អានតួអត្ថបទ
ស៊ីរី​

ក្រុង​​​Ghouta​ ​ខាង​​​កើត​​​​​​​​​​ស៊ីរី​​​​ស្ថិត​​​​​​​ក្រោម​​​​ទម្ងន់​​​គ្រាប់​មីស៊ីល​​​​​របស់​​​របប​​​ស៊ីរី​​

នៅ​ស៊ីរី​​គ្រាន់តែ​​រយៈពេល​​តែ​​៤៨​​ម៉ោង​​ប៉ុណ្ណោះ ​មនុស្ស​​ចំនួន​​២៥០​​នាក់​ ត្រូវ​​បាន​​បាត់​បង់​​ជីវិត​​​នៅ​​ក្រុង​ Ghouta ​​ខាង​​កើត​​​​​​ប្រទេស​​ស៊ីរី​ ​ក្រោម​​​ការ​​ទម្លាក់​​គ្រាប់បែក​​របស់​​កង​កម្លាំង​​គាំទ្រ​​រដា្ឋភិបាល​​ស៊ីរី​។​​

កូនក្មេងម្នាក់​នៅ​ក្នុងដៃបុរស​មា្នក់​ដែលរត់គេចខ្លួន​ពីការទម្លាក់គ្រាប់បែក​របស់របបស៊ីរី​នៅក្រុង​ Ghouta ខាងកើតជិតទីក្រុង​​ Damas ថ្ងៃទី​១៩កុម្ភៈ២០១៨
កូនក្មេងម្នាក់​នៅ​ក្នុងដៃបុរស​មា្នក់​ដែលរត់គេចខ្លួន​ពីការទម្លាក់គ្រាប់បែក​របស់របបស៊ីរី​នៅក្រុង​ Ghouta ខាងកើតជិតទីក្រុង​​ Damas ថ្ងៃទី​១៩កុម្ភៈ២០១៨ ABDULMONAM EASSA / AFP
ផ្សាយពាណិជ្ជកម្ម

នៅ​ស៊ីរី ប្រជាជន​ស៊ីវីល ចំនួន ​២៥០​ ​នាក់​ដែល​ក្នុង​នោះ​ មាន​​កុមារ​ជិត​៦០​នាក់ ត្រូវ​បាន​បាត់​បង់​ជីវិត​ ​ចាប់តាំងពីថ្ងៃ​អាទិត្យ​ ទី​១៨​កុម្ភៈ​មុន​​​ នៅ​ក្រោម​ការ​ទម្លាក់​គ្រាប់បែក​​យ៉ាង​ខ្លាំងក្លា​ប្រឆាំងទៅលើ​ក្រុង ​​Ghouta ខាង​កើត ​ដែល​​​ត្រួតត្រា​ ​ដោយ​​ក្រុម​​​ឧទ្ទាម​​​​ស៊ីរី។ សូមបញ្ជាក់ថា ក្រុង Ghouta ​ត្រូវបាន​​ឡោមព័ទ្ធ​​ដោយ​កង​ទ័ព​​របស់​​​​លោក​ Bachard al Assad​ ចាប់តាំងពី​ឆ្នាំ​២០១៣ មក​ម្ល៉េះ។​

ក្រោយពី​ការទម្លាក់គ្រាប់បែកប្រឆាំងទៅលើក្រុង Ghouta ខាងកើតនេះមក សហគមន៍​អន្តរជាតិ​បានបញ្ចេញប្រតិកម្មថ្កោលទោស​​ជាហូរហែរ។

​ ទីក្រុង​វ៉ាស៊ីនតោន បានបញ្ចេញប្រតិកម្ម​​​​សម្តែង​ការ​ព្រួយបារម្ភ​​​ជាពន់ពេក​។​ ចំណែក​ ​ទីក្រុង​ប៉ារីស​វិញ បាន​ចាត់​ទុកហេតុការណ៍នេះ ​ថា “​ជា​មហា​វិនាសកម្ម​មនុស្សធម៌​មួយ”។

 ដោយឡែក លោក Ahmad Darkazanli អ្នកនាំពាក្យ​នៃ​សកម្មភាព​ដើម្បី​​ស៊ីរី​ នៅ​ក្នុង​ទំនាក់ទំនង​ដោយ​ផ្ទាល់​ជាមួយ​ប្រជាជន​​នៅ​ក្រុង Ghouta បាន​ថ្លែង​រៀបរាប់​ប្រាប់​ដល់​វិទ្យុ​បារាំង Europe1 ​នៅ​ថ្ងៃពុធ​នេះ ថា “ គ្រាន់តែ​រយៈពេល​៣ ម៉ោង​ប៉ុណ្ណោះ​ របបស៊ីរី បាន​ទម្លាក់​គ្រាប់​មីស៊ីល​ចំនួន​៥៥​គ្រាប់​ប្រឆាំង​ទៅ​ក្រុង Ghouta ​ដែល​​មាន​តែ​ប្រជាជន​ស៊ីវីលសុទ្ធសាធ​រស់​​នៅ។ ហើយ​ប្រជាជន​ស៊ីវីល​នេះ​ឯង  ​​ជាពិសេស​ កុមារៗ​ ស៊ីរី ​តែម្តង​​ដែល​ ​ត្រូវ រងគ្រោះ​​​​ស្លាប់មុនគេ​​​នៅ​​​​ក្នុង​ចំណោមជន​រងគ្រោះ​ដទៃទៀត ​​នៅក្រោមទម្ងន់​នៃ​គ្រាប់​​មីស៊ីល​កងទ័ពស៊ីរី។

អ្នកនាំពាក្យ​ដដែល​រូប​នេះ បាន​គូស​បញ្ជាក់បន្ថែម​​ទៀត​ថា “មួយវិញទៀត គេ​ក៏ពុំអាច​ធ្វើការ​ដឹក​ជំលៀស​អ្នករងរបួស​​បាន​ទេ បើទោះបីជា​អ្នក​ខ្លះៗ​​មាន​​​មុខ​របួស​​​ស្រាល​ក្តី ក៏ពូកគេ​ ​​​បាន​បាត់បង់ជីវិត​​​ដែរ​​ដោយ​សារ​តែ​គ្មាន​​មន្ទីរពេទ្យ​ ហើយ គេ​ពុំ​អាច​ដឹកជំលៀស​​​ចេញទៅ​ក្រៅបាន​​។ ប្រជាជន​នៅ​ Ghouta ​មានតែ​​ការ​ភ័យ​រន្ធត់ ​និង​​លាក់​ខ្លួន​សម្ងំ ​នៅ​ក្នុង​បន្ទប់​ក្រោម​ដី​ប៉ុណ្ណោះ ​ដើម្បី​​ការពារ​ជីវិត​របស់ពួកគេ​ ក៏ប៉ុន្តែ​ ជាគ្រោះអភ័ព្វ គ្រាប់​មីស៊ីល​របស់​លោក អាសាធ ​មាន​ឥទ្ធិពលខ្លាំងពេក។​​​

ចំណែក ​លោក Bastien Vignaud  ដែល​ជា​អ្នក​សម្របសម្រួល​ភាព​បន្ទាន់​សម្រាប់​ស៊ីរី ​របស់​អង្គការ UNICEF ដល់ វិទ្យុ Europe1   ដដែល “ជិវិត​របស់​កុមារ​ស៊ីរី ត្រូវ​ប្រឈម​នឹង​ភាព​តក់ស្លុត​និង​ភ័យរន្ធត់​ជារៀងរាល់ថ្ងៃ​។ ទន្ទឹមនេះ ប្រជាជន​ស៊ីរី​ដែល​មាន​ជម្ងឺ​ធ្ងន់ធ្ងរ​ប្រមាណ​ជាង​​១០០​នាក់ ត្រូវ​រង់ចាំ​ការ​ដឹក​ជំលៀស​ជាបន្ទាន់​​ដើម្បី​បាន​ទទួល​ការ​ព្យាបាល​​នៅ​មន្ទីរពេទ្យ​។​ប៉ុន្តែ​ប្រតិបត្តិការនេះ ត្រូវ​រាំងស្ទះ​តាំងពី​ជាង​៦​ខែ​មកហើយ​​ដោយ​ពុំមាន​ការអនុញ្ញាត​ពី​​អាជ្ញាធរស៊ីរី៕​​​​​​​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ