អានតួអត្ថបទ
ស៊ីរី

អ.ស.ប.​​ពន្យារ​​ជំនួយ​​​មនុស្សធម៌​​នៅ​តំបន់​​​​ឧទ្ទាម​​ស៊ីរី​ មួយឆ្នាំ​ថែមទៀត​

ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​អនុម័ត​លើ​សេចក្តីសម្រេច​អនុញ្ញាត​អោយបន្ត​ដឹក​ជំនួយ​មនុស្សធម៌​​ ​​ទៅ​​តំបន់​កាន់កាប់​ដោយ​ក្រុមឧទ្ទាម​នៅស៊ីរី​​ ថែម មួយឆ្នាំទៀត។ ​រុស្ស៊ី ចិន​និង​បូលីវី ធ្វើ​​អនុប្បវាទ ប៉ុន្តែ គ្មានវេតូ​ជំទាស់​សេចក្តីសម្រេច​នេះទេ។ ស្ថានការណ៍​ស៊ីរី​នៅតែ​បន្ត​ដុនដាប។ ​ជនស៊ីវិល​១៩នាក់ ក្នុង​នោះ​មាន​កុមារ​៧នាក់ បាន​ស្លាប់​ក្នុង​ការ​វាយប្រហារ​ នៅ​តំបន់​កាន់កាប់​ដោយ​ក្រុមឧទ្ទាម​ ក្នុង​ខែត្រ​អ៊ីតឡេប ភាគពាយព្យ​ប្រទេស។

កុមារ​ស៊ីរី​នៅ​ក្រុង​ Nashabiyeh ​ភាគខាងកើត​តំបន់​ហ្គូតា ​
កុមារ​ស៊ីរី​នៅ​ក្រុង​ Nashabiyeh ​ភាគខាងកើត​តំបន់​ហ្គូតា ​ Reuters
ផ្សាយពាណិជ្ជកម្ម

ក្នុង​ចំណោម​មនុស្ស​១៣លាននាក់​នៅស៊ីរី ដែលត្រូវការ​ជំនួយ​មនុស្សធម៌ មាន​មនុស្ស​ប្រហែល​៣លាននាក់ ដែល​បាន​ទទួល​ជំនួយពី​អង្គការ​សហប្រជាជាតិ​​​ និងអង្គការ​ក្រៅរដ្ឋាភិបាល​ដែល​​បំពេញ​បេសកកម្ម​ជួយ​ប្រជាជន​តាម​តំបន់​ក្រុមឧទ្ទាម​ស៊ីរី។ ​សេចក្តីសម្រេច​ពន្យារ​ពេល​ផ្តល់​ជំនួយ​មនុស្សធម៌​ទៅ​តំបន់​ក្រុមឧទ្ទាម​ស៊ីរី ​ត្រូវបាន​ក្រុមប្រឹក្សាស​ន្តិសុខ​អង្គការ​សហប្រជាជាតិ​អនុម័ត​ ​១២សម្លេង ទល់​នឹង​​អនុប្បវាទ​៣សម្លេង គឺ​អនុប្បវាទ​របស់​រុស្ស៊ី ចិន និង​បូលីវី ប៉ុន្តែ គ្មានវេតូជំទាស់​ទេ។​ ការដឺកស្បៀង​ទៅជួយ​ប្រជាជន​នៅ​តំបន់​ក្រុមឧទ្ទាម​នឹងពន្យារ​ថែម​១ឆ្នាំ ​រហូត​ដល់​ថ្ងៃ​១០មករា ​ឆ្នាំ​២០១៩។​

រុស្ស៊ី​ជាដៃគូ​របស់​រដ្ឋាភិបាល​ស៊ីរី​ ប្រាប់ថា គ្មានបំណងបង្អាក់​ដំណើរការ​ដឹកស្បៀង​មនុស្សធម៌​ស៊ីរី​ទេ គ្រាន់តែ​ជំទាស់​ការពន្យារ​បែប​បច្ចេកទេស​ នៃសេចក្តីសម្រេច​ប៉ុណ្ណោះ។ រុស្ស៊ី​ទាមទារ​អោយ​​ពង្រឹង​​ការត្រួតពិនិត្យ​ការ​ដឹកស្បៀង​ទាំងនោះ ដើម្បី​ចៀស​កុំអោយ​មាន​​ការ​​​លួចលាក់​ដឹកអាវុធ​​​ ដើម្បី​លក់​ក្នុង​ទីផ្សារ​ងងឹត។ ​

សេចក្តីសម្រេចពន្យារ​ពេល​ដឹកជំនួយ​មនុស្សធម៌​​នេះ​ ស្នើ​​ដោយជប៉ុន ​​អេហ្ស៊ីប និង​ស៊ុយអែត ជា​សំណើ​សុំអោយ​រដ្ឋាភិបាល​ស៊ីរី​ផ្តល់ចម្លើយ​អោ​យឆាប់រហ័ស​ដល់​ការស្នើផ្សេងៗ​របស់​អង្គការ​សហប្រជាជាតិ ហើយ​បើអាច រដ្ឋាភិបាល​ស៊ីរី​គួរតែ​ផ្តល់​ចម្លើយជា​​វិជ្ជមាន។ ​សេចក្តីសម្រេច​គូសបញ្ជាក់​ផងដែរ​ថា ស្ថានការណ៍​ស៊ីរី​នៅតែ​បន្ត​ធ្លាក់​ដុនដាប ព្រោះ​ស៊ីរី​នៅ​មិនទាន់​រក​បាន​ដំណោះស្រាយ​នយោបាយ​នៅឡើយ។ ​កិច្ចពិភាក្សាសន្តិភាពក្រុងហ្សឺណែវ​ រវាង​រដ្ឋាភិបាល​ និង​ក្រុមឧទ្ទាម​ស៊ីរី ​​ជុំទី៨ហើយ​ ក៏​នៅតែ​មិនផ្តល់​លទ្ធផល​អ្វី​យកជាការ​បាន។ អង្គការ​សហប្រជាជាតិ​នឹងស្នើ​ប្រតិទិន​មួយ សម្រាប់​ការបោះឆ្នោត​ ​​ទៅអោយ​គ្រប់ភាគី​ក្នុង​ជម្លោះ​ស៊ីរី។ អង្គការ​សហប្រជាជាតិ​ក៏​នឹង​ស្នើ​និតិវិធី​កំណែទម្រង់ផ្សេងៗ​ដល់​ពួកគេ​ផងដែរ។

ស្ថានការណ៍​ស៊ីរី​បន្តធ្លាក់​ដុនដាប។ ជនស៊ីវិល​១៩នាក់​ ក្នុង​នោះ​មាន​កុមារ​៧នាក់​ស្លាប់​ក្នុង​ការ​វាយប្រហារ​ ក្នុង​តំបន់​មួយកន្លែង​កាន់កាប់​ដោយ​ក្រុមឧទ្ទាម​ស៊ីរី នៅភាគពាយព្យ​ប្រទេស។ ​ថ្ងៃអង្គារ​ម្សិលមិញ​វិញ ​មនុស្ស​៣នាក់ ក្នុង​នោះ​មានកុមារ​ម្នាក់​បាន​សម្លាប់​ក្នុង​ការ​ទំលាក់​គ្រាប់បែក​ នៅ​សង្កាត់​មួយកន្លែង​ភាគខាងកើត​ក្រុង​ដាម៉ាស៕ ​ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ