ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 24/04 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 24/04 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 24/04 12h00 GMT

អ្វីទៅ​ជា​គោលដៅ​បន្ទាប់​របស់​ប្រមុខរដ្ឋ​តួកគី​លោក​អ៊ែរដូហ្កាន ក្រោយ​ពី​យក​បាន​តំបន់​អាហ្រ្វី​ន​នៅ​ស៊ីរី?

អ្វីទៅ​ជា​គោលដៅ​បន្ទាប់​របស់​ប្រមុខរដ្ឋ​តួកគី​លោក​អ៊ែរដូហ្កាន ក្រោយ​ពី​យក​បាន​តំបន់​អាហ្រ្វី​ន​នៅ​ស៊ីរី?
 
លោក​ប្រធានាធិបតី​តួកគី Recep Tayyip Erdogan Yasin Bulbul/Presidential Palace/Handout via REUTERS

នៅ​ថ្ងៃ​អាទិត្យ ទី១៨ មីនា កងទ័ព​តួកគី រួម​ជាមួយ​ទ័ពសម្ព័ន្ធមិត្ត​ស៊ីរី​បាន​វាយ​យក​តំបន់​អាហ្រ្វីន​របស់​ពួក​គួដឌីស្ថានស៊ីរី​ក្នុង​ទឹកដី​ស៊ីរី ហើយ​ដែល​លោក​ប្រធានាធិបតី​តួកគី​អ៊ែរដូហ្កាន​ផ្ទាល់ខ្លួន​បាន​ចេញ​មុខ​ប្រកាស​ក្តែងៗ​ពី​ជោគជ័យ​នេះ។ គួរ​ជម្រាប​ជូន​ថា ពួក​គួដឌីស្ថានស៊ីរី​នៅ​អាហ្រ្វីន​ត្រូវ​បាន​លោក​អ៊ែរដូហ្កាន​ចាត់​ទុក​ជា​ពួក​ភេរវជន​គាំទ្រ​ពួក​ឧទ្ទាម​គួដឌីស្ថាន​ក្នុង​ទឹកដី​តួកគី។

តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា អាមេរិក រួម​ទាំង​ក្រុម​ប្រទេស​បស្ចិមលោក​បាន​ចាត់​ទុក​ពួក​គួដឌីស្ថានស៊ីរី​ថា​ជា​សម្ព័ន្ធមិត្ត​នៅ​ក្នុង​យុទ្ធនាការ​ប្រឆាំង​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម។ សំណួរ​ដែល​គ្រប់​គ្នា​កំពុង​ចោទ​ពេល​នេះ​គឺ​ថា អ្វី​ទៅ​ជា​ជំហាន​បន្ទាប់​របស់​លោក​អ៊ែរដូហ្កាន ក្រោយ​ពី​យក​បាន​តំបន់​អាហ្រ្វីន?

គេ​ត្រូវ​រង់ចាំ​ដល់​ទៅ​ជិត ២ខែ​ទើប​កម្លាំងទ័ព​តួកគី​សហការណ៍​ជាមួយ​ទ័ពសម្ព័ន្ធមិត្ត​ស៊ីរី​អាច​វាយ​ដណ្តើម​យក​តំបន់​អាហ្រ្វីន​ក្នុង​ទឹកដី​ស៊ីរី​របស់​ពួក​គួដឌីស្ថានស៊ីរី​បាន។ សង្រ្គាម​ដែល​បាន​ចាប់​ផ្តើម​ក្នុង​ថ្ងៃទី២០ មករា​បាន​បិទបញ្ចប់​ដោយ​បណ្តាល​ឲ្យ​ស្លាប់​យុទ្ធជន​គួដឌីស្ថានស៊ីរី​ចំនួន ១ ៥០០នាក់ ស្លាប់​ទ័ពសម្ព័ន្ធមិត្ត​ស៊ីរី​ចំនួន ៤០០នាក់ ស្លាប់​ទាហាន​តួកគី​ចំនួន ៤០នាក់ និង​បង្ខំ​ជនស៊ីវិល​ក្នុង​តំបន់​អាហ្រ្វីន​ឲ្យ​ភៀសខ្លួន​ប្រមាណ​ជា ២៥០ ០០០នាក់។ ទន្ទឹម​គ្នា​នេះ ក៏​នៅ​មាន​ស្លាប់​ជនស៊ីវិល​ស្លូតត្រង់​ដែល​គេ​នៅ​មិន​ទាន់​អាច​បញ្ជាក់​តួលេខ​ច្បាស់លាស់។

គួរ​ជម្រាប​ជូន​ថា អាហ្រ្វីន​មិនមែន​ជា​របស់​តួកគី​ទេ តែ​ជា​តំបន់​មួយ​ស្ថិត​ក្នុង​អធិបតេយ្យភាព​របស់​ស៊ីរី​ដែល​មាន​ចម្ងាយ​ប្រមាណ​ជា ២០គីឡូម៉ែត្រ​ពី​ខ្សែបន្ទាត់​ព្រំដែន​ខ័ណ្ឌចែក​ប្រទេស​ជិតខាងទាំង​ពីរ។ ខុស​ពី​តំបន់​ផ្សេង​ទៀត​នៅ​ក្នុង​ទឹកដី​ស៊ីរី តំបន់​អាហ្រ្វីន​ហាក់​មិន​សូវ​រង​ផល​ប៉ះពាល់​ពី​ជម្លោះ​ផ្ទៃក្នុង​រវាង​រដ្ឋាភិបាល​ស៊ីរី និង​ក្រុម​ប្រឆាំង​ដែល​បាន​អូស​បន្លាយ​ជាង ៧ឆ្នាំ​ប៉ុន្មាន​ទេ។ ខុស​ពី​លោក​អ៊ែរដូហ្កាន​ដែល​បាន​ចាត់​ទុក​ពួក​គួដឌីស្ថានស៊ីរី​ជា​ភេរវជន កម្លាំង​សម្ព័ន្ធមិត្ត​អន្តរជាតិ​ដឹកនាំ​ដោយ​អាមេរិក​បាន​ចាត់​ទុក​ពួក​នេះ​ជា​សម្ព័ន្ធមិត្ត​ដ៏​ល្អ​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​យុទ្ធនាការ​ប្រឆាំង​នឹង​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​ប៉ែក​ខាង​កើត​ស៊ីរី។

តាំង​ពី​ថ្ងៃ​ដែល​មនុស្សខ្លាំង​តួកគី​លោក​អ៊ែរដូហ្កាន​បាន​ប្រកាស​វាយប្រហារ​លើ​តំបន់​អាហ្រ្វីន​ក្នុង​ទឹកដី​ស៊ីរី​មក អាមេរិក​ក៏​ដូច​ជា​សម្ព័ន្ធមិត្ត​បស្ចិមលោក​មាន​ការ​ទើសទាល់​ចិត្ត​ខ្លាំង​ណាស់។ ទើសទាល់​ចិត្ត​នៅ​ត្រង់​ថា តួកគី​ជា​សមាជិក​របស់​អង្គការ​អូតង់​ដែល​ខ្លួន​ត្រូវ​ការ ហើយ​ពួក​គួដឌីស្ថានស៊ីរី​ក៏​ជា​ក្រុម​ដែល​ខ្លួន​ត្រូវ​ពឹង​ពាក់​ដែរ។ ទីបំផុត អាមេរិក​រួម​នឹង​សម្ព័ន្ធមិត្ត​បស្ចិមលោក​មិន​ហ៊ាន​លូកដៃ​ជួយ​ពួកគួដឌីស្ថាន ហើយ​មិន​សូវ​ហ៊ាន​ស្តីបន្ទោស​ខ្លាំងៗ​ដាក់​តួកគី ដោយ​បាន​ត្រឹម​បញ្ចេញ​ប្រតិកម្ម​សង្ឃឹម​ថា លោក​អ៊ែរដូហ្កាន​នឹង​មិន​ធ្វើ​អ្វី​ឲ្យ​លើស​ពី​ការ​ដែល​ខ្លួន​បាន​និយាយ​ទេ។ រីឯ​រុស្ស៊ី​ដែល​ទើប​ស្តារ​ទំនាក់ទំនង​ល្អ​ឡើង​វិញ​ជាមួយ​តួកគី​ក៏​សុទ្ធចិត្ត​បិទមាត់ ធ្វើ​មិនដឹង មិន​ឮ​អ្វី​ទាំង​អស់។

តាម​ពិត​ទៅ លោក​អ៊ែរដូហ្កាន​បាន​ប្រដូច​ពួក​គួដឌីស្ថានស៊ីរី​ទៅ​នឹង​ពួក​គួដឌីស្ថាន​ដែល​កំពុង​ស្ថិត​ក្នុង​ទឹកដី​តួកគី និង​ដែល​ពួក​នេះ​កំពុង​បន្ត​ប្រឈម​មុខ​ផ្លូវអាវុធ​ទល់​នឹង​លោក​មក​ដល់​សព្វថ្ងៃ។ លោក​អ៊ែរដូហ្កាន​បាន​យល់​ឃើញ​ថា គឺ​ពួក​គួដឌីស្ថានស៊ីរី​នៅ​តំបន់​អាហ្រ្វីន​នេះ​ហើយ​ដែល​បាន​ជួយ​គាំទ្រ និង​ឧបត្ថម្ភ​គ្រប់​បែប​យ៉ាង​ដល់​ពួក​គួដឌីស្ថានតួកគី។ ដូច្នេះ​សម្រាប់​លោក​អ៊ែរដូហ្កាន ជោគជ័យ​លើ​ពួក​គួដឌីស្ថានស៊ីរី​ក្នុង​តំបន់​អាហ្រ្វីន​ជា​ការ​វាយ​មួយ​ពំនូង​យ៉ាង​ចាស់​ដៃ​លើ​ពួក​គួដឌីស្ថានតួកគី ឬ​ក៏​យ៉ាង​ហោច​ណាស់​ជា​ការ​ព្រមាន​ពួក​នេះ​កុំ​ឲ្យ​ព្រហើន​ដែរ។ អ្វី​ដែល​លោក​អ៊ែរដូហ្កាន​មិន​ចង់​ឃើញ គឺ​ស្វ័យភាព​តំបន់​អាហ្រ្វីន​របស់​ពួក​គួដឌីស្ថានស៊ីរី​ស្ថិត​ក្បែរ​ព្រំដែន​ខ្លួន​ដែល​អាច​ធ្វើ​ឲ្យ​ពួក​គួដឌីស្ថានតួកគី​យក​គំរូ​តាម។

ដូច្នេះ​គេ​អាច​និយាយ​បាន​ថា ជោគជ័យ​ដែល​លោក​អ៊ែរដូហ្កាន​សម្រេច​បាន​ពេល​នេះ​ពិត​ជា​ជោគជ័យ​របស់​ប្រទេស និង​ពលរដ្ឋ​តួកគី​ទាំង​មូល។ តែ​គេ​ក៏​ត្រូវ​ហ៊ាន​និយាយ​ថា អ្នក​ដែល​ទទួល​បាន​ប្រយោជន៍​ខ្លាំង​ជាង​គេ​ពី​ជោគជ័យ​នេះ គឺ​រូប​លោក​អ៊ែរដូហ្កាន​ផ្ទាល់ខ្លួន​តែ​ម្តង។ នៅ​ក្នុង​ស្រុក ជោគជ័យ​នេះ​នឹង​អាច​បង្កើន​ប្រជាប្រិយភាព​របស់​លោក​អ៊ែរដូហ្កាន ចំ​ពេល​ដែល​តួកគី​ត្រូវ​រៀបចំ​បោះឆ្នោត​ប្រធានាធិបតី​នា​ខែ​វិច្ឆិកា ឆ្នាំ ២០១៩។ នៅ​លើ​ឆាក​អន្តរជាតិ ពិសេស​នៅ​ក្នុង​ប្រទេស​ស៊ីរី ជោគជ័យ​នេះ​នឹង​អនុញ្ញាត​ឲ្យ​លោក​អ៊ែរដូហ្កាន​មាន​ទឹកមាត់ប្រៃ​ចូល​ប្រឡូក​កាន់​តែ​ជ្រៅ​នៅ​ក្នុង​បញ្ហា​ស៊ីរី​ស្មើ​នឹង​ភាគី​ផ្សេង​ទៀត មាន​អាមេរិក រុស្ស៊ី ឬ​ប្រទេស​អ៊ីរ៉ង់​ជា​ដើម។

លោក​អ៊ែរដូហ្កាន​បាន​បញ្ជាក់​រួច​ហើយ​ថា ការ​វាយប្រហារ​របស់​ទ័ព​តួកគី​នៅ​ស៊ីរី​នឹង​មិន​កំណត់​ត្រឹម​តំបន់​អាហ្រ្វីន​ប៉ុណ្ណោះ តែ​នឹង​អាច​លាត​សន្ធឹង​នៅ​ប៉ែក​ខាង​កើត​ដែល​ទ័ព​អាមេរិក​កំពុង​តាំង​មូលដ្ឋាន​យោធា​នៅ​ទីនោះ។ អ្វី​ដែល​លោក​អ៊ែរដូហ្កាន​កំពុង​សម្លឹង​ឆ្ងាយ​ពេល​នេះ គឺ​ការ​ពុះ​ចែក​ទឹកដី​ស៊ីរី​ជា​តំបន់ៗ​នៅ​ថ្ងៃ​ណា​មួយ ហើយ​បើ​អ្វីៗ​ដូច​ការ​គិត​របស់​លោក​អ៊ែរដូហ្កាន​មែន​នោះ តួកគី​មាន​ចំណែក​របស់​ខ្លួន​រួច​ជា​ស្រេច៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ស៊ីរី-បារាំង-តួកគី

    លោក​ម៉ាក្រុង​​ប្រាប់​​លោក​​អ៊ែរដូហ្កាន​ ថា​​បទឈប់បាញ់​​​ស៊ីរី​​ ត្រូវ​​អនុវត្ត​​នៅ​តំបន់​​Afrine​ដែរ​

    ស្វែងយល់បន្ថែម

  • រុស្ស៊ី-តួកគី-អ៊ីរ៉ង់

    តួកគី​ប្រកាស​អំពី​ជំនួបកំពូល​ត្រីភាគី​ជាមួយ​រុស្ស៊ី និង​អ៊ីរ៉ង់​ជុំវិញ​បញ្ហា​ស៊ីរី

    ស្វែងយល់បន្ថែម

  • ស៊ីរី

    ស៊ីរី៖ ពួក​ឧទ្ទាម ​បាញ់​​ទំលាក់​​យន្តហោះ​​ចម្បាំង​​របស់​​រុស្ស៊ី​

    ស្វែងយល់បន្ថែម

  • តួកគី-ស៊ីរី

    តួកគី​ចាប់ខ្លួន​អ្នករិះគន់​ប្រតិបត្តិការ​យោធា​​តួកគី នៅ​ក្នុងទឹកដី​ស៊ីរី

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ