេះ ពេល​កងទ័ព​អ៊ីរ៉ាក់​ចូលវាយ​យក​ក្រុង​រ៉ាវ៉ា កងទ័ព​ប្រឈម​នឹង​សកម្មជន​ជីហាត​រដ្ឋ​អ៊ីស្លាម​តិចតួច​បំផុត។ សកម្មជន​ជីហាត​​​បាន​រត់គេចខ្លួន​ទៅ​ស៊ីរី​ក្បែរ​នោះ​ តាំងតែ​​ពី​​មុន​កងទ័ព​ចូល​មកដល់​រ៉ាវ៉ា​ម្ល៉េះ។ នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់ លោក​អាល់បាឌី​បាន​កោតសរសើរ​ទាហាន​ជាតិ​អ៊ីរ៉ាក់​ ដែល​វាយយក​បានរហ័ស​បំផុត នូវ​ក្រុង​រ៉ាវ៉ា ​ជា​ទីតាំង​ចុងក្រោយ​របស់​ក្រុម​អង្គការ​រដ្ឋអ៊ីស្លា​ម។ ​

ត្បិតថា កងទ័ព​វាយ​យកបាន​​ទីតាំង​ក្រុម​រដ្ឋអ៊ីស្លាម​នៅ​អ៊ីរ៉ាក់ទាំងអស់​ពេលនេះ​ហើយក្តី ក៏ក្រុមភេរវជន​នៅ​មាន​ទីតាំង​កាន់កាប់​ប្រហែល​៤ភាគរយ​ទៀតដែរ គឺ​ទីតាំង​នៅ​តំបន់​ដាច់ស្រយាល គ្មាន​មនុស្ស​រស់នៅ។ ពេលនេះ ទាហាន​​អ៊ីរ៉ាក់​បន្ត​បោសសម្អាត​​សកម្មជន​​​ដែល​នៅ​សេសសល់​ ​នៅ​តាម​តំ​បន់​ដាច់ស្រយាលទាំងនេះ​ ​ព្រមទាំង​​​បោស​សម្អាត​​គ្រាប់មីន និង​គ្រាប់ផ្ទុះ ដូច​​​ក្រោយ​ការវាយប្រហារ​សព្វដង​ដែរ។​

គេនៅចាំ​ថា អង្គការ​ភេរវជន​រដ្ឋអ៊ីស្លាម​បាន​ប្រកាស​ដែនដី​កាលីហ្វា កាលពី​ឆ្នាំ២០១៤ ​ដែល​លាត​សន្ធឹង​ពី​អ៊ីរ៉ាក់ ទៅ​ស៊ីរី មាន​ប្រជាជន​រស់នៅ​៧លាននាក់ ​​មាន​ផ្ទៃដី​​ធំធេង​មិនចាញ់​​​​ប្រទេស​អ៊ីតាលី​ទេ។ ក្រុមភេរវជន​បានបង្ក​ហិង្សា​គ្រប់ទិសទី តែ​ពេលនេះ ពួកគេ​​កំពុង​បរាជ័យខ្លាំងហើយ​ មិនថា​តែ​នៅ​អ៊ីរ៉ាក់​ទេ នៅ​ស៊ីរី​ក៏​​ត្រូវ​កងទ័ព​ស៊ីរី​វាយ​យ៉ាង​ធ្ងន់ដៃ​ដែរ។ ដោយឡែក​ ​នៅ​ស៊ីរី ក្រុមជីហាត​រដ្ឋអ៊ីស្លាម​នៅ​មានដែនដី​កាន់កាប់​ប្រហែល​ជា​២៥ភាគរយ​ទៀត។ ​ ​

ក្រុមជំនាញ​លើកឡើង​ថា ពេលនេះ ​ក្នុងពេល​កងទ័ព​អ៊ីរ៉ាក់​និង​ស៊ីរី​កំពុង​វាយ​ខ្ទប់​ក្រុម​ភេរវជន​ពី​ព្រំដែន​ទាំង​សង្ខាង​រៀងៗ​ខ្លួន អ៊ីរ៉ាក់​និង​ស៊ីរី​ក៏​ត្រូវ​តែ​ប្រុងប្រយ័ត្ន​ពី​សកម្មជន​ជីហាត​នៅតាម​ទីកន្លែង​ផ្សេងៗ​​ទៀតក្នុង​ស្រុក​ដែរ ព្រោះពួកគេ​​​អាចងើប​​បះបោរ​​បង្ក​ហិង្សាឡើងវិញ​​បាន៕ ​ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ