អ៊ីស្រាអែល-ប៉ាឡេស្ទីន៖តើកិច្ចព្រមព្រៀងក្រុងអូស្លូកាលពី ២៥ឆ្នាំមុនបានរលាយសាបសូន្យត្រឹមនេះ ឬ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:១៥
នៅដែនដីប៉ាឡេស្ទីន អង្គការរំដោះប៉ាឡេស្ទីនហៅកាត់ថា OLP បានបើកកិច្ចប្រជុំរយៈពេល ២ថ្ងៃពីថ្ងៃអាទិត្យដល់ថ្ងៃចន្ទ ទី១៥ មករា។ គោលដៅនៃកិច្ចប្រជុំ គឺស្វែងរកយុទ្ធសាស្រ្តថ្មីដើម្បីឆ្លើយតបនឹងលោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំដែលកាលពីដើមខែធ្នូ ឆ្នាំ ២០១៧ បានប្រកាសទទួលស្គាល់ហ្សេរុយសាឡិមជាទីក្រុងផ្តាច់មុខរបស់អ៊ីស្រាអែល។ លោកប្រធានរដ្ឋអំណាចប៉ាឡេស្ទីនម៉ាមូដ អាបាស់បានបញ្ជាក់ថា អាមេរិកមិនអាចបន្តដើរតួនាទីប្រពៃណីជាអន្តរការីស្វែងរកសន្តិភាពឲ្យប៉ាឡេស្ទីន និងអ៊ីស្រាអែលបានទៀតឡើយ។ ទន្ទឹមគ្នានេះ លោកអាបាស់ក៏បានជីកកប់កិច្ចព្រមព្រៀងក្រុងអូស្លូកាលពី ២៥ឆ្នាំមុន។ តើកិច្ចព្រមព្រៀងក្រុងអូស្លូកាលពី ២៥ឆ្នាំមុនបានរលាយសាបសូន្យត្រឹមនេះ ឬ?។
តាំងតែពីអើយមកម្ល៉េះ អាមេរិកដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលេចរបស់អ៊ីស្រាអែលបានដើរតួនាទីប្រពៃណីជាអន្តរការីនៅក្នុងដំណើរស្វែងរកសន្តិភាពឲ្យគូជម្លោះប្រចាំសតវត្សអ៊ីស្រាអែល ប៉ាឡេស្ទីន។ ប្រធានាធិបតីអាមេរិកគ្រប់ជំនាន់ ទោះមកពីបក្សសាធារណរដ្ឋ ឬបក្សប្រជាធិបតេយ្យសុទ្ធតែបានយល់ដូចគ្នាថា មានតែដំណោះស្រាយរដ្ឋពីររស់ក្បែរគ្នាអ៊ីស្រាអែល និងប៉ាឡេស្ទីនទេទើបគេអាចបិទបញ្ចប់ជម្លោះដ៏រុំារ៉ៃ និងស្មុគស្មាញមួយនេះបាន។ ការយល់ឃើញរបស់អាមេរិកដូចនេះក៏ជាការចង់បានរបស់សហគមន៍អន្តរជាតិ និងភាគីពាក់ព័ន្ធផ្ទាល់អ៊ីស្រាអែល ប៉ាឡេស្ទីនដែរ។ គេពិតជានៅចាំមិនភ្លេចថា លទ្ធផលដែលរដ្ឋបាលអាមេរិកក្នុងជំនាន់លោកប្រធានាធិបតីប៊ីល គ្លីនតុនសម្រេចបានជាប្រវត្តិសាស្រ្ត និងដែលពិភពលោកបានចូលរួមកោតសរសើរនោះ គឺកិច្ចព្រមព្រៀងអូស្លូដែលភាគីអ៊ីស្រាអែល និងភាគីប៉ាឡេស្ទីនបានចុះហត្ថលេខាកាលពីថ្ងៃទី១៣ កញ្ញា ឆ្នាំ ១៩៩៣។
រូបថតមួយសន្លឹក និងដ៏កម្រដែលពិភពលោកបានឃើញកាលណោះ គឺការចុះហត្ថលេខា និងការចាប់ដៃគ្នាយ៉ាងស្និទ្ធិស្នាលរវាងលោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែល អ៊ីហ្សាក់ រ៉ាប៊ីន និងលោកប្រធានរដ្ឋអំណាចប៉ាឡេស្ទីនយ៉ាសេ អារ៉ាហ្វាតក្រោមវត្តមានរបស់លោកប្រធានាធិបតីអាមេរិកប៊ីល គ្លីនតុន។ មិនមែនជាកិច្ចព្រមព្រៀងសន្តិភាពទេ តែជាកិច្ចព្រមព្រៀងមួយដែលអ៊ីស្រាអែលបានទទួលស្គាល់ពីអត្ថិភាពរបស់ប្រជាជនប៉ាឡេស្ទីន និងទទួលស្គាល់អង្គការរំដោះប៉ាឡេស្ទីន OLP ជាស្ថាប័នស្របច្បាប់របស់ប៉ាឡេស្ទីន។ គឺតាមរយៈកិច្ចព្រមព្រៀងអូស្លូឆ្នាំ ១៩៩៣ នោះឯងដែលភាគីជម្លោះទាំងពីរអ៊ីស្រាអែល ប៉ាឡេស្ទីនយកធ្វើជាមូលដ្ឋានសម្រាប់គ្រប់កិច្ចចរចាសន្តិភាពទាំងអស់។
ម្យ៉ាងទៀត កិច្ចព្រមព្រៀងអូស្លូពេលនោះក៏បានអនុញ្ញាតឲ្យមានការវិលត្រឡប់វិញនូវជនជាតិប៉ាឡេស្ទីនចំនួន ៣០០ ០០០ម៉ឺននាក់ដែរ។ តែអ្វីដែលមិនមានចែងនៅក្នុងកិច្ចព្រមព្រៀង និងនៅបន្តស្ថិតជាចំណុចរសើបខ្លាំងនោះ គឺទាក់ទងនឹងលក្ខន្តិកទីក្រុងហ្សេរុយសាឡិម បញ្ហាជនភៀសខ្លួន និងនយោបាយអាណានិគមរបស់អ៊ីស្រាអែលនៅតំបន់ស៊ីហ្សកដានីនៃទឹកដីប៉ាឡេស្ទីន។ លោកប្រធានាធិបតីអាមេរិក George W Bush ដែលបន្តតំណែងពីលោកប៊ីល គ្លីនតុន ឬមួយក៏លោកបារ៉ាក់ អូបាម៉ាដែលបន្តតំណែងពីលោក W Bush បានបន្តទទួលស្គាល់ និងយកកិច្ចព្រមព្រៀងអូស្លូកាលពី ២៥ឆ្នាំមុនធ្វើជាមូលដ្ឋាន។ ចំណែកលោកដូណាល់ ត្រាំដែលបន្តតំណែងពីលោកអូបាម៉ាក៏មិនបានកបចោលកិច្ចព្រមព្រៀងនោះដែរ តែអ្វីដែលលោកត្រាំហ៊ានធ្វើជាងអ្នកផ្សេងនោះ គឺការប្រកាសទទួលស្គាល់ហ្សេរុយសាឡិមជាទីក្រុងផ្តាច់មុខរបស់អ៊ីស្រាអែលនាខែធ្នូ ឆ្នាំ ២០១៧។
កាយវិការរបៀបនេះរបស់លោកត្រាំបានបង្កឲ្យមានប្រតិកម្មប្រឆាំងពីគ្រប់ទិសទីក្នុងលោក និងជាចំណុចចាប់ផ្តើមនៃការប្រេះឆារវាងរដ្ឋបាលអាមេរិករបស់លោកដូណាល់ ត្រាំ និងអំណាចប៉ាឡេស្ទីនរបស់លោកម៉ាមូដ អាបាស់។ ក្រោមភ្នែក ច្រមុះរបស់លោកអាបាស់ ក៏ដូចជាប្រជាជនប៉ាឡេស្ទីនទាំងអស់ ជំហររបស់ដូណាល់ ត្រាំមិនខុសអ្វីពីការយកសាំងទៅចាក់លើពំនូកភ្លើងដែលកំពុងក្តៅងំស្រាប់នោះទេ។ អ៊ីចឹងហើយបានជាលោកអាបាស់បានថ្លែងច្បាស់ៗនៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំនៃអង្គការ OLP នាថ្ងៃអាទិត្យ ទី១៤ ថា លោកមិនអាចបន្តចាត់ទុកតួនាទីប្រពៃណីរបស់អាមេរិកជាអន្តរការីនៅក្នុងដំណើរស្វែងរកសន្តិភាពឲ្យអ៊ីស្រាអែល និងប៉ាឡេស្ទីនបានទៀតឡើយ។ បន្ទាប់មក លោកអាបាស់ក៏បានប្រកាសកប់ចោលកិច្ចព្រមព្រៀងអូស្លូកាលពី ២៥ឆ្នាំមុនដោយលោកយល់ថា មិនអាចបន្តយកធ្វើជាដើមទុនរកស៊ីជាមួយអ៊ីស្រាអែលបានទៀតទេ។
ក្រៅពីកប់ចោលកិច្ចព្រមព្រៀងអូស្លូដែលលោកអាបាស់អះអាងថាយកគំរូតាមអ៊ីស្រាអែល ប្រមុខរដ្ឋអំណាចប៉ាឡេស្ទីនក៏បានអំពាវនាវថ្នាក់ដឹកនាំអង្គការ OLP ឲ្យសើរើពិនិត្យមើលឡើងវិញលើរាល់កិច្ចព្រមព្រៀងផ្សេងទៀតដែលប៉ាឡេស្ទីនមានជាមួយអ៊ីស្រាអែល។ ២៥ឆ្នាំក្រោយកិច្ចព្រមព្រៀងអូស្លូ ស្ថានការណ៍រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនហាក់បានធ្លាក់ដុនដាបកាន់តែខ្លាំងទៅៗពីមួយថ្ងៃ ទៅមួយថ្ងៃ។ អ៊ីចឹងហើយបានជាលោកអាបាស់យល់ថា កិច្ចខិតខំប្រឹងប្រែងរបស់អាមេរិកក្នុងរយៈពេល ២៥ឆ្នាំកន្លងទៅ ក៏ដូចកិច្ចព្រមព្រៀងអូស្លូឆ្នាំ ១៩៩៣ ត្រូវបានរដ្ឋបាលអាមេរិករបស់លោកដូណាល់ ត្រាំជាន់ឈ្លីអស់ហើយ។
ដូច្នេះសម្រាប់លោកអាបាស់ មានតែងាកទៅបន្តប្រើយន្តការណ៍អន្តរជាតិទេទើបគេអាចដាក់គំនាបលើអ៊ីស្រាអែលឲ្យទទួលយករដ្ឋប៉ាឡេស្ទីនស្របច្បាប់មួយ។ សូមជម្រាបជូនថាកន្លងមក យន្តការណ៍មួយនេះក៏ធ្លាប់បានលោកអាបាស់យកទៅប្រើនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ ឬនៅតាមស្ថាប័នអន្តរជាតិមួយចំនួន។ ចូរកុំភ្លេចថា កិច្ចព្រមព្រៀងអូស្លូកាលពី ២៥ឆ្នាំមុនត្រូវបានគេចាត់ទុកជាកិច្ចព្រមព្រៀងប្រវត្តិសាស្រ្តដ៏ល្អតែមួយគត់ស្តីពីជម្លោះច្រើនទសវត្សរ៍រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។ បើកិច្ចព្រមព្រៀងមួយនេះត្រូវបានរលាយជាស្ថាពរមែន គ្រប់គ្នានឹងមានចំណែកទទួលខុសត្រូវរៀងៗខ្លួន។ វាលើកលែងតែនៅថ្ងៃណាមួយនោះ គេអាចរកកិច្ចព្រមព្រៀងថ្មីឲ្យបានប្រសើរជាងនេះ ពោលកិច្ចព្រមព្រៀងដែលនឹងអនុញ្ញាតឲ្យមានរដ្ឋប៉ាឡេស្ទីនមួយរស់ក្បែរអ៊ីស្រាអែលដោយសុវត្ថិភាព៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ