ប្រធានាធិបតី អាមេរិក លោកដូណាល់ ត្រាំ នៅសប្តាហ៍នេះ ត្រូវប្រកាសឲ្យដឹងពីជំហររបស់លោក ទាក់ទងនឹងការរើផ្លាស់ទីស្ថានទូតអាមេរិកពី ទីក្រុងតែលអាវីវ របស់អ៊ីស្រាអែល ទៅកាន់ទីក្រុងហ្សេរុយសាឡិម។ នៅ មុនការសម្រេចរបស់ប្រធានាធិបតី អាមេរិក ប្រតិកម្មធា្លក់ជាបន្តបន្ទាប់ ពីប៉ាឡេស្ទីន សម្ព័ន្ធអារ៉ាប់ ហើយនិងបារាំង សម្ព័ន្ធមិត្តរបស់អាមេរិក ដែលបានអំពាវនាវកុំឲ្យលោកដូណាល់ ត្រាំ ប្រកាសទទួលស្គាល់ ហ្សេរុយសាឡិម ថា ជារដ្ឋធានី របស់ប្រទេសអ៊ីស្រាអែល។ តើមានអ្វីខុស ដែលអាមេរិក ទទួលស្គាល់ហ្សេរុយសាឡឹមថា ជារដ្ឋធានីរបស់អ៊ីស្រាអែល?
ក្រុងហ្សេរុយសាឡិមជាចំណុចសំខាន់ កណ្តាល នៃជម្លោះ ប៉ាឡេស្ទីន អ៊ីស្រាអែល។ អ៊ីស្រាអែល និងប៉ាឡេស្ទីនបានឈ្លោះដណ្តើមគ្នា ចង់កាន់កាប់ក្រុងហ្សេរុយសាឡិមរៀងៗខ្លួន។ អ៊ីស្រាអែលចង់កាន់កាប់ហ្សេរុយសាឡិមទាំងមូល ដោយសារហេតុផលនយោបាយ និងសាសនា។ នៅក្នុងក្រសែភ្នែករបស់ជនជាតិជ្វីហ្វ ហ្សេរុយសាឡិមជារដ្ឋធានីពីដើម របស់ពួកគេ ដែលមានកំណើត តាំងពី៣ពាន់ឆ្នាំ មុនគ្រឹស្តសករាជម្ល៉េះ។ សាសនាជ្វីហ្វតែងតែអំពាវនាវឲ្យអ្នកកាន់សាសនាត្រលប់ទៅក្រុងហ្សេរុយសាឡឹម។
ភាគីប៉ាឡេស្ទីនវិញ បានគ្រោងរួចហើយថា នឹងយកហ្សេរុយសាឡិមខាងកើត ធ្វើជារដ្ឋធានីអនាគតរបស់ខ្លួន នៅពេលប៉ាឡេស្ទីនបានក្លាយជារដ្ឋ ប្រទេសពេញសិទ្ធិ។ គេអាចកាត់យល់បានថា អ៊ីស្រាអែល និងប៉ាឡេស្ទីនឈ្លោះដណ្តើមគ្នា ចង់បានហ្សេរុយសាឡិម ក៏ដោយសារតែ ក្រុងនេះបានប្រមូលផ្តុំទៅដោយទីសក្ការៈបូជា របស់សាសនាទាំង៣ គឺសាសនាគ្រឹស្ត អ៊ីស្លាម និងសាសនារបស់ជនជាតិជ្វីហ្វ។
ជម្លោះដណ្តើមហ្សេរុយសាឡិម រវាងភាគីអ៊ីស្រាអែល និងប៉ាឡេស្ទីន មិនមែនទើបតែកើតមាននាពេលថ្មីៗនេះទេ។ ដើម្បីយល់បានពីជម្លោះ ដែលមានអាយុ ៧០ឆ្នាំ គេត្រូវត្រលប់ទៅមើលរឿងអតីតកាល នាឆ្នាំ ១៩៤៧។ នៅឆ្នាំនោះ អង្គការសហប្រជាជាតិបានសម្រេចកាត់ ទឹកដីប៉ាឡេស្ទីន ដែលស្ថិតនៅក្រោមការកាន់កាប់របស់អាណានិគមនិយមអង់គ្លេស ជាបីចំណែក។ មួយចំណែកសម្រាប់បង្កើតរដ្ឋជ្វីហ្វ។ មួយចំណែកទៀត សម្រាប់បង្កើតរដ្ឋអ៊ីស្លាម និងមួយចំណែកចុងក្រោយ ស្ថិតនៅក្រោមការគ្រប់គ្រងពិសេស របស់អង្គការសហប្រជាជាតិ។
ប៉ុន្តែ នៅពេលដែលអង់គ្លេស ចាកចេញ លែងកាន់កាប់ទឹកដី ប៉ាឡេស្ទីនតទៅទៀត សង្រ្គាមអារ៉ាប់ និងអ៊ីស្រាអែលបានផ្ទុះឡើង។ ជាលទ្ធផល ប្រទេសអ៊ីស្រាអែលបានចាប់កំណើត ឡើង នៅឆ្នាំ ១៩៤៨ ដែលមានហ្សេរុយសាឡិមខាងលិច ជារដ្ឋធានី។ ចំណែកហ្សេរុយសាឡិម ខាងកើត បានធ្លាក់ទៅក្នុងដៃគ្រប់គ្រងរបស់រាជាណាចក្រហ្សកដានី។
នៅក្នុងឆ្នាំ ១៩៦៧ ជ័យជំនះដ៏គួរឲ្យភ្ញាក់ផ្អើលរបស់អ៊ីស្រាអែល ក្នុងសង្រ្គាមប្រយុទ្ធគ្នា តែ៦ថ្ងៃ ជាមួយ ក្រុមប្រទេសអារ៉ាប់ បានធ្វើឲ្យអ៊ីស្រាអែលដណ្តើមគ្រប់គ្រងក្រុងហ្សេរុយសាឡិមខាងកើត និងភ្ជាប់ទឹកដីស៊ីហ្សកដានី និងហ្កាហ្សារបស់ប៉ាឡេស្ទីនទៅក្នុងទឹកដីរបស់អ៊ីស្រាអែល។ នៅឆ្នាំ ១៩៨០ សភាអ៊ីស្រាអែលបានអនុម័តច្បាប់ ដែល បានចែងថា ហ្សេរុយសាឡិមជារដ្ឋធានី អមតៈ និងដែលមិនអាចពុះចែកបានរបស់អ៊ីស្រាអែល។ តាំងពីពេលនោះមក អ៊ីស្រាអែលបានបោះតាំងទី ស្ថាប័នសំខាន់ៗរបស់ខ្លួន នៅលើទឹកដីហ្សេរុយសាឡឹមខាងលិច ដែលមានដូចជា រដ្ឋសភា ធនាគារកណ្តាល ហើយនិងតុលាការកំពូលរបស់អ៊ីស្រាអែល។
ក្រៅតែពីទីតាំងរដ្ឋបាល អ៊ីស្រាអែលបានពង្រីកផងដែរលំនៅឋាន ទៅក្នុងទឹកដីហ្សេរុយសាឡិម ខាងកើត។ អាមេរិក និងប្រទេសនៅអឺរ៉ុប បានចាត់ទុក ការចូលកាន់កាប់របស់អ៊ីស្រាអែល នៅហ្សេរុយសាឡិម ខាងកើត ថា ខុសនឹងច្បាប់អន្តរជាតិ និងបានបដិសេធមិនប្តូរទីតាំងស្ថានទូតរបស់ខ្លួន ទៅនៅហ្សេរុយសាឡឹម។
នៅក្នុងកិច្ចព្រមព្រៀងក្រុងអូស្លូ ឆ្នាំ ១៩៩១ ដែលផ្តោតសំខាន់ទៅការចរចា សន្តិភាព អ៊ីស្រាអែល ប៉ាឡេស្ទីន គេបានប្រមើលមុខដែរថា ហ្សេរុយសាឡិមខាងកើត នឹងក្លាយជាអនាគតរដ្ឋធានីរបស់ប៉ាឡេស្ទីន។ អ៊ីស្រាអែល ចង់គ្រប់គ្រងហ្សេរុយសាឡិមទាំងមូល គឺ មិនចង់បាត់បង់មួយចំណែកណាមួយ ទៅឲ្យប៉ាឡេស្ទីននោះទេ។
តាំងពីដើមមក អ៊ីស្រាអែល មិនដែលឈប់ទេ គោលនយោបាយ ពង្រីកទឹកដីរបស់ខ្លួន តាមរយៈ ការសាងសង់បន្ថែម លំនៅឋាន ទៅក្នុងទឹកដីរស់នៅរបស់ប្រជាជនប៉ាឡេស្ទីន។ អង្គការសហប្រជាជាតិបានថ្កោលទោស សកម្មភាពរំលោភទឹកដីរបស់អាជ្ញាធរអ៊ីស្រាអែល។ ប៉ុន្តែ គ្មានអ្នកណាអាចទប់ស្កាត់មហិច្ឆិតារបស់អ៊ីស្រាអែល ដែលមានអាមេរិក នៅការពារពីក្រោយខ្នង។
នៅឆ្នាំ ១៩៩៥ សភា អាមេរិកបានបង្កើតច្បាប់មួយ ឈ្មោះថា ស្ថានទូតនៅហ្សេរុយសាឡិម ដែលនិយាយពីការរើផ្លាស់ទីស្ថានទូតអាមេរិក ពីក្រុងតែលអាវីវ ទៅហ្សេរុយសាឡិម។ នៅក្នុងអត្ថបទច្បាប់របស់អាមេរិក គេមានសរសេរដែរថា ហ្សេរុយសាឡិមជារដ្ឋធានីរបស់អ៊ីស្រាអែល តាំងពីឆ្នាំ ១៩៥០។ យ៉ាងណាក៏ដោយ ប្រធានាធិបតីអាមេរិកមុនៗ លោកដូណាល់ ត្រាំ នៅរៀងរាល់ ៦ខែ ម្តង បានព្យាយាមប្រើចំណុចមួយ នៃច្បាប់ ដើម្បីពន្យារពេលនៃការអនុវត្តច្បាប់នេះ ក្នុងហេតុផលសន្តិសុខជាតិ។
តាំងពីនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតម្ល៉េះ លោកដូណាល់ ត្រាំធ្លាប់បានប្រកាសហើយថា នឹងរើស្ថានទូតអាមេរិកទៅនៅហ្សេរុយសាឡិម។ តាមកាសែតអាមេរិក លោកដូណាល់ ត្រាំ ទំនងនឹងមិនប្រកាសរើស្ថានទូតអាមេរិកទៅនៅហ្សេរុយសាឡិម ប៉ុន្តែ នឹងអាចប្រកាសទទួលស្គាល់ហ្សេរុយសាឡិមថា ជារដ្ឋធានីរបស់អ៊ីស្រាអែល។ បើលោកដូណាល់ ត្រាំ ធ្វើដូច្នេះមែន គឺមានន័យស្មើនឹងថា អាមេរិកទទួលស្គាល់ ការរំលោភឈ្លានពានរបស់អ៊ីស្រាអែលទៅក្នុងហ្សេរុយសាឡិម ខាងកើត របស់ប្រជាជនប៉ាឡេស្ទីន។
ការប្រកាសទទួលស្គាល់របស់អាមេរិក គឺជាជ័យជំនះរបស់អ៊ីស្រាអែល ប៉ុន្តែ ផ្ទុយទៅវិញ ប្រជាជនប៉ាឡេស្ទីនវិញ បានព្រមានអាមេរិករួចហើយ នឹងអាចបាត់បង់កេរ្តិ៍ឈ្មោះ និងភាពស្មោះត្រង់ ក្នុងនាមជា មហាអំណាចដែលចង់ជួយដោយយុត្តិធម៌ ឲ្យមានដំណោះស្រាយសន្តិភាពរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល។ បើសិនអាមេរិកទទួលស្គាល់ហ្សេរុយសាឡិមជារដ្ឋធានី របស់អ៊ីស្រាអែល ប៉ាឡេស្ទីនមិនត្រឹមតែបាត់បង់ទឹកដីហ្សេរុយសាឡិមខាងកើតតែប៉ុណ្ណោះទេ ក្តីសង្ឃឹមនឹងបានទទួលឯករាជ្យ អាចក្លាយជាប្រទេសពេញមុខមាត់មួយ ក៏ត្រូវរលាយ ដោយសារតែស្នាដៃ របស់លោកដូណាល់ ត្រាំដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ