អ្វីទៅជាគោលដៅបន្ទាប់របស់ប្រមុខរដ្ឋតួកគីលោកអ៊ែរដូហ្កាន ក្រោយពីយកបានតំបន់អាហ្រ្វីននៅស៊ីរី?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:១២
នៅថ្ងៃអាទិត្យ ទី១៨ មីនា កងទ័ពតួកគី រួមជាមួយទ័ពសម្ព័ន្ធមិត្តស៊ីរីបានវាយយកតំបន់អាហ្រ្វីនរបស់ពួកគួដឌីស្ថានស៊ីរីក្នុងទឹកដីស៊ីរី ហើយដែលលោកប្រធានាធិបតីតួកគីអ៊ែរដូហ្កានផ្ទាល់ខ្លួនបានចេញមុខប្រកាសក្តែងៗពីជោគជ័យនេះ។ គួរជម្រាបជូនថា ពួកគួដឌីស្ថានស៊ីរីនៅអាហ្រ្វីនត្រូវបានលោកអ៊ែរដូហ្កានចាត់ទុកជាពួកភេរវជនគាំទ្រពួកឧទ្ទាមគួដឌីស្ថានក្នុងទឹកដីតួកគី។ តែគេមិនត្រូវភ្លេចនិយាយទេថា អាមេរិក រួមទាំងក្រុមប្រទេសបស្ចិមលោកបានចាត់ទុកពួកគួដឌីស្ថានស៊ីរីថាជាសម្ព័ន្ធមិត្តនៅក្នុងយុទ្ធនាការប្រឆាំងពួកជីហាតអង្គការរដ្ឋអ៊ីស្លាម។ សំណួរដែលគ្រប់គ្នាកំពុងចោទពេលនេះគឺថា អ្វីទៅជាជំហានបន្ទាប់របស់លោកអ៊ែរដូហ្កាន ក្រោយពីយកបានតំបន់អាហ្រ្វីន?
គេត្រូវរង់ចាំដល់ទៅជិត ២ខែទើបកម្លាំងទ័ពតួកគីសហការណ៍ជាមួយទ័ពសម្ព័ន្ធមិត្តស៊ីរីអាចវាយដណ្តើមយកតំបន់អាហ្រ្វីនក្នុងទឹកដីស៊ីរីរបស់ពួកគួដឌីស្ថានស៊ីរីបាន។ សង្រ្គាមដែលបានចាប់ផ្តើមក្នុងថ្ងៃទី២០ មករាបានបិទបញ្ចប់ដោយបណ្តាលឲ្យស្លាប់យុទ្ធជនគួដឌីស្ថានស៊ីរីចំនួន ១ ៥០០នាក់ ស្លាប់ទ័ពសម្ព័ន្ធមិត្តស៊ីរីចំនួន ៤០០នាក់ ស្លាប់ទាហានតួកគីចំនួន ៤០នាក់ និងបង្ខំជនស៊ីវិលក្នុងតំបន់អាហ្រ្វីនឲ្យភៀសខ្លួនប្រមាណជា ២៥០ ០០០នាក់។ ទន្ទឹមគ្នានេះ ក៏នៅមានស្លាប់ជនស៊ីវិលស្លូតត្រង់ដែលគេនៅមិនទាន់អាចបញ្ជាក់តួលេខច្បាស់លាស់។
គួរជម្រាបជូនថា អាហ្រ្វីនមិនមែនជារបស់តួកគីទេ តែជាតំបន់មួយស្ថិតក្នុងអធិបតេយ្យភាពរបស់ស៊ីរីដែលមានចម្ងាយប្រមាណជា ២០គីឡូម៉ែត្រពីខ្សែបន្ទាត់ព្រំដែនខ័ណ្ឌចែកប្រទេសជិតខាងទាំងពីរ។ ខុសពីតំបន់ផ្សេងទៀតនៅក្នុងទឹកដីស៊ីរី តំបន់អាហ្រ្វីនហាក់មិនសូវរងផលប៉ះពាល់ពីជម្លោះផ្ទៃក្នុងរវាងរដ្ឋាភិបាលស៊ីរី និងក្រុមប្រឆាំងដែលបានអូសបន្លាយជាង ៧ឆ្នាំប៉ុន្មានទេ។ ខុសពីលោកអ៊ែរដូហ្កានដែលបានចាត់ទុកពួកគួដឌីស្ថានស៊ីរីជាភេរវជន កម្លាំងសម្ព័ន្ធមិត្តអន្តរជាតិដឹកនាំដោយអាមេរិកបានចាត់ទុកពួកនេះជាសម្ព័ន្ធមិត្តដ៏ល្អមិនអាចខ្វះបាននៅក្នុងយុទ្ធនាការប្រឆាំងនឹងពួកជីហាតអង្គការរដ្ឋអ៊ីស្លាមនៅប៉ែកខាងកើតស៊ីរី។
តាំងពីថ្ងៃដែលមនុស្សខ្លាំងតួកគីលោកអ៊ែរដូហ្កានបានប្រកាសវាយប្រហារលើតំបន់អាហ្រ្វីនក្នុងទឹកដីស៊ីរីមក អាមេរិកក៏ដូចជាសម្ព័ន្ធមិត្តបស្ចិមលោកមានការទើសទាល់ចិត្តខ្លាំងណាស់។ ទើសទាល់ចិត្តនៅត្រង់ថា តួកគីជាសមាជិករបស់អង្គការអូតង់ដែលខ្លួនត្រូវការ ហើយពួកគួដឌីស្ថានស៊ីរីក៏ជាក្រុមដែលខ្លួនត្រូវពឹងពាក់ដែរ។ ទីបំផុត អាមេរិករួមនឹងសម្ព័ន្ធមិត្តបស្ចិមលោកមិនហ៊ានលូកដៃជួយពួកគួដឌីស្ថាន ហើយមិនសូវហ៊ានស្តីបន្ទោសខ្លាំងៗដាក់តួកគី ដោយបានត្រឹមបញ្ចេញប្រតិកម្មសង្ឃឹមថា លោកអ៊ែរដូហ្កាននឹងមិនធ្វើអ្វីឲ្យលើសពីការដែលខ្លួនបាននិយាយទេ។ រីឯរុស្ស៊ីដែលទើបស្តារទំនាក់ទំនងល្អឡើងវិញជាមួយតួកគីក៏សុទ្ធចិត្តបិទមាត់ ធ្វើមិនដឹង មិនឮអ្វីទាំងអស់។
តាមពិតទៅ លោកអ៊ែរដូហ្កានបានប្រដូចពួកគួដឌីស្ថានស៊ីរីទៅនឹងពួកគួដឌីស្ថានដែលកំពុងស្ថិតក្នុងទឹកដីតួកគី និងដែលពួកនេះកំពុងបន្តប្រឈមមុខផ្លូវអាវុធទល់នឹងលោកមកដល់សព្វថ្ងៃ។ លោកអ៊ែរដូហ្កានបានយល់ឃើញថា គឺពួកគួដឌីស្ថានស៊ីរីនៅតំបន់អាហ្រ្វីននេះហើយដែលបានជួយគាំទ្រ និងឧបត្ថម្ភគ្រប់បែបយ៉ាងដល់ពួកគួដឌីស្ថានតួកគី។ ដូច្នេះសម្រាប់លោកអ៊ែរដូហ្កាន ជោគជ័យលើពួកគួដឌីស្ថានស៊ីរីក្នុងតំបន់អាហ្រ្វីនជាការវាយមួយពំនូងយ៉ាងចាស់ដៃលើពួកគួដឌីស្ថានតួកគី ឬក៏យ៉ាងហោចណាស់ជាការព្រមានពួកនេះកុំឲ្យព្រហើនដែរ។ អ្វីដែលលោកអ៊ែរដូហ្កានមិនចង់ឃើញ គឺស្វ័យភាពតំបន់អាហ្រ្វីនរបស់ពួកគួដឌីស្ថានស៊ីរីស្ថិតក្បែរព្រំដែនខ្លួនដែលអាចធ្វើឲ្យពួកគួដឌីស្ថានតួកគីយកគំរូតាម។
ដូច្នេះគេអាចនិយាយបានថា ជោគជ័យដែលលោកអ៊ែរដូហ្កានសម្រេចបានពេលនេះពិតជាជោគជ័យរបស់ប្រទេស និងពលរដ្ឋតួកគីទាំងមូល។ តែគេក៏ត្រូវហ៊ាននិយាយថា អ្នកដែលទទួលបានប្រយោជន៍ខ្លាំងជាងគេពីជោគជ័យនេះ គឺរូបលោកអ៊ែរដូហ្កានផ្ទាល់ខ្លួនតែម្តង។ នៅក្នុងស្រុក ជោគជ័យនេះនឹងអាចបង្កើនប្រជាប្រិយភាពរបស់លោកអ៊ែរដូហ្កាន ចំពេលដែលតួកគីត្រូវរៀបចំបោះឆ្នោតប្រធានាធិបតីនាខែវិច្ឆិកា ឆ្នាំ ២០១៩។ នៅលើឆាកអន្តរជាតិ ពិសេសនៅក្នុងប្រទេសស៊ីរី ជោគជ័យនេះនឹងអនុញ្ញាតឲ្យលោកអ៊ែរដូហ្កានមានទឹកមាត់ប្រៃចូលប្រឡូកកាន់តែជ្រៅនៅក្នុងបញ្ហាស៊ីរីស្មើនឹងភាគីផ្សេងទៀត មានអាមេរិក រុស្ស៊ី ឬប្រទេសអ៊ីរ៉ង់ជាដើម។
លោកអ៊ែរដូហ្កានបានបញ្ជាក់រួចហើយថា ការវាយប្រហាររបស់ទ័ពតួកគីនៅស៊ីរីនឹងមិនកំណត់ត្រឹមតំបន់អាហ្រ្វីនប៉ុណ្ណោះ តែនឹងអាចលាតសន្ធឹងនៅប៉ែកខាងកើតដែលទ័ពអាមេរិកកំពុងតាំងមូលដ្ឋានយោធានៅទីនោះ។ អ្វីដែលលោកអ៊ែរដូហ្កានកំពុងសម្លឹងឆ្ងាយពេលនេះ គឺការពុះចែកទឹកដីស៊ីរីជាតំបន់ៗនៅថ្ងៃណាមួយ ហើយបើអ្វីៗដូចការគិតរបស់លោកអ៊ែរដូហ្កានមែននោះ តួកគីមានចំណែករបស់ខ្លួនរួចជាស្រេច៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ