ហេតុអ្វីសង្គ្រាមស៊ីរី មិនព្រមចប់ ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:២៦
បដិវត្តអារ៉ាបនៅស៊ីរី បានផ្ទុះឡើង នៅថ្ងៃទី ១៥ មីនា ២០១១ ប្រឆាំងនឹងរដ្ឋាភិបាលផ្តាច់ការ គ្រប់គ្រងប្រទេស តពីឪពុកទៅកូន រយៈពេល៤០ឆ្នាំ! បដិវត្តប្រជាជនបានរុញច្រានស៊ីរីឱ្យធ្លាក់ក្នុងភ្លើងសង្គ្រាមស៊ីវិលយ៉ាងរ៉ាំរៃ ស្លាប់មនុស្សអស់ជាង ៣៥ម៉ឺននាក់ រាប់សិបពាន់នាក់រងរបួស-ពិការ ៧លាននាក់ក្លាយជាជនភៀសខ្លួន និងជាង៦លាននាក់ផ្សេងទៀតត្រូវធ្វើបំលាស់ទីក្នុងប្រទេស។ សង្គ្រាមនេះបានបង្កឱ្យមានវិបត្តិមនុស្សធម៌យ៉ាងធ្ងន់ធ្ងរបំផុតមិនធ្លាប់មានទេ គិតចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក។ នេះបើតាមអង្គការសហប្រជាជាតិ ប៉ុន្តែមកទល់នឹងថ្ងៃនេះ គេនៅតែពុំមើលឃើញមានទស្សនៈវិស័យណាសម្រាប់ជាដំណោះស្រាយឱ្យវិបត្តិស៊ីរីនេះឡើយ !
សង្គ្រាមស៊ីរី បានអូសបន្លាយ និងមានអាយុកាល ៧ឆ្នាំគត់ ឆ្លងចូល៨ឆ្នាំនៅថ្ងៃនេះហើយ តែគេហាក់ដូចជាមើលមិនឃើញអំពីទស្សនៈវិស័យនៃការពន្លត់ភ្លើងសង្គ្រាមនេះទេ ! ដំណោះស្រាយតាមផ្លូវនយោបាយវិញ ក៏ហាក់ដូចជានៅឆ្ងាយដល់ជើងមេឃឯណោះ។ សន្និសីទអន្តរជាតិនៅក្រុងហ្សឺណែវ ផ្តួចផ្តើមនិងគាំទ្រក្រុមប្រទេសបស្ចឹមលោក សន្និសីទក្រុងSotchi រៀបចំឡើងដោយរុស្ស៊ី តួកគី និងអ៊ីរ៉ង់ មិនអាចជួយស្រោចស្រង់ស៊ីរី ឱ្យដើរចេញពីជម្លោះតាមផ្លូវនយោបាយទេ។ ជំនួបប្រជុំ សេចក្តីសម្រេចអង្គការសហប្រជាជាតិ ត្រូវកកស្ទះមិនអាចអនុម័តចេញ ឬបើអនុម័តបានហើយ ក៏គ្មានការគោរពទៀត !
ស្ថានភាពទូទៅ ហាក់កំពុងធ្លាក់ធ្ងន់ធ្ងរនិងកាន់តែស្មុគស្មាញជាលំដាប់ ! នេះគឺដោយសារតែសង្គ្រាមស៊ីរី ប្តូរទម្រង់ ! វិបត្តិស៊ីរី ផ្ទុះឡើងដំបូង ក្នុងសណ្ឋានជាសន្ទុះនៃបដិវត្តប្រជាជនប្រឆាំងរដ្ឋាភិបាលផ្តាច់ការ និងអំពើពុករលួយ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំដំបូង ដោយមូលហេតុផ្សេងៗជាច្រើន ចលនាបដិវត្តនោះក៏បានរុញច្រានប្រទេសឱ្យធ្លាក់ក្នុងភ្លើងសង្គ្រាមស៊ីវិល ប៉ុន្តែក្រោយមកទៀត និងសម្រាប់ពេលនេះ សង្គ្រាមស៊ីវីលស៊ីរី បានប្តូរទម្រង់ ទៅជម្លោះ រវាងមហាអំណាចប្រចាំតំបន់ និងមហាអំណាចពិភពលោក ដោយមានស៊ីរីជាសមរភូមិ ! សង្គ្រាមនៅស៊ីរីនេះ បានគូសវាសផែនទីនយោបាយអន្តរជាតិថ្មី។
ជម្លោះភូមិសាស្ត្រនយោបាយ
ជម្លោះនៅស៊ីរី ត្រូវបានលូកដៃតាំងពីដំបូង ដោយភាគីអន្តរជាតិ ជាច្រើនប្រទេស ជាច្រើនក្រុម។ តួកគី និងអ៊ីរ៉ង់ ជាប្រទេសពាក់ព័ន្ធដោយផ្ទាល់ ចំណែករុស្ស៊ី និងក្រុមប្រទេសបស្ចឹមលោក ដឹកនាំដោយសហរដ្ឋអាមេរិក លូកដៃខ្លាំងដោយប្រើកម្លាំងយោធា។
អន្តរាគមន៍យោធាដ៏ខ្លាំងក្លារបស់សម្ព័ន្ធអន្តរជាតិ បានបង្អាក់សកម្មភាពរបស់រដ្ឋាភិបាលស៊ីរី និងសម្ព័ន្ធមិត្ត(រុស្ស៊ី ...)។ ក្រុមលោកខាងលិចគាំទ្រពួកប្រឆាំងស៊ីរីមែនតែមិនបញ្ជូនទ័ពថ្មើរជើងទៅទេ ព្រោះខ្លាចលង់ខ្លួនដូចសង្គ្រាមនៅលីប៊ី។ តែក៏មិនព្រមដកខ្លួនចេញពីស៊ីរីបានដែរ ព្រោះទង្វើនេះដូចជាទទួលស្គាល់បរាជ័យខ្លួនឯង ហើយទុកឱកាសរុស្ស៊ីបានដៃ ដែលជាហេតុធ្វើឱ្យសង្គ្រាមនេះកាន់អូសបន្លាយ។ ជម្លោះនេះ បានរុញច្រានរុស្ស៊ីនិងអាមេរិក ឱ្យបានធ្វើសង្គ្រាមប្រឈមគ្នាដោយផ្ទាល់តែម្តង នៅលើទឹកដីស៊ីរី។ ការនេះបានបង្ហាញថា បើតាមអ្នកជំនាញ ជាការប្រទាញប្រទង់ ដើម្បីបានគ្រប់គ្រងពិភពលោក ដែលនឹងអាចប្រែប្រួលអាស្រ័យទៅលើលទ្ធផលនៃសង្គ្រាមស៊ីរីនេះហើយ។
វិបត្តិស៊ីរី ក៏នឹងអាចធ្វើឱ្យប្តូរទម្រង់នៃការចងសម្ព័ន្ធភាពតំបន់និងអន្តរជាតិទៀត ដូចជាតួកគីអាចនឹងត្រូវឃ្លាតពីអូតង់ និងអឺរ៉ុប។ ហើយរុស្ស៊ីអាចវិលមកក្លាយជាក្បាលម៉ាស៊ីនដឹកមុខ តំបន់មេឌីទែរ៉ាណេខាងកើតវិញ។ ចំណែកអ៊ីរ៉ង់ នឹងប្រើទឹកដីស៊ីរីសម្រាប់ពង្រឹងឥទ្ធិពលរបស់គេ នៅក្នុងតំបន់។
លីបង់ក៏មានចំណែកពាក់ព័ន្ធក្នុងសង្គ្រាមនៅស៊ីរីដែរ តាមរយៈចលនាហេស្បូឡា ដែលអ៊ីរ៉ង់ ចង់សាកល្បងផ្សារភ្ជាប់ទៅជាដែនដីតែមួយបន្តគ្នាពីអ៊ីរ៉ង់ទៅលីបង់ ដោយមានស៊ីរីជាស្ពាន។ ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីរ៉ង់នេះ ត្រូវប៉ះទង្គិច ជាមួយអ៊ីស្រាអែលនិងសហរដ្ឋអាមេរិក ព្រមទាំងអារ៉ាប៊ីសាអូឌីត ដែលមិនចង់ឃើញអ៊ីរ៉ង់ នៅជិតពួកចលនាហេស្បូឡាទេ។ ដូច្នេះដរាបណាក្រុមប្រទេសនៅក្នុងតំបន់មិនត្រូវរ៉ូវគ្នាទេ ជាពិសេសបើគ្មានការស្រុះស្រួលគ្នារវាងអ៊ីរ៉ង់និងអារ៉ាប៊ីសាអូឌីតទេ សម្រាប់ភាពធូរស្បើយក្នុងតំបន់ទេ នោះសង្គ្រាមនៅស៊ីរី ពិតជាពិបាកបញ្ចប់ណាស់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ