អានតួអត្ថបទ

អេហ្ស៊ីប រងភេរវកម្ម ដ៏ធ្ងន់ធ្ងរ ជាថ្មី

មាន​ស្លាប់​យ៉ាង​ហោច​ណាស់ ២៣៥​នាក់ និង​របួស​ជា​ច្រើន​នាក់​ទៀត នៅក្នុង​ការ​វាយប្រហារ​ភេរវកម្ម​ ប្រឆាំងនឹង​វិហារ​អ៊ីស្លាម​មួយ នៅ​ Sinaï មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ព្រំដែន​ហ្កាហ្សា នៅ​សុក្រ​ទី ២៤ វិច្ឆិកា ២០១៧ ដែល​ជា​​ថ្ងៃ​សូត្រ​ធម៌ ជា​ប្រពៃណី​​របស់​អ្នក​កាន់​សាសនា​អ៊ីស្លាម។ លោកប្រធានាធិបតី​អេហ្ស៊ីប អាប់ដែល ហ្វាតាស អាល់ ស៊ីស៊ី Abdel Fattah al-Sissi  បាន​កោះ​ប្រជុំ​ក្រសួង​ការពារ​ជាតិ និង​ក្រសួង​មហាផ្ទៃ​ ព្រម​ទាំង​ភ្នាក់​ងារ​ចារកិច្ច និ​ងយោធា​ ជាបន្ទាន់។ ពុំ​ទាន់​មាន​ក្រុម​ណា​ចេញ​មុខ​ទទួល​ស្គាល់​ទង្វើ​ភេរវកម្ម​នេះ​នៅ​ឡើយទេ នៅ​ម៉ោង​នេះ។

ជនរងគ្រោះ​ក្នុង​ភេរវកម្ម​ប្រឆាំង​វិហារ​អ៊ីស្លាម នៅ​អេហ្ស៊ីប ថ្ងៃទី ២៤ វិច្ឆិកា ២០១៧
ជនរងគ្រោះ​ក្នុង​ភេរវកម្ម​ប្រឆាំង​វិហារ​អ៊ីស្លាម នៅ​អេហ្ស៊ីប ថ្ងៃទី ២៤ វិច្ឆិកា ២០១៧ Foto: AFP.
ផ្សាយពាណិជ្ជកម្ម

ការ​វាយប្រហារ​​ប្រឆាំង​នឹង​វិហារ​អ៊ីស្លាមមួយ​ នៅ​ភាគ​ខាង​ជើង​ក្រុង​ស៊ីណៃ ប្រមាណ​៥០​គីឡូម៉ែត្រ​ពី​ព្រំដែន​តំបន់​ហ្កាហ្សា​ប៉ាឡេស្ទីន ​បាន​កើត​ឡើង​ នៅ​ពេល​ពិធី​សូត្រ​ធម៌​ថ្ងៃ​សុក្រ ហៀប​នឹង​ចប់​ទៅ​ហើយ។

បើ​តាម​ការ​រៀប​រាប់​របស់សាក្សី ដំបូង​ឡើង​មាន​ការ​បំផ្ទុះ​គ្រាប់​បែក​ នៅ​ក្បែរ​វិហារ បន្ទាប់​មក​ ​ពួក​​ប្រដាប់​អាវុធ បាន​ចាប់​ផ្តើម​បាញ់​រះ​លើពលរដ្ឋ​អ៊ីស្លាម ដែល​នាំ​គ្នា​រត់​ចេញ​វិហារ គេច​គ្រាប់​ផ្ទុះ មុន​នឹង​រត់​ឡើង​ឡាន​គេច​ខ្លួន​ទៅ​បាត់។ ជនរងគ្រោះ​មួយ​ភាគ​ធំ​ ជា​ជន​ស៊ីវិល និង​ក៏​មាន​ដែរ​កុមារ ព្រម​ទាំង​ទាហាន​និង​ប៉ូលិស​ ជាច្រើន​នាក់ផង។

ទូរទស្សន៍​ជាតិ​អេហ្ស៊ីប​បាន​បង្ហាញ​រូបភាព​ជន​រងគ្រោះ​​ស្លាប់ និង​សាកសព​គ្រប​សំពត់​ស​តំរៀប​ពេញ​វិហារ​។​​ លោក​ ប្រធានាធិបតី​អេហ្ស៊ីប បាន​កោះ​ប្រជុំ​បន្ទាន់ ក្រុម​ប្រឹក្សា​សន្តិសុខ​ ក្រោយ​ការ​វាយប្រហារ​ភេរវកម្ម​នេះ​ភ្លាម​និង​បាន​ចេញ​ប្រកាស​កាន់​ទុក្ខ​ថ្នាក់​ជាតិ​រយៈ​ពេល​បី។

នេះ​គឺ​ជា​លើកទី​មួយ​ហើយ គិត​ចាប់​តាំង​ពី​បី​ឆ្នាំ​កន្លង​មក ដែល​អេហ្ស៊ីប រង​ការ​វាយប្រហារមរណៈ​​ដ៏​ធ្ងន់ធ្ងរ​បែប​នេះ និង​ក៏​ជាការ​រងគ្រោះ​​លើក​មួយ​ដែរ ​សម្រាប់​​វិហារ​អ៊ីស្លាម នៅ​តំបន់​ភាគ​ខាង​ជើងខ្ពង់រាប​ស៊ីណៃ ប្រជុំ​​ដោយ​ក្រុម​អ្នក​អ៊ីស្លាម​បើក​ទូលាយ។ សហគមន៍​អ្នក​អ៊ីស្លាម​ដែល​​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​ចាត់​ទុក​ថាមិន​គោរព​តាម​​ទឹ្រស្តី​សាសនា។

សូម​បញ្ជាក់​ថា​ តាំង​ពី​ឆ្នាំ​២០១៣ និង​ក្រោយ​ពី​ទម្លាក់​ប្រធានាធិបតី​អ៊ីស្លាម​ជ្រុល​និយម ​មក អេហ្ស៊ីប​បាន​ក្លាយ​ជា​ផ្ទាំង​ស៊ីប​នៃ​ការ​វាយប្រហារ​ភេរវកម្ម​ជា​ញឹក​ញយ​ ពី​សំណាក់​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម ប្រឆាំង​នឹង​​កម្លាំង​យោធា ប៉ូលិស​ កង​រក្សា​សន្តិសុខ​ ព្រម​ទាំង​ប្រជាពលរដ្ឋ​ស៊ីវិល​។ កាលពី​ខែ​កុម្ភៈ​ ពលរដ្ឋ​សហគមន៍​គ្រិស្តសាសនា​នៅ​អេហ្ស៊ីប ត្រូវ​បង្ខំ​រត់​ភៀស​ខ្លួន ទាំងហ្វូងៗ ដើម្បី​គេច​ពី​ការ​វាយប្រហារ​ភេរវកម្ម​របស់​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ