ស៊ីរី ៖ OIAC បើកអង្កេតអន្តរជាតិស្តីពីការប្រើប្រាស់អាវុធគីមីនៅស៊ីរី
អង្គការហាមឃាត់អាវុធគីមី ហៅកាត់ថា OIACបានប្រកាសនៅថ្ងៃពុធទី ៧ កុម្ភៈនេះ សិក្សាលើរាប់គ្រប់ការចោទប្រកាន់ថ្មីៗ គួរទុកចិត្តទាំងឡាយ ទាក់ទងនឹងការប្រើប្រាស់អាវុធគីមី នៅស៊ីរី។ សេចក្តីប្រកាសនេះធ្វើឡើងក្នុងខណៈដែលមានរបាយការណ៍ចេញផ្សាយថារបបក្រុងដាម៉ាសរបស់បាស្ហារអាល់អាសាដ ទំនងជាកំពុងពង្រាយអាវុធគីមីពុល។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៥៤
"ពាក្យចោទប្រកាន់ថ្មីៗថាមានការប្រើប្រាស់អាវុធគីមី នៅក្នុងប្រទេសស៊ីរី នៅតែជាប្រភពនៃក្តីព្រួយបារម្ភដ៏ធ្ងន់ធ្ងរ ! ដូច្នេះហើយបានអង្គការហាមហាត់អាវុធគីមី ត្រូវតែធ្វើការសិក្សាលើរាប់គ្រប់ការចោទប្រកាន់ដែលអាចជាការបានទាំងអស់”។ នេះជាសេចក្តីគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់អង្គការអន្តរជាតិដែលមានទីស្នាក់ការនៅទីក្រុងឡាអេ។
អង្គការហាមឃាត់អាវុធគីមីបានលម្អិតទៀតថា អង្គការនឹងប្រើវិធីសាស្ត្រដ៏ហ្មត់ចត់សម្រាប់ដឹកនាំការអង្កេត ហើយរបាយការណ៍របស់អង្គការនឹងគិតគូរ យ៉ាងសព្វជ្រុងជ្រោយ ដោយសង្កត់ធ្ងន់ទៅលើសក្ខីកម្ម ការស្រាវជ្រាវ របាយការណ៍វេជ្ជសាស្ត្រ ព្រមទាំងគំរូអេហ្សង់ទីយ៉ុងដែលមាន។
សូមបញ្ជាក់ថានារយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ របបដឹកនាំស៊ីរីរបស់លោក បាស្ហារ អាល់អាសាដបានរងការចោទប្រកាន់ថាមានបើកការវាយប្រហារដោយអាវុធគីមីជាច្រើន ជាពិសេសនៅតំបន់ដែលជាមូលដ្ឋានរបស់ពួកឧទ្ទាមជាយទីក្រុងដាម៉ាស។
ពាក្យចោទប្រកាន់បានរុញច្រានឱ្យសហរដ្ឋអាមេរិក លើកទង់ដំឡើងសំឡេងគំរាមបញ្ចេញសកម្មយោធាប្រឆាំង។ ប៉ុន្តែខាងរដ្ឋាភិបាលស៊ីរី បានបដិសេធថាគ្មានបានប្រើប្រាស់អាវុធគីមី និងបានចាត់ទុកពាក្យចោទប្រកាន់ទាំងឡាយនោះថា ជាការកុហកភូតភររបស់អាមេរិកនិងបារាំង។ ឯរុស្ស៊ីជាសម្ព័ន្ធមិត្តគាំទ្ររបបក្រុងដាម៉ាសវិញ បានបរិហារថាយុទ្ធនាការឃោសនានយោបាយ តែប៉ុណ្ណោះ។
អគ្គនាយករបស់អង្គការហាមឃាត់អាវុធគីមី លោក Ahmet Üzümcü ក៏បានឆ្លៀតរំលឹកឡើងវិញ ក្នុងសេចក្តីថ្លែងការណ៍ដដែលថា គ្រប់ការប្រើប្រាស់អាវុធគីមី ជាការរំលោភសន្ធិសញ្ញាអន្តរជាតិ និងបទដ្ឋានអន្តរជាតិ។ ពិភពលោកបច្ចុប្បន្នមិនអនុញ្ញាតឱ្យមានអាវុធគីមីដ៏អាក្រក់នេះទៀតទេ។
គិតមកទល់ថ្ងៃនេះ ជាង៩៦%នៃអាវុធគីមីនៅលើលោក ត្រូវបានកម្ទេចចោល ក្រោមការត្រួតពិនិត្យរបស់អង្គការហាមឃាត់អាវុធគីមី។ ក្រោមគំនាបរបស់សហរដ្ឋអាមេរិកនិងរុស្ស៊ី ប្រទេសស៊ីរីដឹកនាំដោយលោកបាស្ហារ អាល់អាសាដ ដែលបានក្លាយជាសមាជិកអង្គការហាមឃាត់អាវុធគីមីដែរ កាលពីឆ្នាំ២០១៣ បានទទួលស្គាល់មានស្តុកទុកអាវុធគីមី នៅក្នុងប្រទេសខ្លួន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ