អានតួអត្ថបទ

ស៊ីរី ៖ បទឈប់បាញ់នៅហ្គូតា គោរពបានតែពីរ-បីម៉ោង

បទ​ឈប់​បាញ់​ដែល​​ចូល​ជា​ធរមាន​នៅ​ព្រឹក​ថ្ងៃអង្គារ ទី ២៧ កុម្ភៈ នៅ​តំបន់​ហ្គូតា មិន​ត្រូវ​បាន​គោរពតាម​ឱ្យ​ចប់​ចុង​ចប់​ដើម ៥ម៉ោង​ក្នុង​ថ្ងៃ ដូច​ពាក្យ​​បញ្ជារបស់​​​ប្រធានាធិបតី​រុស្ស៊ីទេ។ ស្ងាត់​មិន​បាន​​ពីរ​-បីម៉ោងផង ជំនួយ​មនុស្សធម៌មិន​ទាន់​ចាប់​ផ្តើម​ផង ​សំលេង​ស្នូរ​ទម្លាក់​គ្រាប់​បែក និងការ​បាញ់​ផ្លោង​​គ្រាប់​រ៉ុក​កែត បាន​លាន់​ឡើង​ជា​ថ្មី។

តំបន់​ហ្គូតា​ខាង​កើតមួយ​ភាគ​ធំ​រង​ការ​ទម្លាក់​គ្រាប់​បែក​របស់​ទាហាន​ដាម៉ាស​
តំបន់​ហ្គូតា​ខាង​កើតមួយ​ភាគ​ធំ​រង​ការ​ទម្លាក់​គ្រាប់​បែក​របស់​ទាហាន​ដាម៉ាស​ REUTERS/Bassam Khabieh
ផ្សាយពាណិជ្ជកម្ម

​សម្រាប់​ថ្ងៃ​អង្គារ​ដែល​ជា​ថ្ងៃទី​មួយ​នៃ​ការ​ចាប់​ផ្តើម​ បទ​ឈប់​បាញ់​ដើម្បី​បើក​ច្រក​មនុស្សធម៌ ត្រូវ​គោរព​ជាប់​បាន​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ។ បទ​ឈប់​បាញ់​បាន​ចូល​ជា​ធរមាន​នៅ ម៉ោង​៩ព្រឹក​ ពីរម៉ោង​និង​៤០​នាទី​ក្រោយ​មក ការ​ទម្លាក់​គ្រាប់​បាន​ចាប់​ផ្តើម​ឡើង​វិញ ពេល​នេះ​យន្តហោះ ឧទ្ធម្ភាគចក្រ យោធា​កំពុងហោះ​​ឆ្វែល​ឆ្វាត់​លើ​តំបន់​ហ្គូតា ! នេះ​បើ​តាម​សាក្សី​ម្នាក់​ដែល​រៀប​រាប់​ប្រាប់​វិទ្យុ​បារាំង​តាម​ទូរស័ព្ទ។

អង្គការ​សហប្រជាជាតិ​ក៏​បាន​បញ្ជាក់​ព័ត៌មាន​ថា ការ​ប្រយុទ្ធ​គ្នា​បាន​ចាប់​ផ្តើម​ឡើង​វិញ​មែន នៅ​ថ្ងៃនេះ ដោយ​ភាព​ហិង្សា​ខ្លាំង​ផង។ បើតាម​​ក្រុម​អ្នក​សង្កេតការណ៍​សិទ្ធិមនុស្សនៅ​ស៊ីរី បាន​គូស​បញ្ជាក់​ថា យោធា​ស៊ីរី បាន​បើក​​ការ​វាយប្រហារ​ចំនួន ៩ ជា​ប្រតិបត្តិការ​​ផ្លូវ​អាកាសផង ជា​ការបាញ់​​កាំភ្លើង​ធំ​ផង ជា​ការ​ទម្លាក់​ធុងបំផ្ទុះ​ទៀត​​ លើ​ទិសដៅ​ពីរ​នៃ​ហ្គូតា តែ​ខាង​យោធា​ស៊ីរី​បដិសេធ។

សម្រាប់​​​យោធា​រុស្ស៊ី នេះ​គឺ​បណ្តាល​មក​ពី​ពួក​ឧទ្ទាម​បាន​វាយប្រហារមុន! ច្រក​មនុស្សធម៌​ ដែលទាហាន​រុស្ស៊ី​បាន​រៀប​ចំ​​​​​សម្រាប់​​ជម្លៀស​ជនស៊ីវិល​ បាន​ចាប់​បើក​តាំង​ពី​ម៉ោង​៩​ព្រឹក​​ ប៉ុន្តែ​ត្រូវ​បាន​រង​ការ​វាយប្រហារ​ដោយគ្រាប់​បែក​ត្បាល់​យ៉ាង​សន្ធាប់។ ​គ្មាន​ជនស៊ីវិល​ណា​ម្នាក់​អាច​ចេញ​មក​បាន​ទេ ! ពួក​ឧទ្ទាម​បាន​យក​ជនស៊ីវិល​ជា​ចំណាប់​ថ្នូរ។ ហើយ​មិន​តែ​ប៉ុណ្ណោះ គេ​ឃើញ​មាន​បាញ់​ផ្លោង​មក​លើ​អាគារ​រដ្ឋបាល​នៅ​ក្នុង​ក្រុងដាម៉ាស​បាញ់​ចេញ​ពី​តំបន់​ហ្គូតាទៀត​។

ប៉ុន្តែ​ខាង​ពួក​ឧទ្ទាម​បាន​បដិសេធ​ ថា​មិន​បាន​រារាំង​ជនស៊ីវិល​ឡើយ តែពលរដ្ឋ​សម្រេច​ចិត្ត​ដោយ​ខ្លួន មិន​​ហ៊ាន​ចេញក្រៅ​តាម​​ច្រក​មនុស្សធម៌ដែល​​ស្ថិត​ក្នុង​តំបន់​យោធា ដោយ​ខ្លាច​ខាង​រដ្ឋាភិបាល​ដាម៉ាស​​ចាប់​។

អ្វី​ដែល​ប្រាកដ​ គឺ​បទ​ឈប់បាញ់​៥​ម៉ោង​បញ្ជា​ដោយ​លោក​ពូទីន មិន​ត្រូវ​បាន​គោរព គ្មាន​ជំនួយ​មនុស្សធម៌​ណា​បាន​បញ្ជូន​ទៅ​ដល់តំបន់​ហ្គូតា និង​ចែក​ចាយ​ជូន​ជន​ស៊ីវិល​ទេ គិតមក​ត្រឹម​​រសៀល​ថ្ងៃ​អង្គារ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ