ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/01 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/01 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/01 12h00 GMT
មជ្ឈិមបូព៌ា

ប្រមុខ​សាសនាអ៊ីស្លាម​អ៊ីរ៉ង់​ចោទ​សត្រូវ​របស់​អ៊ីរ៉ង់​ថា ជា​អ្នក​បង្ក​ចលាចល

media  
លោក​ប្រមុខ​សាសនាអ៊ីស្លាម​អ៊ីរ៉ង់​ អាលី ខាមេណី AFP

នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​បាន​ឈាន​ដល់​ថ្ងៃទី៦ ដោយ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​សរុប ២១នាក់​ក្នុង​នោះ​មាន​បាតុករ ១៦នាក់ របួស​ជា​ច្រើន​នាក់ និង​ចាប់ខ្លួន​ចំនួន ៤៥០នាក់។ បន្ទាប់​ពី​បាន​នៅ​ស្ងៀម​តាំង​ពី​ថ្ងៃ​ផ្ទុះ​បាតុកម្ម​មក លោក​ប្រមុខ​សាសនា​អ៊ីស្លាម​អ៊ីរ៉ង់​អាលី ខាមេណី​បាន​បញ្ចេញ​ប្រតិកម្ម​នៅ​ថ្ងៃ​អង្គារ ទី២ មករា​ដោយ​ចោទ​ក្រុមសត្រូវ​អ៊ីរ៉ង់​ថា ជា​អ្នក​បង្ក​ចលាចល​នៅ​អ៊ីរ៉ង់​ពេល​នេះ។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​លើកទី១ តាម​កញ្ចក់​ទូរទស្សន៍​ទាក់ទង​នឹង​បាតុកម្ម​ពេល​នេះ លោក​ប្រមុខ​សាសនាអ៊ីស្លាម​អ៊ីរ៉ង់​ដ៏​មាន​ឥទ្ធិពល​អាលី ខាមេណី​បាន​ចង្អុល​ចំ​មុខ​ក្រុម​សត្រូវ​របស់​អ៊ីរ៉ង់​ថា​ជា​អ្នក​ដែល​ស្ថិត​ពី​ក្រោយ​បាតុកម្ម។ « នៅ​ក្នុង​ព្រឹត្តិការណ៍​នា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ក្រុម​សត្រូវ​បាន​រួម​កម្លាំង​គ្នា​ដោយ​ប្រើ​គ្រប់​មធ្យោបាយ លុយកាក់ អាវុធ នយោបាយ និង​សេវា​សន្តិសុខ​ដើម្បី​បង្កើត​បញ្ហា​ដល់​របប​អ៊ីស្លាម​នៅ​អ៊ីរ៉ង់ » នេះ​ជា​ការ​ថ្លែង​របស់​លោក​ខាមេណី។

ប្រមុខ​សាសនាអ៊ីស្លាម​អ៊ីរ៉ង់​រូប​នេះ​ដដែល​បាន​បន្ថែម​ថា ក្រុម​សត្រូវ​របស់​អ៊ីរ៉ង់​រង់ចាំ​ឱកាស​តែ​មួយ​គត់​ដើម្បី​លូកដៃ និង​វាយប្រហារ​លើ​ប្រជាជន​អ៊ីរ៉ង់។ ទោះ​បី​ជា​លោក​ខាមេណី​មិន​បាន​និយាយ​ចំ​ឈ្មោះ​សត្រូវ​របស់​អ៊ីរ៉ង់​ក៏​ដោយ​ក៏​គេ​ដឹង​ថា លោក​ចង់​សំដៅ​លើ​សហរដ្ឋអាមេរិក និង​អារ៉ាប៊ីសាអូឌីត។ សហរដ្ឋអាមេរិក​ដែល​លោក​ដូណាល់ ត្រាំ​បាន​បញ្ចេញ​ប្រតិកម្ម​ដល់​ទៅ ៣ដង​ទាក់ទង​នឹង​បាតុកម្ម​នៅ​អ៊ីរ៉ង់​ពេល​នេះ។ លោក​ត្រាំ​បាន​និយាយ​ត្រង់ៗ​ថា ពេល​វេលា​នៃ​ការ​ផ្លាស់ប្តូរ​នៅ​អ៊ីរ៉ង់​បាន​ឈាន​មក​ដល់​ហើយ។

ប្រតិកម្ម​របស់​លោក​ខាមេណី​ពេល​នេះ​បាន​ធ្វើ​ឡើង ១ថ្ងៃ​ក្រោយ​ប្រតិកម្ម​របស់​លោក​ប្រធានាធិបតី​អ៊ីរ៉ង់​ហាសាន រ៉ូហានី​ដែល​ចោទ​ក្រុម​មួយ​ក្តាប់តូច​ពី​បទ​បង្ក​ឲ្យ​មាន​ភាព​ច្របូកច្របល់ និង​សន្យា​ចាត់​វិធានការ​ចាស់ដៃ។ ក្រៅ​ពី​ប្រតិកម្ម​របស់​ថ្នាក់ដឹកនាំកំពូល ក៏​មាន​ប្រតិកម្ម​ពី​អ្នក​នយោបាយ និង​យោធា​គ្រប់ជាន់ថ្នាក់​ដែល​ថា រដ្ឋអំណាច​នឹង​មិន​អាច​ទទួល​យក​បាន​ទៀត​ឡើយ​នូវ​អំពើ​ហិង្សា និង​ត្រៀមខ្លួន​ផ្តន្ទាទោស​លើ​ក្រុម ឬ​ជនណា​ដែល​ព្យាយាម​ធ្វើ​បាតុកម្ម​ជា​ថ្មី៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ