ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 17/07 12h00 GMT

អ្វី​ទៅ​ជា​ដើមចម​ពិត​នៃ​ការ​ផ្ទុះ​បាតុកម្ម​ហិង្សា​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់?

អ្វី​ទៅ​ជា​ដើមចម​ពិត​នៃ​ការ​ផ្ទុះ​បាតុកម្ម​ហិង្សា​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់?
 
អ្វី​ទៅ​ជា​ដើមចម​ពិត​នៃ​ការ​ផ្ទុះ​បាតុកម្ម​ហិង្សា​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់? Reuters/路透社

នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ដែល​បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី២៨ ធ្នូ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជាង ១០នាក់ ចាប់​ខ្លួន និង​របួស​ជា​ច្រើន​នាក់។ ជា​ផ្លូវការ បាតុករ​បាន​សម្តែង​កំហឹង​ប្រឆាំង​នឹង​ទំនិញ​ឡើង​ថ្លៃ និង​អសមត្ថភាព​របស់​រដ្ឋាភិបាល​នៅ​ក្នុង​កំណែទម្រង់​សេដ្ឋកិច្ច។

តែ​ក្រៅ​ផ្លូវការ បាតុកម្ម​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ការ​លូកដៃ​ពី​បរទេស ពិសេស​ពី​អាមេរិក​ក្នុង​គោលដៅ​ប្តូរ​របប​ដឹកនាំ​នៅ​អ៊ីរ៉ង់​សព្វថ្ងៃ។ ប្រឈម​នឹង​ក្បួន​បាតុកម្ម​នេះ រដ្ឋអំណាច​បាន​បញ្ចេញ​ប្រតិកម្ម​ដោយ​ប្រយ័ត្នប្រយែង​ជា​ទីបំផុត។ តើ​អ្វី​ទៅ​ជា​ដើមចម​ពិត​នៃ​ការ​ផ្ទុះ​បាតុកម្ម​ហិង្សា​ដែល​កាន់​តែ​រីក​រាលដាល​កាន់​តែ​ធំ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​ពេល​នេះ?។

គេ​ត្រូវ​រង់ចាំ​ដល់​ទៅ ៤ថ្ងៃ​ក្រោយ​បាតុកម្ម​ទើប​ឃើញ​លោក​ប្រធានាធិបតី​ហាសាន រ៉ូហានី​ចេញ​មុខ​អន្តរាគមន៍។ តែ​ខុស​ពី​ក្តី​រំពឹង​ទុក អ្នកកណ្តាល​និយម​រូប​នេះ​ហាក់​បាន​ប្រើ​ធម៌ក្តៅ​ផង និង​ធម៌ត្រជាក់​ផង​ចំពោះ​ពួក​បាតុករ។ ធម៌ត្រជាក់ លោក​រ៉ូហានី​បាន​យល់​ពី​កំហឹង​របស់​ពួក​គេ​ដែល​បាន​នាំ​គ្នា​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ទំនិញ​ឡើង​ថ្លៃ និង​អំពើ​ពុករលួយ។ ទន្ទឹម​គ្នា​នេះ លោក​រ៉ូហានី​ក៏​មាន​បំណង​ចង់​បង្កើត​ឲ្យ​មាន​ឱកាស និង​លក្ខខណ្ឌ​ពេញ​លេញ​មួយ​ដើម្បី​អនុញ្ញាត​ឲ្យ​ប្រជាជន​មាន​សិទ្ធិសេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ។ ចំណែក​ធម៌ក្តៅ​វិញ លោក​រ៉ូហានី​បាន​ព្រមាន​ត្រង់ៗ​ថា លោក​មិន​អត់ឱន​ឲ្យ​ជា​ដាច់ខាត​ចំពោះ​រូប​បាតុករ​ណា​ដែល​ប្រើ​អំពើហិង្សា និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ។

សម្រាប់​លោក​រ៉ូហានី រដ្ឋាភិបាល​ទទួល​យក​តែ​ការ​រិះគន់​ទិតៀន​ណា​ដែល​មាន​លក្ខណៈ​ស្ថាបនា និង​អាច​ចូលរួម​ជួយ​លើក​ដំកើង​ស្ថានភាព​ប្រទេសជាតិ និង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន។ គួរ​បញ្ជាក់​ជូន​ថា បាតុកម្ម​បាន​ចាប់​ផ្តើម​ដំបូង​នៅ​ក្នុង​ទីក្រុង​ម៉ាហាដ​ដែល​ជា​ទីក្រុង​ទី២ របស់​អ៊ីរ៉ង់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី២៨ ធ្នូ មុន​នឹង​រីករាល​ដាល​សឹង​នៅ​ទូទាំង​ប្រទេស​នា​ពេល​នេះ។ បាតុកម្ម​រយៈពេល ៤ថ្ងៃ​កន្លង​ទៅ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ១២នាក់ ចាប់ខ្លួន និង​របួស​ជា​ច្រើន​នាក់​ផ្សេង​ទៀត។ សូម​រម្លឹក​ជូន​ថា នេះ​ជា​មហាបាតុកម្ម​លើកទី១ គិត​តាំង​ពី​មហាបាតុកម្ម​កាល​ពី​ខែ​មិថុនា ឆ្នាំ ២០០៩ ក្នុង​ជំនាន់​លោក​ប្រធានាធិបតី​ម៉ាមូដ អាម៉ាឌីនេហ្សាដ។

តែ​អ្វី​ដែល​ខុស​គ្នា លោក​អាម៉ាឌីនេហ្សាដ​មិន​ញញើត​នឹង​ប្រើ​កម្លាំង​ដើម្បី​បង្រ្កាប​បាតុករ រីឯ​លោក​រ៉ូហានី​វិញ​នៅ​ពេល​នេះ បាន​ប្រើ​កម្លាំង​ដោយ​មាន​កម្រិត និង​ថ្លឹងថ្លែង​យ៉ាង​ល្អិតល្អន់។ សំណួរ​ដែល​កំពុង​ចោទ​ពេល​នេះ​គឺ​ថា តើ​អ្វី​ទៅ​ជា​ដើមចម​ពិត​ប្រាកដ​នៃ​ការ​ផ្ទុះ​បាតុកម្ម​ក្រោម​ទ្រង់ទ្រាយ​ធំ​ពេល​នេះ?។ ហេតុផល​សំខាន់ៗ​អាច​មាន​ពីរ ទី១ គឺ​វិបត្តិ​ផ្ទៃក្នុង​ដែល​កើត​ចេញ​ពី​នយោបាយ​សេដ្ឋកិច្ច​តាម​វិធានការ​រឹតត្បិត​របស់​រដ្ឋាភិបាល​លោក​រ៉ូហានី និង​ហេតុផល​ទី២ លើក​ឡើង​ដោយ​រដ្ឋាភិបាល គឺ​ការ​លូកដៃ​ពី​បរទេស​ជួយ​ជ្រោមជ្រែង​ក្រុម​អ្នក​អភិរក្សនិយម​អ៊ីរ់ង់​ដែល​ជា​គូប្រជែង​នយោបាយ​របស់​លោក​រ៉ូហានី​ក្នុង​គោលដៅ​ប្តូរ​របប​ដឹកនាំ​នៅ​អ៊ីរ៉ង់​សព្វ​ថ្ងៃ។

កំហឹង​របស់​បាតុករ​ក្រោម​ហេតុផល​សេដ្ឋកិច្ច​មក​ពី​ពួក​គេ​ឆ្ងល់​ថា ហេតុអ្វី​បាន​ជា​មាន​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​សហគមន៍​អន្តរជាតិ​ដែល​បាន​ធ្វើ​ឲ្យ​អ៊ីរ៉ង់​រួច​ផុត​ពី​ទណ្ឌកម្ម​សេដ្ឋកិច្ច​អន្តរជាតិ​ហើយ បែរ​ជា​ស្ថានភាព​សេដ្ឋកិច្ច​ហាក់​នៅ​ទ្រឹង​មួយ​កន្លែង​ដោយ​គ្មាន​ស្ទុះ​ឡើង​ដូច​ក្តី​រំពឹង​ទុក​អ៊ីចឹង។ ចូរ​កុំ​ភ្លេច​ថា អស់​ជា​ច្រើន​ឆ្នាំ​ដែល​អ៊ីរ៉ង់​ស្ថិត​ក្រោម​ទណ្ឌកម្ម​សេដ្ឋកិច្ច​អន្តរជាតិ​ក្នុង​បញ្ហា​នុយក្លេអ៊ែរ និង​តាំង​ពី​លោក​រ៉ូហានី​ឡើង​កាន់​តំណែង​ក្នុង​ឆ្នាំ ២០១៣ រួច​ជាប់​ឆ្នោត​ជា​ថ្មី​ក្នុង​ខែ​ឧសភា ឆ្នាំ ២០១៧ លោក​តែង​ចាត់​ទុក​កំណែទម្រង់​សេដ្ឋកិច្ច​ជា​ប្រធានបទ​អាទិភាព។ លោក​រ៉ូហានី​បាន​បញ្ចុះ​អត្រា​អតិផរណា​ពី ៤០% មក​នៅ​ត្រឹម ១០%។ តែ​អត្រា​យុវជន​អត់​ការងារ​ធ្វើ​នៅ​មាន​កម្រិត​ខ្ពស់​ដល់​ទៅ ២៨,៨%។ ទន្ទឹម​គ្នា​នេះ លោក​រ៉ូហានី​ហាក់​មិន​ទាន់​អាច​ទាក់ទាញ​ក្រុម​អ្នកវិនិយោគ​បរទេស​ឲ្យ​ចូល​ទៅ​បោះទុន​រកស៊ី​នៅ​អ៊ីរ៉ង់។

នៅ​ក្នុង​ន័យ​នេះ លោក​រ៉ូហានី​បាន​អំពាវនាវ​ដល់​ប្រជាជន​ឲ្យ​មាន​ភាព​អតធ្មត់ ហើយ​លើក​ឡើង​ញយ​ដង​ថា គេ​ត្រូវ​ការ​ពេល​វេលា​យូរ​ដើម្បី​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញ និង​ថា​នៅ​ចំពោះ​មុខ រដ្ឋាភិបាល​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​អនុវត្ត​លើ​វិធានការ​ចំា​បាច់​មួយ​ចំនួន ដូច​ជា​រឹតត្បិត​ថវិកា កាត់​បន្ថយ​ជំនួយ​សង្គម និង​ដំឡើង​តម្លៃ​ប្រេងសាំង​ជា​ដើម។ ដូច្នេះ​គេ​អាច​និយាយ​បាន​ថា ក្បួនបាតុកម្ម​សព្វថ្ងៃ​ជា​ផ្លៃផ្កា​នៃ​ក្តី​អស់​សង្ឃឹម ខកចិត្ត​របស់​ប្រជាជន។ ចំណែក​ហេតុផល​ទី២ លើក​ឡើង​ដោយ​រដ្ឋាភិបាល​អ៊ីរ៉ង់ គឺ​ការ​លូកដៃ​ពី​បរទេស ពិសេស​ពី​អាមេរិក​ក្នុង​គោលដៅ​ប្តូរ​របប​ដឹកនាំ​នៅ​អ៊ីរ៉ង់​សព្វថ្ងៃ។ ការ​លើក​ឡើង​ដូច​នេះ​របស់​អ៊ីរ៉ង់​ក៏​មិន​សូវ​ខុស​ដែរ ព្រោះ​តាំង​ពី​ថ្ងៃ​ផ្ទុះ​បាតុកម្ម​មក លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​បាន​បញ្ចេញ​ប្រតិកម្ម​វ៉ៃប្រហារ​រដ្ឋាភិបាល​អ៊ីរ៉ង់​ដល់​ទៅ ៣ដង។

ពី​ដំបូង លោក​ត្រាំ​បាន​ជំរុញ​រដ្ឋាភិបាល​អ៊ីរ៉ង់​ឲ្យ​គោរព​សិទ្ធិ​បាតុករ បន្ទាប់​មក​ប្រឈម​មុខ​នឹង​ការ​វាយបង្រ្កាប​លើ​ហ្វូង​បាតុករ​ពី​សំណាក់​រដ្ឋអំណាច​ត្រូវ​បាន​លោក​ត្រាំ​ព្រមាន​ថា « របប​គាបសង្កត់​មិន​អាច​មាន​ជា​រៀង​រហូត​ទេ »។ បន្ទាប់​មក​ទៀត លោក​ត្រាំ​បាន​ដាក់​ចំៗ​ដោយ​គ្មាន​បញ្ឈិតបញ្ឈៀង​ថា

« មហា​ប្រជាជន​អ៊ីរ៉ង់​ត្រូវ​បាន​គេ​គាបសង្កត់ ជិះជាន់​តាំង​ពី​ប៉ុន្មាន​ឆ្នាំ​មក​ហើយ។ ពួក​គេ​កំពុង​ស្រេកឃ្លាន​អាហារ និង​សេរីភាព។ ធនធាន​របស់​អ៊ីរ៉ង់​ត្រូវ​បាន​រឹបអូស​ដូច​ជា​សិទ្ធិមនុស្ស​ជា​ដើម។ ពេល​វេលា​នៃ​ការ​ផ្លាស់ប្តូរ​បាន​ឈាន​មក​ដល់​ហើយ​នៅ​អ៊ីរ៉ង់ »។ សូម​ជម្រាប​ជូន​ថា ខុស​ពី​លោក​បារ៉ាក់ អូបាម៉ា​ដែល​បាន​បោះ​ដៃ​រក​អ៊ីរ៉ង់ លោក​ដូណាល់ ត្រាំ​បែរ​ជា​បាន​ចាត់​ទុក​អ៊ីរ៉ង់​ជា​សត្រូវ​របស់​អាមេរិក និង​តែង​បរិហារ​លើ​មហិច្ឆតា​របស់​អ៊ីរ៉ង់​នៅ​ក្នុង​តំបន់។

សម្រាប់​រដ្ឋាភិបាល​ក្រុង​តេហេរ៉ង់ បើ​កំហឹង​របស់​ប្រជាជន​កើត​ចេញ​ពី​បញ្ហា​សេដ្ឋកិច្ច​ក្នុង​ស្រុក​ជា​រឿង​មួយ​ធម្មតា និង​អាច​មាន​លទ្ធភាព​ដោះស្រាយ។ គ្រាន់​តែ​ថា តើ​លោក​រ៉ូហានី​ហ៊ាន​ទទួល​ស្គាល់ ឬ​មិន​ទទួល​ស្គាល់​លើ​វិបត្តិ​ផ្ទៃក្នុង​មួយ​នេះ​ឬ​អត់ ពិសេស​ហ៊ាន​ទទួល​ពី​ភាព​បរាជ័យ​នៅ​ក្នុង​កំណែទម្រង់​សេដ្ឋកិច្ច​របស់​ខ្លួន​ដែរ​ឬ​ទេ។ ផ្ទុយ​ទៅ​វិញ បើ​ភាព​ពុះកញ្ជ្រោល​មួយ​នេះ​កើត​ចេញ​ពី​ការ​អុជអាល ឆ្កឹះឆ្គៀល​ពី​ខាង​ក្រៅ​ក្នុង​បំណង​រំលំ​របប​ដឹកនាំ​បច្ចុប្បន្ន នោះ​ពិត​ជា​រឿង​មួយ​ពិបាក​គ្រប់គ្រង​បន្តិច។ នៅ​ក្នុង​ន័យ​នេះ លោក​រ៉ូហានី​បាន​អំពាវនាវ​ដល់​ប្រជាជន​ឲ្យ​សម្លឹង​មើល​ស្ថានការណ៍​របស់​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់ ដូច​យ៉ាង​ស៊ីរី និង​អ៊ីរ៉ាក់​ដែល​កំពុង​បន្ត​ស្គាល់​សង្គ្រាម និង​អស្ថិរភាព​នយោបាយ៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • អ៊ីរ៉ង់

    អ៊ីរ៉ង់៖​លោកហាសាន រ៉ូហានី​ច្រានចោល​អំពើ​ហិង្សា និង​បរិហារ​លើ​ពាក្យ​រិះគន់​របស់​លោក​ដូណាល់ ត្រាំ

    ស្វែងយល់បន្ថែម

  • អ៊ីរ៉ង់

    បាតុកម្មប្រឆាំង​រដ្ឋាភិបាល​អ៊ីរ៉ង់ ស្លាប់២នាក់ និង​មនុស្ស​៥០នាក់ត្រូវ​ចាប់​ខ្លួន

    ស្វែងយល់បន្ថែម

  • អ៊ីរ៉ង

    បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​អ៊ីរ៉ង់ កាន់តែ​រីកធំ

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ