អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

នៅ​ក្នុង​ប្រទេស​យេម៉ែន វិបត្តិ​ហែកហួរ​ផ្ទែក្នុង​កំពុង​រីករាលដាល​កាន់​តែ​ធំ

ចុះផ្សាយ​នៅ​ថ្ងៃ៖

តាំង​ពី​ឆ្នាំ ២០១១ មក​ម្ល៉េះ​ដែល​ប្រទេស​យេម៉ែន​បាន​ធ្លាក់​ក្នុង​សង្រ្គាមស៊ីវិល។ សង្រ្គាមស៊ីវិល​រវាង​ក្រុមឧទ្ទាម​ហ៊ូទី​ដែល​កំពុង​កាន់អំណាច​នៅ​ក្នុង​ទីក្រុង​សាណា និង​កម្លាំង​រដ្ឋាភិបាល​ដែល​កំពុង​យក​ទីក្រុង​អាដេន​ស្ថិត​ប៉ែកខាងត្បូង​ធ្វើ​ជា​ទីស្នាក់ការ​កណ្តាល​បណ្តោះអាសន្ន​របស់​ខ្លួន។ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា ក្រៅ​ពី​ប្រឈម​មុខ​នឹង​ក្រុមឧទ្ទាម​ហ៊ូទី កម្លាំង​រដ្ឋាភិបាល​ក៏​ទើប​ចាប់​ផ្តើម​ប្រឈម​មុខ​នឹង​ក្រុម​អ្នកទាមទារ​ផ្តាច់ទឹកដីនិយម​ដ៏​មាន​ឥទ្ធិពល​នៅ​ក្នុង​ទីក្រុង​អាដេន។ ការ​ប្រឈម​មុខ​ផ្លូវ​អាវុធ​រវាង​ទ័ព​រដ្ឋាភិបាល និង​ពួក​អ្នកទាមទារ​ផ្តាច់ទឹកដីនិយម​នា​ចុង​សប្តាហ៍​កន្លង​ទៅ​បាន​ផ្តាច់​ជីវិត​មនុស្ស​យ៉ាង​តិច ១៥នាក់ និង​របួស​ជាង ១០០នាក់​ផ្សេង​ទៀត។ ព្រឹត្តិការណ៍​ចុង​ក្រោយ​នេះ​ជា​សក្ខីកម្ម​ថ្មី​មួយ​ទៀត​ដែល​បញ្ជាក់​ពី​ការ​ធ្លាក់​ជ្រោះ​កាន់​តែ​ជ្រៅ​នៃ​វិបត្តិ​ផ្ទៃក្នុង​នៅ​យេម៉ែន។

ក្រុម​អ្នក​ទាមទារ​ផ្តាច់ទឹកដីនិយម​ក្នុង​ទីក្រុង​អាដេន ប្រទេស​យេម៉ែន
ក្រុម​អ្នក​ទាមទារ​ផ្តាច់ទឹកដីនិយម​ក្នុង​ទីក្រុង​អាដេន ប្រទេស​យេម៉ែន Reuters
ផ្សាយពាណិជ្ជកម្ម

ដើម្បី​អាច​និយាយ​ពី​ព្រឹត្តិការណ៍​ចុង​ក្រោយ​នេះ​បាន គេ​គួរ​តែ​បក​ក្រោយ​បន្តិច​ដើម្បី​រម្លឹក​ពី​មូលហេតុ​ដែល​បាន​ធ្វើ​ឲ្យ​យេម៉ែន​ស្គាល់​វិបត្តិ​នយោបាយ​ផ្ទៃក្នុង​មក​ដល់​សព្វថ្ងៃ។ អ្វីៗ​បាន​ចាប់​ផ្តើម​ឡើង​ក្នុង​ឆ្នាំ ២០១១ ដែល​ជា​ឆ្នាំ​នៃ​ការ​ផ្តើម​ភ្លួករសជាតិ​បដិវត្តន៍​អារ៉ាប់​ពី​ប្រទេស​អារ៉ាប់​មួយ​ចំនួន​នៅ​ក្នុង​តំបន់។ តែ​អ្វី​ជា​ការ​កត់សម្គាល់ និង​ខុស​ពី​បណ្តា​ប្រទេស​អារ៉ាប់​ខ្លះ​ដែល​មេដឹកនាំ​ត្រូវ​បាន​ធ្លាក់​ពី​អំណាច​ដោយ​កម្លាំង​មហាជន​បដិវត្តន៍ មេដឹកនាំ​នៅ​យេម៉ែន​បាន​ជ្រើសរើស​ផ្លូវ​ចុះ​ចេញ​ដោយ​ខ្លួន​ឯង។ កាល​ណោះ លោក​សាឡេ​និកាយ​ឈីអ៊ីត​បាន​យល់ព្រម​ចុះ​ពី​កៅអី​ប្រធានាធិបតី ហើយ​លោក​ហាឌី​ក៏​បាន​ក្លាយ​ជា​ប្រធានាធិបតី​ស្របច្បាប់​ក្នុង​ខែ​កុម្ភៈ ឆ្នាំ ២០១២ តាម​រយៈ​ការ​បោះឆ្នោត​របស់​ប្រជាជន។

តែ​បញ្ហា​នៅ​ត្រង់​ថា ចំហាយ​បដិវត្តន៍​អារ៉ាប់​ហាក់​មិន​ទាន់​រលាយ​សាបសូន្យ​ដូច​ដែល​គ្រប់​គ្នា​សង្ឃឹម​ទុក​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ប្រទេស​អារ៉ាប់​មួយ​នេះ​បែរ​ជា​បាន​ធ្លាក់​ក្នុង​វិបត្តិ​ហែកហួរ​ផ្ទៃក្នុង​កាន់​តែ​ជ្រៅ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ដោយ​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​កាន់​តែ​ខ្លាំង​រវាង​ក្រុម​អ្នកកាន់​សាសនាអ៊ីស្លាម​និកាយឈីអ៊ីត និង​ក្រុម​អ្នកកាន់​សាសនាអ៊ីស្លាម​និកាយ​ស៊ុយនីត។ ក្នុង​ឆ្នាំ ២០១៤ ក្រុម​ឧទ្ទាមហ៊ូទី​និកាយ​ឈីអ៊ីត​ដែល​គាំទ្រ​លោក​ប្រធានាធិបតី​ធ្លាក់​ពី​អំណាច​សាឡេ​បាន​វាយ​ចូល​កាន់កាប់​ទីក្រុង​សាណា ហើយ​ក៏​បាន​បង្ខំ​លោក​ប្រធានាធិបតី​ថ្មី​ហាឌី​ឲ្យ​ភៀសខ្លួន​ទៅ​ជ្រកកោណ​ក្នុង​ទឹកដី​ប្រទេស​អារ៉ាប៊ីសាអូឌីត​ក្នុង​ខែ​កុម្ភៈ ឆ្នាំ ២០១៥។

ចំណែក​រដ្ឋាភិបាល​របស់​លោក​ហាឌី​ក៏​បាន​រើ​ទៅ​បោះ​ទីតាំង​បណ្តោះអាសន្ន​នៅ​ប៉ែកខាងត្បូង​ក្នុង​ទីក្រុង​អាដេន។ គួរ​បញ្ជាក់​បន្តិច​ថា​ក្រៅ​ពី​ជា​ទីក្រុង​ធំ​ទី២ របស់​យេម៉ែន អាដេន​ក៏​ធ្លាប់​ជា​រដ្ឋឯករាជ្យ​មួយ​នៅ​ប៉ែកខាងត្បូង​ដែល​ទើប​រួបរួម​ជា​មួយ​ប៉ែកខាង​ជើង​ក្នុង​ទសវត្ស​ឆ្នាំ ៩០។ ទន្ទឹម​គ្នា​នេះ ទីក្រុង​អាដេន​ក៏​ជា​ដែនដី​ដែល​ក្រុម​អ្នកទាមទារផ្តាច់ទឹកដីនិយម​កំពុង​មាន​ឥទ្ធិពល​ខ្លាំង​ដែរ។ ក្នុង​ថ្ងៃទី២៦ មីនា ឆ្នាំ ២០១៥ ពោល ១ខែ​ក្រោយ​ការ​ភៀសខ្លួន​របស់​លោក​ហាឌី​ទៅ​កាន់​ប្រទេស​អារ៉ាប៊ីសាអូឌីត ទីក្រុង​រីយ៉ាដ​ក៏​បាន​បង្កើត​ឲ្យ​មាន​កម្លាំង​សម្ព័ន្ធអារ៉ាប់​មួយ​ដើម្បី​វាយ​កម្ទេច​ពួក​ឧទ្ទាម​ហ៊ូទី។ សូម​ជម្រាប​ជូន​ថា​សព្វ​ថ្ងៃ​នេះ​នៅ​យេម៉ែន សហគមន៍​អន្តរជាតិ​ទទួល​ស្គាល់​តែ​រដ្ឋអំណាច​របស់​លោក​ប្រធានាធិបតី​ហាឌី​តែ​មួយ​គត់។

រហូត​មក​ដល់​ពេល​នេះ ពោល​តាំង​ពី​យេម៉ែន​ធ្លាក់​ក្នុង​វិបត្តិ​ហែកហួរ​ផ្ទៃក្នុង​មក ក្រុម​អ្នកទាមទារ​ផ្តាច់ទឹកដីនិយម​នៅ​ក្នុង​ទីក្រុង​អាដេន​បាន​គាំទ្រ​លោក​ប្រធានាធិបតី​ហាឌី និង​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្រ្តី​អាម៉េដ បិនដាហ្កឺ។ តែ​អ្វីៗ​បាន​ផ្តើម​កក្រើក​ឡើង​វិញ បន្ទាប់​ពី​លោក​ហាឌី​បាន​ដក​លោក​អៃដារូ អាល់ ហ្ស៊ូបៃឌី​ចេញ​តំណែង​អភិបាល​ក្រុង​អាដេន​ក្នុង​ខែ​មេសា ឆ្នាំ ២០១៧។ ក្រោយ​ពី​បាន​ធ្លាក់​ពី​តំណែង​ជា​អភិបាល​ក្រុង លោក​ហ្ស៊ូបៃឌី​បាន​ទៅ​បង្កើត​ក្រុមប្រឹក្សា​អន្តរកាល​មួយ​ដើម្បី​បន្ត​ដឹកនាំ​បណ្តាខេត្ត​ប៉ែកខាងត្បូង។ តែ​ភាព​តានតឹង​បាន​ឡើង​កាន់​តែ​ខ្លាំង​ថែម​ទៀត​នៅ​ពេល​ដែល​ក្រុមប្រឹក្សា​អន្តរកាល​របស់​លោក​ហ្ស៊ូបៃឌី​បាន​ទាមទារ​ឲ្យ​លោក​ហាឌី​ធ្វើ​ការ​ដោះដូរ​សមាសភាព​នៅ​ក្នុង​រដ្ឋាភិបាល​ដែល​លោក​ហ្ស៊ូបៃឌី​បាន​មើល​ឃើញ​ថា មាន​ភាព​ពុករលួយ​ខ្លាំង។

នៅ​ក្នុង​ន័យ​នេះ លោក​ហ្ស៊ូបៃឌី​បាន​ទុក​ពេល ១សប្តាហ៍​ឲ្យ​លោក​ហាឌី​រហូត​ដល់​ថ្ងៃ​អាទិត្យ ទី២៨ មករា។ បើ​ពុំ​នោះ​សោត​ទេ លោក​នឹង​រៀបចំ​ឲ្យ​មាន​ចលនា​បះបោរ​មួយ​ក្នុង​ទីក្រុង​អាដេន​ក្នុង​គោលដៅ​ទម្លាក់​រដ្ឋាភិបាល។ ទីបំផុត ឱសានវាទ​បាន​កន្លង​មក​ផុត​ដោយ​លោក​ហាឌី​មិន​បាន​ចាត់​វិធានការ​អ្វី​ទាំង​អស់។ លោក​ហ្ស៊ូបៃឌី​ក៏​បាន​រៀបចំ​ក្បួនបាតុកម្ម​ក្នុង​ថ្ងៃ​អាទិត្យ ទី២៨ មករា​ដូច​ដែល​លោក​បាន​ព្រមាន តែ​ត្រូវ​បាន​កម្លាំង​រដ្ឋាភិបាល​វាយបង្រ្កាប​ចាស់​ដៃ​ភ្លាមៗ។ នៅ​ពេល​នោះ ការ​ប៉ះទង្គិច​ផ្លូវអាវុធ​ក៏​បាន​កើត​ឡើង​រវាង​កម្លាំង​រដ្ឋាភិបាល និង​កម្លាំង​អ្នកទាមទារ​ផ្តាច់ទឹកដីនិយម​ដោយ​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ១៥នាក់ និង​របួស​ជាង ១០០នាក់ ក្នុង​នោះ​ក៏​មាន​ជនស៊ីវិល​ដែរ។

ព្រឹត្តិការណ៍​មួយ​នេះ​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​របស់​លោក​បិនដាហ្កឺ​បង្ខំចិត្ត​សុំ​ជំនួយ​ពី​កម្លាំង​សម្ព័ន្ធអារ៉ាប់​ដឹកនាំ​ដោយ​ប្រទេស​អារ៉ាប៊ីសាអូឌីត។ តែ​ទីក្រុង​រីយ៉ាដ​នៅ​មិន​ទាន់​សម្រេចចិត្ត​យ៉ាង​ណា​នៅ​ឡើយ​ទេ។ ឃើញ​ថា​ចាប់​ពី​ពេល​នេះ​ត​ទៅ រដ្ឋាភិបាល​យេម៉ែន​ត្រូវ​ប្រឈម​មុខ​នឹង​សត្រូវ​ផ្ទៃក្នុង​ចំនួន​ពីរ ទី១ គឺ​ចលនា​ឧទ្ទាមហ៊ូទី​ដែល​កំពុង​កាន់អំណាច​នៅ​ទីក្រុង​សាណា និង​សត្រូវ​ទី២ គឺ​ក្រុម​អ្នកទាមទារ​ផ្តាច់ទឹកដីនិយម​ក្នុង​ទីក្រុង​អាដេន​ដែល​លោក​កំពុង​ឈរ​ជើង​តែ​ម្តង។ ខណៈ​នេះ កម្លាំង​របស់​លោក​បិនដាហ្កឺ​កំពុង​ចាញ់​ប្រៀប​លើ​កម្លាំង​អ្នកទាមទារ​ផ្តាច់ទឹកដី​និយម​ដែល​ទើប​ដណ្តើម​ចូលកាន់កាប់​ទីស្នាក់ការ​រដ្ឋាភិបាល​ក្នុង​ទីក្រុង​អាដេន។

វា​ពិត​ជា​រឿង​មួយ​ធម្មតា​ដែល​លោក​បិនដាហ្កឺ​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​សុំ​ជំនួយ​ពី​កម្លាំង​សម្ព័ន្ធអារ៉ាប់​ដែល​កំពុង​វាយប្រហារ​លើ​ចលនា​ឧទ្ទាមហ៊ូទី​ទេ នោះ​បើ​ទោះ​បី​ជា​ទីក្រុង​រីយ៉ាដ​នៅ​មិន​ទាន់​សម្រេចចិត្ត​យ៉ាង​ណា​ក៏​ដោយ។ តែ​អ្វី​ដែល​កំពុង​ចោទ​ខ្លាំង​ពេល​នេះ គឺ​ទាក់ទង​នឹង​អនាគត​រដ្ឋាភិបាល​របស់​លោក​បិនដាហ្កឺ​តែ​ម្តង ព្រោះ​បើ​បាត់​ទីក្រុង​អាដេន​មួយ​ទៀត តើ​រដ្ឋាភិបាល​របស់​លោក​បិនដាហ្កឺ​នឹង​ត្រូវ​រើ​ទៅ​ទី​ណា​វិញ?។ ងាក​ទៅ​ខាង​ជើង​ប៉ះ​ពួក​ឧទ្ទាម​ហ៊ូទី ហើយ​បើ​បន្ត​ស្ថិត​នៅ​ប៉ែក​ខាងត្បូង​នឹង​ត្រូវ​បន្ត​ត ទល់​នឹង​ពួក​អ្នកទាមទារ​ផ្តាច់ទឹកដីនិយម ពោល​មិន​ខុស​អ្វី​នឹង​សុភា​ដែល​ថា​ចុះ​ទឹក​ក្រពើ ឡើង​លើ​ខ្លា​នោះ​ទេ។

ចង់​មិន​ចង់​ពេល​នេះ វិបត្តិ​នយោបាយ​ផ្ទៃក្នុង​នៅ​យេម៉ែន​បាន​ចូល​ដល់​ផ្លូវ​ទាល់​មួយ​ដែល​រូបភាព​នៃ​ការ​ហែកហួរ​ផ្ទៃក្នុង​មាន​កាន់​តែ​ធំ​ដោយ​មាន​តួអង្គ​ដល់​ទៅ ៣ បាន​ចូល​ក្នុង​ឆាក​ដណ្តើម​អំណាច​គ្នា។ តែ​អ្វី​ដែល​គ្រប់គ្នា​កំពុង​បារម្ភ​ខ្លាំង គឺ​ការ​ពុះ​ចែក​ដែនដី​យេម៉ែន​ជា​ពីរ​ចំណែក​ដោយ​ខាង​ជើង​បន្ត​កាន់កាប់​ដោយ​ពួក​ឧទ្ទាម​ហ៊ូទី និង​ខាង​ត្បូង​ត្រូវ​បាន​ពួក​អ្នកទាមទារ​ផ្តាច់ទឹកដីនិយម​យក​ត្រឡប់​វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ