ហេតុអ្វីបានជាក្រុមអង្គការអន្តរជាតិមួយចំនួនក្លាយជាផ្ទាំងស៊ីបនៃការវាយប្រហារពីរដ្ឋាភិបាលអ៊ីស្រាអែល?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:៣៤
នៅក្នុងប្រទេសអ៊ីស្រាអែល លោកនាយករដ្ឋមន្រ្តីបិនយ៉ាមីន នេតាន់យ៉ាហ៊ូបានបន្តយុទ្ធនាការប្រឆាំងស្ថាប័ន និងអង្គការអន្តរជាតិទាំងឡាយដែលកំពុងចូលរួមបំផ្លិចបំផ្លាញរដ្ឋអ៊ីស្រាអែល។ មានអង្គការអន្តរជាតិចំនួន ២០អង្គការត្រូវបានក្រសួងទទួលបន្ទុកកិច្ចការយុទ្ធសាស្រ្តដាក់បញ្ចូលក្នុងបញ្ជីខ្មៅជាអង្គការដែលបានធ្វើយុទ្ធនាការគាំទ្រចលនាអន្តរជាតិ « ពហិការ ឈប់វិនិយោគ និងទណ្ឌកម្ម » ដែលហៅកាត់ជាភាសាបារាំងថា BDS។ តែក្រុមអ្នកសង្កេតការណ៍បានមើលឃើញថា ចំណាត់ការរបស់លោកនេតាន់យ៉ាហ៊ូពេលនេះមានបង្កប់ដោយរឿងនយោបាយផ្ទាល់ខ្លួន។
ក្នុងចំណោមអង្គការអន្តរជាតិទាំង ២០អង្គការដែលស្ថិតក្នុងបញ្ជីខ្មៅរបស់រដ្ឋាភិបាលអ៊ីស្រាអែល មាន ១១អង្គការមកពីអឺរ៉ុបដូចយ៉ាងសមាគមន៍សាមគ្គីបារាំង ប៉ាឡេស្ទីន និងខ្លះទៀតមកពីអាមេរិកដូចយ៉ាងសមាគមន៍សម្លេងជនជាតិជ្វីហ្វដើម្បីសន្តិភាពជាដើម។ ក្រោមភ្នែក ចម្រុះរបស់ទីក្រុងតេឡាវី អង្គការអន្តរជាតិទាំង ២០ នេះបានចូលរួមជួយគាំទ្រដោយផ្ទាល់ ឬដោយប្រយោលចំពោះចលនាអន្តរជាតិ « ពហិការ ឈប់វិនិយោគនិងទណ្ឌកម្ម » ដែលហៅកាត់ជាភាសាបារាំងថា BDS។ ក្រៅពីចុះក្នុងបញ្ជីខ្មៅ សមាជិករបស់អង្គការទាំង ២០ ក៏ត្រូវបានហាមឃាត់មិនឲ្យចូលក្នុងទឹកដីអ៊ីស្រាអែលដែរ។
តាមពិតទៅ ចំណាត់ការរបស់លោកនេតាន់យ៉ាហ៊ូលើអង្គការអន្តរជាតិទាំង ២០ អង្គការពេលនេះបានធ្វើឡើង បន្ទាប់ពីសភាអ៊ីស្រាអែលបានអនុម័តលើច្បាប់មួយនាខែមីនាឆ្នាំ ២០១៧ ដោយហាមមិនឲ្យក្រុមសកម្មជនចលនា BDS ដាក់ជើងជាន់លើទឹកដីអ៊ីស្រាអែលទេ។ តាមច្បាប់ដដែលនោះ រដ្ឋាភិបាលនឹងមិនផ្តល់ទិដ្ឋាការ និងការអនុញ្ញាតឲ្យស្នាក់នៅដល់សមាជិកណាម្នាក់របស់អង្គការនោះ ទោះបីជាពួកគេជាជនជាតិអ៊ីស្រាអែល និងមានសិទ្ធិរស់នៅលើទឹកដីអ៊ីស្រាអែលជាអចិន្រ្តៃយ៍ក៏ដោយ។ សូមជម្រាបជូនថា ចលនា BDS បានចេញមុខធ្វើយុទ្ធនាការជាចំហគាំទ្រឲ្យមានការធ្វើពហិការក្នុងផ្នែកសេដ្ឋកិច្ច វប្បធម៌ និងវិទ្យាសាស្រ្តនៅអ៊ីស្រាអែលរហូតធ្វើឲ្យប្រទេសមួយនេះបញ្ឈប់ការទន្ទ្រានចូលកាន់កាប់ទឹកដីរបស់ប្រជាជនប៉ាឡេស្ទីន។
លោកហ្គីឡាដ អ៊ែរដិន រដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការយុទ្ធសាស្រ្ត និងសន្តិសុខផ្ទៃក្នុងដែលជាអ្នករៀបចំបញ្ជីខ្មៅទាំង ២០អង្គការអន្តរជាតិបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានថា ការផ្សព្វផ្សាយបញ្ជីថ្មីនេះជាការបោះមួយជំហានទៅមុខបន្ថែមនៅក្នុងយុទ្ធនាការប្រឆាំងនឹងការប៉ុនប៉ងបង្ខូចភាពស្របច្បាប់របស់រដ្ឋអ៊ីស្រាអែលក៏ដូចជាក្នុងបំណងបំផ្លាញរដ្ឋអ៊ីស្រាអែលដែលជារដ្ឋជ្វីហ្វ។ តាមលោកហ្គីឡាដ គ្មានប្រទេសណាមួយក្នុងលោកយល់ព្រមឲ្យក្រុមមនុស្សរ៉ៅឆាន ឈ្លានីសចូលក្នុងទឹកដីរបស់ខ្លួនឡើយ។ ក្រុមមនុស្សរ៉ៅឆាន ឈ្លានីសដែលលោកហ្គីឡាដសំដៅត្រង់លើក្រុមសកម្មជនរបស់ចលនា BDS។
មែនទែនទៅ ចលនា BDS មួយនេះបានស្ថិតក្នុងផ្ទាំងស៊ីបនៃការតាមឃ្លាំមើល និងវាយប្រហារពីរដ្ឋាភិបាលអ៊ីស្រាអែលជាយូរមកហើយ។ ថ្មីៗកន្លងទៅនេះ រដ្ឋាភិបាលហ៊ានទាំងចំណាយថវិកាចំនួន ៦៥លានអឺរ៉ូដើម្បីឲ្យលោកហ្គីឡាដបង្កើតស្ថាប័នដាច់ដោយឡែកមួយទុកសម្រាប់តែឆ្លើយតបនឹងសកម្មភាពរបស់ចលនា BDS។ ក្នុងខែសីហា ឆ្នាំ ២០១៦ ក្រសួងមហាផ្ទៃ និងក្រសួងទទួលបន្ទុកកិច្ចការយុទ្ធសាស្រ្តថែមទាំងបានបង្កើតក្រុមការងារមួយដើម្បីតាមដានមើល និងរារាំងសកម្មជនបរទេសរបស់ចលនា BDS ដែលមានបំណងចង់ចូលក្នុងទឹកដីអ៊ីស្រាអែល។
បើគេមើលមួយភ្លែតទៅ ចំណាត់ការរបស់លោកនាយករដ្ឋមន្រ្តីនេតាន់យ៉ាហ៊ូលើចលនា BDS ពេលនេះមិនមែនជារឿងថ្មី ហើយក៏ហាក់គ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលដែរ។ មិនភ្ញាក់ផ្អើលព្រោះវាជាទម្លាប់មួយហើយដែលរដ្ឋាភិបាលអ៊ីស្រាអែលតែងចេញមុខប្រឆាំងនឹងអ្នកដែលប្រឆាំងខ្លួន តែគាំទ្របុព្វហេតុរបស់ប្រជាជនប៉ាឡេស្ទីនដោយមិនថាអ្នកនោះជាប្រទេស មនុស្ស ស្ថាប័ន សមាគម ឬជាអង្គការទេ។ តាំងពីឆ្នាំ ២០១៦ មក និងក្នុងបំណងការពារផលប្រយោជន៍អ៊ីស្រាអែល លោកនេតាន់យ៉ាហ៊ូបានប្រើយុទ្ធសាស្រ្តកាចដោយមិនខ្វល់ខ្វាយពីអ្នកចោទលោកក្នុងបទរំលោភសិទ្ធិមនុស្ស និងសិទ្ធិបញ្ចេញមតិទេ។
តែក្រុមអ្នកសង្កេតការណ៍បានមើលឃើញបន្ថែមទៀតថា ក្រៅតែពីការ ការពារផលប្រយោជន៍ប្រជាជនអ៊ីស្រាអែល លោកនេតាន់យ៉ាហ៊ូក៏បានការពារផលប្រយោជន៍នយោបាយផ្ទាល់ខ្លួនរបស់លោកដែរ។ ចូរកុំភ្លេចថា នាយករដ្ឋមន្រ្តីអ៊ីស្រាអែលរូបនេះកំពុងជំពាក់វាក់វិន និងហ៊ុមព័ទ្ធដោយរឿងអាស្រូវពុករលួយជាច្រើននៅឯតុលាការ និងដែលរឿងរ៉ាវមួយនេះអាចនឹងជះឥទ្ធិពលដល់ជីវិតនយោបាយរបស់លោក។ ដូច្នេះចង់ ឬមិនចង់ និងទំរាំដល់ថ្ងៃបោះឆ្នោតសភាជាថ្មីនៅឆ្នាំ ២០១៩ ចំណាត់ការប្រឆាំងលើអង្គការអន្តរជាតិមួយចំនួនរបស់លោកនេតាន់យ៉ាហ៊ូពេលនេះអាចជាម្លប់បាំងរឿងអាស្រូវផ្ទាល់ខ្លួនរបស់លោកបានមួយរយៈពេលដែរ។
តែនេះមិនមែនមានន័យថា លោកនេតាន់យ៉ាហ៊ូនឹងអាចរួចខ្លួនរហូតទេ ព្រោះកន្លងមក រឿងអាស្រូវពុករលួយក៏ធ្លាប់បានបង្ខំឲ្យនាយករដ្ឋមន្រ្តីអ៊ីស្រាអែលម្នាក់ចុះចេញពីតំណែង រួចត្រូវបានតុលាការកាត់ទោសឲ្យដេកក្នុងគុក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ