៧ឆ្នាំក្រោយបដិវត្តផ្កាម្លិះ ប្រជាជនទុយនីស៊ី នៅតែប្រឆាំងតវ៉ានឹងជីវភាពឡើងថ្លៃ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:០៧
១៤ មករា ២០១១-១៤ មករា ២០១៨ ថ្ងៃនេះជាខួបគម្រប់ ៧ ឆ្នាំនៃការផ្ទុះបដិវត្តន៍ផ្កាម្លិះ នៅប្រទេសទុយនីស៊ី។ កាលពី ៧ឆ្នាំមុន បដិវត្តន៍ផ្កាម្លិះនៅទុយនីស៊ី បានក្លាយចំណុចចាប់ផ្តើមនៃការឆ្លងរាលដាល ទៅសឹងគ្រប់ប្រទេស នៅមជ្ឈិមបូព៌ា។ ជាកត់សំគាល់ ខួប ៧ឆ្នាំ នៃបដិវត្តន៍ផ្កាម្លិះ នៅទុយនីស៊ី នៅថ្ងៃនេះ បានកើតមានឡើង នៅក្នុងបរិបទមួយ តានតឹងខ្លាំង ព្រោះថា ជិតមួយសប្តាហ៍មកហើយ ពលរដ្ឋទុយនេស៊ីនៅបន្តធ្វើបាតុកម្ម ប្រឆាំងនឹងរដ្ឋាភិបាល ដែលមិនបានគិតគូរពីជីវភាព លំបាករបស់ប្រជាជន។
នៅថ្ងៃទី១៤មករានេះ ទុយនីស៊ី ប្រារព្ធខួប៧ឆ្នាំនៃបដិវត្តផ្កាម្លិះ ដែលបានឈានទៅដល់ការផ្តួលរំលំអំណាចរបស់លោក ប្រធានាធិបតីបិន អាលី។ ប៉ុន្តែ ខុសពីឆ្នាំមុនៗ ការប្រារព្ធខួបនៃជ័យជំនះរបស់បដិវត្តផ្កាម្លិះ ឆ្នាំនេះ ធ្វើឡើងនៅក្នុងបរិបទមួយដ៏តានតឹង នៅទុយនីស៊ី ជាទីដែលប៉ុន្មានថ្ងៃមកហើយ ប្រជាជនចុះថ្នល់ធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល។ ការទាមទាររបស់បាតុករទុយនីស៊ី គឺដូចនៅឆ្នាំ ២០១១ នោះ គឺការងារ សេរីភាព ហើយនិងភាពថ្លៃថ្នូ។
បើប្រៀបធៀបនឹងប្រទេសផ្សេងទៀត នៅមជ្ឈិមបូព៌ា ដែលរងបក់បោកដោយបដិវត្តអារ៉ាប់ ទុយនីស៊ី ដែលជាប្រទេសដំបូងគេ កើតមានបដិវត្តផ្កាម្លិះ បានរើរួចខ្លួន ចេញពីវិបត្តិ បានលឿនមុនគេ គឺមិនដូចនៅស៊ីរី ឬលីប៊ីនោះទេ។ ពលរដ្ឋទុយនីស៊ីបានធ្វើបដិវត្តបណ្តេញ បិនអាលី ប្រធានាធិបតី ដ៏ពុករលួយ និងបក្សពួកនិយម ចេញពីអំណាច និងឈ្នះ បានទទួលលទ្ធិប្រជាធិបតេយ្យមែន ប៉ុន្តែ ទុយនីស៊ី នៅតែរង គាបសង្កត់ដោយបញ្ហាសេដ្ឋកិច្ច និងអយុត្តិធម៌ក្នុងសង្គម។
នៅ៧ឆ្នាំ ក្រោយបដិវត្តន៍ផ្កាម្លិះ ប្រជាជន ទុយនីស៊ី ទទួលអារម្មណ៍ថា មានសេរីភាពជាងមុន ប៉ុន្តែ ជាមួយគ្នានោះ គេក៏យល់ដែរថា ពួកគេនៅតែក្រ ដូចមុន ឬក្រជាង នៅមុនបដិវត្តទៅទៀត។ ដោយសារអ្វី ? ប្រជាជន ទុយនីស៊ី នៅតែ ជួបបញ្ហាដដែល ក៏ដោយសារតែរដ្ឋាភិបាលរក្សាគំរូសេដ្ឋកិច្ច ដូចមុន គ្មានផ្លាស់ប្តូរនោះទេ។ ប្រជាជននៅតែមានជីវភាពខ្វះខាត ក្រីក្រ គ្មានការងារធ្វើ នៅក្នុងពេលទំនិញចេះតែឡើងថ្លៃ។ តាមអង្គការពលកម្មពិភពលោក ៣៥ភាគរយនៃយុវជនទុយនីស៊ី គ្មានការងារធ្វើនោះទេ។
ខុសពីឆ្នាំមុនៗ ដែលប្រជាជនរំលឹកខួបបដិវត្តផ្កាម្លិះ ត្រឹមក្នុងរូបភាពជាការជួបជុំ ដើម្បីរំលឹកពីជ័យជំនះរបស់ពួកគេ ក្នុងការបណ្តេញមេដឹកនាំពុករលួយ ប្រជាជនទុយនីស៊ី នៅឆ្នាំនេះ រំលឹកខួបបដិវត្តផ្កាម្លិះ នៅឆ្នាំនេះ ក្នុងបរិបទដ៏តានតឹង។ ដូចបាននិយាយខាងដើម ប្រជាជនទុយនីស៊ីបានធ្វើបាតុកម្មសឹងគ្រប់កន្លែង ក្នុងប្រទេសចាប់តាំងពីថ្ងៃចន្ទមក។ បាតុកម្ម ហិង្សា និងអហិង្សា បានផ្ទុះឡើង ដើម្បីប្រឆាំងតវ៉ានឹងទំនិញឡើងថ្លៃ ប្រឆាំងនឹងនយោបាយរឹតត្បិតថវិកា ជាពិសេស បន្ទាប់ពីរដ្ឋាភិបាលទើបសម្រេចអនុម័ត ថវិកាជាតិឆ្នាំ ២០១៨។ ប្រជាជនធ្វើបាតុកម្ម ទាមទារឲ្យរដ្ឋាភិបាលកែប្រែច្បាប់ថវិកាឆ្នាំ ២០១៨ ព្រោះថា នៅក្នុងនោះ រដ្ឋាភិបាលបានសម្រេចដំឡើងពន្ធ សព្វសារពើ មិនថា ពន្ធលើប្រាក់ខែ ពន្ធលើTVA និងសូម្បីពន្ធលើទូរស័ព្ទ។ សម្រាប់ប្រជាជន ការដំឡើងពន្ធរបស់រដ្ឋាភិបាលមានន័យស្មើនឹងច្របាច់កពួកគេ ដែលកំពុងរងគ្រោះរួចហើយ ដោយសារទំនិញឡើងថ្លៃ។
ទុយនីស៊ីទទួលប្រាក់កម្ចី ២,៤ពាន់លានអឺរ៉ូពីIMF
នៅក្រោយបដិវត្ត ទុយនីស៊ីបានជោគជ័យ ក្លាយជាប្រទេសប្រជាធិបតេយ្យ ប៉ុន្តែទុយនីស៊ី នៅតែជួបបញ្ហាសេដ្ឋកិច្ច។ ទុយនីស៊ី លែងជួបអស្ថិរភាពនយោបាយ មែន ប៉ុន្តែ អសន្តិសុខ ដោយសារតែការវាយប្រហារភេរវកម្ម ជាពិសេស នៅឆ្នាំ ២០១៥ បានធ្វើឲ្យវិស័យទេសចរណ៍ ដែលជាខ្យល់ដកដង្ហើមសេដ្ឋកិច្ចរបស់ទុយនីស៊ី ធ្លាក់ដាំក្បាលចុះ ហៅលែងលឺ។
រដ្ឋាភិបាលទុយនីស៊ី ដែលជួបការលំបាកហិរញ្ញវត្ថុបានរត់ទៅជំនួយ ពីមូលនិធិរូបិយវត្ថុអន្តរជាតិ។ នៅឆ្នាំ ២០១៦ មូលនិធិIMF បានផ្តល់ប្រាក់កម្ចី ២ពាន់ ៤រយលានអឺរ៉ូដល់រដ្ឋាភិបាលទុយនីស៊ី ដើម្បីយកទៅជំរុញសេដ្ឋកិច្ច ប៉ុន្តែIMF បានដាក់លក្ខខណ្ឌឲ្យរដ្ឋាភិបាលទុយនីស៊ី ត្រូវតែធ្វើនយោបាយរឹតត្បិតថវិកា កាត់បន្ថយឱនភាពថវិកា និងពាណិជ្ជកម្ម។ ដើម្បីអាចសម្រេចតាមគោលដៅ តាមការទាមទាររបស់ម្ចាស់បំណុល រដ្ឋាភិបាលទុយនីស៊ីមានផ្លូវតែម្យ៉ាង គឺបង្កើនចំណូលចូលកេសថវិកា តាមរយៈការដំឡើងពន្ធនេះឯង។
ដើម្បីបន្ថយកំហឹងរបស់បាតុករ រដ្ឋាភិបាលប្រកាសផ្តល់ថវិកាជួយប្រជាជនក្រីក្រ
កាលពីថ្ងៃសៅរ៍ ដើម្បីបន្ធូរបន្ថយ និងចង់ឲ្យការតវ៉ាស្ងប់ស្ងាត់ទៅវិញ រដ្ឋាភិបាល បានប្រកាសថា នឹងបញ្ចេញថវិកា៥៧លានអឺរ៉ូដើម្បីជួយ ប្រជាជនដែលក្រីក្រ និងដែលត្រូវជំនួយជាចាំបាច់។ តាមរដ្ឋមន្រ្តីកិច្ចការសង្គមទុយនីស៊ី គម្រោងជំនួយនេះនឹងបានប្រយោជន៍ទៅលើប្រជាជនទុយនីស៊ី ប្រមាណ ២សែន ៥ម៉ឺនគ្រួសារ។ កញ្ចប់ថវិកាប៉ុណ្ណេះ គឺគ្រប់គ្រាន់ ត្រឹមដោះស្រាយបញ្ហាមួយគ្រា ប៉ុណ្ណោះ ប៉ុន្តែ មិនអាចដោះស្រាយបញ្ហាសេដ្ឋកិច្ច និងសង្គម ដែលនៅតែរាំរ៉ៃដោយសារអំពើអយុត្តិធម៌ និងអំពើពុករលួយនោះទេ។ ដរាបណារដ្ឋាភិបាលមិនដោះស្រាយ បញ្ហា និងឆ្លើយតបតាមការទាមទាររបស់ប្រជាជនឲ្យដល់ស៊ីជម្រៅទេ បដិវត្តផ្កាម្លិះ គឺនៅតែអន្ទោលតាមប្រាណរបស់ក្រុមមេដឹកនាំជានិច្ច៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ