ហេតុអ្វីបានជាអ៊ីស្រាអែលទើបសារភាពពីការកម្ទេចមជ្ឈមណ្ឌលនុយក្លេអ៊ែរស៊ីរីក្នុងឆ្នាំ ២០០៧?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:៣៣
នៅក្នុងប្រទេសអ៊ីស្រាអែល សេចក្តីជូនដំណឹងរបស់កងទ័ពចេញផ្សាយក្នុងថ្ងៃពុធ ទី២១ មីនានេះបានឲ្យដឹងថា អ៊ីស្រាអែលពិតជាបានបើកការវាយប្រហារផ្លូវអាកាសកម្ទេចទីតាំងមួយក្នុងទឹកដីស៊ីរីកាលពីឆ្នាំ ២០០៧។ តាមសេចក្តីជូនដណឹងដដែល ទីតាំងនោះជាមជ្ឈមណ្ឌលនុយក្លេអ៊ែរដែលស៊ីរីកំពុងសាងសង់ជិតរួចរាល់ដោយមានជំនួយពីក្រុមអ្នកជំនាញកូរ៉េខាងជើង។ តែរដ្ឋាភិបាលស៊ីរីតែងបដិសេធថា មិនមែនជាមជ្ឈមណ្ឌលនុយក្លេអ៊ែរទេ។ សូមជម្រាបជូនថា នេះជាលើកទី១ ដែលអ៊ីស្រាអែលបានចេញមុខសារភាពជាផ្លូវការពីទង្វើរបស់ខ្លួនកាលពី ១១ឆ្នាំមុន។
គឺនៅយប់ថ្ងៃទី៥ឆ្លងចូលថ្ងៃទី៦ កញ្ញា ឆ្នាំ ២០០៧ ដែលទ័ពអាកាសអ៊ីស្រាអែលបានបើកប្រតិបត្តិការវាយប្រហារលើទីតាំងមួយរបស់ស៊ីរីឈ្មោះ Al-Kibar ស្ថិតក្នុងខេត្ត Deir Ezzor។ គឺជាមហាប្រតិបត្តិការសឹកមួយរបស់ទ័ពអ៊ីស្រាអែល ក្រោយពីសង្រ្គាម Kippour ក្នុងឆ្នាំ ១៩៧៣។ នៅក្នុងសេចក្តីជូនដំណឹងចេញផ្សាយថ្ងៃទី២១ មីនានេះ កងទ័ពអ៊ីស្រាអែលបានបញ្ជាក់ច្បាស់ៗថា ផ្ទាំងស៊ីបដែលទ័ពអ៊ីស្រាអែលបានវាយប្រហារកម្ទេចទាំងស្រុងកាលពី ១១ឆ្នាំមុន គឺជាមជ្ឈមណ្ឌលនុយក្លេអ៊ែរផលិតដោយកូរ៉េខាងជើងក្នុងគោលដៅអភិវឌ្ឍន៍គ្រាប់បែកបរិមាណូ។
តាមសេចក្តីជូនដំណឹងរបស់ទ័ពអ៊ីស្រាអែលដដែល ប្រតិបត្តិការសឹកកាលណោះបានអនុញ្ញាតឲ្យបំបាត់នូវការគំរាមកំហែងនុយក្លេអ៊ែរពីប្រទេសស៊ីរីលើប្រទេសអ៊ីស្រាអែល និងលើតំបន់ដើមបូព៌ាទាំងមូល។ តាមអ៊ីស្រាអែល ម៉ាស៊ីនប្រតិកម្មដែលបានកម្ទេចសាងសង់ជិតរួចរាល់ និងអាចដាក់ឲ្យដំណើរការឆាប់ៗផង។ គួរជម្រាបជូនថា ប្រតិបត្តិការសឹកសម្ងាត់របស់ទ័ពអ៊ីស្រាអែលលើទឹកដីស៊ីរីកាលពី ១១ឆ្នាំបានធ្វើឡើងក្នុងជំនាន់លោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែល Ehoud Olmert ហើយព័ត៌មានមួយនេះក៏ត្រូវបានបិទជិតឈឹងទាំងពីភាគីអ៊ីស្រាអែលខ្លួនឯងក៏ដូចជាភាគីស៊ីរីរបស់លោកប្រធានាធិបតីអាសាដ។ លោកអាសាដដែលធ្លាប់បដិសេធថា ទីតាំងដែលអ៊ីស្រាអែលបានវាយប្រហារកាលណោះមិនមែនជាមជ្ឈមណ្ឌលនុយក្លេអ៊ែរទេ។
សូមជម្រាបជូនថា នេះមិនមែនជាលើកទី១ ទេដែលទ័ពអ៊ីស្រាអែលបានវាយប្រហារលើទីតាំងក្នុងទឹកដីប្រទេសក្បែរខាងដែលខ្លួនសង្ស័យថា ជាមជ្ឈមណ្ឌលនុយក្លេអ៊ែរនោះ។ ទ័ពអាកាសអ៊ីស្រាអែលក៏ធ្លាប់បានកម្ទេចម៉ាស៊ីនប្រតិកម្ម Osirak ក្នុងទឹកដីអ៊ីរ៉ាក់ម្តងក្នុងឆ្នាំ ១៩៨១។
អ៊ីស្រាអែលព្រមានប្រើកម្លាំងបាយដើម្បីសន្និសុខជាតិ
ទោះបីជាអ៊ីស្រាអែលខំលាក់ដោយមិនឆ្លើយសារភាពតាំងពី ១១ឆ្នាំក៏ដោយ ក៏ព័ត៌មានមួយនេះត្រូវបានគ្រប់គ្នាដឹងតាំងពីយូរមកហើយ។ អ្នកដែលបានដឹងរឿងនេះមុនគេកាលណោះ គឺអាមេរិកក្នុងជំនាន់រដ្ឋបាលរបស់លោកប្រធានាធិបតី George W Bush។ លោក Bush ដែលបានជជែកគ្នាយ៉ាងសម្ងាត់ជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែលជំនាន់នោះ គឺលោក Ehoud Olmer។ ព័ត៌មានមួយនេះត្រូវបានចុះផ្សាយដោយកាសែតអាមេរិកាំងដែលលើកឡើងថា លោក Bush មិនចង់ចូលខ្លួនធានាប្រតិបត្តិការសឹករបស់ទ័ពអ៊ីស្រាអែលលើទីតាំងមជ្ឈមណ្ឌលនុយក្លេអ៊ែរនៅស៊ីរីកាលណោះទេ។
អ្វីដែលគ្រប់គ្នាកំពុងចង់ដឹងពេលនេះគឺថា ហេតុអ្វីបានជាអ៊ីស្រាអែលបែរជាចេញមុខសារភាពនៅពេលនេះទៅវិញ?។ ពេលខ្លះ រឿងសម្ងាត់ខ្លះដែលទម្លាយទៅអាចទទួលបានប្រយោជន៍ក៏គួរតែទម្លាយដែរ ដូចករណីអ៊ីស្រាអែលពេលនេះជាដើម។ មិនមែនចៃដន្យទេដែលអ៊ីស្រាអែលបានសារភាពពេលនេះ ព្រោះវាបានធ្វើនៅក្នុងកាលៈទេសៈ និងបរិបទមួយច្បាស់លាស់ ពិសេសដើម្បីជួយគាំទ្រលោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំដែលកំពុងព្រមានដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់។ អ្វីដែលអ៊ីស្រាអែលបារម្ភខ្លាំងជាងគេ គឺការលូកដៃកាន់តែជ្រៅរបស់អ៊ីរ៉ង់នៅក្នុងប្រទេសស៊ីរីជាមួយសម្ព័ន្ធមិត្តហេស្បូឡាលីបង់ដែលជាសត្រូវស៊ីសាច់ហុចឈាមរបស់ខ្លួន។
ដូច្នេះចម្លើយសារភាពរបស់អ៊ីស្រាអែលពេលនេះអាចជាសារព្រមានមួយដោយប្រយោលដែកមិនចំពោះតែអ៊ីរ៉ង់មួយប៉ុណ្ណោះទេ តែចំពោះតំបន់មជ្ឈិមបូព៌ាទាំងមូលតែម្តង។ សារព្រមាននោះគឺថា អ៊ីស្រាអែលមិនញញើតនឹងប្រើកម្លាំងបាយ បើចាំបាច់ ដើម្បីធានាសន្តិសុខ និងសុវត្ថិភាពទឹកដីអ៊ីស្រាអែល។ នៅថ្ងៃទី២១ មីនានេះទៀត លោករដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែល Avigdor Lieberman បានព្រមានត្រង់ៗថា មហិទ្ធិរិទ្ធយោធា យន្តហោះចម្បាំង និងសមត្ថភាពរបស់ទ័ពអ៊ីស្រាអែលមានកម្លាំងខ្លាំងជាងឆ្ងាយណាស់ បើធៀបនឹងឆ្នាំ ២០០៧។ លោក Lieberman បានបញ្ជាក់ថា គ្រប់គ្នានៅតំបន់មជ្ឈិមបូព៌ាត្រូវយល់ឲ្យបានច្បាស់ចំពោះបញ្ហានេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ