អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

​អ៊ីស្រាអែល​ព្រមាន​អ៊ីរ៉ង់​នៅក្រោយ​យន្តហោះ​ចម្បាំង​របស់​ខ្លួន​ផ្ទុះធ្លាក់​ដោយសារ​មីស៊ីល​ស៊ីរី

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រតិកម្ម​មាន​ធ្លាក់ព្រោងព្រាត នៅបន្ទាប់​ពី​អ៊ីស្រាអែល​បាន​បើក​ប្រតិបត្តិការ​យោធា​ទ្រង់ទ្រាយ​ធំ វាយប្រហារ​ទៅលើ​ទីតាំង​កងទ័ព​ចំនួន ១២​កន្លែង ក្នុង​ទឹកដី​ស៊ីរី។ នៅ​ថ្ងៃសៅរ៍​ម្សិលមិញ យន្តហោះ​ចម្បាំង​អ៊ីស្រាអែល​បាន​បាញ់​បំផ្លាញ​ប្រព័ន្ធការពារ​មីស៊ីល​របស់​ស៊ីរី ចំនួន​៨ ហើយ​និង​វាយប្រហារ​ទៅលើ​ទីតាំងយោធា​របស់​អ៊ីរ៉ង់ ក្នុង​ទឹកដី​ស៊ីរី។ នេះបើតាម​ការប្រកាស​របស់​ក្រសួង​ការពារ​ជាតិ​អ៊ីស្រាអែល។ នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​​រួម អ៊ីរ៉ង់ ក្រុមអេស្បូឡា​លីបង់ និង​ស៊ីរី​បាន​ថ្កោលទោស​សកម្មភាព​រំលោភ​ឈ្លានពាន​​របស់​អ៊ីស្រាអែល​លើ​អធិបតេយ្យភាព​ស៊ីរី។

យន្តហោះ​ចម្បាំង​របស់​អ៊ីស្រាអែល​ដែល​ត្រូវ​មីស៊ីលស៊ីរី​បាញ់​ទម្លាក់ នៅថ្ងៃ​សៅរ៍ទី​១០​កុម្ភៈ ២០១៨
យន្តហោះ​ចម្បាំង​របស់​អ៊ីស្រាអែល​ដែល​ត្រូវ​មីស៊ីលស៊ីរី​បាញ់​ទម្លាក់ នៅថ្ងៃ​សៅរ៍ទី​១០​កុម្ភៈ ២០១៨ ©REUTERS/Herzie Shapira
ផ្សាយពាណិជ្ជកម្ម

អ៊ីស្រាអ៊ែល​នៅ​ថ្ងៃ​សៅរ៍​ម្សិលមិញ​បាន​បញ្ជូន​យន្តហោះ​ចម្បាំង​របស់​ខ្លួន ទៅ​បាញ់​ប្រហារ​ជាបន្តបន្ទាប់ លើ​ទីតាំង​យោធា​ចំនួន​១២ របស់​រដ្ឋាភិបាល​ស៊ីរី អ៊ីរ៉ង់ ក្នុង​ទឹកដី​ស៊ីរី នៅ​បន្ទាប់​ពី​យន្តហោះ​ចម្បាំង​របស់ខ្លួន​ត្រូវ​បាន​មីស៊ីល​ស៊ីរី បាញ់​ទម្លាក់ ហើយ​និង​នៅ​ក្រោយ​​អ៊ីស្រាអែល​បាញ់​កម្ទេច​យន្តហោះ​ដ្រូន​របស់​អ៊ីរ៉ង់។

អ៊ីរ៉ង់ ស៊ីរី និង​ក្រុមទាហាន​អេស្បូឡា នៅ​លីបង់​បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម ចោទ​ប្រកាន់​អ៊ីស្រាអែល​ថា បាន​រំលោភ​ឈ្លានពាន​ដែន​អធិបតេយ្យភាព​របស់​ស៊ីរី។ រុស្ស៊ី ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​យោធា​នៅក្នុងទឹកដី​ស៊ីរី​បាន​អំពាវនាវ​ឲ្យ​ភាគី​ជម្លោះ អត់ធ្មត់ ឈប់​ធ្វើ​សកម្មភាព ដែល​អាច​ញុះញង់​បង្ក​សង្រ្គាម។ ក្រសួងការបរទេស​អាមេរិក​វិញ បាន​ចេញមុខ​ការពារ​ជំហរ​អ៊ីស្រាអែល ដែល​ជាសម្ព័ន្ធមិត្ត និង​បានអំពាវនាវ​ប្រាប់​ឲ្យ​អ៊ីរ៉ង់​ឈប់​ធ្វើ​សកម្មភាព ដែល​បំផ្លាញ​ដល់​សន្តិភាព ហើយ​និង​ស្ថិរភាព​នៅ​តំបន់​ដើមបូព៌ា។ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ នៅ​ថ្ងៃ​អាទិត្យ​នេះ បានអំពាវនាវ​ឲ្យ​គ្រប់ភាគី​ឈប់​បង្កជម្លោះ និង​ត្រូវ​គិតគូរ​ដល់​អាយុជីវិត​របស់​ប្រជាជន​ស៊ីវិល​ស៊ីរី ដែល​នៅ​ក្នុងតែ​ខែ​កុម្ភៈ​នេះ បាន​រងគ្រោះ ស្លាប់​ជីវិត​ដល់​ទៅ ១ពាន់​នាក់ ដោយសារ​ការវាយប្រហារ​ពីលើ​អាកាស។

យន្តហោះ​ដ្រូន​បើកយកការណ៍​របស់​អ៊ីរ៉ង់ បាន​ក្លាយ​ជា​ដើមហេតុ ដំបូង ធ្វើ​ឲ្យ​អ៊ីស្រាអែល សម្រេច​បញ្ជូន​យន្តហោះ​ចម្បាំង​ទៅ​វាយប្រហារ​ក្នុង​ទឹកដី​ស៊ីរី។ ចាប់តាំង​ពី​សង្រ្គាមស៊ីវិល សង្រ្គាមជាមួយ​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម ចាប់ផ្ទុះឡើង​នៅ​ឆ្នាំ ២០១១​នៅ​ស៊ីរី នេះ​ជា​លើកទី​១​ដែល​អ៊ីស្រាអែល​បើកប្រតិបត្តិការ​យោធា ទ្រង់ទ្រាយធំ ក្នុង​ទឹកដី ស៊ីរី។ កន្លងមក គេ​មិនដែល​ឃើញ​អ៊ីស្រាអែល ចេញមុខ លូកដៃ​ជាផ្លូវការ ក្នុង​វិបត្តិផ្ទៃក្នុង​របស់​ស៊ីរី ដែល​តាមពិត​ជា​សត្រូវ​មួយ​របស់​អ៊ីស្រាអែល នោះ​ទេ។

អ៊ីស្រាអែល​ធ្លាប់​បាន​លួច​វាយប្រហារ​ម្តងម្កាល​តាមផ្លូវអាកាស ទៅក្នុង​ទឹកដី​ស៊ីរី ដើម្បី កម្ទេច ក្បួន​រថយន្ត​ដឹក​មីស៊ីល ដែល​អ៊ីស្រាអែល​ចោទថា មាន​ទិសដៅ បម្រើ​ប្រយោជន៍​របស់​សម្រាប់​ក្រុម​អេស្បូឡា លីបង់ ឬ​ទីតាំងយោធា​ស៊ីរី ដែល​អ៊ីស្រាអែល​ចោទថា កំពុង​ត្រូវ​បាន​អ៊ីរ៉ង់​យក​ទៅប្រើ​ដើម្បី​ផលិត​មីស៊ីល​សម្រាប់​គ្រោង​បាញ់​ប្រហារ​អ៊ីស្រាអែល​ទៅ​ថ្ងៃមុខ។

សូមអាន៖ អ៊ីស្រាអែល​ចោទ​អ៊ីរ៉ង់​ថា បាន​ចាយលុយ​រាប់លាន​ដុល្លារ ដើម្បី​ចិញ្ចឹម​ក្រុមអ៊ីស្លាម នៅ​ដើមបូព៌ា

ការវាយប្រហារ​ក្នុង​ទ្រង់ទ្រាយ​ធំ​នៅ​ថ្ងៃ​សៅរ៍​ម្សិលមិញ ត្រូវ​បាន​រដ្ឋាភិបាល​អ៊ីស្រាអែល​ចេញមុខ​ទទួល​ខុសត្រូវ​ពេញមាត់ ក្នុង​ហេតុផលថា អ៊ីរ៉ង់ ដែល​ជា​សត្រូវ​សួរពូជ​របស់​អ៊ីស្រាអែល​បាន​រំលោភ​ឈ្លានពាន តាមរយៈ​ការបញ្ជូន​យន្តហោះ​ដ្រូន ក្នុង​ដែនអាកាស​អ៊ីស្រាអែល។ តាំង​ពីណាពីមក អ៊ីស្រាអែល​បាន​ព្រមាន​រួចហើយ មិន​ឲ្យ​អ៊ីរ៉ង់​ដែល​កំពុង​ជួយ​ផ្នែក​យោធា​ដល់​រដ្ឋាភិបាល​ស៊ីរី យក​ប្រទេស​ស៊ីរី​ដើម្បី​តាំងមូលដ្ឋាន​ទ័ព​ដើម្បី​វាយប្រហារ​អ៊ីស្រាអែល។

មួយវិញទៀត គេឃើញថា អ៊ីស្រាអែល​ដែល​សម្រេចបញ្ចេញ​សាច់ដុំ​យោធា នៅ​ពេល​នេះ ក៏ដោយសារ​តែ​កត្តា​ប្រែប្រួល​ក្នុង​សង្រ្គាម​នៅ​ស៊ីរី​ដែរ។ ដោយសារ​មានជំនួយ​ពី​អ៊ីរ៉ង់ ទាហាន​អេស្បូឡា ហើយ​និង​រុស្ស៊ី ទ័ព​រដ្ឋាភិបាល​ស៊ីរី ដែល​ជា​សត្រូវ​របស់​អ៊ីស្រាអែល សព្វថ្ងៃនេះ​កំពុង​ឈ្នះ លើ​សមរភូមិ គឺ​មិនមែន​ចុះ​ខ្សោយ​ដូចមុន​នោះទេ។ អាច​និយាយ​បាន​ថា បើរដ្ឋាភិបាល​ស៊ីរី រងគ្រោះ​កាន់តែ​យូរអង្វែង​ដោយសារ​សង្រ្គាម នោះ​អ៊ីស្រាអែល​កាន់​តែ​សប្បាយចិត្ត។ ទី២ ទៀត បើទោះបី​ជា​អ៊ីស្រាអែល មិនលូកដៃ​កន្លងមក ប៉ុន្តែ អ៊ីស្រាអែល បាន​តាមដាន​ជាប់ជានិច្ច​សង្រ្គាម វិវឌ្ឍទៅ ក្នុងទឹកដី​ស៊ីរី ព្រោះថា ទាហាន​អេស្បូឡា ហើយ​និង​អ៊ីរ៉ង់ ដែល​កំពុង​ជួយ​ប្រយុទ្ធ ដើម្បី​ទ័ព​រដ្ឋាភិបាល​ឈ្នះ​លើ​ក្រុម​ប្រឆាំង ស៊ីរី ក៏​កំពុង​ឆ្លៀត​ប្រើ​សង្រ្គាម​ស៊ីរី ដើម្បី​ពង្រឹង​សមត្ថភាព​យោធា ដែល​អាច​នឹង​គ្រោះថ្នាក់​ខ្លាំងសម្រាប់​សន្តិសុខ​របស់​អ៊ីស្រាអែល។

បិនចាមីន នេតានីញ៉ាហ៊ូ៖ អ៊ីស្រាអែល​ចង់​បាន​សន្តិភាព ប៉ុន្តែ មិន​បណ្តោយ​ឲ្យ​អ៊ីរ៉ង់​បុកគ្រឹះ​មូលដ្ឋាន​យោធា​ក្នុង​ទឹកដី​ស៊ីរី

អ៊ីស្រាអែល មាន​ព្រំដែន​ជាប់ជាមួយ លីបង់ ហើយ​និង​ស៊ីរី។ ស៊ីរី និង​អ៊ីស្រាអែល​នៅ​មិនទាន់​ចុះ​សន្ធិសញ្ញា​សន្តិភាព ជាមួយ គ្នា ពោល​គឺ​អាច​ផ្ទុះសង្រ្គាម​ដាក់គ្នា គ្រប់ពេលវេលា ដោយសារ​តែ​អ៊ីស្រាអែល​បាន​កាត់យក​ដី​ហ្គោឡង់​របស់​ស៊ីរី មកធ្វើ​ជាទឹកដី​របស់​ខ្លួន កាលពី​សង្រ្គាម​រយៈពេល​៦​ថ្ងៃ​ជាមួយ​ប្រទេស​អារ៉ាប់ នៅ​ឆ្នាំ ១៩៦៧

នៅយប់​ថ្ងៃ​សៅរ៍​ម្សិលមិញ នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​និយាយ​ថា អ៊ីស្រាអែល​ចង់​បាន​សន្តិភាព ប៉ុន្តែ ជាមួយ គ្នានោះ អ៊ីស្រាអែល នឹង​មិន​អនុញ្ញាត​ឲ្យ​អ៊ីរ៉ង់ ដែល​ជា​សត្រូវ​គំរាមកំហែង​ជីវិត​របស់​អ៊ីស្រាអែល អាច​ឆ្លៀតឱកាស បុកគ្រឹះ​ទីតាំង​យោធា​របស់​អ៊ីរ៉ង់ ក្នុង​ទឹកដី​ស៊ីរី ដែល​ស្ថិតនៅ​ក្បែរមាត់ទ្វារផ្ទះ​របស់អ៊ីស្រាអែលដែរ។

ទោះជា​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​លើកឡើង​បែបព្រមាន យ៉ាងដូច្នេះ ប៉ុន្តែ គេ​មិន​គិត​ទេថា សង្រ្គាម​អ៊ីស្រាអែល​ជាមួយ​អ៊ីរ៉ង់ និង​ស៊ីរី អាច​ផ្ទុះឡើង នៅពេលនេះ។ នៅ​ថ្ងៃ​សៅរ៍ អ៊ីស្រាអែល​គ្រាន់​តែ​ចង់​បញ្ចេញ​សាច់ដុំ ជា​សញ្ញាព្រមាន​ដល់សត្រូវ​របស់ខ្លួន ដូចជា​អ៊ីរ៉ង់ ស៊ីរី និង​ពួកអេស្បូឡា លីបង់​ថា មិនត្រូវ​មើលស្រាល​អ៊ីស្រាអែលនោះទេ។ ប៉ុន្តែ ជាមួយគ្នា​នោះ​ដែរ ឧប្បទ្ទវហេតុ​​នៅថ្ងៃ​សៅរ៍​បង្ហាញ​ផងដែរថា អ៊ីស្រាអែល​លែង​អាច​ចេញចូល​ទៅ​វាយប្រហារ​តាមចិត្ត​ចង់​ដូចមុន លើ​ទឹកដី​ស៊ីរី ព្រោះថា ស៊ីរី​នៅពេលនេះ មាន​បំពាក់​ដោយ​ប្រព័ន្ធ​ការពារ​មីស៊ីល​របស់​រុស្ស៊ី និង​របស់​អ៊ីរ៉ង់ ដែល​ជាក់ស្តែង បាន​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​របស់​អ៊ីស្រាអែល មួយ​គ្រឿង​នៅថ្ងៃ​សៅរ៍ទី​១០​កុម្ភៈ។ នេះ​ជា​លើក​ទី១ ក្នុង​រយៈពេល​៣០​ឆ្នាំ​ចុងក្រោយនេះ ដែល​យន្តហោះ​ចម្បាំង​អ៊ីស្រាអែល​ត្រូវ​គូសត្រូវ​បាញ់​ទម្លាក់​ក្នុង​ពេល​ធ្វើ​ប្រតិបត្តិការ។

រុស្ស៊ី​ត្រូវ​ប្រឈម​នឹង​ជម្រើស​ដ៏ស្មុគស្មាញ ដោយសារ​មិន​ចង់​កាន់ជើង​ភាគីម្ខាងៗ

នៅក្រោយ​ប្រតិបត្តិការទ័ព​របស់​អ៊ីស្រាអែល​ក្នុងទឹកដី​ស៊ីរី រដ្ឋមន្រ្តី​ការបរទេស​រុស្ស៊ី​បាន​បង្ហាញ​ក្តីព្រួយបារម្ភ និង​បាន​អំពាវនាវ​ឲ្យ​ភាគី​ជម្លោះ​បញ្ឈប់​វាយប្រហារ​គ្នា​ទៅវិញ ទៅមក ព្រោះថា វា​អាច​គ្រោះថ្នាក់​ដល់​ជីវិត​របស់​ទាហាន​រុស្ស៊ី ដែល​កំពុង​មាន​វត្តមាន​ក្នុង​ទឹកដី​ស៊ីរី។ រវាង អ៊ីស្រាអែល និង​អ៊ីរ៉ង់ រួម​ជាមួយ​ស៊ីរី រុស្ស៊ី​ជ្រើសរើស​យក​ផ្លូវកណ្តាល មិនចង់​កាន់ជើង​ភាគី​ណាមួយទេ។ គេអាច​និយាយ​បាន​ថា បើសិន​រុស្ស៊ី​មិន​បើក​ភ្លើងខៀវទេ អ៊ីរ៉ង់ ក៏​មិនអាច​បញ្ជូន​យន្តហោះ​ដ្រូន​ទៅ​យកការណ៍​សម្ងាត់​ក្នុង​ទឹកដី​អ៊ីស្រាអែល​ដែរ ព្រោះថា​កន្លងមក អ៊ីស្រាអែល​បាន​ទទូចរួចហើយ សុំ​ឲ្យ​រដ្ឋាភិបាល​ម៉ូស្គូ​ជួយ​អន្តរាគមន៍ ធ្វើយ៉ាងណា​កុំ​ឲ្យ​អ៊ីរ៉ង់​ពង្រឹងទ័ព​ក្នុង​ទឹកដី​ស៊ីរី ដែល​អាច​គ្រោះថ្នាក់​សម្រាប់​សន្តិសុខ​អ៊ីស្រាអែល។

ដោយសារ​តែ​មិន​ចង់​កាន់​ជើង​ភាគី​ណាមួយ រុស្ស៊ី​ក៏​ទំនង​ជាបាន​បិទភ្នែក បណ្តោយ​ឲ្យ​យន្តហោះ​ចម្បាំង​របស់​អ៊ីស្រាអែល​ចូល​ទៅ​បាញ់​កម្ទេច​ទីតាំង​យោធា​របស់​អ៊ីរ៉ង់ និង​ស៊ីរី​នៅថ្ងៃ​សៅរ៍។ បើ​សិន​រុស្ស៊ី​មិន​បើក​ភ្លើងខៀវ ម្ល៉េះ​យន្តហោះ​អ៊ីស្រាអែល​មិនអាច​ហោះ​បាន​ដោយ​ស្រួល​ចូល​ទៅក្នុង​ដែន​អាកាស​របស់​ស៊ីរី ទេ ព្រោះ​ថា ដែន​អាកាស​របស់​ស៊ីរី ត្រូវ​បាន​ការពារ​យ៉ាងមុតមាំ​ដោយ​រុស្ស៊ី ដែល​បាន​បំពាក់​យ៉ាងក្រាស់ ប្រព័ន្ធខែល​មីស៊ីល​សម្រាប់ទាហាន​រដ្ឋាភិបាល​ស៊ីរី។ ប្រព័ន្ធ​ខែលមីស៊ីល​របស់​រុស្ស៊ី​អាច​បាញ់​ទម្លាក់​យ៉ាងងាយ យន្តហោះ​ចម្បាំង​របស់​អ៊ីស្រាអែល

រុស្ស៊ី មិន​ចង់​លូកដៃ​ក្នុង​ភាពតានតឹង​រវាង​អ៊ីស្រាអែល និង​អីរ៉ង់ទេ។ ប៉ុន្តែ អាច​ដើរ​តួ​សំខាន់ ដើម្បី​បញ្ជៀស​កុំ​ឲ្យ​មាន​ផ្ទុះសង្រ្គាម​ដាក់គ្នា​រវាង​អ៊ីស្រាអែល ជាមួយ​ប្រទេស​ជិតខាង​ដូចជា​លីបង់ ស៊ីរី ហើយ​និង​អ៊ីរ៉ង់។ ព្រោះថា សង្រ្គាម​រវាង​ប្រទេស​ទាំងបួននេះ នឹង​ធ្វើ​ឲ្យ​រុស្ស៊ី​ខាតបង់​ប្រយោជន៍។ ដើម្បី​កុំ​ឲ្យ​អ៊ីស្រាអែល​វាយប្រហារ​យោធា​ជាថ្មី​ទៅ​ក្នុងទឹកដី​ស៊ីរី រុស្ស៊ី ត្រូវតែធានា​ទៅ​អ៊ីស្រាអែល​ថា នឹង​បញ្ចុះបញ្ចូល​កុំ​ឲ្យ​អ៊ីរ៉ង់​នៅ​បន្ត​តាំងទី​យោធា​ក្នុង​ទឹកដី​ស៊ីរី នៅក្រោយ​ចប់​សង្រ្គាម​នៅ​ស៊ីរី។ ជាមួយគ្នានេះ រុស្ស៊ី​ក៏​ចង់​បាន​ពី​អ៊ីស្រាអែល​វិញថា ត្រូវ​ឈប់​វាយប្រហារ​ទៅលើ​ក្រុមអេស្បូឡា ឬទាហាន​រដ្ឋាភិបាល​ស៊ីរី ដែល​ជា​សម្ព័ន្ធមិត្ត​របស់​រុស្ស៊ី​តទៅទៀតដែរ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ