អានតួអត្ថបទ
អ៊ីស្រាអែល ប៉ាឡេស្ទីន

ទាហាន​អ៊ីស្រាអែល​វាយប្រហារ​លើ​ផ្ទាំងស៊ីប​យោធា​របស់​ចលនាហាម៉ាស់​ប៉ាឡេស្ទីន

នៅ​ថ្ងៃ​អាទិត្យ ទី១៨ មីនា កងទ័ព​អ៊ីស្រាអែល​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​វាយប្រហារ​កម្ទេច​បាន​នូវ​ទីតាំង​យោធា​រូងដី​មួយ​របស់​ចលនា​ហាម៉ាស់​ប៉ាឡេស្ទីន​នា​យប់​ថ្ងៃ​សៅរ៍​ឆ្លង​ចូល​ថ្ងៃ​អាទិត្យ ទី១៨ មីនា។ តាម​ប្រភព​យោធា​អ៊ីស្រាអែល​ដដែល ផ្លូវ​រូងដី​ដែល​ពួក​ហាម៉ាស់​កំពុង​ធ្វើ​ការ​សាងសង់ គឺ​ដើម្បី​ទុក​ប្រើប្រាស់​ក្នុង​ការ​វាយប្រហារ​លើ​អ៊ីស្រាអែល។ គួរ​រម្លឹក​ជូន​ថា ហាម៉ាស់​ជា​ចលនា​ប៉ាឡេស្ទីន​ជ្រុលនិយម​ដែល​កំពុង​កាន់កាប់​តំបន់​ហ្កាហ្សា និង​ដែល​តែង​ចេញ​មុខ​ប្រឈម​ផ្លូវអាវុធ​ទល់​នឹង​អ៊ីស្រាអែល។

ឡានទាហាន​អ៊ីស្រាអែល​ក្បែរ​ព្រំដែន​រវាង​អ៊ីស្រាអែល និង​តំបន់​ហ្កាហ្សា​ប៉ាឡេស្ទីន
ឡានទាហាន​អ៊ីស្រាអែល​ក្បែរ​ព្រំដែន​រវាង​អ៊ីស្រាអែល និង​តំបន់​ហ្កាហ្សា​ប៉ាឡេស្ទីន Reuters
ផ្សាយពាណិជ្ជកម្ម

គោលដៅ​នៃ​ការ​វាយប្រហារ​របស់​ទ័ពអ៊ីស្រាអែល​ពី​ដំបូង គឺ​ដើម្បី​សងសឹក​នឹង​ការ​ដែល​ពួក​ហាម៉ាស់​បាន​បំផ្ទុះ​គ្រាប់បែក​កាល​ពី​ថ្ងៃ​សៅរ៍ ទី១៧ មីនា​នៅ​តាម​បណ្តោយ​ព្រំដែន​ខ័ណ្ឌ​ចែក​ដែនដី​អ៊ីស្រាអែល និង​ដែនដី​ប៉ាឡេស្ទីន​នៅ​តំបន់​ហ្កាហ្សា។ គឺ​ជា​ការ​បំផ្ទុះ​គ្រាប់បែក​លើក​ទី៣ គិត​តាំង​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី១៥ មីនា តែ​មិន​បាន​សម្លាប់ ឬ​ធ្វើ​ឲ្យ​របួស​មនុស្ស​ទេ នេះ​បើ​តាម​ប្រភព​យោធា​អ៊ីស្រាអែល។ បន្ទាប់​មក​នៅ​ក្នុង​ប្រតិបត្តិការ​វាយប្រហារ​សងសឹក​ដោយ​ប្រើ​ឧបករណ៍​យោធា​ក្រោម​បច្ចេកវិទ្យា​ថ្មី ទាហាន​អ៊ីស្រាអែល​ក៏​បាន​រក​ឃើញ រួច​កម្ទេច​ចោល​នូវ​រូងផ្លូវ​ក្រោម​ដី​មួយ​ដែល​ពួក​ហាម៉ាស់​កំពុង​សាងសង់។

រូងផ្លូវ​ក្រោមដី​មួយ​នេះ​ត្រូវ​បាន​លោក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​នេតាន់យ៉ាហ៊ូ​ចាត់​ទុក​ជា​រូងដី​ភេរវកម្ម និង​បាន​ព្រមាន​ធ្វើ​ការ​បោសសំអាត និង​កម្ទេច​លើ​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់រូបភាព​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រូងផ្លូវក្រោម​ដី​គ្រប់​ប្រភេទ។ ចំណែក​ចលនា​ហាម៉ាស់​បាន​ចាត់​ទុក​ការ​វាយប្រហារ​របស់​ទ័ព​អ៊ីស្រាអែល​ពេល​នេះ​ថា មាន​គោលដៅ​បំភិតបំភ័យ​ប្រជាជន​ប៉ាឡេស្ទីន​ដែល​គ្រោង​ធ្វើ​បាតុកម្ម​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​នា​ដំណាច់​ខែ​មីនា​នេះ។ ទន្ទឹម​គ្នា​នេះ អ្នក​នាំ​ពាក្យ​ចលនា​ហាម៉ាស់​លោក Fawzy Barhoum បាន​ព្រមាន​ថា អ៊ីស្រាអែល​នឹង​ទទួល​រង​ផលវិបាក​គ្រប់​យ៉ាង​ចំពោះ​ទង្វើ​របស់​ខ្លួន​ពេល​នេះ។

តាម​គម្រោង​ចាប់​តាំង​ពី​ថ្ងៃទី៣០ មីនា​ខាង​មុខ​ទៅ ប្រជាជន​ប៉ាឡេស្ទីន​រស់​ក្នុង​តំបន់​ហ្កាហ្សា​ត្រៀម​នឹង​នាំ​គ្នា​ទៅ​បោះ​ជំរំ​នៅ​តាម​ខ្សែ​ព្រំដែន​ក្បែរ​ទឹកដី​អ៊ីស្រាអែល​ដើម្បី​ជា​សញ្ញា​គាំទ្រ​ជនភៀសខ្លួន​ប៉ាឡេស្ទីន។ គួរ​រម្លឹក​ជូន​ថា តាំង​ពី​ក្រោយ​សង្រ្គាម​រវាង​អ៊ីស្រាអែល និង​ចលនា​ហាម៉ាស់​ក្នុង​ឆ្នាំ ២០១៤ ដែល​ជា​សង្រ្គាមលើក​ទី៣ ក្នុង​រយៈពេល តែ ៦ឆ្នាំ​មក អ៊ីស្រាអែល ចលនា​ហាម៉ាស់ និង​ក្រុម​សម្ព័ន្ធមិត្ត​ហាម៉ាស់​បាន​ព្រមព្រៀង​លើ​បទ​ឈប់​បាញ់​មួយ។ តែ​ជា​រឿយៗ បទ​ឈប់​បាញ់​នោះ​ត្រូវ​បាន​រំលោភ​ដោយ​ភាគី​ទាំង​សងខាង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ