ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 26/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 25/08 12h00 GMT

ហេតុអ្វី ហ្សេរុយសាឡិម?

ហេតុអ្វី ហ្សេរុយសាឡិម? វិហារ​អ៊ីស្លាម​នៅ ហ្សេរុយសាឡិម​ខាងកើត REUTERS/Amir Cohen le Dôme du Rocher et la Mosquée al-Aqsa,

    ប្រធានាធិបតី អាមេរិក លោកដូណាល់ ត្រាំ នៅ​សប្តាហ៍​នេះ ត្រូវ​ប្រកាស​ឲ្យ​ដឹង​ពីជំហរ​របស់​លោក ទាក់ទង​នឹង​ការរើផ្លាស់ទី​ស្ថានទូត​អាមេរិក​ពី ទីក្រុង​តែលអាវីវ របស់​អ៊ីស្រាអែល ទៅកាន់​ទីក្រុង​ហ្សេរុយសាឡិម។ នៅ មុន​ការសម្រេច​របស់​ប្រធានាធិបតី អាមេរិក ប្រតិកម្ម​ធា្លក់​ជា​បន្តបន្ទាប់ ពី​ប៉ាឡេស្ទីន សម្ព័ន្ធអារ៉ាប់ ហើយ​និង​បារាំង សម្ព័ន្ធមិត្ត​របស់​អាមេរិក ដែល​បានអំពាវនាវ​កុំ​ឲ្យ​លោកដូណាល់ ត្រាំ ប្រកាស​ទទួល​ស្គាល់ ហ្សេរុយសាឡិម ថា ជា​រដ្ឋធានី ​របស់​ប្រទេស​អ៊ីស្រាអែល។ តើមាន​អ្វីខុស ដែល​អាមេរិក ទទួល​ស្គាល់​ហ្សេរុយសាឡឹម​ថា ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល?

    ក្រុង​ហ្សេរុយសាឡិម​ជា​ចំណុច​សំខាន់ កណ្តាល នៃ​ជម្លោះ ប៉ាឡេស្ទីន អ៊ីស្រាអែល។ អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​បាន​ឈ្លោះ​ដណ្តើម​គ្នា ចង់​កាន់កាប់​ក្រុង​ហ្សេរុយសាឡិម​រៀងៗខ្លួន។ អ៊ីស្រាអែល​ចង់​កាន់កាប់​ហ្សេរុយសាឡិម​ទាំងមូល ដោយសារ​ហេតុផល​នយោបាយ និង​សាសនា។ នៅក្នុង​ក្រសែភ្នែក​របស់​ជនជាតិ​ជ្វីហ្វ ហ្សេរុយសាឡិម​ជា​រដ្ឋធានី​ពី​ដើម របស់​ពួកគេ ដែល​មាន​កំណើត តាំង​ពី​៣ពាន់​ឆ្នាំ មុន​គ្រឹស្តសករាជ​ម្ល៉េះ។ សាសនា​ជ្វីហ្វ​តែងតែ​អំពាវនាវ​ឲ្យ​អ្នកកាន់​សាសនា​ត្រលប់​ទៅក្រុង​ហ្សេរុយសាឡឹម។

    ភាគី​ប៉ាឡេស្ទីន​វិញ បាន​គ្រោង​រួចហើយ​ថា នឹង​យក​ហ្សេរុយសាឡិម​ខាងកើត ធ្វើ​ជារដ្ឋធានី​អនាគត​របស់ខ្លួន នៅ​ពេល​ប៉ាឡេស្ទីន​បាន​ក្លាយ​ជា​រដ្ឋ ប្រទេស​ពេញ​សិទ្ធិ។ គេអាច​កាត់យល់​បាន​ថា អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ឈ្លោះ​ដណ្តើម​គ្នា ចង់​បាន​ហ្សេរុយសាឡិម ក៏ដោយសារ​តែ ក្រុង​នេះ​បាន​ប្រមូលផ្តុំ​ទៅ​ដោយ​ទីសក្ការៈ​បូជា របស់​សាសនា​ទាំង​៣ គឺ​សាសនា​គ្រឹស្ត អ៊ីស្លាម និង​សាសនា​របស់​ជនជាតិ​ជ្វីហ្វ។

    ជម្លោះដណ្តើម​ហ្សេរុយសាឡិម រវាង​ភាគី​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន មិនមែន​ទើប​តែ​កើតមាន​នាពេល​ថ្មីៗ​នេះទេ។ ដើម្បី​យល់​បាន​ពី​ជម្លោះ ដែល​មាន​អាយុ ៧០​ឆ្នាំ គេ​ត្រូវ​ត្រលប់​ទៅ​មើល​រឿង​អតីតកាល នា​ឆ្នាំ ១៩៤៧។ នៅឆ្នាំ​នោះ អង្គការ​សហប្រជាជាតិ​បាន​សម្រេច​កាត់ ទឹកដី​ប៉ាឡេស្ទីន ដែល​ស្ថិតនៅ​ក្រោម​ការកាន់កាប់​របស់​អាណានិគមនិយម​អង់គ្លេស ជា​បីចំណែក។ មួយចំណែក​សម្រាប់​បង្កើត​រដ្ឋជ្វីហ្វ។ មួយចំណែក​ទៀត សម្រាប់​បង្កើត​រដ្ឋអ៊ីស្លាម និង​មួយ​ចំណែក​ចុងក្រោយ ស្ថិតនៅក្រោម​ការគ្រប់គ្រង​ពិសេស របស់​អង្គការ​សហប្រជាជាតិ។

    ប៉ុន្តែ នៅពេល​ដែល​អង់គ្លេស ចាកចេញ លែង​កាន់កាប់​ទឹកដី ប៉ាឡេស្ទីន​តទៅទៀត សង្រ្គាម​អារ៉ាប់ និង​អ៊ីស្រាអែល​បាន​ផ្ទុះឡើង។ ជា​លទ្ធផល ប្រទេស​អ៊ីស្រាអែល​បាន​ចាប់កំណើត ឡើង នៅ​ឆ្នាំ ១៩៤៨ ដែល​មាន​ហ្សេរុយសាឡិម​ខាងលិច ជា​រដ្ឋធានី។ ចំណែក​ហ្សេរុយសាឡិម ខាងកើត បាន​ធ្លាក់​ទៅក្នុង​ដៃ​គ្រប់គ្រង​របស់​រាជាណាចក្រ​ហ្សកដានី។

    នៅក្នុង​ឆ្នាំ ១៩៦៧ ជ័យជំនះ​ដ៏គួរ​ឲ្យ​ភ្ញាក់ផ្អើល​របស់​អ៊ីស្រាអែល ក្នុង​សង្រ្គាម​ប្រយុទ្ធគ្នា តែ​៦ថ្ងៃ ជាមួយ ក្រុមប្រទេស​អារ៉ាប់ បានធ្វើ​ឲ្យ​អ៊ីស្រាអែល​ដណ្តើម​គ្រប់គ្រង​ក្រុង​ហ្សេរុយសាឡិម​ខាងកើត និង​ភ្ជាប់​ទឹកដី​ស៊ីហ្សកដានី និង​ហ្កាហ្សា​របស់​ប៉ាឡេស្ទីន​ទៅ​ក្នុងទឹកដី​របស់​អ៊ីស្រាអែល។ នៅ​ឆ្នាំ ១៩៨០ សភា​អ៊ីស្រាអែល​បានអនុម័ត​ច្បាប់ ដែល បាន​ចែងថា ហ្សេរុយសាឡិម​ជា​រដ្ឋធានី អមតៈ និង​ដែល​មិនអាច​ពុះចែក​បាន​របស់​អ៊ីស្រាអែល។ តាំង​ពី​ពេល​នោះមក អ៊ីស្រាអែល​បាន​បោះ​តាំងទី ស្ថាប័ន​សំខាន់ៗ​របស់​ខ្លួន នៅ​លើ​ទឹកដី​ហ្សេរុយសាឡឹម​ខាង​លិច ដែល​មាន​ដូចជា រដ្ឋសភា ធនាគារ​កណ្តាល ហើយ​និង​តុលាការ​កំពូល​របស់​អ៊ីស្រាអែល។

    ក្រៅ​តែ​ពី​ទីតាំង​រដ្ឋបាល អ៊ីស្រាអែល​បាន​ពង្រីក​ផងដែរ​លំនៅឋាន ទៅក្នុង​ទឹកដី​ហ្សេរុយសាឡិម ខាង​កើត។ អាមេរិក និង​ប្រទេស​នៅ​អឺរ៉ុប បាន​ចាត់ទុក ការចូល​កាន់កាប់​របស់​អ៊ីស្រាអែល នៅហ្សេរុយសាឡិម ខាងកើត ថា ខុសនឹង​ច្បាប់អន្តរជាតិ និង​បាន​បដិសេធ​មិន​ប្តូរទីតាំង​ស្ថានទូត​របស់ខ្លួន ទៅ​នៅ​ហ្សេរុយសាឡឹម។

    នៅក្នុង​កិច្ចព្រមព្រៀង​ក្រុង​អូស្លូ ឆ្នាំ ១៩៩១ ដែល​ផ្តោត​សំខាន់ទៅ​ការចរចា សន្តិភាព អ៊ីស្រាអែល ប៉ាឡេស្ទីន គេ​បាន​ប្រមើល​មុខ​ដែរថា ​ហ្សេរុយសាឡិម​ខាងកើត នឹង​ក្លាយ​ជា​អនាគត​រដ្ឋធានី​របស់​ប៉ាឡេស្ទីន។ អ៊ីស្រាអែល ចង់​គ្រប់គ្រង​ហ្សេរុយសាឡិម​ទាំងមូល គឺ មិន​ចង់​បាត់បង់​មួយចំណែក​ណាមួយ ទៅ​ឲ្យ​ប៉ាឡេស្ទីននោះទេ។

    តាំង​ពី​ដើមមក អ៊ីស្រាអែល មិនដែល​ឈប់ទេ គោលនយោបាយ ពង្រីកទឹកដី​របស់ខ្លួន តាមរយៈ ការសាងសង់​បន្ថែម លំនៅឋាន ទៅក្នុង​ទឹកដី​រស់នៅ​របស់​ប្រជាជន​ប៉ាឡេស្ទីន។ អង្គការ​សហប្រជាជាតិ​បាន​ថ្កោលទោស សកម្មភាព​រំលោភទឹកដី​របស់​អាជ្ញាធរ​អ៊ីស្រាអែល។ ប៉ុន្តែ គ្មានអ្នកណា​អាច​ទប់ស្កាត់​មហិច្ឆិតា​របស់​អ៊ីស្រាអែល ដែលមាន​អាមេរិក នៅការពារ​ពីក្រោយខ្នង។

    នៅ​ឆ្នាំ ១៩៩៥​ សភា អាមេរិកបាន​បង្កើត​ច្បាប់​មួយ ឈ្មោះ​ថា ស្ថានទូត​នៅ​ហ្សេរុយសាឡិម ដែល​និយាយ​ពីការរើផ្លាស់ទី​ស្ថានទូត​អាមេរិក ពីក្រុង​តែលអាវីវ ទៅ​ហ្សេរុយសាឡិម។ នៅក្នុង​អត្ថបទ​ច្បាប់​របស់អាមេរិក គេ​មាន​សរសេរ​ដែរថា ហ្សេរុយសាឡិម​ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល តាំង​ពី​ឆ្នាំ ១៩៥០។ យ៉ាងណាក៏ដោយ ប្រធានាធិបតី​អាមេរិក​មុនៗ លោកដូណាល់ ត្រាំ នៅ​រៀងរាល់ ៦ខែ ម្តង បាន​ព្យាយាម​ប្រើ​ចំណុច​មួយ នៃ​ច្បាប់ ដើម្បី​ពន្យារ​ពេល​នៃ​ការអនុវត្ត​ច្បាប់នេះ ក្នុង​ហេតុផល​សន្តិសុខ​ជាតិ។

    តាំង​ពីនៅក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ម្ល៉េះ លោកដូណាល់ ត្រាំ​ធ្លាប់​បាន​ប្រកាស​ហើយថា នឹង​រើ​ស្ថានទូត​អាមេរិក​ទៅ​នៅ​ហ្សេរុយសាឡិម។ តាម​កាសែត​អាមេរិក លោកដូណាល់ ត្រាំ ទំនង​នឹង​មិន​ប្រកាស​រើ​ស្ថានទូត​អាមេរិក​ទៅ​នៅ​ហ្សេរុយសាឡិម ប៉ុន្តែ នឹង​អាច​ប្រកាស​ទទួលស្គាល់​ហ្សេរុយសាឡិម​ថា ជារដ្ឋធានី​របស់​អ៊ីស្រាអែល។ បើ​លោកដូណាល់ ត្រាំ ធ្វើដូច្នេះមែន គឺ​មានន័យ​ស្មើ​នឹងថា អាមេរិក​ទទួលស្គាល់ ការរំលោភ​​​ឈ្លានពាន​របស់​អ៊ីស្រាអែល​ទៅក្នុង​ហ្សេរុយសាឡិម ខាងកើត របស់​ប្រជាជន​ប៉ាឡេស្ទីន។

    ការប្រកាស​ទទួល​ស្គាល់​របស់​អាមេរិក គឺ​ជា​ជ័យជំនះ​របស់​អ៊ីស្រាអែល ប៉ុន្តែ ផ្ទុយទៅវិញ ប្រជាជន​ប៉ាឡេស្ទីន​វិញ បាន​ព្រមាន​អាមេរិក​រួចហើយ នឹង​អាច​បាត់បង់​កេរ្តិ៍ឈ្មោះ និង​ភាពស្មោះត្រង់ ក្នុងនាម​ជា មហាអំណាច​ដែល​ចង់​ជួយ​ដោយ​យុត្តិធម៌ ឲ្យ​មាន​ដំណោះ​ស្រាយ​សន្តិភាព​រវាង​ប៉ាឡេស្ទីន និង​អ៊ីស្រាអែល។ បើសិន​អាមេរិក​ទទួល​ស្គាល់​ហ្សេរុយសាឡិម​ជា​រដ្ឋធានី របស់​អ៊ីស្រាអែល ប៉ាឡេស្ទីន​មិនត្រឹម​តែ​បាត់បង់​ទឹកដី​ហ្សេរុយសាឡិម​ខាងកើត​តែប៉ុណ្ណោះទេ ក្តីសង្ឃឹម​នឹង​បាន​ទទួល​ឯករាជ្យ អាច​ក្លាយ​ជា​ប្រទេស​ពេញមុខ​មាត់មួយ ក៏​ត្រូវ​រលាយ ដោយសារ​តែ​ស្នាដៃ របស់​លោកដូណាល់ ត្រាំ​ដែរ៕


    ទាក់ទង​នឹង​ប្រធានបទ​នេះ

    • ហ្សេរុយសាឡិម

      សម្ព័ន្ធ​អារ៉ាប់៖ ការទទួលស្គាល់​ហ្សេរុយសាឡិម ជារដ្ឋធានី​អ៊ីស្រាអែល ជាការរំលោភបំពាន​ក្រុមប្រទេសអារ៉ាប់

      ស្វែងយល់បន្ថែម

    • អ៊ីស្រាអែល-ប៉ាឡេស្ទីន

      សម្ព័ន្ធ​អារ៉ាប់ ​ក្រើន​រំលឹក​លោកត្រាំ​ ដែល​ចង់​ទទួល​ស្គាល់​ហ្សេរូសាឡឹម ​ជា​រដ្ឋធានី​អ៊ីស្រាអែល

      ស្វែងយល់បន្ថែម

    • អ៊ីស្រាអែល-ប៉ាឡេស្ទីន

      អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ ថ្លែងថា​ចង់​ឃើញ​ប៉ាឡេស្ទីន ​ក្លាយ​ជា​ប្រទេស​ពេញ​អធិបតេយ្យ​

      ស្វែងយល់បន្ថែម

    • សហរដ្ឋអាមេរិក-ប៉ាឡេស្ទីន

      លោក​ Abbas ​សរសេរ​លិខិត​ព្រមាន​លោក​​Trump​ កុំ​ទទួល​ស្គាល់ ​Jérusalem ​ជា​រដ្ឋធានី​អ៊ីស្រាអែល​

      ស្វែងយល់បន្ថែម

    • ប៉ាឡេស្ទីន-សហរដ្ឋអាមេរិក

      ប៉ាឡេស្ទីន​ព្រមាន​លោកត្រាំ កុំឲ្យ​លើក​ស្ថានទូត​អាមេរិក​ទៅនៅ​Jerusalem

      ស្វែងយល់បន្ថែម

    • អាមេរិក-អ៊ីស្រាអែល

      អ៊ីស្រាអែល​បើក​ភ្លើងខៀវ​ជា​ឲ្យសង់​លំនៅឋាន​ថ្មី នៅ​Jérusalem​ខាងកើត

      ស្វែងយល់បន្ថែម

    1. 1
    2. 2
    3. 3
    4. ...
    5. បន្ទាប់ >
    6. ចុងក្រោយ >
    កម្មវិធីផ្សាយផ្សេងទៀត
     
    សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ