អានតួអត្ថបទ
ស៊ីរី-បារាំង-តួកគី

លោក​ម៉ាក្រុង​​ប្រាប់​​លោក​​អ៊ែរដូហ្កាន​ ថា​​បទឈប់បាញ់​​​ស៊ីរី​​ ត្រូវ​​អនុវត្ត​​នៅ​តំបន់​​Afrine​ដែរ​

​ថ្ងៃចន្ទ​នេះ ​ប្រធានាធិបតី​បារាំង បាន​ជជែក​តាម​ទូរសព្ទ​ជាមួយ​​ប្រធានាធិបតី​តួកគី គូសបញ្ជាក់​ថា បទឈប់បាញ់​នៅស៊ីរី ​​ដែល​អង្គការ​សហប្រជាតិ​អនុម័ត​កាលពី​ថ្ងៃសៅរ៍ ត្រូវអនុវត្ត​នៅ​តំបន់​​Afrine ភាគខាងជើង​ស៊ីរី​ដែរ។ ​មូលហេតុ​គឺដោយសារ​តែ​នៅ​តំបន់​នេះ កងទ័ព​តួកគី​កំពុង​ប្រតិបត្តិការ​កំចាត់​ក្រុម​គួដឌីស្ថាន។

ទាហាន​តួកគី​នៅ​ក្រុងអាល់-បាប់ ប្រទេស​ស៊ីរី
ទាហាន​តួកគី​នៅ​ក្រុងអាល់-បាប់ ប្រទេស​ស៊ីរី REUTERS/Khalil Ashawi
ផ្សាយពាណិជ្ជកម្ម

ក្នុងពេល​ជជែក​តាម​ទូរសព្ទ​ជាមួយ​ប្រធានាធិបតី​តួកគី អ៊ែរដូហ្កាន ប្រធានាធិបតី​បារាំង អេម៉ានុយអែល​ ម៉ាក្រុង ​បាន​​គូសបញ្ជាក់​​ពី​ខ្លឹមសារ​បទឈប់បាញ់​ដែល​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ បាន​អនុម័ត​កាលពី​ថ្ងៃសៅរ៍។ ​ជាបទឈប់បាញ់​រយៈពេល​៣០ថ្ងៃ ​ដើម្បី​បញ្ជូន​ជំនួយ​មនុស្សធម៌​​អោយ​ប្រជាជន និង​ជម្លៀស​​អ្នករបួស។ ​បទឈប់បាញ់​នេះ​ត្រូវតែ​អនុវត្ត​​ភ្លាមៗ ​នៅ​ទូទាំង​ប្រទេស​ស៊ីរី មិនមែន​អនុវត្ត​នៅ​តែ​តំបន់​ហ្គូតា ដែល​រង​ការទំលាក់គ្រាប់បែក​រាល់ថ្ងៃ​នោះទេ។ បទឈប់បាញ់​​នេះ ត្រូវតែ​អនុវត្ត​​នៅ​តំបន់​​Afrine ភាគខាងជើង​ស៊ីរី​ដែរ។

តួកគី​បាន​បើ​ក​ការវាយលុក នៅ​Afrine ភាគខាងជើង​ស៊ីរី កាលពី​ថ្ងៃ​២០មករា ដើម្បី​គាស់រំលើង​ក្រុមប្រយុទ្ធ​គួដឌីស្ថាន​YPG។ ក្រុ​មគួដឌីស្ថាននេះ​ត្រូវបា​ន​​តួកគី​ចាត់ទុក​ថាជាក្រុមភេរវជន ព្រោះ​ក្រុមនេះ​មានទំនាក់ទំនង​ជាមួយ​ក្រុម​បក្ស​ការងារ​គួដឌីស្ថាន ដែល​កំពុង​​បង្ក​ហិង្សា​បះបោរ​ក្នុងស្រុក​តួកគី។ ដោយសារ​មូលហេតុ​នេះ តួកគី​លើកឡើង​កាលពី​ថ្ងៃអាទិត្យ​ថា បទឈប់បាញ់​មិនទាក់ទង​ប្រតិបត្តិការ​កងទ័ព​តួកគី ក្នុង​ការ​កំចាត់​ក្រុមភេរវជន​ទេ។ ​ទោះ​ជា​ស៊ីរី​ត្រូវការ​​បទឈប់បាញ់​​​ក្តី ​​ប្រធានាធិបតី​តួកគី​អ៊ែរដូហ្កាន បាន​លើកឡើង​ថា ​គ្មាន​បទឈប់បាញ់​នៅ​តំបន់​Afrineទេ។ ការវាយលុក​​នៅ​​Afrine នៅតែ​បន្ត​រហូត​កំចាត់​បាន​ភេរវជន​ចុងក្រោយ។ ​យោងតាម​​លោក​អ៊ែរដូហ្កាន ​កងទ័ព​តួកគី​បាន​គំចាត់​បាន​ភេរវជន​ជាង​២០០០នាក់​ហើយ។

គួរបញ្ជាក់ដែរថា អង្គការ​សហប្រជាជាតិ​បាន​​អនុម័ត​​បទឈប់បាញ់៣០ថ្ងៃ សម្រាប់​ស៊ីរី​ កាលពី​ថ្ងៃ​សៅរ៍។ ប៉ុន្តែ ការទំលាក់​គ្រាប់បែក​ពី​សំណាក់​កងទ័ព​ស៊ីរី​នៅតែ​បន្ត​រហូត​ដល់​ថ្ងៃចន្ទ ក្នុង​តំបន់​ហ្គូតា។ តែ​ក្នុង​មួយសប្តាហ៍​ប៉ុណ្ណោះ ហិង្សាតំបន់​ហ្គូតាបានសម្លាប់​​​​ជនស៊ីវិល​​​​ជាង​៥០០នាក់ ក្នុង​នោះ​មាន​កុមារ​ជាង១០០នាក់​។ សង្គ្រាម​ស៊ីរី​ជិត​៧ឆ្នាំ​មកនេះ បាន​សម្លាប់​មនុស្ស​ជាង​៣៤ម៉ឺននាក់ ធ្វើអោយ​មនុស្ស​រាប់លាននាក់ភៀសខ្លួន៕  ​   ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ