ទាហានអ៊ីស្រាអែលវាយប្រហារលើផ្ទាំងស៊ីបយោធារបស់ចលនាហាម៉ាស់ប៉ាឡេស្ទីន
នៅថ្ងៃអាទិត្យ ទី១៨ មីនា កងទ័ពអ៊ីស្រាអែលបានប្រកាសឲ្យដឹងពីការវាយប្រហារកម្ទេចបាននូវទីតាំងយោធារូងដីមួយរបស់ចលនាហាម៉ាស់ប៉ាឡេស្ទីននាយប់ថ្ងៃសៅរ៍ឆ្លងចូលថ្ងៃអាទិត្យ ទី១៨ មីនា។ តាមប្រភពយោធាអ៊ីស្រាអែលដដែល ផ្លូវរូងដីដែលពួកហាម៉ាស់កំពុងធ្វើការសាងសង់ គឺដើម្បីទុកប្រើប្រាស់ក្នុងការវាយប្រហារលើអ៊ីស្រាអែល។ គួររម្លឹកជូនថា ហាម៉ាស់ជាចលនាប៉ាឡេស្ទីនជ្រុលនិយមដែលកំពុងកាន់កាប់តំបន់ហ្កាហ្សា និងដែលតែងចេញមុខប្រឈមផ្លូវអាវុធទល់នឹងអ៊ីស្រាអែល។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០១:៥៥
គោលដៅនៃការវាយប្រហាររបស់ទ័ពអ៊ីស្រាអែលពីដំបូង គឺដើម្បីសងសឹកនឹងការដែលពួកហាម៉ាស់បានបំផ្ទុះគ្រាប់បែកកាលពីថ្ងៃសៅរ៍ ទី១៧ មីនានៅតាមបណ្តោយព្រំដែនខ័ណ្ឌចែកដែនដីអ៊ីស្រាអែល និងដែនដីប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា។ គឺជាការបំផ្ទុះគ្រាប់បែកលើកទី៣ គិតតាំងពីថ្ងៃព្រហស្បតិ៍ ទី១៥ មីនា តែមិនបានសម្លាប់ ឬធ្វើឲ្យរបួសមនុស្សទេ នេះបើតាមប្រភពយោធាអ៊ីស្រាអែល។ បន្ទាប់មកនៅក្នុងប្រតិបត្តិការវាយប្រហារសងសឹកដោយប្រើឧបករណ៍យោធាក្រោមបច្ចេកវិទ្យាថ្មី ទាហានអ៊ីស្រាអែលក៏បានរកឃើញ រួចកម្ទេចចោលនូវរូងផ្លូវក្រោមដីមួយដែលពួកហាម៉ាស់កំពុងសាងសង់។
រូងផ្លូវក្រោមដីមួយនេះត្រូវបានលោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែលនេតាន់យ៉ាហ៊ូចាត់ទុកជារូងដីភេរវកម្ម និងបានព្រមានធ្វើការបោសសំអាត និងកម្ទេចលើហេដ្ឋារចនាសម្ព័ន្ធគ្រប់រូបភាពដែលមានជាប់ពាក់ព័ន្ធនឹងរូងផ្លូវក្រោមដីគ្រប់ប្រភេទ។ ចំណែកចលនាហាម៉ាស់បានចាត់ទុកការវាយប្រហាររបស់ទ័ពអ៊ីស្រាអែលពេលនេះថា មានគោលដៅបំភិតបំភ័យប្រជាជនប៉ាឡេស្ទីនដែលគ្រោងធ្វើបាតុកម្មនៅតាមខ្សែបន្ទាត់ព្រំដែននាដំណាច់ខែមីនានេះ។ ទន្ទឹមគ្នានេះ អ្នកនាំពាក្យចលនាហាម៉ាស់លោក Fawzy Barhoum បានព្រមានថា អ៊ីស្រាអែលនឹងទទួលរងផលវិបាកគ្រប់យ៉ាងចំពោះទង្វើរបស់ខ្លួនពេលនេះ។
តាមគម្រោងចាប់តាំងពីថ្ងៃទី៣០ មីនាខាងមុខទៅ ប្រជាជនប៉ាឡេស្ទីនរស់ក្នុងតំបន់ហ្កាហ្សាត្រៀមនឹងនាំគ្នាទៅបោះជំរំនៅតាមខ្សែព្រំដែនក្បែរទឹកដីអ៊ីស្រាអែលដើម្បីជាសញ្ញាគាំទ្រជនភៀសខ្លួនប៉ាឡេស្ទីន។ គួររម្លឹកជូនថា តាំងពីក្រោយសង្រ្គាមរវាងអ៊ីស្រាអែល និងចលនាហាម៉ាស់ក្នុងឆ្នាំ ២០១៤ ដែលជាសង្រ្គាមលើកទី៣ ក្នុងរយៈពេល តែ ៦ឆ្នាំមក អ៊ីស្រាអែល ចលនាហាម៉ាស់ និងក្រុមសម្ព័ន្ធមិត្តហាម៉ាស់បានព្រមព្រៀងលើបទឈប់បាញ់មួយ។ តែជារឿយៗ បទឈប់បាញ់នោះត្រូវបានរំលោភដោយភាគីទាំងសងខាង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ