ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 25/09 12h00 GMT
មជ្ឈិមបូព៌ា

ស៊ីរី៖​ក្បួន​រថយន្ត​ដឹក​ជំនួយ​មនុស្សធម៌​បាន​ចូល​ក្នុង​តំបន់​ហ្គូតាខាងកើត

media  
ស៊ីរី៖​ក្បួន​រថយន្ត​ដឹក​ជំនួយ​មនុស្សធម៌​បាន​ចូល​ក្នុង​តំបន់​ហ្គូតាខាងកើត REUTERS/Omar Sanadiki

នៅ​ថ្ងៃ​សុក្រ ទី៩ មីនា ក្បួន​រថយន្ត​ដឹកជំនួយ​មនុស្សធម៌​មួយ​ខ្សែ​បាន​ធ្វើ​ដំណើរ​ចូល​ក្នុង​តំបន់​ហ្គូតា​ខាងកើត​ដែល​ស្ថិត​ក្បែរ​ទីក្រុង​ដាម៉ាស់ ប្រទេស​ស៊ីរី។ គណៈកម្មាធិការ​កាកបាទក្រហម​អន្តរជាតិ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្បួន​រថយន្ត​ដែល​មាន ១៣កាំមីញ៉ុង​បាន​ដឹក​ជំនួយ​ទៅ​ផ្គត់ផ្គង់​ប្រជាជន​ដែល​កំពុង​ស្ថិត​ជាប់​កុន​ដោយសារ​ការ​វាយប្រហារ​រវាង​ពួក​ឧទ្ទាម និង​កម្លាំងទ័ព​រដ្ឋាភិបាល​ស៊ីរី​ដោយ​មាន​ជំនួយ​ផ្លូវអាកាស​ពី​កម្លាំង​ទ័ពរុស្ស៊ី។ តាម​កាកបាទក្រហម​អន្តរជាតិ​ដដែល ឡានកាំមីញ៉ុង​ទាំង​អស់​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​ដោយសារ​តែ​មាន​ការ​ទម្លាក់​គ្រាប់បែក​ជា​ថ្មី។

គឺ​នៅ​ស្រុក​ឌូម៉ា​ស្ថិត​ក្នុង​តំបន់​ហ្គូតាខាងកើត​ដែល​ទ័ពអាកាស​រុស្ស៊ី​បាន​ធ្វើ​ការ​ទម្លាក់​គ្រាប់បែក​ជា​ថ្មី​ក្នុង​ពេល​ដែល​ក្បួន​រថយន្ត​ដឹកជំនួយ​មនុស្សធម៌​កំពុង​មាន​វត្តមាន​នៅ​ទីនោះ។ ស្រុក​ឌូម៉ា​ដែល​ជា​ជំរំ​របស់​ពួក​ឧទ្ទាម​បាន​ក្លាយ​ជា​ផ្ទាំងស៊ីប​នៃ​ការ​វាយប្រហារ​ពី​ទ័ព​រដ្ឋាភិបាល​ស៊ីរី​គាំទ្រ​ដោយ​ទ័ពអាកាស​រុស្ស៊ី​តាំង​ពី ៣សប្តាហ៍​មក​ហើយ។ គឺ​ទើប​តែ​នៅ​ថ្ងៃ​សុក្រ ទី៩ មីនា​នេះ​ទេ​ដែល​ក្បួន​រថយន្ត​ដឹកជំនួយ​មនុស្សធម៌​អាច​ចូល​ដល់​ស្រុក​ឌូម៉ា បន្ទាប់​ពី​ព្យាយាម​មិន​បាន​សម្រេច​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី៨ មីនា។

តាម​កាកបាទក្រហម​អន្តរជាតិ ក្បួន​រថយន្ត​ទាំង ១៣កាំមីញ៉ុង​បាន​ដឹក​ពេញ​ដោយ​គ្រឿង​ឧបភោគ​បរិភោគ​សម្រាប់​ផ្គត់ផ្គង់​ឲ្យ​មនុស្ស​ត្រឹម​ចំនួន ១២ ០០០នាក់​សម្រាប់​រយៈពេល ១ខែ។ តែ​ទោះ​ជា​មាន​ការ​ព្រមព្រៀង​ពី​ភាគី​ជម្លោះ​ទាំង​សង​ខាង​ក៏​ដោយ ក៏​នៅ​តែ​មាន​ការ​ទម្លាក់​គ្រាប់បែក​ក្នុង​ពេល​ដែល​ក្បួន​រថយន្ត​ដឹកជំនួយ​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ។ នៅ​ត្រង់​ចំណុច​នេះ កាកបាទក្រហម​អន្តរជាតិ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​បន្ថែម​ទេ។ ចំណែក​ក្បួន​រថយន្ត​ដឹកជំនួយ​មនុស្សធម៌​ខ្លះ​មិន​បាន​ទម្លាក់​អ៊ីវ៉ាន់​ឲ្យ​បាន​ទាំង​អស់​ឡើយ​ដោយ​សារ​តែ​ប្រឈម​មុខ​នឹង​អំពើ​ហិង្សា។

ក្រៅ​ពី​គ្រឿង​ឧបភោគបរិភោគ ក៏​នៅ​ខ្វះ​ខាត​ថ្នាំសង្កូវ​គ្រប់​បែប​យ៉ាង​សម្រាប់​បំពេញ​តមរូវ​ការ​របស់​ប្រជាជន។ ទន្ទឹម​គ្នា​នេះ មាន​មន្ទីរពេទ្យ​ចំនួន ១៥ ក្នុង​ចំណោម​មន្ទីរពេទ្យ​ទាំង ២០​គាំទ្រ​ដោយ​គ្រូពេទ្យ​គ្មាន​ព្រំដែន​បាន​រងគ្រោះ​ដោយ​ការ​ទម្លាក់​គ្រាប់បែក។ តាម​អង្គការ​ជំនួយមនុស្សធម៌ និង​អង្គការ​សហប្រជាជាតិ លក្ខខណ្ឌ​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​ទាំង ៤០០ ០០០នាក់​នៅ​តំបន់​ហ្គូតា​ខាងកើត​មាន​ស្ថានភាព​ដុនដាប​ខ្លាំង។ ក្នុង​រយៈពេល ៣សប្តាហ៍ សង្រ្គាម​រវាង​ពួក​ឧទ្ទាម និង​ទ័ពរដ្ឋាភិបាល​ស៊ីរី គាំទ្រ​ដោយ​ទ័ព​អាកាស​រុស្ស៊ី​បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ជាង ១ ០០០នាក់ និង​របួស​ជា​ច្រើន​ពាន់នាក់៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ